ច្រូតយកការអរព្រះគុណនិងការដឹងគុណក្នុងគ្រប់រដូវកាលនៃជីវិត!គំរូ
តើរូបអង្គខាងក្នុងរបស់អ្នកចេះលោតឡើងដោយអំណរដែរទេ?
«ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ»។ ទំនុកតម្កើង ២៨៖៧
ប្រៀបដូចកសិករទុកចិត្តថានឹងមានភ្លៀង និងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីបង្កឱ្យរុក្ខជាតិលូតលាស់ នោះយើង ក្នុងនាមជាអ្នកជឿនិងដើរតាមព្រះគ្រីស្ទ នោះយើងគួរដាក់ទំនុកចិត្តទាំងស្រុងរបស់យើងនៅលើព្រះអង្គ! អត្ថបទគម្ពីរថ្ងៃនេះ ប្រាប់យើងថាកម្លាំងរបស់យើងបានមកពីណា។ កម្លាំងនោះបានមកពីព្រះអម្ចាស់ ហើយអំណររបស់ព្រះអង្គប្រទានឱ្យយើងមានកម្លាំង ជាប្រយោជន៍ឱ្យយើងអាចតទល់ចំពោះរាល់រឿងទាំងឡាយ ដែលយើងនឹងត្រូវជួបប្រទះ ពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងមេរៀនសិក្សាកាលពីម្សិលមិញ យើងបានរៀនពីស្រ្តីម្នាក់ ដែលអំណររបស់គាត់បានភ្លឺចាំងចេញមកពីខាងក្នុងគាត់។ ហើយចេញពីក្ដីអំណរនោះ គាត់ហើយនិងកូនៗរបស់គាត់ថ្លែងចេញជាបទចម្រៀង! នៅក្នុងស្ថានភាពដ៏អស់សង្ឃឹម ទាំងយើងពុំដឹងថាមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃសម្រាប់តម្រូវការនានា ឬនៅពេលដែលមនុស្សជាទីស្រឡាញ់របស់យើងបានទទួលរោគវិនិច្ឆ័យដ៏ស្លុតមួយ តើយើងនឹងមានគោលជំហរមាំគ្រប់គ្រាន់ ដើម្បីទុកចិត្តលើព្រះអង្គក្នុងស្ថានភាពទាំងនោះ ហើយលើកតម្កើងព្រះអង្គ ដោយបទចម្រៀងដែរឬយ៉ាងណា?
ប្រៀបដូចជាយើងចេះទទួលទានអាហារ បីបួនដង ក្នុងមួយថ្ងៃ ដើម្បីទទួលបានការបំប៉នដល់រាងកាយ នោះយើងត្រូវការអាហារ ដែលជាព្រះបន្ទូលព្រះ ជាប្រចាំថ្ងៃ ដើម្បីចម្អែតដួងព្រលឹងរបស់យើង ហើយយើងត្រូវការស្ថិតនៅក្នុងសេចក្ដីអធិស្ឋាន ដើម្បីជួយឱ្យយើងអាចទទួលបានកម្រិតយ៉ាងមាំទាំនៃការទុកចិត្តនោះ។
៥ ឆ្នាំមុន ប្ដីរបស់ខ្ញុំនិងខ្ញុំ បានទទួលដំណឹងនៃរោគវិនិច្ឆ័យយ៉ាងសោកសៅមួយ ហើយរោគនេះ ពុំអាចមានថ្នាំណាអាចព្យាបាលបាន ដើម្បីជួយសង្គ្រោះជីវិតរបស់ប្ដីខ្ញុំបាននោះទេ។ រឿងនេះកើតឡើងនៅក្នុងខែ មិថុនា ឆ្នាំ ២០១៧។ សាច់មហារីកបានបន្តដុះរីកទៅក្នុងច្រកផ្លូវរំលាយអាហារ ហើយនិងបេះដូងរបស់គាត់។ ឌេន ដែលជាឈ្មោះប្ដីខ្ញុំ គាត់បានបាត់បង់សមត្ថភាពក្នុងការទទួលទាន ពិសាទឹក និងលេប។ គាត់បានស្គាល់ព្រះប្រមាណជា ២ ខែ បន្ទាប់ក្រោយមក។ ឌេន លែងអាចបំប៉នរាងកាយផ្ទាល់របស់គាត់ ប៉ុន្តែព្រលឹងរបស់គាត់បានផ្ទុកនូវអាហារបំប៉នខាងវិញ្ញាណយ៉ាងច្រើន ដើម្បីជួយឱ្យគាត់អាចបន្តរស់រាន ក្នុងគ្រាដ៏សែនលំបាករបស់គាត់។
កម្លាំងពីខាងក្នុងរបស់គាត់ ដែលបានផ្ដល់ដោយព្រះវិញ្ញាណបរិសុទ្ធ នោះនាំឱ្យគាត់អាចបន្តទៅសួរសុខទុក្ខអ្នកដទៃ ហើយអាចច្រៀងចម្រៀងសរសើរតម្កើង និងចម្រៀងដំណឹងល្អ ដើម្បីជួយឱ្យអ្នកស្ដាប់បានស្រស់ស្រាយឡើងវិញ!
មានគ្រានៃជីវិតដែលដល់ពេលយើងត្រូវទុកចិត្តលើព្រះទាំងស្រុង ឬយល់ដឹង ថាជំនឿរបស់យើង មិនដូចជាអ្វីដែលយើងធ្លាប់បាននឹកគិតសោះ។ យើងអាចជា "ស៊ូទ្រាំ ឬត្រូវនៅស្ងៀម"។ មែន នេះគឺជាពាក្យស្លោកខ្លីមួយ ប៉ុន្តែវាពិតជាអាចជួយឱ្យយើងយល់ដែរ។ យើងមានគ្រីស្ទបរិស័ទជាច្រើន ដែលនៅអង្គុយកម្ដៅកៅអីក្នុងបន្ទប់ប្រជុំ ទាំងមិនមានកម្លាំងពីខាងក្នុងខ្លួនគេទេ បន្ទាប់ពីគេចាកចេញទៅរស់នៅជីវិត នារយៈពេល ៦ ថ្ងៃ ជាបន្តបន្ទាប់ខាងមុខ! ពួកគេចូលចិត្តនិយាយពីការល្អ មេរៀនល្អ ប៉ុន្តែដូចជាមិនព្រមរស់នៅតាមសេចក្ដីទាំងនោះឡើយ។ មានតែនៅពេលយើងរៀនទុកចិត្តព្រះក្នុង "រាល់" កិច្ចការទាំងអស់ប៉ុណ្ណោះ ទើបយើងនឹងចេះដឹងគុណ ហើយអំណរនឹងភ្លឺចាំងចេញពីខាងក្នុងនៃរូបអង្គរបស់យើងចេញមក!
លំហាត់នៅថ្ងៃនេះ៖
- ចូរដាស់ខ្លួនអ្នកឱ្យមានការចេះអរព្រះគុណ នៅក្នុងពេលមួយម៉ោងៗ។
- ដាក់គោលបំណង លើកចម្រៀងសរសើរចេញពីខាងក្នុងរូបអង្គរបស់អ្នក។
- ប្រសិនបើអ្នកផ្ដល់អាហារដល់រូបកាយរបស់អ្នកនៅថ្ងៃនេះ អ្នកត្រូវការផ្ដល់អាហារខាងព្រលឹងរបស់អ្នកផងដែរ។
- ដល់ពេលដែលអ្នកត្រូវស៊ូទ្រាំ ឬត្រូវនៅស្ងៀម ដើម្បីស្ដាប់ហើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ខ្ញុំពិតជាស្ញប់ស្ញែងចំពោះមេរៀនដែលយើងអាចរៀនបានពីសង្គមវប្បធម៌ដទៃផ្សេងទៀត! នៅក្នុងសង្គមវប្បធម៌ខ្លះ គេដូចជាមិនសូវពឹង ឬមានឧបករណ៍សម្ភារៈអីច្រើនទេ តែទោះជាយ៉ាងណាមិញ ពួកគេស្ដែងបង្ហាញចេញនូវអារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងការដឹងគុណ ហើយមានពេញដោយអំណរ! ខ្ញុំមិនដឹងថាអ្នកមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែខ្ញុំពិតជាចង់បានចិត្ត ដែលប្រកបដោយការដឹងគុណ ហើយនិងអំណរ ដើម្បីឱ្យការនោះបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ដែលវាប្រៀបបានទៅនឹងការដកដង្ហើមចេញចូលរបស់ខ្ញុំដែរ! នៅក្នុងគម្រោងអាននេះ យើងនឹងស្វែងរុករកឃើញពីរបៀប ដែលយើងអាចទទួលយកគ្រាទាំងឡាយនៃជីវិតមកអនុវត្ត ដើម្បីឱ្យចិត្តយើងបាននៅបន្តចេះដឹងគុណ ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង។
More