ច្រូតយកការអរព្រះគុណនិងការដឹងគុណក្នុងគ្រប់រដូវកាលនៃជីវិត!គំរូ

Harvest Thanksgiving All Year Round!

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

ចូលមកក្នុងព្រះវត្តមានព្រះដោយក្ដីអរព្រះគុណ!

«ចូល​មក យើង​នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​យើង​បន្លឺ​សំឡេង​ដោយ​អំណរ​ដល់​ព្រះ ដែលជា​ថ្ម​ដា​នៃ​ការ​សង្គ្រោះ​របស់​យើង! ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គដោយ​អរ​ព្រះ‌គុណ ចូរ​យើង​បន្លឺ​សំឡេង​ថ្វាយ​ព្រះ‌អង្គ ដោយ​បទ​សរសើរ! ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ​អស្ចារ្យ ហើយ​ជា​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ»។ ទំនុកតម្កើង ៩៥៖១-៣

មានមនុស្សខ្លះគាត់ក្រោកឡើងទាំងមានស្នាមញញឹមជាប់នឹងមុខ ដោយគាត់ត្រៀមខ្លួនរួចរាល់ដើម្បីផ្ដើមថ្ងៃមួយថ្មី! តែមានអ្នកដទៃផ្សេងទៀត ដែលគាត់ប្រឹងគ្របបាំងដណ្ដប់ក្បាល ពេលឃើញថ្ងៃរះឡើងភ្លាម ទាំងគាត់ដកដង្ហើមធំៗ។ គំនិតរបស់គាត់ញញើត និងមិនចង់ប្រឈមនឹងថ្ងៃថ្មីនោះឡើយ។

មានរឿងអ្វីមួយ ខ្ញុំសង្ឃឹមថាយើងរាល់គ្នានឹងរៀនបានតាមរយៈគម្រោងអាននេះ នោះគឺថា រាល់គ្រប់វិនាទី ដែលយើងក្រោកឡើង នោះយើងមាននូវអភ័យឯកសិទ្ធិ និងឱកាសក្នុងការស្ថិតនៅក្នុងព្រះវត្តមាននៃព្រះជាម្ចាស់! តើឱ្យខ្ញុំអាចដឹងអំពីការនេះបានដោយរបៀបណា? នេះដោយសារតែអ្វីដែលបានកើតឡើង នៅឯ កាលវ៉ារី ។ ពីព្រោះវាំងននបានរហែកពីលើមកក្រោម នៅពេលដែលផែនដីរញ្ជួយ ទាំងអនុញ្ញាតឱ្យយើងរាល់គ្នាអាចចូលទៅចំពោះបល្ល័ង្ក ដោយភាពអង់អាចក្លាហានបាន។ ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង បានប្រទានដល់យើងនូវសិទ្ធិ ដែលអាចឱ្យយើងចូលទៅក្នុងព្រះវត្តមាននៃព្រះ! យើងលែងត្រូវការបូជាចារ្យ ដើម្បីឱ្យយើងអាចចូលទៅចំពោះព្រះវត្តមានព្រះទៀតហើយ។ អ្នកហើយនិងខ្ញុំមានសេរីភាពនៅក្នុងការចូលទៅក្នុងព្រះវត្តមាននោះ!

នៅរំពេចពេលដែលយើងក្រោកឡើង នៅពេលព្រឹកម្ដងៗ នៅគ្រាដែលយើងសម្លឹងមើលឃើញពន្លឺរបស់ព្រះ ចែងចាំងចំកញ្ចក់បង្អួចបន្ទប់របស់យើង នៅពេលដែលយើងមើលឃើញពីផ្ទៃមេឃ ឬឮពីសត្វបក្សីច្រៀងត្រកង នោះយើងកំពុងតែស្ថិតនៅក្នុងព្រះវត្តមានមួយបែបដែរ ដ្បិតព្រះអង្គបានបង្កើតរាល់គ្រប់របស់សព្វសារពើ។ តើយើងនឹងទៅជំរាបសួរ និងស្វាគមន៍ព្រះ ដោយរបៀបណា? អត្ថបទគម្ពីរប្រាប់ដល់យើង ឱ្យយើងច្រៀង ឱ្យយើងបន្លឺសំឡេងនៃអំណរ ហើយចូលមកក្នុងព្រះវត្តមាននៃព្រះ ដោយអ្វីដែរ? គឺដោយការអរព្រះគុណ!

លំហាត់នៅថ្ងៃនេះ៖

- ប្រសិនបើអ្នកមានទម្លាប់មួម៉ៅនាពេលព្រឹកព្រលឹម សូមក្ដិចត្រួយនោះចេញទៅ!

- ចូរហាត់បញ្ចេញស្នាមញញឹម មុននឹងអ្នកទទួលទានកាហ្វេ ឬតែ នាពេលព្រឹក។

- ចូរទៅជំរាបសួរ និងទទួលស្វាគមន៍មនុស្សជាទីស្រឡាញ់របស់អ្នក ដោយភាពត្រេកអរ និងព្យាយាមអរគុណពួកគេ សម្រាប់ការអ្វីមួយ។

- ចូរបន្លឺសំឡេងនៃអំណរនៅពេលដែលអ្នកកំពុងតែធ្វើដំណើរទៅធ្វើការ ឬទៅផ្សារទិញអីវ៉ាន់។

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Harvest Thanksgiving All Year Round!

ខ្ញុំពិតជាស្ញប់ស្ញែងចំពោះមេរៀនដែលយើងអាចរៀនបានពីសង្គមវប្បធម៌ដទៃផ្សេងទៀត! នៅក្នុងសង្គមវប្បធម៌ខ្លះ គេដូចជាមិនសូវពឹង ឬមានឧបករណ៍សម្ភារៈអីច្រើនទេ តែទោះជាយ៉ាងណាមិញ ពួកគេស្ដែងបង្ហាញចេញនូវអារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងការដឹងគុណ ហើយមានពេញដោយអំណរ! ខ្ញុំមិនដឹងថាអ្នកមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែខ្ញុំពិតជាចង់បានចិត្ត ដែលប្រកបដោយការដឹងគុណ ហើយនិងអំណរ ដើម្បីឱ្យការនោះបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ដែលវាប្រៀបបានទៅនឹងការដកដង្ហើមចេញចូលរបស់ខ្ញុំដែរ! នៅក្នុងគម្រោងអាននេះ យើងនឹងស្វែងរុករកឃើញពីរបៀប ដែលយើងអាចទទួលយកគ្រាទាំងឡាយនៃជីវិតមកអនុវត្ត ដើម្បីឱ្យចិត្តយើងបាននៅបន្តចេះដឹងគុណ ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ភាពអស់កល្បពិតជាសំខាន់ (Eternity Matters With Norma) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.facebook.com/eternitymatterswithnorma