២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ
ស្នាក់នៅក្នុងក្ដីស្រឡាញ់នៃព្រះ
កាលពីម្សិលមិញ យើងបានទូលសូមព្រះឱ្យចម្រើនក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គ ហើយនិងអ្នកដទៃ។ នៅថ្ងៃនេះ យើងនឹងរៀនពីរបៀប ដើម្បីឱ្យយើងអាចស្នាក់នៅក្នុងក្ដីស្រឡាញ់ដែលបានចម្រើនឡើងហើយនោះ។
ពាក្យថា ស្នាក់នៅ គឺមានន័យថា ស្ថិតនៅជាប់ ឬអាស្រ័យនៅ ដូចនៅក្នុងរបៀបតែមួយ ដែលយើងរស់នៅ ឬជ្រកកោននៅក្នុងផ្ទះរបស់យើង។ វាជាទីកន្លែងដែលយើងពឹងអាស្រ័យ។ ការស្នាក់នៅជាប់ក្នុងក្ដីស្រឡាញ់ នោះមានន័យថា គេអាចស្វែងរកយើងឃើញនៅក្នុងក្ដីស្រឡាញ់។ នៅពេលដែលមាននរណាគេមកដើររកយើង នោះគេអាចមករកយើងឃើញនៅក្នុងក្ដីស្រឡាញ់ ប្រសិនបើយើងស្ថិតនៅជាប់នឹងក្ដីស្រឡាញ់។ អត្ថបទអានរបស់យើង ដែលបានដកស្រង់មកពី គម្ពីរយ៉ូហាន ជំពូកទី ១៥ បង្ហាញឱ្យយើងឃើញនូវសេចក្ដីពិតដ៏មានព្រះចេស្ដាជាច្រើន អំពីការស្ថិតនៅជាប់នឹងក្ដីស្រឡាញ់ ហើយប្រាប់ឱ្យដឹងថាការនោះមានរូបលក្ខណៈបែបណា។
យ៉ូហាន ១៥៖៧-៩ និយាយអំពីអំណាចចេស្ដានៃការស្ថិតនៅជាប់នឹងក្ដីស្រឡាញ់របស់ព្រះ។ ព្រះបន្ទូលថ្លែងថា នៅពេលដែលយើងនៅជាប់ក្នុងព្រះ ហើយព្រះបន្ទូលព្រះនៅជាប់ក្នុងយើង នោះយើងអាចទូលសូមអ្វីក៏ដោយ ក៏របស់នោះនឹងប្រទានមកដល់យើងដែរ។ ព្រះអង្គធ្វើបែបដូច្នេះ ដើម្បីបានជាសិរីល្អរបស់ព្រះអង្គ! ព្រះអង្គស្រឡាញ់ ចង់មើលឃើញបុត្រធីតារបស់ព្រះអង្គ បានចម្រុងចម្រើន ដូចជាទីបន្ទាល់នៃអំណាចចេស្ដា ព្រះគុណ និងក្ដីមេត្តារបស់ព្រះអង្គ។
នៅក្នុង យ៉ូហាន ១៥៖២៦ ព្រះបន្ទូលថ្លែងពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈភាពមិនគ្រប់គ្រាន់ និងការងាយនឹងជាប់ក្នុងក្ដីល្បួងរបស់យើង នោះព្រះវិញ្ញាណបរិសុទ្ធ ធ្វើជាសាក្សីពីក្ដីសប្បុរសរបស់ព្រះ មកដល់រូបយើង។ តាមរយៈកិច្ចការដែលបានសម្រេចចប់សព្វគ្រប់នៃព្រះ និងតាមរយៈការទទួលស្គាល់ពីភាពមិនល្អឥតខ្ចោះរបស់យើង នោះយើងនាំនូវសិរីល្អថ្វាយទៅដល់ព្រះ។
នៅពេលដែលយើងស្ថិតនៅជាប់ក្នុងក្ដីស្រឡាញ់នៃព្រះ នោះព្រះវិញ្ញាណបរិសុទ្ធយាងមក ហើយដើររួមជាមួយនឹងយើង ថែមទាំងបំពេញយើងឱ្យបានហូរហៀរ។ ទាំងយើងមិនដឹងខ្លួនផង នោះក្ដីស្រឡាញ់នៃព្រះ នឹងមានចលនាធ្វើការនៅក្នុងយើង និងតាមរយៈយើង ក្នុងរបៀបមួយយ៉ាងពិសេស ដ្បិតថាចំពោះរឿងអ្វីដែលធ្លាប់នាំឱ្យយើងព្រឺរោម នាំឱ្យយើងគេងមិនលក់ រារាំងយើងមិនឱ្យទៅមុខ ហើយនិងធ្វើឱ្យយើងចេះតែមានចិត្តស្អប់ នោះវានឹងលែងមានឥទ្ធិពលបង្កឱ្យយើងមានអារម្មណ៍យ៉ាងដូច្នោះទៀតហើយ។ យើងក្លាយទៅជាអ្នកឈ្នះ គ្មានថ្ងៃចាញ់ នៅពេលដែលយើងស្ថិតនៅជាប់នឹងក្ដីស្រឡាញ់។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!
More