ការដឹកនាំដោយចេស្ដានៃព្រះគំរូ

Divine Direction

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

តោះចាប់ផ្តើម 

ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ដែលជម្រើសទាំងនោះ កំណត់ដល់រឿងរ៉ាវនៃជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា បើអ្នកអនុញ្ញាតឱ្យគោលការណ៍របស់ព្រះ ដឹកនាំទៅលើជម្រើសរបស់អ្នក? នៅប៉ុន្មានថ្ងៃខាងមុខ យើងនឹងចាប់ផ្តើមធ្វើការស្វែងយល់លើគោលការណ៍ចំនួន ៧ ដែលដកស្រង់ចេញមកពីសៀវភៅរបស់ខ្ញុំ ក្រោមចំណងជើងថា ការដឹកនាំដោយចេស្ដានៃព្រះ ដែលនឹងជួយអ្នកឱ្យរកឃើញប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។

ប្រសិនបើមាននរណាម្នាក់ ស្នើសុំឱ្យអ្នកប្រាប់ពីរឿងរ៉ាវនៃជីវិតរបស់អ្នក តើអ្នកនឹងនិយាយថាដូចម្ដេច?

អ្នកប្រហែលជាអាចផ្តើមពីកន្លែងដែលអ្នកបានកើត និងអំពីរបៀបដែលអ្នកបានធំលូតលាស់ឡើង។ អ្នកប្រហែលជានិយាយអំពី រឿងស្នេហ៍គ្រាដំបូងរបស់អ្នក។ ប្រហែលជាអ្នកចង់និយាយពីរបត់នៃជីវិតផ្លាស់ប្រែធំៗមួយចំនួន ដែលគ្រួសារអ្នកបានធ្វើ ឬនៅពេលអ្នកបានចាកចេញពីផ្ទះ ដើម្បីទៅរៀននៅឯមហាវិទ្យាល័យ។ ប្រសិនបើអ្នករៀបការហើយ អ្នកប្រហែលជាអាចពិពណ៌នាអំពីរបៀប និងពេលវេលា ដែលអ្នកបានជួបដៃគូជីវិតរបស់អ្នក។ ប្រសិនបើអ្នកមិនទាន់រៀបការទេ អ្នកប្រហែលជាអាចនិយាយប្រាប់អំពីមូលហេតុនោះ។ ប្រសិនបើអ្នកជាឪពុកម្តាយ អ្នកប្រហែលជាអាចក្រឡេកមើលរូបភាពមួយចំនួននៅលើទូរស័ព្ទរបស់អ្នក ហើយបង្ហាញអំពីក្រុមគ្រួសាររបស់អ្នក។ ឬប្រហែលជាអ្នកអាចពិពណ៌នាអំពីអាជីពរបស់អ្នក។ តើមានអ្វីខ្លះ ស្ថិតនៅក្នុងដំណើររឿងរបស់អ្នក?

មនុស្សយើងភាគច្រើនមាននូវជំពូកនៃជីវិត ដែលយើងមិនចង់ចែករំលែកជាមួយនឹងនរណានោះទេ។ ប្រហែលជាអ្នកបានទៅដល់គ្រាណាមួយ ដែលអ្នកមិនដែលគិត ឬប៉ងប្រាថ្នា ចង់ទៅដល់នោះទេ។ អ្នកពិតជាមិនចង់បំផ្លាញគ្រានោះទាល់តែសោះ ប៉ុន្តែវាកើតឡើងបាត់ទៅហើយ។ អ្នកបានធ្វើការសម្រេចចិត្តដែលបាននាំអ្នកទៅទីហួសពីការនឹកស្រមៃ និងចង់ទៅដល់របស់អ្នក។ អ្នកបានធ្វើកិច្ចការមួយចំនួន ដែលនាំឱ្យអ្នកត្រូវលះបង់ លើសពីតម្លៃដែលអ្នកអាចបង់ទៅបាន។ អ្នកបានប្រព្រឹត្ដទាស់នឹងមនុស្ស ហើយឱ្យគេឈឺចាប់។ អ្នកបានកែអត្តចរិត ហើយបោះបង់តម្លៃដែលអ្នកគិតថាត្រឹមត្រូវមួយចំនួន។ អ្នកបានផ្តាច់កិច្ចសន្យារបស់អ្នក។ អ្នកបានធ្វើអ្វី ដែលអ្នកគិតថា អ្នកមិនអាចវិលត្រឡប់ថយក្រោយវិញបាន។

រឿងរបស់អ្នកមិនទាន់ចប់នោះទេ។ វាមិនទាន់យឺតពេល សម្រាប់ផ្លាស់ប្តូររឿង ដែលអ្នកនឹងប្រាប់នៅថ្ងៃណាមួយ នោះឡើយ។

មាននូវដំណឹងល្អ៖ រឿងរបស់អ្នកមិនទាន់ចប់នោះទេ។ វាមិនទាន់យឺតពេល ក្នុងការផ្លាស់ប្តូររឿង ដែលអ្នកនឹងប្រាប់នៅថ្ងៃណាមួយ នោះ។ ដោយមិនគិតពីអ្វីដែលអ្នកបានធ្វើ (ឬមិនទាន់បានធ្វើ) អនាគតរបស់អ្នក មិនទាន់បានសរសេរចប់សព្វគ្រប់នៅឡើយទេ។ អ្នកនៅមានជ័យជម្នះជាច្រើនទៀត ដែលអ្នកត្រូវបំពេញ។ អ្នកមានមិត្ដភក្ដិជាច្រើននាក់ទៀត ដែលអ្នកនឹងជួប។ អ្នកមានការបំផ្លាស់បំប្រែជាច្រើនទៀត ដែលអ្នកអាចបង្កើត។ អ្នកនៅមានការល្អជាច្រើន មកពីព្រះ ថែមទៀត ដែលអ្នកអាចទទួលយកបានជាបទពិសោធន៍។ មិនថាអ្នកចូលចិត្តគ្រោងឆ្អឹងរឿងទាំងប៉ុន្មានកន្លង ឬយ៉ាងណា ជាមួយនឹងជំនួយមកពីព្រះជាម្ចាស់ នោះអ្នកអាចបំផ្លាស់បំប្រែ រឿងរ៉ាវនៃជីវិតរបស់អ្នក ដែលជារឿងមួយ អ្នកពិតជាមានមោទនភាព ក្នុងការចែករំលែកមែនទែន។

នេះជាវិធីមួយ ដើម្បីផ្លាស់ប្តូររឿងរបស់អ្នក៖ ចាប់ផ្តើមអ្វីមួយដែលថ្មី។

មិនថាអ្នកមានអារម្មណ៍មិនប្រាកដប្រជា ភ័យខ្លាច ឬជាប់គាំង យ៉ាងណាក៏ដោយ រឿងរបស់អ្នកនៅតែបន្តរហូតមកដល់សព្វថ្ងៃ។ តើអ្នកនឹងចាប់ផ្តើមអ្វី នៅថ្ងៃនេះ? អធិស្ឋានរាល់ថ្ងៃជាមួយនឹងប្តី ឬប្រពន្ធរបស់អ្នក? អានគម្រោងព្រះគម្ពីរតាមរយៈ YouVersion ជារៀងរាល់ថ្ងៃជាមួយគ្នា? ទៅពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាណា ដែលមិនទាន់បានដោះស្រាយ? រស់នៅដោយភាពសប្បុរស កាន់តែខ្លាំងឡើងជាងមុន? បម្រើនៅក្រុមជំនុំ ឬក្នុងសហគមន៍របស់អ្នក? ឥឡូវនេះ គឺជាពេលវេលាដ៏ល្អ ដែលអ្នកអាចចាប់ផ្ដើមកត់ត្រា អ្វីថ្មីៗបាន។ ចូរបើកសៀវភៅកំណត់ហេតុរបស់អ្នក ហើយកត់ត្រាអំពីគំនិតរបស់អ្នក។ កុំគិតច្រើនពេក។ ប៉ុន្តែចូរចំណាយពេលបន្តិច ដើម្បីសរសេរវានៅលើក្រដាស។ គ្រាន់តែមួយ ឬពីរប្រយោគ។

ចូរសួរខ្លួនឯង៖ តើខ្ញុំត្រូវការចាប់ផ្តើមធ្វើអ្វីខ្លះ ដើម្បីផ្លាស់ប្តូរទិសដៅនៃជីវិត ដែលខ្ញុំចង់ប្រាប់ នោះ?

ស្វែងយល់បន្ថែមអំពីសៀវភៅរបស់ខ្ញុំ ការដឹកនាំដោយចេស្ដានៃព្រះ

គម្រោងអានព្រះគម្ពីរនេះ ត្រូវបានកែសម្រួល ចេញមកពីសៀវភៅ "ការដឹកនាំដោយចេស្ដានៃព្រះ" ដោយមានការអនុញ្ញាតពី អ្នកបោះពុម្ពផ្សាយ Zondervan ។ មាតិកាត្រូវបានផ្លាស់ប្តូរយ៉ាងសង្ខេប ដើម្បីងាយស្រួលតាមដាន។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Divine Direction

ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។

More

យើង​សូម​អរគុណលោក​​គ្រូគង្វាល​ Craig Groeschel និង Life.Church ចំពោះការផ្តល់នូវគម្រោង​អាន​នេះ។ សម្រាប់ព័ត៌មានបន្ថែមសូម​ចូល​ទៅ​កាន់​: http://craiggroeschel.com/