រស់នៅដោយព្រះវិញ្ញាណ៖ គ្រាស្មឹងស្មាធិ៍ជាមួយ លោកគ្រូ ចន ផែពើ (Jonh Piper)គំរូ
ព្រះវិញ្ញាណនាំឱ្យយើងមានសន្តិសុខ
នៅក្នុងព្រះអង្គ...អ្នក...បានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណ មកបញ្ចាំចិត្ត ឱ្យដឹងថា អ្នកនឹងទទួលមត៌កនៅពេលព្រះអង្គលោះប្រជារាស្រ្តរបស់ព្រះអង្គជាស្ថាពរ ដើម្បីឱ្យគេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ —អេភេសូ ១៖១៣៖១៤
សេចក្ដីប៉ងប្រាថ្នាដ៏ធំធេងនៃព្រះសម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ នោះគឺឱ្យគេមានអារម្មណ៍សន្តិសុខនៅក្នុងក្ដីស្រឡាញ់និងអំណាចចេស្ដារបស់ព្រះអង្គ។ រាល់គ្រប់អ្វីៗផ្សេងមានក្នុងជីវិតនេះអាចរង្គោះរង្គើ—ទាំងរឿងសុខភាព រឿងគ្រួសារ រឿងការងារ រឿងការសិក្សា រឿងសង្គម រឿងពិភពលោករបស់យើង។ នៅឯកម្រិតណាមួយនៃរឿងទាំងនេះ នោះអ្នកប្រហែលជាមានអារម្មណ៍ថាអ្នកស្ថិតនៅជាប់ជាន់ទី ៤០ នៃអាគារជីវិត ទាំងមានខ្យល់បក់បោកខ្លាំង ដែលអ្នកមិនអាចប៉ាន់ស្មានត្រូវ។ អ្នកមានអារម្មណ៍ថាកំពុងធេងធោង បាត់លំនឹង ហើយនិងកំពុងតែធ្លាក់ចុះក្រោម ទាំងដុំឥដ្ឋដែលអ្នកព្យាយាមកាន់តោងវាផុយបែកចេញពីស៊ីម៉ង់ទៀត។
ដោយសារតែព្រះជាម្ចាស់ធ្វើរាល់គ្រប់អ្វីៗសម្រាប់ការសរសើរតម្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ ហើយដោយសារតែការជឿទៅលើព្រះបន្ទូលរបស់ព្រះអង្គ លើកតម្កើងនូវសិរីរុងរឿង នោះព្រះជាម្ចាស់បានសម្រេចបោះជំហាន ដើម្បីផ្ដល់សុខសន្តិភាពឱ្យរូបព្រះអង្គផ្ទាល់ ក្នុងការលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដែលគង់នៅអស់កល្បជានិច្ច៖ ព្រះអង្គដៅសម្គាល់អ្នកជឿជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយធានាថាគេនឹងមកទទួលនូវមត៌កសម្រាប់ការសរសើរដល់សិរីល្អរបស់ព្រះអង្គ។
ព្រះជាម្ចាស់ប្ដេជ្ញាទាំងឆេះឆួល ដើម្បីធ្វើយ៉ាងណាឱ្យបានប្រជារាស្រ្តមួយ មកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យគេបានរស់នៅជារៀងរហូត សម្រាប់ការសរសើរពីសិរីល្អរបស់ព្រះអង្គ ហើយមិនអនុញ្ញាតឱ្យគេទៅពឹងផ្អែកលើជោគវាសនាអស់កល្បជានិច្ចរបស់គេ ដោយអំណាចពីធម្មជាតិ តាមការស្ម័គ្រចិត្ត ឬការប្រព្រឹត្តរបស់គេឡើយ។ ព្រះអង្គបានចាត់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធឱ្យយាងមកចូលក្នុងជីវិតរបស់យើង ហើយធ្វើឱ្យយើងទទួលបានសន្តិសុខជារៀងរហូត។
ព្រះជាម្ចាស់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធក្នុងនាមជាសញ្ញាដៅសម្គាល់និងបម្រុងយើង ដូចចាក់សោនៃជំនឿរបស់យើង គឺប្រៀបដូចជាត្រាបញ្ជាក់ពីភាពជាច្បាប់ដើម ក្នុងសិទ្ធិយើងជាកូនរបស់ព្រះអង្គ ហើយក្នុងភាពជាត្រាដៅសម្គាល់សម្រាប់ការការពារ ដើម្បីរក្សាយើងពីអំណាចបំផ្លាញទាំងឡាយ។ ចំណុចសំខាន់នោះគឺថាព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យយើងមានអារម្មណ៍ ថាយើងមានសន្តិសុខ និងសុវត្ថិភាពនៅក្នុងក្ដីស្រឡាញ់ និងអំណាចចេស្ដារបស់ព្រះអង្គ។
នៅក្នុង អេភេសូ ១៖១៤ ព្រះជាម្ចាស់មានបន្ទូលថា៖ «ក្ដីប៉ងប្រាថ្នាដ៏ធំធេងរបស់យើង នោះគឺសម្រាប់ឱ្យអស់អ្នកជឿនៅលើយើង ទទួលបានអារម្មណ៍នៃសន្តិសុខនៅក្នុងក្ដីស្រឡាញ់របស់យើង។ យើងបានជ្រើសរើសអ្នកមុននឹងផែនដីបានកើត។ យើងបានបម្រុងអ្នកទុក ឱ្យបានក្លាយជាកូនស្ងួនភ្ញារបស់យើងជារៀងរហូត។ យើងបានរំដោះលោះអ្នកដោយព្រះលោហិតនៃព្រះបុត្រារបស់យើង។ ហើយយើងបានដាក់ព្រះវិញ្ញាណរបស់យើងនៅក្នុងអ្នក ដូចជាត្រាដៅសម្គាល់ ដើម្បីបញ្ជាក់និងជាការធានា។ ហេតុដូច្នេះហើយ អ្នកនឹងទទួលបានមត៌ក និងសរសើរសិរីរុងរឿងនៃព្រះគុណរបស់យើង ជារៀងរហូតអស់កល្បជានិច្ច។
ហើយយើងប្រាប់អ្នកនៅត្រង់ចំណុចនេះ នៅក្នុង អេភេសូ ជំពូកទី ១ ដោយសារតែយើងចង់ឱ្យអ្នកមានអារម្មណ៍សន្តិសុខនៅក្នុងក្ដីស្រឡាញ់និងអំណាចចេស្ដារបស់យើង។ យើងពុំសន្យាថាអ្នកនឹងមានជីវិតងាយស្រួលនោះទេ។ តាមពិតទៅ តាមរយៈទុក្ខលំបាកជាច្រើន អ្នកត្រូវតែដើរចូលក្នុងនគរព្រះ (កិច្ចការ ១៤៖២២)។ សូមឱ្យយើងបាននិយាយសាជាថ្មី៖ «យើងបានជ្រើសរើសអ្នក។ យើងបានបម្រុងអ្នកទុក។ យើងបានរំដោះលោះអ្នក។ យើងបានដៅសម្គាល់អ្នកដោយព្រះវិញ្ញាណរបស់យើង។ អ្នកនឹងទទួលមត៌កយ៉ាងជាក់ប្រាកដច្បាស់ណាស់ ដោយសារតែយើងប្ដេជ្ញាចិត្តយ៉ាងឆេះឆួល ដើម្បីលើកតម្កើងសិរីល្អនៃព្រះគុណរបស់យើង នៅក្នុងសេចក្ដីសង្គ្រោះរបស់អ្នក»។
ស្វែងយល់បន្ថែម៖ http://www.desiringgod.org/messages/sealed-by-the-spirit-to-the-day-of-redemption
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
គម្រោងអានស្មឹងស្មាធិ៍ជាមួយព្រះ ពីលោកគ្រូ ចន ផែពើ (John Piper) ក្នុងរយៈពេល ៧ ថ្ងៃ ស្ដីអំពី ព្រះវិញ្ញាណបរិសុទ្ធ
More