ការដឹកនាំដោយចេស្ដានៃព្រះគំរូ

Divine Direction

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

ការបម្រើ

ការបម្រើអ្នកដទៃ មិនមែនកើតឡើង ដោយឯកឯង ចេញពីធម្មជាតិ នោះឡើយ សម្រាប់រូបខ្ញុំ។ ខ្ញុំធ្លាប់ជាមនុស្សគិតតែអំពីខ្លួនឯង។ ខ្ញុំចូលចិត្ដធ្វើអ្វី តាមរបៀបរបស់ខ្ញុំ។ ការនេះមិនមែនជាអ្វីដែលខ្ញុំមានមោទនភាពទេ ប៉ុន្តែ ជាអកុសល នេះគឺជាសេចក្ដីពិតអំពីខ្ញុំ។

ខ្ញុំគិតថា ខ្ញុំក៏មិនមែនជាមនុស្សតែម្នាក់ដែរ ដែលធ្លាប់គិតដូច្នេះ។ យើងគ្រប់គ្នា សុទ្ធតែអាចជាមនុស្សគិតតែអំពីប្រយោជន៍ និងអំពីខ្លួនឯង។ ពីធម្មជាតិមក យើងគ្រប់គ្នាសុទ្ធសឹងជាមនុស្សអាត្មានិយម។ ចូរគិតមើល៖ អ្នកមិនចាំបាច់បង្រៀនកូនរបស់អ្នក អំពី ភាពអាត្មានិយមនោះទេ។ វាចេះតែម្ដង។ យោងតាមព្រះបន្ទូលព្រះយេស៊ូ ជីវិតរបស់យើង មិនមែនគិតតែអំពីខ្លួនយើងប៉ុណ្ណោះនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី គ្រប់អ្វីៗនៅក្នុងវប្បធម៌របស់យើង (បូករួមទាំងកន្លែងលក់ប៊ឺហ្គឺនោះផងដែរ) តាមទំនៀមទម្លាប់ (បរទេស) គេព្យាយាមប្រាប់ឱ្យមនុស្សចេះធ្វើអ្វីៗដោយខ្លួនឯង ដោយរបៀបខ្លួនឯង (បើខ្មែរវិញ នោះយើងមានពាក្យស្លោកដែរថា៖ «ខ្លួនទីពឹងខ្លួន» ឬ «សក់នរណាក្បាលអ្នកនោះ»)។

របៀបមួយដែលលឿនមែនទែន ដើម្បីឱ្យយើងបំភ្លេចព្រះជាម្ចាស់ នោះគឺជាការដែលយើងដាក់គំនិត និងការគិតតែអំពី "ខ្លួនឯង" ហ្នឹងហើយ។ ព្រះយេស៊ូ មានព្រះបន្ទូលចំៗ សម្រាប់អស់អ្នកដែលចង់ដើរតាមទ្រង់។ ព្រះអង្គមានបន្ទូលថា៖ «អស់អ្នកដែលចង់ធ្វើជាសិស្សរបស់ខ្ញុំ គេត្រូវតែបដិសេធខ្លួនឯង ហើយលីឈើឆ្កាងខ្លួន ហើយដើរតាមខ្ញុំ»។ ម៉ាថាយ ១៦៖២៤

ព្រះជាម្ចាស់ចង់ឱ្យយើងប្រព្រឹត្ដតាមរបៀបរបស់ព្រះអង្គ។ ហើយព្រះអង្គមិនមែនមានបន្ទូលទៅលើ សាច់មួយដំុបន្ថែម សម្រាប់បំពេញការឃ្លានរបស់យើង ប៉ុណ្ណោះនោះទេ។

បើនិយាយរឿងចំណីអាហារ ព្រះយេស៊ូ បានថ្លែងបន្ទូលមួយ ដែលគួរឱ្យយើងឈប់ធ្វើអ្វីៗ ហើយពិចារណាគិត មុននឹងយើងធ្វើការកម៉្មង់មុខម្ហូប មួយមុខបន្ថែមទៀត ផងដែរ។ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឱ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឱ្យបានសម្រេច … »។ យ៉ូហាន ៤៖៣៤។

ចូរនឹកស្រមៃលមើល ថាយើងអាចនិយាយដូច្នេះថា៖ «អាហាររបស់ខ្ញុំ គឺបម្រើព្រះជាម្ចាស់។ អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ។ អាហាររបស់ខ្ញុំ គឺការបំពេញភារកិច្ចដែលព្រះជាម្ចាស់បានបញ្ជូនខ្ញុំឱ្យធ្វើ។ អាហាររបស់ខ្ញុំគឺធ្វើតាមបំណងហឫទ័យនៃព្រះវរបិតារបស់ខ្ញុំ ហើយសម្រេចកិច្ចការរបស់ព្រះអង្គ»។ នេះជាអាហារ និងសារធាតុបំប៉ន ដែលមានលក្ខណៈបែបប្រភេទម៉្យាងទៀត។ នេះគឺជាការរស់នៅ ដោយមានការដឹកនាំពីស្ថានសួគ៌ ឬដឹកនាំដោយចេស្ដានៃព្រះ។

នៅពេលដែលវប្បធម៌សង្គមថ្លែងបែបដូច្នេះថា៖ «ចូរបំពេញខ្លួនអ្នក» នោះព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរបំពេញដល់អ្នកដទៃ»។

នៅពេលមនុស្សជុំវិញខ្លួនយើងនិយាយថា៖ «ចូរប្រមែប្រមូលយកតាមតែអ្នកអាចយកទៅបាន! ជីវិតនេះជារបស់អ្នក! ជោគជ័យនេះជារបស់អ្នក! មានតែអ្នកទេ អ្វីៗគឺសម្រាប់អ្នក!» នោះព្រះជាម្ចាស់ សព្វព្រះទ័យឱ្យយើងចេះផ្ដល់ ចេះចែករំលែក ជាជាង ប្រឹងប្រមូល ប្រឹងកើប តែសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ នៅពេលគ្រប់វប្បធម៌និយាយថា៖ «ចូរបំពេញខ្លួនឯង» នោះព្រះជាម្ចាស់ ប្រាប់ដល់យើង ឱ្យចេះបំពេញសម្រាប់អ្នកដទៃ។ ព្រះអង្គមិនបានបង្កើតយើងមក ឱ្យក្លាយជាមនុស្សដែលចេះតែយកនោះទេ។ ព្រះអង្គបានបង្កើតយើងមក ឱ្យក្លាយជាមនុស្សដែលចេះឱ្យ ចេះចែករំលែក។ ជាជាងការផ្ចង់ចិត្ដតែទៅលើបំណងប្រាថ្នារបស់យើង យើងរាល់គ្នា ទទួលបានការត្រាស់ហៅ ឱ្យចេះផ្ចង់ចិត្ដទៅលើតម្រូវការរបស់អ្នកដទៃផងនោះដែរ។ ជាជាងការប្រឹងឱ្យតែបានទៅមុនគេ យើងទទួលបានការត្រាស់ហៅ ឱ្យចេះរង់ចាំនៅខាងក្រោយផងដែរ។ ព្រះជាម្ចាស់បានបង្កើតយើងមកឱ្យចេះបម្រើ។

ការរស់នៅបែបលក្ខណៈដូច្នេះ នោះនឹងផ្លាស់ប្រែរឿងនៃជីវិតរបស់អ្នក។

ចូរគិតមើល។ រឿងជាច្រើនដែលអ្នកតែងបាននឹករំឭកស្រមៃ នោះតែងតែជារឿងស្ដីអំពីការជួយដល់អ្នកជិតខាងរបស់អ្នក ការចេះចូលរួមបម្រើនៅក្នុងក្រុមជំនុំ ឬក៏ជាការចេះចែករំលែករបស់អ្វីមួយដល់អ្នកដទៃ។ នេះក៏ដោយសារតែយើង បានបង្កើតមក ឱ្យចេះមានដួងចិត្ដបម្រើ ដូចជាអ្វីអង្គព្រះយេស៊ូ បានធ្វើនៅលើផែនដីនេះ។ ការសម្រេចចិត្ដ ក្នុងការដាក់ចិត្ដបម្រើ ប្រហែលជាភាពដែលអ្នកត្រូវហ្វឹកហ្វឺន (មិនកើតឡើងដោយឯកឯង) សម្រាប់រូបអ្នក។ ចំពោះរូបខ្ញុំ ខ្ញុំដឹងច្បាស់ថាមិនកើតឡើងតាមធម្មជាតិទេ។ ប៉ុន្តែខ្ញុំបានយល់ដឹងថា ការបម្រើមិនមែនជាអ្វីដែលយើង ធ្វើ នោះឡើយ។ ភាពជាអ្នកបម្រើ នោះគឺជាការត្រាស់ហៅ ដែលព្រះជាម្ចាស់មានព្រះទ័យឱ្យយើង បានក្លាយ ជាមនុស្សដែលចេះបម្រើ។ ពីព្រោះនៅពេលណាដែលយើងចេះបម្រើ នោះយើងក៏កាន់តែក្លាយដូចជាអង្គព្រះគ្រីស្ទ ដែរ។

ចូរអធិស្ឋាន៖ ព្រះអម្ចាស់អើយ តើព្រះអង្គត្រាស់ហៅទូលបង្គំឱ្យបម្រើ ដោយរបៀបណា? តើនរណាដែរ ដែលព្រះអង្គត្រាស់ហៅឱ្យទូលបង្គំទៅបម្រើនោះ? តើព្រះអង្គត្រាស់ហៅឱ្យទូលបង្គំទៅបម្រើនៅទីកន្លែងណាដែរ?

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Divine Direction

ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។

More

យើង​សូម​អរគុណលោក​​គ្រូគង្វាល​ Craig Groeschel និង Life.Church ចំពោះការផ្តល់នូវគម្រោង​អាន​នេះ។ សម្រាប់ព័ត៌មានបន្ថែមសូម​ចូល​ទៅ​កាន់​: http://craiggroeschel.com/