ការដឹកនាំដោយចេស្ដានៃព្រះគំរូ
ចូរចេញទៅ
តើអ្នកកំពុងមានអារម្មណ៍ថា មានអ្វីមួយថ្មី កំពុងកើតមានឡើង នៅក្នុងជីវិតរបស់អ្នកដែរឬទេ? តើអ្នកចង់បានអ្វីមួយផ្សេង? ទោះប្រសិនបើអ្នកមិនទាន់មានអារម្មណ៍នេះនៅឡើយ វាតែងតែជាការល្អ ក្នុងការរក្សាដួងចិត្ដរបស់អ្នក ត្រៀមខ្លួន សម្រាប់ការផ្លាស់ប្រែ ដោយសារ ខ្ញុំអាចធានាថា ការផ្លាស់ប្ដូរនឹងមាន។
យើងបាននិយាយអំពី ការចាប់ផ្ដើម ការបញ្ចប់ និង ការបន្តនៅ។ មានពេលខ្លះ ជម្រើសដ៏ល្អបំផុត ដែលអ្នកអាចសម្រេចបាន នៅក្នុងការស្វែងរកទិសដៅនៃព្រះ នោះគឺជា ការចាកចេញ។
ជារឿយៗ យើងទទួលបានការត្រាស់ហៅ ឱ្យឈរនៅខ្ជាប់ខ្ជួន នៅពេលដែលសម្ពាធកើនឡើង ប៉ុន្តែ មានពេលជាច្រើនទៀត យើងត្រូវការប្រថុយខ្លះដែរ។ តើអ្នកមានអារម្មណ៍ថា អ្នកនៅមិនស្ងៀម នៅមិនស្ងប់ នៅមិនសុខស្រួល ចំពោះទីកន្លែង ដែលអ្នកកំពុងនៅដែរឬទេ? ព្រះជាម្ចាស់ប្រហែលជាដាក់នូវដួងចិត្ដប្រាថ្នា ពេញដោយការដឹកនាំពីស្ថានសួគ៌ នៅក្នុងរូបអ្នក ដើម្បីឱ្យអ្នកបម្រើព្រះអង្គ នៅក្នុងរបៀបគួរឱ្យភ្ញាក់ផ្អើល។ ប្រហែលជាព្រះអង្គមានព្រះទ័យចង់ជម្រុញចិត្ដអ្នក ឱ្យបម្រើក្រុមមនុស្សជាក់លាក់ណាមួយ ឬជាគំនិតមួយ បញ្ហាណាមួយ ឬទីកន្លែងណាមួយ។ ប្រហែលជាព្រះអង្គកំពុងតែត្រាស់ហៅអ្នក ឱ្យចាកចេញទៅ។ ចូរធ្វើតាមការដាស់តឿននៃដួងចិត្ដ ហើយមើល ថាការសម្រេចចិត្ដនោះ នឹងនាំអ្នកទៅដល់ទីណាដែរ។ ចូរឱបក្រសោបចំពោះការផ្សងព្រេង។ របៀបមួយដ៏ល្អបំផុតសម្រាប់ការបោះជំហានដោយជំនឿ នោះគឺជាការដែលយើងចេះចាប់ផ្ដើមបានយ៉ាងល្អ។
មានរឿងមួយដ៏អស្ចារ្យ កើតឡើង នៅក្នុងសម្ព័ន្ធមេត្រីចាស់ ដែលថ្លែងអំពី លោក អាប់រ៉ាម និងសារ៉ាយ (ក្រោយមកឈ្មោះ អ័ប្រាហាំ និងសារ៉ា) ដែលបង្ហាញយ៉ាងច្បាស់អំពីពាក្យនៃ "ការចាកចេញទៅ" នេះ។ នៅក្នុង លោកុប្បត្តិ ១២ ព្រះជាម្ចាស់បានមានបន្ទូលទៅលោក អាប់រ៉ាម។ នៅគ្រានោះ គាត់រស់នៅក្នុងភូមិមួយ មានឈ្មោះថា ខារ៉ាន ប៉ុន្តែគាត់ជាអ្នកស្រុកមកពីទីក្រុង អ៊ើរ នៃពួកជនជាតិខាល់ដេ។ នៅឯស្រុក អ៊ើរ ដែលជាស្រុកកំណើតរបស់លោក អាប់រ៉ាម ប្រជាជន ពួកគេគោរពថ្វាយបង្គំរូបព្រះក្លែងក្លាយ តំណែងឱ្យ លោកខែ មានឈ្មោះថា ណាន័រ។
ប៉ុន្តែអ្វីដែលសំខាន់ ហើយអស្ចារ្យ នោះគឺថា ព្រះជាម្ចាស់ បានជ្រើសរើស បង្ហាញអង្គទ្រង់ផ្ទាល់ ទៅដល់ លោក អាប់រ៉ាម។ ព្រះជាម្ចាស់បានផ្ដល់ លោក អាប់រ៉ាម នូវបទបញ្ជាដ៏សាមញ្ញហើយចំៗ មួយថា៖ ចូរដើរចេញឱ្យឆ្ងាយពីគ្រប់អ្វីទាំងអស់ ដែលអ្នកធ្លាប់បានយល់ដឹង។ «ចូរចាកចេញ ពីប្រទេសរបស់អ្នក ពីប្រជាជនរបស់អ្នក និងពីក្រុមគ្រួសារឪពុកម្ដាយរបស់អ្នក ហើយ ចូរចេញទៅ ទឹកដីដែលយើងនឹងបង្ហាញដល់អ្នក»។ លោកុប្បត្តិ ១២៖១ ពាក្យសង្កត់ធ្ងន់
ចូរចាកចេញនិងចូរចេញទៅ។
ការដាក់ជំហានជើងចូលទៅក្នុងជោគវាសនារបស់អ្នក ប្រហែលតម្រូវឱ្យអ្នកបោះជំហានចាកចេញឆ្ងាយពីភាពកក់ក្ដៅ ភាពសុខសុវត្ថិភាពរបស់អ្នក។
ការទៅកាន់ទីកន្លែងមួយផ្សេងទៀត អ្នកត្រូវតែចាកចេញ ឬលះចោលទីកន្លែងដែលអ្នកកំពុងស្ថិតនៅ។ អ្នកត្រូវតែចាកចេញ ឬលះចោល រាល់អ្វីៗដែលអ្នកធ្លាប់ដឹង អ្វីដែលជាភាពសុខស្រួល អ្វីដែលអ្នកអាចទាយដឹងទុកមុន និងអ្វីដែលងាយស្រួលសម្រាប់អ្នក។ ការឈានចូលទៅក្នុងជោគវាសនារបស់អ្នក ក៏អាចប្រហែលជាការដែលអ្នកត្រូវបោះជំហានចាកចេញឆ្ងាយពី សុខសុវត្ថិភាពរបស់អ្នក ផងនោះដែរ។
តើនរណាមួយអាចដឹងថាព្រះជាម្ចាស់នឹងនាំអ្នកទៅដល់ទីណា នៅក្នុងសាច់រឿងនៃជីវិតរបស់អ្នក ប្រសិនបើអ្នកអនុញ្ញាតឱ្យព្រះអង្គដឹកនាំនោះ? នៅថ្ងៃមួយ ក្នុងរយៈពេលច្រើនឆ្នាំ បន្ទាប់ពីពេលវេលាឥឡូវ អ្នកនឹងអាចសម្លឹងមើលត្រឡប់ទៅក្រោយ ចំពោះជីវិតរបស់អ្នក ហើយនឹងឃើញពីដំណើរជីវិតពេញលេញ ទាំងមូលរបស់អ្នក ជាមិនខាន។ តើរឿងនោះនឹងលាតត្រដាងចេញទៅជាអ្វីវិញ? «ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់ កំពុងតែត្រាស់ហៅខ្ញុំ ប៉ុន្តែខ្ញូំបានភ័យខ្លាច ហេតុដូច្នេះហើយបានជាខ្ញុំអត់ហ៊ានធ្វើអ្វីទាល់តែសោះ»។ ឬក៏ អ្នកមានដំណើរផ្សងព្រេង ពេញដោយសេចក្ដីជំនឿ ដើម្បីបរិយាយ ប្រាប់ដល់មនុស្សនានា? ភាពខុសគ្នារវាងរឿងពីរនេះ នោះគឺថា អ្នកបានចាកចេញទៅ ឬក៏អត់បានទេ នៅពេលដែលព្រះជាម្ចាស់ មានបន្ទូលថា៖ «ចូរចេញទៅ» នោះ។
ចូរសួរ៖ តើព្រះជាម្ចាស់ កំពុងត្រាស់ហៅខ្ញុំ ឱ្យចាកចេញពីអ្វីដែរ? តើទីកន្លែងណា ដែលព្រះជាម្ចាស់ទ្រង់ត្រាស់ហៅខ្ញុំឱ្យចេញទៅនោះ?
អំពីគម្រោងអាននេះ
ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។
More