២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 21 ក្នុងចំណោម 21 ថ្ងៃ

ភាពពេញពោរដោយព្រះ

ជំនឿរបស់យើងត្រូវតែទៅដល់ទីកន្លែងមួយដែលយើងជឿថាព្រះជាម្ចាស់មានការដ៏ល្អអស្ចារ្យសម្រាប់យើង ហើយយើងពិតជាហ៊ានទូលសូមព្រះអង្គសម្រាប់ការអស់ទាំងនោះ។ ដើម្បីទៅដល់ទីកន្លែងនោះ យើងត្រូវតែកែប្រែចិត្ត ពីរាល់ការគិតបែបតូចតាចទាំងឡាយ។ យើងគ្រប់គ្នាសុទ្ធតែធ្លាប់គិតខុសឆ្គងចំពោះរឿងដូច្នេះ។ យើងធ្លាប់ប្រព្រឹត្តខុស ដោយប្រឹងព្យាយាមទស្សទាយគន្លងមាគ៌ារបស់ព្រះ។ យើងធ្លាប់បានព្យាយាមដាក់យុទ្ធសាស្រ្តទៅលើផ្លូវ ដែលព្រះអាចសម្រេចការទាំងឡាយ ដែលយើងបានទូលសូមព្រះអង្គ។ ជារៀងរាល់ដង ព្រះអង្គពុំប្រព្រឹត្តតាមគន្លងមាគ៌ាដែលយើងធ្លាប់បានគិតទាល់តែសោះ។ នេះពីព្រោះដោយសារតែការគិតរបស់យើង វាតូចពេក។

អេភេសូរ ៣៖២០ បានតាក់តែងយ៉ាងល្អឥតខ្ចោះយ៉ាងដូច្នេះថា៖ «ឯ​ព្រះ​​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង»។ ព្រះជាម្ចាស់គឺល្មមគ្រប់គ្រាន់។ មិនថាជាស្ថានភាពណានោះទេ។ មិនថាជាមានទីចំហទទេធំប៉ុណ្ណាទេ។ មិនថាជាមានកង្វះខាតច្រើនយ៉ាងណានោះទេ។ ព្រះអង្គទ្រង់ល្មមគ្រប់គ្រាន់។ ហើយព្រះអង្គគឺពិតជាច្រើនជាងល្មមទៅទៀត។

យើងត្រូវតែដឹងថា នំប៉័ង ៥ ដុំ និងត្រី ២ កន្ទុយ នោះគឺច្រើនជាងល្មម ដើម្បីចម្អែតមនុស្សរាប់ពាន់នាក់ទៅទៀត។ យើងត្រូវដឹងថាការដាក់អួនទៅម្ខាងទៀតនៃទូក នោះនឹងនាំឱ្យយើងចាប់បានអ្វីយ៉ាងច្រើនសន្ធឹក ដែលយើងបានប្រឹងប្រែងបំពេញជាយូរមកហើយ។ យើងត្រូវតែហ៊ានគិតឱ្យបានធំ ហើយទូលសូមព្រះឱ្យបង្ហាញអង្គទ្រង់យ៉ាងអស្ចារ្យ នៅក្នុងស្ថានភាពរបស់យើង ហើយមិនត្រូវដាក់ដែនកំណត់ចំពោះព្រះ ដោយគិតតាមសមត្ថភាពរបស់យើងនោះទេ។ យើងត្រូវតែផ្លាស់ប្ដូររបត់គំនិត ដែលថាអ្វីៗគួរតែដើរតាមរបៀបនេះ ឬរបៀបនោះ។ មាគ៌ារបស់ព្រះ គឺខ្ពង់ខ្ពស់ជាងផ្លូវរបស់យើងទៅទៀត។ ការគិតរបស់ព្រះអង្គ នោះធំវិសេសវិសាលជាងការគិតរបស់យើងទៅទៀត។ ដើម្បីដើរនៅក្នុងភាពហូរហៀរ នោះយើងត្រូវតែដាក់ខ្លួនយើង នៅក្នុងទីកន្លែងសម្រាប់ទទួលបានពីភាពដ៏ពោរពេញនៃព្រះ។ ខ្ញុំសូមសន្យាដល់អ្នក ថាការទាំងឡាយនោះ វានឹងហួសពីការគិតរបស់អ្នកទៅទៀត។

កូឡូស ២៖៨-១០ ព្រមានដល់យើង កុំឱ្យជាប់អន្ទាក់ទៅក្នុងទស្សនៈដែលខូងនិងពេញដោយការបោកបញ្ឆោត។ យើងមិនអាចអនុញ្ញាតឱ្យខ្លួនឯងទៅជាភ្លេចភ្លាំង ក្នុងខណៈពេលយើងកំពុងតែបម្រើព្រះនៃសកលលោក ដែលជាព្រះប្រកបដោយគ្រប់ទាំងអំណាចចេស្ដា ជ្រាបដឹងគ្រប់ទាំងអស់ និងគង់នៅគ្រប់ទីកន្លែង នោះបានឡើយ។ យើងត្រូវតែបដិសេធរាល់ការគិតដែលតូចតាច ហើយបើកចិត្តចំហចំពោះរាល់ការដ៏ធំធេង ស្ងប់ស្ងែងអស្ចារ្យ និងលើសពីធម្មជាតិ ដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ធ្វើនៅក្នុង និងតាមរយៈយើងនោះវិញ!

នេះហើយគឺជាការចាក់បង្ហូរយ៉ាងហូរហៀរ។ យើងមិនចាំបាច់ត្រូវដឹងថាដោយរបៀបណា នៅពេលណា នៅទីកន្លែងណា ឬតាមរយៈនរណា ដែលការនេះនឹងកើតមានឡើងនោះទេ។ យើងគ្រាន់តែដឹងថា យើងត្រូវការទុកចិត្តព្រះ ដើម្បីនាំឱ្យការនោះបានកើតឡើង ជាប្រយោជន៍សម្រាប់ការល្អរបស់យើង ហើយនិងបានជាសិរីល្អដល់ព្រះ តែប៉ុណ្ណោះ។ ដល់ពេលដែលយើងត្រូវទាត់ចោលរាល់គម្រោងផែនការរបស់យើងហើយ។ នៅពេលណាដែលយើងធ្វើយ៉ាងដូច្នេះ នោះយើងនឹងមើលឃើញនូវការអស្ចារ្យ។

ដល់ពេលដែលយើងត្រូវមកសម្គាល់ដឹង និងមកឱបក្រសោបការចាក់បង្ហូរយ៉ាងហូរហៀរហើយ។ ដល់ពេលយើងមកទទួលជីវិតដែលពោរពេញដោយព្រះវិញ្ញាណ ដែលព្រះមានព្រះទ័យចង់បានសម្រាប់អ្នក និងចង់ឱ្យអ្នកបានរស់នៅនោះហើយ។ ដល់ពេលដែលត្រូវទទួលបានការចាក់បង្ហូរ ដើម្បីថ្វាយជាសិរីល្អដល់ព្រះជាម្ចាស់ហើយ!

ដំណើរជីវិតរបស់អ្នក គឺមិនចប់ត្រឹមហ្នឹងទេ។ នេះគ្រាន់តែ ២១ ថ្ងៃនៃដំណើរជីវិតរបស់អ្នកតែប៉ុណ្ណោះ។ ឥឡូវនេះ ចូរទទួលយកគោលការណ៍ទាំងឡាយ ដែលបានតាក់តែងនៅក្នុងគម្រោងអាននេះ ហើយយកវាទៅអនុវត្តនៅក្នុងជីវិតជាប្រចាំថ្ងៃរបស់អ្នកចុះ។

ស្រេកឃ្លានចង់បានថែមទៀតមែនទេ? អ្នកអាចសាកមកមើល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ (21 Days to Overflow) ដោយលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford)។ សៀវភៅនេះ និយាយពិភាក្សាទៅលើ គម្រោងអានទាំង ២១ ថ្ងៃ នៅក្នុងភាពលម្អិតជាងនេះទៅទៀត ហើយមេរៀនទាំងនោះ នឹងផ្ដល់សេចក្ដីណែនាំដល់អ្នកឱ្យបានជ្រៅជាងនេះ សម្រាប់ថ្ងៃទី ២២ និងថ្ងៃជាបន្តបន្ទាប់ទៅមុខទៀត។

អត្ថបទគម្ពីរ

ថ្ងៃ 20

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/