រស់នៅដោយព្រះវិញ្ញាណ៖ គ្រាស្មឹងស្មាធិ៍ជាមួយ លោកគ្រូ ចន ផែពើ (Jonh Piper)គំរូ
ព្រះវិញ្ញាណជួយយើងឱ្យហ៊ានប្រឈមនឹងក្ដីស្លាប់
ប្រសិនបើអ្នករាល់គ្នាត្រូវគេតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។ —១ ពេត្រុស ៤៖១៤
អ្នកស្រី ខូរី ថេន ប៊ូម (Corrie ten Boom) បានប្រាប់ពីក្ដីខ្វល់ព្រួយរបស់គាត់ កាលគាត់នៅក្មេង ដោយគិតថាគាត់អាចឈរមាំប្រឆាំងទាស់នឹងពួកអាល្លឺម៉ង់ (ទាហានណាហ្ស៊ី) បានយ៉ាងដូចម្ដេច នៅពេលគេគំរាមកំហែងគាត់នោះ។ គាត់មានអារម្មណ៍ថាធេងធោង នៅពេលដែលគាត់បានគិតអំពីអ្វីដែលនឹងអាចកើតមានឡើង។ បើខ្ញុំចាំ ឪពុករបស់គាត់ បានឱ្យរូបភាពប្រៀបធៀបមួយយ៉ាងអស្ចារ្យទៅដល់គាត់។ គាត់បាននិយាយថា៖ «ប្រសិនបើកូនធ្វើដំណើរទៅតាមរថភ្លើង តើប៉ានឹងឱ្យសំបុត្រកូន ៣ សប្ដាហ៍មុន ឬក៏ឱ្យនៅពេលដែលកូនឡើងជិះរថភ្លើង?»។ នាងឆ្លើយតប៖ «គឺនៅពេលកូនឡើងជិះរថភ្លើង»។ «អញ្ចឹង ព្រះនឹងប្រទានដល់កូននូវកម្លាំងយ៉ាងពិសេសអស្ចារ្យមួយ ដែលកូនត្រូវការ ដើម្បីឱ្យកូនឈររឹងមាំ នៅពេលដែលកូនត្រូវប្រឈមនឹងសេចក្ដីស្លាប់ គឺនៅគ្រាដែលកូនត្រូវការតែម្ដង។ មិនមែនប្រទានឱ្យមុននោះទេ»។
ខ្ញុំជឿថា ១ ពេត្រុស ៤៖១៤ សន្យាថានៅវេលានៃការរងទុក្ខលំបាកយ៉ាងក្រៃលែង នោះព្រះទ្រង់នឹងយាងមកកាន់បុត្រធីតារបស់ព្រះអង្គ ទាំងប្រទាននូវចិត្តក្លាហាននិងជំនឿ ដែលពួកគេពុំដឹងថាខ្លួនគេមានសមត្ថភាពថានឹងមានផង។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយឱ្យអ្នកប្រឈមនឹងក្ដីស្លាប់។
តាមការសន្មតនៃប្រវត្តិសាស្រ្ត គេបានប្រាប់ថា សាវ័ក ប៉ុល ត្រូវបានស្ដេចអធិរាជ ណៀ រ៉ូ សម្លាប់ដោយការកាត់ក្បាល។ សំបុត្រចុងក្រោយរបស់គាត់ ប្រហែលជា កណ្ឌគម្ពីរ ២ ធីម៉ូថេ។ នៅពេលនោះ សាលកាត់ទោសរបស់គាត់បានបើកដំណើរការហើយ។ ចូរស្រមៃមើលពីទាហានចាស់ជរាម្នាក់ ដែលបានទទួលរងស្នាមរបួសសម្រាប់មេបញ្ជាការរបស់គាត់ ហើយគេកំពុងចាប់ចងគាត់នៅឯទីក្រុងរ៉ូម។ គេបានកោះហៅគាត់ឱ្យទៅឈរនៅពីមុខសាលាកាត់ក្ដី។ គ្រប់គ្នាដឹងថាថ្ងៃគេនឹងសម្លាប់គាត់នឹងជិតមកដល់ឆាប់ៗហើយ។ គាត់ត្រូវបានគេដៅរួចជាស្រេចហើយ។ ដូច្នេះ គ្មានមិត្តភក្តិណាហ៊ានឈរនៅក្បែរគាត់ទេ។ គាត់បានថ្លែងការពារខ្លួន។ ក្នុងសេចក្ដីសម្រេច គេចង់ស្ដាប់ពីគាត់សាជាថ្មីម្ដងទៀត—រួចហើយ គាត់នឹងត្រូវចប់ហើយ។ គាត់បានវិលត្រឡប់ទៅឯទីឃុំឃាំងរបស់គាត់វិញ ហើយគាត់បានសរសេរពាក្យពេចន៍ទាំងនេះទៅ លោក ធីម៉ូថេ (២ ធីម៉ូថេ ៤៖១៦-១៧)៖ «ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាម្នាក់ឈរខាងខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះកុំប្រកាន់ទោសគេឡើយ! ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង»។
ខ្ញុំអធិស្ឋានថាអ្នកនឹងចាំពីព្រះបន្ទូលទាំងនេះ៖ ព្រះវិញ្ញាណជួយឱ្យអ្នកប្រឈមនឹងក្ដីស្លាប់។ ព្រះអង្គនឹងឈរនៅក្បែរអ្នក នៅពេលដែលគ្មាននរណាហ៊ានឈរនៅក្បែរអ្នកទាល់តែសោះ។ ព្រះអង្គនឹងទ្រទ្រង់ជំនឿរបស់អ្នក។ ព្រះអង្គនឹងប្រទានឱ្យអ្នកមើលឃើញពីសិរីរុងរឿងមួយភ្លែត។ ព្រះអង្គនឹងបណ្ដាលឱ្យអ្នកលើកតម្កើងព្រះគ្រីស្ទនៅក្នុងក្ដីស្លាប់របស់អ្នក។ ចិត្តក្លាហានដែលអ្នកមិនធ្លាប់គិតថាអ្នកអាចមាន នឹងបានក្លាយជាកម្មសិទ្ធិរបស់អ្នក។ ព្រះវិញ្ញាណនៃសិរីរុងរឿង និងរបស់ព្រះជាម្ចាស់នឹងគង់នៅលើរូបអ្នក ហើយបីត្រកងអ្នកទៅផ្ទះ (ទីសម្រាកអស់កល្បជានិច្ច—ស្ថានបរមសុខ)។
ស្វែងយល់បន្ថែម៖ http://www.desiringgod.org/messages/the-holy-spirit-will-help-you-die
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
គម្រោងអានស្មឹងស្មាធិ៍ជាមួយព្រះ ពីលោកគ្រូ ចន ផែពើ (John Piper) ក្នុងរយៈពេល ៧ ថ្ងៃ ស្ដីអំពី ព្រះវិញ្ញាណបរិសុទ្ធ
More