ច្រូតយកការអរព្រះគុណនិងការដឹងគុណក្នុងគ្រប់រដូវកាលនៃជីវិត!គំរូ
លើកតម្កើងព្រះកាន់តែខ្ពស់ឡើង ដោយការថ្វាយការអរព្រះគុណ!
តើឱ្យយើងអាចលើកតម្កើងព្រះ ឱ្យកាន់តែខ្ពស់ឡើង ជាមួយនឹងការថ្វាយការអរព្រះគុណ បានដោយរបៀបណា? មានរបៀបមួយចំនួន ដែលយើងអាចបង្ហាញពីព្រះ ដោយការថ្វាយការអរព្រះគុណ សម្រាប់ភាពជាព្រះនៃព្រះអម្ចាស់ ហើយនិងសម្រាប់រាល់អ្វីៗដែលព្រះអង្គបានធ្វើ។
• ការស្ដាប់បង្គាប់៖ ខ្ញុំទទួលបានការរំឭកពីសេចក្ដីនេះ នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ថា "ការស្ដាប់បង្គាប់" នោះគឺល្អប្រសើរជាងការលះបង់ ឬយញ្ញបូជាទៅទៀត។ ១ សាំយូអែល ១៥៖២២ ថែងថា នៅពេលណាដែលយើងគោរពស្ដាប់បង្គាប់ និងរស់នៅស្របតាមព្រះបន្ទូលព្រះ នោះយើងបន្តអរព្រះគុណដល់ព្រះ ជាមួយនឹងរបៀបរស់នៅរបស់យើង!
• ការសរសើរដោយមាត់របស់យើង៖ «ទូលបង្គំនឹងច្រៀងសរសើរព្រះនាមរបស់ព្រះ ដោយបទចម្រៀង ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយការអរព្រះគុណ»។ ទំនុកតម្កើង ៦៩៖៣០
• ក្ដីមេត្តាករុណា៖ «ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ»។ អេភេសូរ ៤៖៣២
• សេចក្ដីអធិស្ឋាន៖ «ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ»។ ១ ថែស្សាឡូនីច ៥៖១៦-១៨
• ភាពសប្បុរស៖ «ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ!»។ ២ កូរិនថូស ៩៖៧
ចូរគិតពីសេចក្ដីណែនាំទាំងនេះ ដើម្បីជំរុញនិងកម្រើកដល់ការចេះថ្វាយការអរព្រះគុណ និងអំណរពីទីជម្រៅចិត្តរបស់អ្នក!
ខ្ញុំគិតពីការបម្រើដល់ព្រះទាំងស្រុង ប្រៀបដូចក្នុងរបៀបដែលយើងដុតនំសូកូឡា (chocolate chip cookies) អញ្ចឹង។ ប្រសិនបើខ្ញុំប្រឹងធ្វើវាដោយរហ័សរហួនពេក នោះខ្ញុំកំពុងតែពន្លឿនដំណើរនៃការដុតនំនោះ ឱ្យលឿនពេកហើយ។ នេះមានន័យដូចជាការដែលខ្ញុំបន្ថែមសីតុណ្ហភាព ឱ្យលើសពីការកំណត់ នៅក្នុងការណែនាំពីរបៀបធ្វើនំ។ ខ្ញុំប្រហែលជាអាចមានការរំខាន ដោយមាននរណាគេតេមកខ្ញុំ ហើយខ្ញុំភ្លេចដាក់គ្រឿងផ្សំ ឬដាក់គ្រឿងផ្សំអីផ្សេង ទៅក្នុងល្បាយនំ នោះវិញ។ ឬប្រហែលជាខ្ញុំប្រើសូកូឡាចាស់ ដាក់ទៅលើនំនីមួយៗ។
ខ្ញុំគិតថា ប្រសិនបើខ្ញុំធ្វើនំនៅក្នុងរបៀបយ៉ាងប្រហែសដូចនេះ នោះខ្ញុំប្រហែលជាមិនគួរទទួលបាននូវការដឹងគុណ និងក្ដីស្រឡាញ់នោះទេ ដោយសារតែទង្វើនៃអាកប្បកិរិយាបែបនេះ។ ដូច្នេះ ការនេះ គឺដូចគ្នាជាមួយនឹងព្រះអម្ចាស់ អញ្ចឹង។ ដូចគ្នានឹងការដុតនំ យើងបានចំណាយពេលវេលា។ យើងបានទុកកិច្ចការអ្វីផ្សេងឱ្យនៅចាំសិន។ ហើយយើងបានប្រើប្រាស់គ្រឿងផ្សំយ៉ាងល្អ តាមតែយើងអាចរកបាន។ មនុស្សភាគច្រើនគេនឹងដឹងគុណ និងអបអរ ទាំងពេញចិត្តយ៉ាងខ្លាំង នៅពេលគេធុំក្លិននំដ៏សែនឆ្ងុយ ហើយល្អលើសពីនេះទៅទៀត គឺគេពិតជាត្រេកអររីករាយណាស់ នៅពេលអ្នកហុចនំមួយពីរឱ្យគេ ដើម្បីគេបានភ្លក់រសជាតិដ៏សែនឆ្ងាញ់របស់វា។
ព្រះជាម្ចាស់រង់ចាំឱ្យយើងចូលទៅចំពោះព្រះអង្គជារៀងរាល់ថ្ងៃ ដើម្បីបង្ហាញនូវក្ដីស្រឡាញ់របស់ព្រះអង្គ តាមរយៈការថ្វាយការអរព្រះគុណរបស់យើង!
លំហាត់ថ្ងៃនេះ៖
• ប្រើបញ្ជីនេះ ឬកសាងរបៀបរបស់អ្នកផ្ទាល់ ដើម្បីលើកតម្កើងព្រះអម្ចាស់។
• ពិតជាអភ័យឯកសិទ្ធិណាស់ ដែលយើងអាចចូលទៅក្នុងព្រះវត្តមាននៃព្រះអាទិករ។ ចូរចាប់ផ្ដើមដាក់ចិត្តគំនិតនេះ ទៅក្នុងវិញ្ញាណរបស់អ្នក!
• ចូរកុំដាក់ព្រះទៅក្នុងបញ្ជី ដែលអ្នកនឹងធ្វើនៅពេលចុងក្រោយរបស់អ្នក ក្នុងទម្លាប់ជាប្រចាំថ្ងៃរបស់អ្នកឱ្យសោះ។
• ចូរកម្រើកការថ្វាយការអរព្រះគុណពីទីជម្រៅនៃដួងចិត្តរបស់អ្នក។
អំពីគម្រោងអាននេះ
ខ្ញុំពិតជាស្ញប់ស្ញែងចំពោះមេរៀនដែលយើងអាចរៀនបានពីសង្គមវប្បធម៌ដទៃផ្សេងទៀត! នៅក្នុងសង្គមវប្បធម៌ខ្លះ គេដូចជាមិនសូវពឹង ឬមានឧបករណ៍សម្ភារៈអីច្រើនទេ តែទោះជាយ៉ាងណាមិញ ពួកគេស្ដែងបង្ហាញចេញនូវអារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងការដឹងគុណ ហើយមានពេញដោយអំណរ! ខ្ញុំមិនដឹងថាអ្នកមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែខ្ញុំពិតជាចង់បានចិត្ត ដែលប្រកបដោយការដឹងគុណ ហើយនិងអំណរ ដើម្បីឱ្យការនោះបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ដែលវាប្រៀបបានទៅនឹងការដកដង្ហើមចេញចូលរបស់ខ្ញុំដែរ! នៅក្នុងគម្រោងអាននេះ យើងនឹងស្វែងរុករកឃើញពីរបៀប ដែលយើងអាចទទួលយកគ្រាទាំងឡាយនៃជីវិតមកអនុវត្ត ដើម្បីឱ្យចិត្តយើងបាននៅបន្តចេះដឹងគុណ ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង។
More