រស់នៅដោយព្រះវិញ្ញាណ៖ គ្រាស្មឹងស្មាធិ៍ជាមួយ លោកគ្រូ ចន ផែពើ (Jonh Piper)គំរូ

Live By The Spirit: Devotions With John Piper

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

ព្រះវិញ្ញាណយកឈ្នះលើក្ដីភ័យខ្លាច

ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពូជ‌ពង្ស​របស់​អ្នក និង​ពរ​របស់​យើង​ទៅ​លើកូន​ចៅ​របស់​អ្នក។ —អេសាយ ៤៤៖៣

តើអ្នកដឹងថាហេតុអ្វីបានវាជារឿងងាយស្រួល ដែលអ្នកអាចមានចិត្តល្អទៅដល់មនុស្សជុំវិញ នៅឯថ្ងៃសុក្រ ជាជាងថ្ងៃចន្ទ ដែរឬទេ? តើវាមិនមែនដោយសារតែក្ដីសង្ឃឹមប្រៀបដូចជាទឹកទន្លេ ដែលបង្ហូរមកក្នុងយើង ពីទីអនាគតដ៏ភ្លឺស្វាង បំពេញអាងស្តុកនៃអំណររបស់យើង រួចហើយបន្តហូរហៀរចេញមកជាដួងចិត្តសប្បុរសទៅដល់អ្នកដទៃទេឬយ៉ាងណា?

នៅថ្ងៃសុក្រ នោះពេលសម្រាកនិងពេលសប្បាយរីករាយនៅជិតបង្កើយ ហើយដោយវាជិតមកដល់ នោះអ្នកសឹងតែអាចភ្លក់វាបាន។ ដោយក្ដីសង្ឃឹម នោះយើងអាចភ្លក់រសជាតិអំណាចនៃវេលាចុងសប្ដាហ៍ ដែលនឹងមកដល់។ អាងស្តុកនៃអំណរនៅតិចតួចរបស់យើងចាប់ផ្ដើមបំពេញឡើង។ ហើយប្រសិនបើចុងសប្ដាហ៍មើលទៅមានអ្វីរំភើបកើតឡើង នោះអាងស្តុកនៃអំណរនឹងបំពេញដល់ហៀរ រហូតដល់វានឹងហូរទៅក្រៅផង។

អំណរយ៉ាងហូរហៀរនេះ បង្ហូរទៅដល់អ្នកដទៃ ដែលយើងអាចហៅបានថាជាសេចក្ដីស្រឡាញ់។ ដូច្នេះហើយ អ្នកតែងតែមានអារម្មណ៍ល្អ មានចិត្តល្អទៅដល់មនុស្សជុំវិញ នៅពេលណាអ្នកមានអារម្មណ៍រីករាយចំពោះអនាគតកាល។ សេចក្ដីសង្ឃឹមបំពេញអ្នកដោយអំណរ ហើយអំណរហូរហៀរ បានទៅជាស្នាមញញឹម ពាក្យសម្ដីល្អស្រទន់ និងដួងចិត្តចេះជួយធុរៈនានា។ ការនេះកើតឡើងមុនយើងមានពេលដើរលេងកម្សាន្ត មុនថ្ងៃខួបកំណើត មុនថ្ងៃបុណ្យណូអែល ហើយសម្រាប់មនុស្សភាគច្រើន នោះគឺនៅថ្ងៃសុក្រ (មុនថ្ងៃសម្រាកចុងសប្ដាហ៍)។

នៅពេលយើងបានជ្រមុជយ៉ាងជោកជាំពីព្រះវិញ្ញាណ នោះយើងបានជោកជ្រាបដោយភាពច្បាស់ប្រាកដថាថ្ងៃចន្ទ នោះបានមកពីស្ថានសួគ៌ ដូចជាថ្ងៃសុក្រដែរ។ រឿងអ្វីក៏ដោយដែលមើលទៅហាក់បីដូចជាគួរឱ្យភ័យខ្លាចនៅថ្ងៃស្អែក នោះយើងមិនចាំបាច់ភ័យព្រួយឡើយ ប្រសិនបើយើងបានបំពេញដោយព្រះវិញ្ញាណ។ ការប្រាស្រ័យទាក់ទងនៅឯផ្ទះអាចមានសភាពតានតឹង បញ្ហាសុខភាពប្រហែលជាអាចដុនដាប ចៅហ្វាយនាយប្រហែលជាមានគម្រោងដកអ្នកចេញ នៅថ្ងៃស្អែកអាចនាំមកនូវរឿងគំរាមកំហែងឱ្យយើងប្រឈមមុខយ៉ាងព្រឺព្រួច—តែទោះជាមានរឿងអ្វីដែលនាំឱ្យអ្នកភ័យព្រួយសម្រាប់ថ្ងៃស្អែក នោះចូរបើកចំហចិត្តទទួលការចាកបង្ហូរយ៉ាងហូរហៀរពីព្រះវិញ្ញាណនៃព្រះ។ ចូរសម្លឹងមើលពីព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយព្រះនឹងបំពេញអ្នកដោយក្ដីសង្ឃឹមនិងឱ្យអ្នកយកឈ្នះលើក្ដីភ័យខ្លាចរបស់អ្នក។

នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានចាក់បង្ហូរមក មិនមែនគ្រាន់តែភាពភ័យខ្លាចត្រូវបានដកចេញប៉ុណ្ណោះទេ ប៉ុន្តែក្ដីរំពឹងប្រាថ្នាចង់បាន នោះក៏ទទួលបានការបំពេញឱ្យស្កប់ចិត្តដែរ។ ព្រលឹងដែលស្រេកឃ្លាននោះព្រះចម្អែត—ឬក៏យ៉ាងហោចណាស់ យើងបានភ្លក់រសជាតិល្មមគ្រប់គ្រាន់ ដើម្បីឱ្យយើងបានស្កប់ចិត្តនៅក្នុងព្រះអង្គ ដើម្បីឱ្យយើងបានដឹង ថាយើងនឹងបានចំណាយពេលអស់មួយជីវិតរបស់យើង ទទួលទានពីប្រភពមកពីព្រះនេះ។

អនាគតកាលរបស់យើងអាចមើលទៅស្រពេចស្រពិល ដោយហេតុផលចំនួនពីរ៖ មួយគឺថាហេតុអនាគតយ៉ាងសោកសង្រេង នោះកំពុងតែមកហើយ ហើយមួយទៀត គឺថា ហេតុអនាគតដែលថាជីវិតមានសុភមង្គល នោះក៏ពុំមកដែរ។ តើនេះមិនមែនជារឿងនៃចិត្តរបស់មនុស្សទេឬយ៉ាងណា ដែលថាគេហត់នឿយដោយវិបត្តិនៃការយល់ឃើញអញ្ចឹង? គេភ័យសម្រាប់រឿងទុក្ខសោកនៃអនាគត ហើយស្រេកឃ្លានចង់បានសុភមង្គលនាពេលអនាគត។ ប្រសិនបើយើងមានចិត្តភ័យយ៉ាងដូច្នេះមែន នោះព្រះបន្ទូលសន្យាមានចែងនៅក្នុងគម្ពីរ អេសាយ គឺជាអ្វីដែលយើងត្រូវការ៖ នៅពេលដែលព្រះវិញ្ញាណចាក់បង្ហូរចូលមកក្នុងជីវិតរបស់យើង នោះក្ដីភ័យខ្លាចត្រូវដកយកចេញ ហើយចិត្តស្រេកឃ្លានរបស់យើងត្រូវបានចម្អែត។ ហេតុដូច្នេះហើយ ខ្ញុំសូមជំរុញដាស់តឿនដល់អ្នក ថាប្រសិនបើអ្នកចង់បានការប៉ះពាល់នៃព្រះវិញ្ញាណរបស់ព្រះមកលើជីវិតរបស់អ្នក នោះចូរអ្នកថ្វាយខ្លួនរបស់អ្នកផ្ទាល់ ទាំងព្រឹកនិងទាំងយប់ ដើម្បីអានពីព្រះបន្ទូលរបស់ព្រះទៅ។

ស្វែងយល់បន្ថែម៖ http://www.desiringgod.org/messages/a-precious-promise-the-outpouring-of-gods-spirit

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Live By The Spirit: Devotions With John Piper

គម្រោងអានស្មឹងស្មាធិ៍ជាមួយព្រះ ពីលោកគ្រូ ចន ផែពើ (John Piper) ក្នុងរយៈពេល ៧ ថ្ងៃ ស្ដីអំពី ព្រះវិញ្ញាណបរិសុទ្ធ

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូ ចន ផែពើ (John Piper) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.desiringgod.org/