ធ្វើដំណើរដោយគ្មានសម្ពាយគំរូ
ស្រាយចោលចិត្តចង់គ្រប់គ្រង
ប៉ុន្មានពីរបីខែមុន ខ្ញុំបានបញ្ចប់ភារកិច្ចហាត់ការមួយនៅឯក្រុមជំនុំរបស់ខ្ញុំ។ បទពិសោធន៍ទទួលបាននោះល្អប្រពៃណាស់ ប៉ុន្តែខ្ញុំពុំដឹងថាត្រូវធ្វើអ្វីទៀតបន្ទាប់ពីនោះទេ។ ខ្ញុំបន្តសួរ (ពេលខ្លះថែមទាំងប្រាប់) ព្រះពីអ្វីដែលខ្ញុំគិតថាខ្ញុំគួរតែធ្វើបន្ទាប់តែម្ដង។ ហើយនៅពេលនោះវាហាក់បីដូចជាព្រះ បន្តផ្ដល់ចម្លើយដល់ខ្ញុំ ប៉ុន្តែចម្លើយរបស់ព្រះអង្គដូចជាពិបាកយល់មែនទែនសម្រាប់ខ្ញុំ។ ដូច្នេះ ខ្ញុំបានសន្មតថាខ្ញុំមិនបានឮព្រះបន្ទូលត្រឹមត្រូវពីព្រះអង្គតែម្ដងទៅ។
ខ្ញុំកំពុងតែបាត់បង់ភាពជាម្ចាស់ការខ្លួន ដោយមិនអាចគ្រប់គ្រងលើអ្វីដែលខ្ញុំចង់បាន។ ព្រះទ្រង់មិនបានដើរតាមគម្រោងផែនការជីវិតរបស់ខ្ញុំនោះទេ!
ខ្ញុំទទួលបានការរំឭកពីមាតារបស់ព្រះយេស៊ូវ។ តើអ្នកអាចស្រមៃមើលបានអត់? ម៉ារី គាត់ពុំបានទទួលជម្រើសទេ ដោយគាត់ត្រូវតែក្លាយខ្លួនជាក្មេងស្រី ដែលត្រូវពោពោះ ទាំងពុំទាន់បានរៀបការនៅឡើយ។ គាត់ពុំអាចមានជម្រើសថាត្រូវសម្រេចចិត្តយ៉ាងណា ជាពិសេសតើឱ្យអនាគតស្វាមីត្រូវឆ្លើយតបយ៉ាងណា បើគាត់ដឹងថាគាត់មិនមែនជាឪពុកបង្កើតទេនោះ។ គាត់ពុំអាចគ្រប់គ្រងទៅលើមតិរបស់អ្នកដទៃបានទេ។ ហើយខ្ញុំប្រាកដជាជឿថាអ្នកដទៃពិតជាមានមតិនិងការគិតរិះគន់ជាច្រើន។
ជាចុងក្រោយ ខ្ញុំបានសម្រេចចិត្ត លែងកាន់ទៅលើអំណាចគ្រប់គ្រង ដែលខ្ញុំពុំមានដែរនោះ ចំពោះអនាគតរបស់ខ្ញុំ រួចលាតដៃរបស់ខ្ញុំចំហ ហើយលើកថ្វាយទៅព្រះវិញ។ ប្រៀបដូចជាអ្វីដែល ម៉ារី គាត់បានថ្លែង -- សូមឱ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គ។
ខ្ញុំមិនគួរភ្ញាក់ផ្អើលឡើយ តែព្រះពិតជាពុំបានកែប្រែនូវចម្លើយរបស់ទ្រង់ដែរ។ ព្រះអង្គនៅតែបន្តដឹកនាំឱ្យខ្ញុំរើទៅទីក្រុងថ្មី ដែលជាកន្លែងខ្ញុំអត់មានការងារធ្វើ គ្មានសាច់ញាតិ គ្មានក្រុមគ្រួសារ គ្មានតម្រុយការងារ និងគ្មានទីកន្លែងរស់នៅសមរម្យ។
ម៉ារី និង យ៉ូសែប ក៏មានដំណើរផ្សងជីវិតស្រដៀងនោះ ពេលគេត្រូវរត់គេចខ្លួនទៅឯស្រុកអេស៊ីព្ទ ទោះបើទង្វើនោះ ធ្វើទៅដើម្បីការពារអាយុជីវិតរបស់កូន ដែលជាបុត្រាតែមួយរបស់ព្រះ នោះក៏ដោយ។
ខ្ញុំពិតជាវិលវល់ហើយងឿងឆ្ងល់ណាស់ ប៉ុន្តែខ្ញុំបានចាប់ផ្ដើមហ៊ានបោះជំហានដោយការស្ដាប់បង្គាប់។ ជាថ្មីម្ដងទៀត ខ្ញុំពុំគួរមានការភ្ញាក់ផ្អើលឡើយ ប៉ុន្តែពេលនោះ ខ្ញុំបានរកឃើញទីកន្លែងរស់នៅ មានមិត្ត មានការងារធ្វើ និងឥឡូវនេះ ខ្ញុំបានក្លាយទៅជាអ្នកដឹកនាំក្រុមអ្នកស្ម័គ្រចិត្តនៅឯក្រុមជំនុំ។
ការទាំងអស់បានកើតឡើង ហើយបានក្លាយទៅជាការល្អនៅគ្រាចុងក្រោយ សម្រាប់ម៉ារី យ៉ូសែប និងព្រះយេស៊ូវ!
មិនថាជាទីកន្លែងរស់នៅ មុខរបរការងារ រឿងថវិកា ការចិញ្ចឹមបីបាច់ថែរក្សាកូន ទំនាក់ទំនង ឬការកម្សាន្តណាមួយនោះទេ -- បើខ្ញុំកាន់តែធ្វើជាម្ចាស់គ្រប់គ្រង នោះរាល់ផ្នែកតូចៗនៃជីវិតទាំងឡាយ ដូចជាមិនដើរប្រសព្វគ្នានិងបានស៊ីជម្រៅយ៉ាងល្អយ៉ាងនេះនោះឡើយ។
ខ្ញុំបន្តបត់បែន ត្រឡប់ចុះត្រឡប់ឡើង និងប្រឹងព្យាយាមញាត់រាល់បំណែកតូចៗនៃជីវិតចូលទៅក្នុងទីកន្លែងដែលខ្ញុំបានសម្រេចដោយឯកឯង ប៉ុន្តែបំណែកទាំងនោះពុំស៊ីចង្វាក់គ្នាសោះ។ តែចំពោះព្រះវិញ ព្រះអង្គទ្រង់ជ្រាបគ្រប់ការទាំងអស់ ហើយទ្រង់អាចទតឃើញពីរាល់គ្រប់ស្ថានភាព។ ដូច្នេះ ចាប់តាំងពីគ្រានោះមក ខ្ញុំបានទុកចិត្តលើព្រះអង្គ។ ហើយសូមឱ្យការទាំងអស់បានស្របតាមព្រះអង្គវិញ។
បងប្អូនអើយ យើងមិនមែនជាម្ចាស់ការ និងជាម្ចាស់គ្រប់គ្រងលើជីវិតឡើយ
ចូរពិចារណា៖ តើមានអ្វីមួយដែលអ្នកកំពុងតែកាន់ជាប់យ៉ាងណែន? តើមានអ្វីមួយដែលអ្នកភ័យខ្លាចមិនចង់បាត់បង់វាទាល់តែសោះដែរទេ? តើមានផ្នែកណាមួយនៃជីវិតរបស់អ្នក ដែលនៅតែឱ្យអ្នកពិបាកយល់ នៅពេលអ្នកបានឮពីចម្លើយរបស់ព្រះ? តើមានជំហានដំបូងណាមួយ ដែលអ្នកត្រូវធ្វើ ដែលនឹងតម្រូវឱ្យអ្នកត្រូវលះចោលចិត្តចង់គ្រប់គ្រងនោះដែរទេ?
អំពីគម្រោងអាននេះ
នារដូវកាលណូអែលប្រកបដោយភាពមមាញឹក មនុស្សយើងភាគច្រើនតែងមានអារម្មណ៍តានតឹង និងថប់ព្រួយ ដោយព្រោះសម្ពាធគ្រួសារ រឿងថវិកា ការសម្រេចចិត្តភ្លាមៗ និងការខកចិត្តក្នុងក្ដីរំពឹង។ អញ្ចឹង ចូរបែរមកណេះ។ ចូរសម្រាកហើយដកដង្ហើមមួយៗ។ អ្នកអាចចាប់ផ្ដើមគម្រោងអានពី Life.Church ដើម្បីបានទទួលនិងដឹងថាបន្ទុកដែលអ្នកកំពុងតែស្ពាយ នោះប្រហែលមិនមែនជាបន្ទុកដែលព្រះស្នើឱ្យអ្នកស្ពាយនោះឡើយ។ អញ្ចឹង តើអ្នកអាចទម្លាក់សម្ពាយនោះបានដែរឬទេ? តោះមកធ្វើដំណើរ ដោយពុំមានសម្ពាយជាប់តាមខ្លួន។
More