ការដឹកនាំដោយចេស្ដានៃព្រះគំរូ

Divine Direction

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

ការទុកចិត្ដ

ខ្ញុំរស់នៅក្នុងរដ្ឋ អូក្លាហូម៉ា ដែលជាតំបន់មានអាកាសធាត់ ផ្លាស់ប្រែ ភ្លាមៗ ហើយអាចដុនដាប មួយរំពេចផង។ មានឆ្នាំមួយនោះ នៅក្នុងខែ មីនា ចំថ្ងៃមួយ យើងកំពុងតែមាន ព្រះអាទិត្យរះ ចាំងចែងយ៉ាងស្រស់បំព្រង ហើយអាកាសធាតុ សុខស្រួលសម្រាប់រស់នៅ ប៉ុន្តែនៅថ្ងៃបន្ទាប់ យើងបែរជាទទួលបានព្រិលធ្លាក់កម្រាស់ជិតដល់ ១០ សង់ទីម៉ែត្រ ឯណោះ។ ការផ្លាស់ប្រែអាកាសធាតុនេះសាហាវ ប៉ុន្តែនៅមានរដូវកាលនៃ ខ្យល់ព្យុះ បក់បោកយ៉ាងសន្ធោសន្ធៅ ជាងនេះទៅទៀត។ ដូចព្យុះអី មិនដឹងជាមកពីណាពីណីឱ្យច្បាស់ពិតប្រាកដ ឬផ្ដល់ដំណឹងឱ្យដឹងមុននោះទេ។

នេះប្រៀបដូចជាព្រឹត្តិការណ៍ខ្លះ នៅក្នុងជីវិតរបស់យើងផងដែរ។

ខ្ញុំបាននិយាយជាមួយនឹងស្រ្ដីម្នាក់ នៅឯការប្រកួតបាល់ទាត់របស់កូនប្រុសរបស់ខ្ញុំ ដែលស្រ្ដីនោះ គាត់ទើបនឹងប្រឈមជាមួយនឹងអាការៈរោគ និងតយុទ្ធចំពោះបញ្ហាសុខភាព នាពេលថ្មីៗ។ គាត់បានពន្យល់ដល់ខ្ញុំ ថាគាត់ធ្លាប់នៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ប៉ុន្មានឆ្នាំហើយ ហើយក៏ធ្លាប់ចូលរួមបម្រើច្រើននៅក្នុងក្រុមជំនុំផងដែរ។ ប៉ុន្តែ នៅពេលដែលគាត់ចាប់ផ្ដើម ជួបប្រទះបញ្ហា និងការសាកល្បងជាក់ស្ដែង គាត់ក៏ចាប់ផ្ដើម មានសំណួរ សង្ស័យចំពោះព្រះជាម្ចាស់ ដោយគិតថា ហេតុអ្វីបានជាព្រះជាម្ចាស់ ទ្រង់អនុញ្ញាតឱ្យការទាំងនោះ បានកើតឡើង លើរូបគាត់។ គាត់យំផង ខ្សឹបខ្សួលផង ពន្យល់ប្រាប់ថា៖ «តើខ្ញុំអាចបន្តថ្វាយបង្គំព្រះជាម្ចាស់ ដែលរូបខ្ញុំមិនអាចទុកចិត្ដបាន ដោយរបៀបណាទៅ?»

តើយើងនឹងអាចទុកចិត្ដព្រះជាម្ចាស់ ទោះបីនៅពេល ដែលជីវិតរបស់យើង មិនដើរទៅមុខ មិនសុខស្រួល ដែរឬយ៉ាងណា?

សំណួររបស់ស្ដ្រីម្នាក់នេះ ចាក់ដោតចំ ចំណុចនៃការសម្រេចចិត្ដដ៏ធំនៃជីវិតរបស់មនុស្សម្នាក់ៗ។ តើយើងអាចទុកចិត្ដព្រះជាម្ចាស់ ថាទ្រង់ជាព្រះដ៏ល្អ ទោះបីក្នុងគ្រា ដែលជីវិតរបស់យើងកំពុងតែលំបាកលំបិន? ចម្លើយតបតរបស់យើងចំពោះភាពឈឺចាប់ និងបញ្ហាលំបាកនានា តែងកំណត់ខ្លាំងទៅលើអនាគតរបស់យើង។

ដោយធម្មជាតិផ្ទាល់នៃស្ថានភាពនានា ជំនឿតែងតម្រូវឱ្យមានការទុកចិត្ដទៅលើអ្វីមួយ—ឬនរណាមួយ—ដែលយើងមិនអាចទាយទុកមុន ឬអាចយល់ដឹងបានរហូត នៅក្នុងការគិត និងស្ដង់ដារគំនិតរបស់មនុស្សយើង។ ប្រសិនបើយើងពិតជាស្មោះត្រង់ នោះមនុស្សយើងភាគច្រើន ពិតជាចង់ស្វែងរកភស្ដុតាងជាក់លាក់ ទៅលើភាពសប្បុរស និងវត្ដមានដ៏ល្អនៃព្រះ នៅក្នុងជីវិតរបស់យើងជាមិនខាន។

គំនិតនេះ មិនមែនជាអ្វីថ្មី នោះទេ។ ចាំអំពី លោក ថូម៉ាស ដែលពេញដោយចិត្ដសង្ស័យ អត់? បន្ទាប់ពីព្រះយេស៊ូបានសុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ លោក ថូម៉ាស បានថ្លែងថា គាត់នឹងមិនជឿទេ ប្រសិនបើគាត់ គ្មានភស្ដុតាងនោះ។ ជំនួសដោយការខឹងសម្បា និងការបណ្ដេញលោកចេញឆ្ងាយពីគេ ដោយសារការខ្វះជំនឿរបស់គាត់ ព្រះយេស៊ូ បានបង្ហាញឱ្យឃើញ ដោយដួងចិត្ដនៃព្រះគុណ ឱ្យលោក ថូម៉ាស បានឃើញ ស្នាមរបួស នៅត្រង់កន្លែងគេដំដែកគោល លើព្រះហស្ដរបស់ព្រះអង្គ។

ហើយមាននៅចាំ ពួកសាវ័ក នៅគ្រាពេលមានព្យុះអត់? មានព្យុះសង្ឃរា និងរលកបក់បោកយ៉ាងខ្លាំង ប៉ះទង្គិចនឹងទូក រហូតដល់ពួកគេសឹងតែត្របាក់លេបដោយទឹកបាត់ទៅ។ ម៉ាកុស ៤៖៣៧។ នៅកណ្ដាលព្យុះនោះ ពួកសាវ័ក មិននៅដោយឯកឯង នោះឡើយ។ លោក ម៉ាកុស បានរំឭកយើងនៅក្នុងខគម្ពីរបន្ទាប់ថា ព្រះយេស៊ូ កំពុងផ្ទុំលក់ នៅឯកន្សៃទូក។

ជាមួយអង្គព្រះយេស៊ូ នៅក្នុងទូករបស់អ្នក ព្យុះទាំងឡាយ អាចបក់បោក ប៉ះទង្គិចអ្នក ប៉ុន្តែអ្នកនឹងមិនលិចឡើយ។

មនុស្សដូចជារូបអ្នកហើយនិងខ្ញូំ ស្រ្ដីនៅឯការប្រកួតបាល់ទាត់ លោក ថូម៉ាស និងពួកសាវ័ក តែងទោរទន់គិតថា យើងប្រាកដជាមិនឆ្លងកាត់ព្យុះ ឆ្លងកាត់ខ្យល់ទេ ប្រសិនបើព្រះជាម្ចាស់ ពិតប្រាកដជាគង់នៅជាមួយនឹងយើងនោះ។ ប៉ុន្តែនេះមិនមែនជាសេចក្ដីពិតទេ។ ជាមួយអង្គព្រះយេស៊ូនៅក្នុងទូករបស់អ្នក ព្យុះនៅតែបក់បោក ប៉ះទង្គិចអ្នក ដដែល ប៉ុន្តែ អ្នកនឹងមិនលិច នោះឡើយ។ ព្រះអង្គគង់នៅជាមួយនឹងអ្នក មិនថាគ្រាន់តែជាចំហាយទឹកបក់បោក ឬនៅក្នុងព្យុះខ្យល់ ដែលយើងគិតស្មានមិនដល់នោះ។

ព្រះអង្គមិនគ្រាន់តែគង់នៅជាមួយនឹងអ្នកទេ គឺថាព្រះអង្គគង់នៅ ដើម្បីអ្នក និងសម្រាប់អ្នក។ ហើយប្រសិនបើព្រះអង្គគង់នៅ ដើម្បីអ្នក តើមាននរណាមួយដែលអាចប្រឆាំងនឹងអ្នកបាន? ចូរទុកចិត្ដព្រះជាម្ចាស់ ជាមួយនឹងអ្វីៗ ដែលកំពុងព្យាយាមដកអ្នកឱ្យថយនោះចុះ។ ចូរទុកចិត្ដលើព្រះអង្គ ក្នុងជម្រើសសម្រាប់គូអនាគតរបស់អ្នក។ ចូរទុកចិត្ដព្រះអង្គ ចំពោះវាសនាកូនៗរបស់អ្នក។ ចូរទុកចិត្ដលើព្រះអង្គចំពោះអាជីព ការងាររបស់អ្នក។ ចូរទុកចិត្ដលើព្រះអង្គ ចំពោះសុខភាពរបស់អ្នក។ ចូរទុកចិត្ដលើព្រះអង្គចំពោះថវិកាទាំងឡាយរបស់អ្នក។

ចូរទុកចិត្ដលើព្រះអង្គ ដោយមិនបាច់មានច្រកមួយទៀត ឬទីបម្រុងសាគួរមួយទៀត។

តែប៉ុណ្ណឹងបានហើយ។

ចូរអធិស្ឋាន៖ បពិត្រព្រះវរបិតា ទូលបង្គំទុកចិត្ដលើព្រះអង្គ ជាមួយនឹងអ្វីដែលទូលបង្គំនឹងចាប់ផ្ដើម ហើយនិងបញ្ចប់។ ទូលបង្គំទុកចិត្ដព្រះអង្គចំពោះទីកន្លែងដែលទូលបង្គំនឹងស្នាក់នៅ និងទីកន្លែងដែលទូលបង្គំនឹងទៅ។ ទូលបង្គំទុកចិត្ដលើព្រះអង្គ មួយល្មម ដោយទូលបង្គំអាចថ្វាយជីវិតរបស់ទូលបង្គំ ដើម្បីបម្រើ និងបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សដទៃ។ ហើយទូលបង្គំទុកចិត្ដ លើព្រះអង្គ ថាទ្រង់ គង់នៅ មានវត្ដមាន ជាមួយនឹងគោលបំណងសម្រាប់ទូលបង្គំ ទោះបីនៅចំកណ្ដាលព្យុះទាំងឡាយនៃជីវិត។ ទូលបង្គំអរគុណព្រះអង្គ ដែលទ្រង់គង់នៅជាមួយទូលបង្គំ ដឹកនាំជំហានរបស់ទូលបង្គំ ហើយផ្ដល់ការណែនាំពេញដោយព្រះចេស្ដា ដល់ទូលបង្គំ។ អាមែន។

សិក្សាបន្ថែមទៀត តាមរយៈសៀវភៅរបស់ខ្ញុំ ការដឹកនាំដោយចេស្ដានៃព្រះ—Divine Direction

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Divine Direction

ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។

More

យើង​សូម​អរគុណលោក​​គ្រូគង្វាល​ Craig Groeschel និង Life.Church ចំពោះការផ្តល់នូវគម្រោង​អាន​នេះ។ សម្រាប់ព័ត៌មានបន្ថែមសូម​ចូល​ទៅ​កាន់​: http://craiggroeschel.com/