រស់នៅដោយព្រះវិញ្ញាណ៖ គ្រាស្មឹងស្មាធិ៍ជាមួយ លោកគ្រូ ចន ផែពើ (Jonh Piper)គំរូ
ព្រះវិញ្ញាណប្រោសឱ្យរូបកាយរបស់យើងរស់ពីស្លាប់
ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។ —រ៉ូម ៨៖១១
ព្រះជាម្ចាស់ពិតជាយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្លាចំពោះរូបកាយរបស់អ្នក។ ប្រសិនបើព្រះអង្គមិនខ្វល់ទេ នោះទ្រង់នឹងអនុញ្ញាតឱ្យវាស្អុយរលួយនៅក្នុងផ្នូរ ហើយប្រាប់ទៅអ្នកថា វាល្អពេកហើយ ដែលរូបកាយវាបានទៅឱ្យផុតស្រឡះ។ ប៉ុន្តែ ព្រះអង្គមិនដែលមានបន្ទូលយ៉ាងដូច្នោះទាល់តែសោះ។ អត់ទេ ព្រះជាម្ចាស់បានបង្កើតអ្នកមកឱ្យមានរូបកាយមួយ ហើយបានបង្កើតរូបអ្នកមកសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ។
ហេតុដូច្នេះហើយ ព្រះអង្គនឹងប្រោសអ្នកឱ្យរស់វិញ និងប្រទានជីវិតទៅដល់រូបកាយដែលតែងតែស្លាប់របស់អ្នក តាមរយៈព្រះវិញ្ញាណ មិនថារូបកាយនោះ ខ្ទេចខ្ទាំ ឬខូចទ្រង់ទ្រាយ ឬស្គមរីងរៃ ឬប្រកបដោយជំងឺ។ ព្រះអង្គនឹងធ្វើឱ្យវាខ្លាំងរឹងមាំ មានសុខភាព ស្រស់សោភា រហូតដល់ពេលអ្នកមើលឃើញវាវិញ ទាំងលាន់មាត់ថា៖ «អ្នកប្រៀបដូចជាផ្ទៃមេឃស្រឡះខៀវស្រស់ នៅថ្ងៃពេញរស្មី។ រូបអ្នកប្រៀបដូចជាសម្រស់ផ្កាយរាប់រយលាន នៅក្នុងផ្ទៃអាកាសដែលងងឹតអន្ធកាល។ រស្មីរបស់អ្នកប្រៀបបាននឹងព្រះអាទិត្យ។ អូ អស្ចារ្យណាស់! នៅក្នុងរូបអ្នក ខ្ញុំមើលឃើញពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះបង្កើតរូបអ្នក រំដោះលោះរូបអ្នក បានប្រោសអ្នកឱ្យរស់ជាថ្មី និងបានប្រទានសិរីរុងរឿងដល់អ្នក ជាមួយនឹងសិរីរុងរឿងរបស់ព្រះអង្គ ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ចតរៀងទៅ»។
តើនៅទីកន្លែងណាដែលមនុស្សអាចស្វែងរកអំណាចចេស្ដា មកជ្រកកោន ក្នុងជីវិតពេញដោយក្ដីស្រឡាញ់ នៅពេលដែលលោកិយនេះ ផ្ដល់ឱ្យត្រឹមតែរង្វាន់ដ៏តិចតួចយ៉ាងដូច្នេះនោះ? តើនៅទីណាដែល ប្ដី ឬប្រពន្ធ អាចទទួលបានកម្លាំងទឹកចិត្ត ដើម្បីបន្តផ្ដល់ឱ្យ នៅពេលដែលគ្មានការឱ្យវិលត្រឡប់មកវិញ? តើនៅទីកន្លែងណា ដែលអាចឱ្យបុរស ឬស្ត្រី ដែលប្រាថ្នាចង់រៀបការ អាចបន្តនៅមានចិត្តស្កប់ស្កល់ ក្នុងភាពនៅលីវអស់រយៈពេលដល់ទៅ ៧០ ឆ្នាំ? តើនៅទីណាដែលនាំឱ្យព្រះយេស៊ូវមានកម្លាំង ដើម្បីស៊ូទ្រាំនឹងការសុគតនៅលើឈើឆ្កាង ទាំងមានគេស្អប់ខ្ពើមទ្រង់យ៉ាងអាម៉ាស់នោះ (ហេព្រើរ ១២៖២)?
ដ្បិតអំណរដែលបានរៀបចំទុកពីមុខយើងនៅឯគ្រានៃការប្រោសឱ្យរស់ឡើងវិញ បានឱ្យយើងអាចស៊ូទ្រាំរាល់គ្រប់អ្វីៗទាំងអស់សម្រាប់ព្រះគ្រីស្ទ។ ព្រះយេស៊ូវពុំបានសន្យាថាការស្ដាប់បង្គាប់ដល់ព្រះអង្គនឹងនាំឱ្យយើងទទួលបានរង្វាន់ពីមនុស្សនៅក្នុងជីវិតនេះទេ។ អំណររបស់យើងគឺហូរចេញមកពីក្ដីសង្ឃឹមដ៏ឥតរង្គើ ដូចមានចែងក្នុង រ៉ូម ៨៖១១ ដែលមិនមកពីការឆ្លាស់ប្រែនៃស្ថានភាពនៃជីវិតរបស់យើងទេ។ «ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត»។
ប្រសិនបើអ្នកពិតជាជឿថាព្រះកាន់ខាងអ្នក ហើយមិនមែនប្រឆាំងនឹងអ្នក ហើយថាព្រះអង្គបានប្រទានជីវិតទៅដល់រូបកាយដែលតែងតែស្លាប់របស់អ្នក តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នក ហើយថារាល់អ្វីៗដែលល្អ ដែលអ្នកបានលះចោលនៅក្នុងជីវិតនេះ នោះអ្នកនឹងទទួលសំណងជំនួសវិញ មួយជាមួយរយ នៅគ្រាដែលអ្នកបានប្រោសឱ្យរស់ឡើងវិញ សម្រាប់អស់ពួកបរិសុទ្ធ (ម៉ាកុស ១០៖២៨-៣០) ហើយថាអ្នកនឹងចែងចាំងដូចជាព្រះអាទិត្យនៅក្នុងអាណាចក្ររបស់ព្រះវរបិតារបស់អ្នក រួចបន្ទាប់មក អ្នកនឹងមានអាងស្ដុកនៃកម្លាំងដែលមិនចេះរីងស្ងួត ដើម្បីឱ្យអ្នកអាចបន្តធ្វើការល្អ ដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យអ្នកធ្វើ ទោះបីជាគ្មាននរណាលើកតម្កើងនិងថ្លែងអំណរគុណដល់អ្នក ឬមានក៏ដោយ។
ស្វែងយល់បន្ថែម៖ http://www.desiringgod.org/messages/the-spirit-will-give-life-to-your-mortal-bodies
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
គម្រោងអានស្មឹងស្មាធិ៍ជាមួយព្រះ ពីលោកគ្រូ ចន ផែពើ (John Piper) ក្នុងរយៈពេល ៧ ថ្ងៃ ស្ដីអំពី ព្រះវិញ្ញាណបរិសុទ្ធ
More