ច្រូតយកការអរព្រះគុណនិងការដឹងគុណក្នុងគ្រប់រដូវកាលនៃជីវិត!គំរូ
ចូរចេះអរព្រះគុណសម្រាប់រឿងរ៉ាវតូចតាច
មាននរណាម្នាក់ធ្លាប់និយាយលេងសើចមកកាន់ខ្ញុំថា៖ «ប្រសិនបើវាមានតម្លៃលើសពី ១០០០៛ នោះចូរចេះអរគុណដែរផងទៅ!»។ ក្នុងខណៈពេលខ្ញុំសរសេរពីគម្រោងអាននេះ នោះខ្ញុំទទួលបានការបណ្ដាលចិត្តពីខគម្ពីរ ១ ថែស្សាឡូនីច ៥៖១៨។
«ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ»។
សូម្បីតែលុយ ១០០០៛ ក៏អាចជាព្រះពរដែរ។ វាគួរឱ្យហួសចិត្តដែរ ដោយថា មានពេលខ្លះ អ្វីៗដែលយើងគិតថាមានតម្លៃតូចតាច នោះវាអាចជារបស់ដែលយើងឱ្យតម្លៃគាប់ចិត្តជាងគេ។
• ចូរគិតពីកូនក្មេងតូចដ៏គួរឱ្យស្រឡាញ់ ទាំងទឹកមុខស្រស់ញញឹម គាត់ហុចសំណុំផ្កាមកឱ្យអ្នក រួចហើយអ្នកបានអរគុណដល់គាត់!
• ចូរគិតពីសំណេរសំបុត្រដោយដៃ ដែលអ្នកបានរកឃើញនៅប្រអប់ថតតុ ពីមនុស្សជាទីស្រឡាញ់ ដែលគាត់បានសរសេរ មុនរូបគាត់បានចែកឋានទៅ។
• ចូរគិតអំពីមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ តែគាត់បានឈប់នៅតាមផ្លូវ ដើម្បីមកជួយដល់អ្នក។
• ចុះចំណែកបើមានមិត្តចាស់ណាម្នាក់ បានតេមកលេងអ្នក ទាំងអ្នកបានដឹងដំណឹងពីគាត់ យូរយារណាស់មកហើយនោះ?
• ការឱបពីកូនតូច ឬចៅ ឬប្រពន្ធ/ប្ដី របស់អ្នក។
• ទង្វើនៃសត្វចញ្ចឹមរបស់អ្នក នៅពេលវាដាក់ដៃវាមកលើអ្នក ដើម្បីឱ្យអ្នកក្រឡេកមកមើលវា។
ពិតប្រាកដមែនថា ទាំងនេះគ្រាន់តែជាអនុស្សាវរីយ៍តិចតួច ដើម្បីជួយឱ្យអ្នកបាននឹកឃើញពីរឿងតូចតាចទាំងឡាយ ដែលមានអត្ថន័យយ៉ាងខ្លាំងចំពោះអ្នកតែប៉ុណ្ណោះ។ ប្រសិនបើនរណាម្នាក់ពុំមើលថែឡានចាស់របស់ខ្លួន ដោយដាក់ពេលវេលាដែលត្រូវការចាំបាច់ ដើម្បីថែទាំវាទេ នោះប្រាកដណាស់ថា នៅពេលដែលគាត់មានឡានថ្មី នោះគាត់ក៏នឹងមិនដាក់ពេលមើលថែឡាននោះ នៅពេលឡាននោះបានកើនអាយុដែរ។
«អ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការតូចបំផុត នោះឈ្មោះថា ស្មោះត្រង់ក្នុងកិច្ចការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងកិច្ចការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរ»។ លូកា ១៦៖១០
ជារឿយៗ ខ្ញុំតែងធ្លាប់ឆ្ងល់ ថាតើព្រះល្បងលរូបយើងជាមួយនឹងរឿងតូចតាច ដើម្បីមើលថាយើងចេះមានចិត្តដឹងគុណ និងអរព្រះគុណព្រះអង្គដែរឬយ៉ាងណា។ រឿងនេះគឺវិលមករកពីជីវិតដែលយើងបានសិក្សាហើយ កាលពីប៉ុន្មានថ្ងៃមុន។ តើអ្នកនឹកចាំពីស្រ្តីជាម្ដាយដ៏បន្ទាបខ្លួនម្នាក់ នៅឯទ្វីបអាហ្វ្រិក ដែលគាត់បានប្រមូលកូនៗរបស់គាត់ឱ្យមកច្រៀងពេញដោយអំណរ នោះដែរទេ? តាមរយៈភ្នែករបស់យើង នោះពួកគាត់ពិតជាមានតិចតួចណាស់។ តែទោះជាយ៉ាងណាមិញ នៅក្នុងភ្នែករបស់គាត់ នោះគាត់ទទួលដឹងថាពួកគាត់មានព្រះពរយ៉ាងច្រើន នៅក្នុងរាល់អ្វីៗដែលគាត់មាន ហើយពួកគាត់សប្បាយអបអរនៅក្នុងរបស់អស់ទាំងនោះ។ ពួកគាត់រៀនច្រូតយកការអរព្រះគុណ និងមានចិត្តដឹងគុណ រាល់គ្រប់រដូវកាលនៃជីវិតរបស់គាត់! ចូរឱ្យយើងរៀនប្រមូលយកការអរព្រះគុណ ដូចអ្វីៗដែលពួកគាត់បានធ្វើនោះផងដែរ!
លំហាត់នៅថ្ងៃនេះ៖
• ចូរចំណាយពេលបរិយាយដាក់ក្នុងបញ្ជី ពីរឿងតូចតាច ដែលអ្នកធ្លាប់ជួប ប៉ុន្តែវាមានន័យខ្លាំងចំពោះអ្នក។
• ចូរនឹកចាំថា រឿងតូចៗទាំងឡាយ វាបង្កើតឡើងឱ្យបានទៅជារឿងធំៗបាន៖ ដែកគោល វាពិតជាសំខាន់ ដូចនឹងដុំកំណាត់ឈើ សម្រាប់ការសាងសង់ផ្ទះដែរ!
• អ្នកចេះអរគុណព្រះនិងមនុស្សដទៃប៉ុណ្ណា នោះរឿងចេះអរគុណ និងដឹងគុណ នឹងកាន់តែងាយស្រួលសម្រាប់អ្នក ច្រើនប៉ុណ្ណោះដែរ។
• ដាក់គោលដៅ ឱ្យអ្នក "ចេះច្រូតការអរព្រះគុណនិងដឹងគុណនៅក្នុងគ្រប់រដូវកាលនៃជីវិត"!
ប្រសិនបើអ្នករីករាយជាមួយនឹងគម្រោងអាននេះ ខ្ញុំសូមលើកទឹកចិត្តអ្នក ទៅស្វែងរកមេរៀន គិតពីភាពអស់កល្ប ឬភាពអស់កល្បពិតជាសំខាន់ ដោយអ្នកស្រី ណូម៉ា (Norma) នៅលើកម្មវិធី YouVersion ហើយនិងគម្រោងអានជាច្រើនផ្សេងទៀត ដែលនិពន្ធដោយ អ្នកស្រី ណូម៉ា
ព័ត៌មានអ្នកនិពន្ធនិងស្នាដៃដទៃផ្សេងទៀត អាចរកឃើញនៅលើ http://facebook.com/eternitymatterswithnorma។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ខ្ញុំពិតជាស្ញប់ស្ញែងចំពោះមេរៀនដែលយើងអាចរៀនបានពីសង្គមវប្បធម៌ដទៃផ្សេងទៀត! នៅក្នុងសង្គមវប្បធម៌ខ្លះ គេដូចជាមិនសូវពឹង ឬមានឧបករណ៍សម្ភារៈអីច្រើនទេ តែទោះជាយ៉ាងណាមិញ ពួកគេស្ដែងបង្ហាញចេញនូវអារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងការដឹងគុណ ហើយមានពេញដោយអំណរ! ខ្ញុំមិនដឹងថាអ្នកមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែខ្ញុំពិតជាចង់បានចិត្ត ដែលប្រកបដោយការដឹងគុណ ហើយនិងអំណរ ដើម្បីឱ្យការនោះបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ដែលវាប្រៀបបានទៅនឹងការដកដង្ហើមចេញចូលរបស់ខ្ញុំដែរ! នៅក្នុងគម្រោងអាននេះ យើងនឹងស្វែងរុករកឃើញពីរបៀប ដែលយើងអាចទទួលយកគ្រាទាំងឡាយនៃជីវិតមកអនុវត្ត ដើម្បីឱ្យចិត្តយើងបាននៅបន្តចេះដឹងគុណ ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង។
More