ការដឹកនាំដោយចេស្ដានៃព្រះគំរូ

Divine Direction

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

ឈប់សិន

ការសម្រេចចិត្តមួយក្នុងចំណោមការសម្រេចចិត្តល្អបំផុត ដែលអ្នកអាចធ្វើបាននៅពេលអ្នកមានអារម្មណ៍ជម្រុញចិត្តចង់ធ្វើអ្វីមួយ ឬប្រឈមមុខនឹងគ្រោះគ្មានច្រកចេញ នោះគឺជាការសម្រេចចិត្ដ ឈប់ធ្វើបន្តទៀត នោះឯង។ ចូរចំណាយពេលគិតពិចារណា។ ចូរអធិស្ឋានសុំការណែនាំ។ ចូរសញ្ជឹងគិតលើជម្រើស។  ចូរស្វែងរកនិងទទួលប្រាជ្ញា ពេញដោយការគោរពកោតខ្លាចព្រះ ពីមនុស្សដែលអ្នកអាចទុកចិត្តបាន ហើយស្រមៃមើលលើ លទ្ធផល ដែលអាចកើតមានឡើងទាំងប៉ុន្មាន។ បន្ទាប់មកចូរសួរខ្លួនឯងថា៖ «តើនេះជាអ្វីដែលខ្ញុំគួរតែបញ្ឈប់ទាំងស្រុង មែនឬទេ?»។

មនុស្សយើងភាគច្រើន មានចេតនាល្អ ឬយ៉ាងហោចណាស់ មានហេតុផលសមស្របមួយចំនួន សម្រាប់អ្វីដែលយើងធ្វើ។ តែទោះជាយ៉ាងដូច្នេះ មានមនុស្សជាច្រើនហាក់បីដូចជាមានការភ្ញាក់ផ្អើល នៅពេលដែលយើងរកឃើញថាខ្លួនយើងនៅសល់ដំណើរឆ្ងាយទៀត ដើម្បីឱ្យយើងអាចទៅដល់ទិសដៅដែលយើងចង់ទៅ។ ការផ្លាស់ប្តូរធំៗ នៅក្នុងជីវិតរបស់យើង— ទោះជាអវិជ្ជមាន និងវិជ្ជមាន—វាកម្រកើតឡើង ដោយគ្មានការសម្រេចចិត្ត តាមលំដាប់លំដោយនៃដំណើររឿងនៃជីវិតរបស់យើងណាស់។

តើអ្នកដឹងទេថា ការឈប់ស្ងៀម ការឈប់ធ្វើបន្តទៀត អាចជារឿងមួយ ដែលមានប្រសិទ្ធភាពបំផុត ដែលយើងគួរធ្វើ? នៅពេលដែលអ្នកឈប់ពិនិត្យមើលឡើងវិញ ថាអ្នកនៅទីណា និងនៅទីកន្លែងណា ក្នុងដំណើរដែលអ្នកចង់ទៅដល់ នោះអ្នកអាចសម្រេចពីរបៀបក្នុងការឆ្ពោះទៅមុខ នៅក្នុងដំណើររបស់អ្នក។

តើមានអ្វីដែលអ្នកអាចបញ្ឈប់វាសិន ដើម្បីឱ្យអ្នកអាចកាន់តែខិតជិត ទៅនឹងការដឹកនាំរបស់ព្រះជាម្ចាស់នោះ?

តើអ្នកកំពុងធ្វើអ្វី ដែលនាំអ្នកឱ្យទៅទិសដៅ ដែលអ្នកមិនចង់ទៅ (ឬថាព្រះមិនចង់ឱ្យអ្នកទៅ) នោះ? តើអ្នកត្រូវការអ្វីខ្លះដើម្បីបញ្ឈប់រូបអ្នកទាំងស្រុង? ការញៀន នៅលើប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម គ្រឿងស្រវឹង រូបភាពអាសអាភាស ការចង់ឱ្យគេសរសើរ ឱ្យគេដឹងឮ ឬមុខតំណែងការងារ? ទំនាក់ទំនងមិនល្អ? អាកប្បកិរិយា ដែលចេះតែចោទប្រកាន់វិនិច្ឆ័យគេ? តើមានអ្វីដែលអាចបញ្ឈប់អ្នកបាន ដើម្បីនាំឱ្យអ្នកអាចខិតកាន់តែជិត ទៅនឹងការដឹកនាំដោយចេស្ដានៃព្រះ? ចូរចាត់ទុករាល់ការជ្រើសរើសនីមួយៗ ថាដូចជាការបោះជំហាន ទៅលើដុំថ្ម បន្តបន្ទាប់ ដើម្បីឱ្យអ្នកបានឆ្ពោះទៅដល់គោលដៅរបស់អ្នក។

នៅពេលដែលអត្តចរិត ឬទំនាក់ទំនង នាំយើងឆ្ពោះទៅទិសដៅមួយ ដែលយើងដឹងថា នាំឱ្យយើងឃ្លាតចេញឆ្ងាយពីរឿងរ៉ាវ ដែលយើងចង់ចែករំលែក នោះយើងត្រូវការឈប់សិន ដើម្បីមិនគ្រាន់តែ សញ្ជឹងគិត ទៅលើលទ្ធផលនៃការសម្រេចទាំងប៉ុន្មាន ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ដើម្បីជ្រើសរើស ឈប់ធ្វើដំណើរតទៀត នៅលើគោលដៅដែលខុសឆ្គងនោះផងដែរ។ អ្នកប្រហែលជាធ្លាប់ឮពាក្យថា «កែប្រែចិត្ត»។ អត្ថន័យមួយចំៗ របស់ពាក្យនេះ នោះគឺមានន័យថា វិលត្រឡប់បកក្រោយ។ នៅពេលអ្នកកែប្រែចិត្ត អ្នកឈប់ធ្វើដំណើរឆ្ពោះទៅទិសដៅមួយ ហើយអ្នកវិលបកត្រឡប់ក្រោយ ទៅកាន់ព្រះជាម្ចាស់ និងមាគ៌ារបស់ព្រះអង្គ ដែលទ្រង់មានសម្រាប់រូបអ្នក។

ក្នុងន័យនេះ ការឈប់សិន ពិតជាមានន័យថា បោះជំហានទៅក្នុងទិសដៅមួយថ្មី។ អ្នកប្រហែលជាត្រូវឈានទៅរកការចេះមានទំនួលខុសត្រូវចំពោះខ្លួនឯងនិងអ្នកដទៃ ការចេះអត់ឱនទោស មានមិត្តភក្ដិត្រឹមត្រូវ ឬផ្លាស់ប្ដូរទីកន្លែងរស់នៅថ្មីរបស់អ្នក។

ចូរសួរខ្លួនឯង៖

១. ប្រសិនបើខ្ញុំជ្រើសរើសយកជម្រើស ដែលខ្ញុំបានពិចារណាហើយ តើវានឹងអាចនាំខ្ញុំ ទៅដល់ទីណាដែរ?

២. តើខ្ញុំអាចបញ្ឈប់អ្វីខ្លះ ដើម្បីនាំរូបខ្ញុំ ឱ្យបានចូលកាន់តែជិត ចំពោះការដឹកនាំ ដោយចេស្ដានៃព្រះជាម្ចាស់នោះ?

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Divine Direction

ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។

More

យើង​សូម​អរគុណលោក​​គ្រូគង្វាល​ Craig Groeschel និង Life.Church ចំពោះការផ្តល់នូវគម្រោង​អាន​នេះ។ សម្រាប់ព័ត៌មានបន្ថែមសូម​ចូល​ទៅ​កាន់​: http://craiggroeschel.com/