ច្រូតយកការអរព្រះគុណនិងការដឹងគុណក្នុងគ្រប់រដូវកាលនៃជីវិត!គំរូ
ចូរកុំខ្មាសអៀន ដើម្បីឱនថ្វាយបង្គំ ទាំងអរព្រះគុណ
ខ្ញុំធ្លាប់ទទួលការបណ្ដុះបណ្ដាលតាំងពីក្មេង ឱ្យឈប់សិន មុននឹងញ៉ាំអ្វីមួយ ដោយខ្ញុំត្រូវឱនក្បាល ហើយអរព្រះគុណព្រះ សម្រាប់អាហាររបស់ខ្ញុំ។ មកដល់ថ្ងៃនេះ អស់រយៈពេល ៧៧ ឆ្នាំ មកហើយ សូម្បីតែនៅក្នុងភោជនីយដ្ឋាន នោះខ្ញុំនៅតែឱនក្បាលក្នុងអរព្រះគុណដល់ព្រះដដែល។
ប្រហែលជាខ្ញុំគិតខុស ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាទម្លាប់បែបនេះ មានមនុស្សជាច្រើន គាត់បានបំភ្លេចចោលនាពេលសព្វថ្ងៃនេះ។ ខ្ញុំមិនមែនចេះតែចោទប្រកាន់នោះទេ។ ខ្ញុំគ្រាន់តែព្យាយាមចង់ចែករំលែកអំពីអ្វីដែលខ្ញុំកំពុងសង្កេតឃើញតែប៉ុណ្ណោះ។ ដួងចិត្តរបស់ខ្ញុំបានរំភើបហោះហើរ នៅពេលខ្ញុំមើលឃើញអ្នកដទៃអរគុណព្រះ ដោយគ្មានក្ដីអាម៉ាស់ សម្រាប់រាល់អ្វីៗដែលព្រះបានប្រទានពរដល់យើង។ ហេតុផលមួយដែលថាការអនុវត្តនេះមិនត្រូវបានអបអរនាពេលសព្វថ្ងៃ នោះអាចដោយសារតែ ក្នុងខណៈពេលវេលារបស់មនុស្សបន្តដើរទៅមុខ នោះយើងមានភាពមមាញឹកជាខ្លាំង រហូតដល់ថាក្រុមគ្រួសារមិនសូវជាបានទទួលអាហារជុំគ្នាក្នុងពេលតែមួយនោះទេ។
សំបុត្រលោក ប៉ុល ទៅលោក ធីម៉ូថេ បានដាស់តឿនដល់យើងអំពីក្រុមគ្រូបង្រៀន ដែលប្រឹងរុញច្រានគោលលិទ្ធិរបស់ខ្លួន ហើយប្រឹងគ្រប់គ្រងទៅលើមនុស្ស។ ខគម្ពីរមកពីមុននោះ ប្រាប់ថាមានមនុស្សខ្លះ បង្រៀនពីការតមចំណីអាហារមួយចំនួន និងមិនឱ្យរៀបការទៀត។«ដ្បិតអ្វីៗទាំងអស់ដែលព្រះបានបង្កើតមក សុទ្ធតែល្អទាំងអស់ ហើយមិនត្រូវចោលមួយណាឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូលរបស់ព្រះ និងសេចក្ដីអធិស្ឋាន»។ ១ ធីម៉ូថេ ៤៖៤-៥
នៅពេលដែលព្រះយេស៊ូវបានប្រទានអាហារដល់មហាជន ទង្វើមុនដំបូងដែលព្រះអង្គបានធ្វើ នោះព្រះអង្គបានលើកនំប៉័ងទាំង ៥ ដុំ និងត្រី ២ កន្ទុយឡើងឆ្ពោះទៅរកស្ថានសួគ៌ រួចព្រះអង្គថ្វាយការអរព្រះគុណទៅដល់ព្រះវរបិតា មុននឹងព្រះអង្គចែកប្រទានទៅដល់បណ្ដាជន។ ព្រះអង្គបានធ្វើយ៉ាងដូច្នេះដដែល នៅពេលដែលព្រះអង្គប្រទានអាហារទៅដល់បណ្ដាជនមួយក្រុមទៀត នៅកន្លែងមួយផ្សេងទៀត។
ការចំណាយពេល ហើយប្រើប្រាស់ឱកាស ដើម្បីបង្ហាញដល់ព្រះអង្គពីការអរព្រះគុណរបស់យើង ទង្វើនេះ នឹងជួយឱ្យយើងបានបង្កើនដល់វិញ្ញាណដែលចេះដឹងគុណ និងអរព្រះគុណរបស់យើងផងដែរ។
វាមិនមែនដោយព្រោះខ្ញុំរំពឹងចង់បានការដឹងគុណពីមនុស្សដែលខ្ញុំបានធ្វើល្អចំពោះពួកគាត់នោះទេ ប៉ុន្តែប្រសិនបើគេពុំយកពេល ដើម្បីបង្ហាញពីតម្លៃនៃការដឹងគុណរបស់គេនោះទេ នោះខ្ញុំគិតថា ប្រហែលជាគេ ក៏ពុំយល់ពីតម្លៃនៃព្រះពរ ដែលគេទទួលបាននោះដែរ។ ដូច្នេះ អ្វីៗស្រេចទៅលើព្រះចុះ។ សូមកុំឱ្យព្រះមានព្រះទ័យសង្ស័យចំពោះដួងចិត្តដែលចេះដឹងគុណរបស់យើងទៅចុះ។
នៅពេលដែលខ្ញុំសរសេរអំពីការអធិស្ឋានមុននឹងខ្ញុំទទួលអាហារ នោះសូមឱ្យជ្រាបថា វាមិនមែនជារឿងសម្ដែងនោះទេ។ ទោះបើថាការនេះអាចជួយដល់អ្នកដទៃបានជាគំរូ នៅពេលគេឃើញនរណាម្នាក់ឱនក្បាលអធិស្ឋានមុននឹងគេទទួលទានអាហារនោះក្ដី តែយ៉ាងណាមិញ ដោយព្រោះយើងមិនហ៊ានបង្ហាញពីដួងចិត្តយ៉ាងដូច្នេះ នោះយើងប្រាកដជាងាកចាកឆ្ងាយពីការចេះដឹងគុណចំពោះព្រះនៃសកលលោក សម្រាប់ព្រះពរនោះហើយដែរ។
លំហាត់នៅថ្ងៃនេះ៖
• ប្រសិនបើយើងមិនបានអធិស្ឋាន អស់ពេលជាយូរ មុនទទួលទានអាហារនោះទេ ចូរចាប់ផ្ដើមនៅថ្ងៃនេះ។ តើដោយព្រោះហេតុអ្វី? ពីព្រោះទង្វើនេះ មិនត្រឹមកម្រើកព្រះទ័យនៃព្រះ ប៉ុន្តែទង្វើនេះនឹងចម្រើនដល់ចិត្តចេះដឹងគុណ និងអរព្រះគុណរបស់អ្នកផងដែរ!
• ចាប់ផ្ដើមនៅឯផ្ទះ។ ចាប់ផ្ដើមដោយអ្នកផ្ទាល់ ហើយសាកល្បងបន្តទៀត ដោយអធិស្ឋានជាមួយក្រុមគ្រួសាររបស់អ្នក។
• ដល់ពេលវេលា នោះអ្នកនឹងចង់ឱនកាយអធិស្ឋាន សូម្បីតែនៅតាមភោជនីយដ្ឋាន!
• ប្រសិនបើអ្នកឆេះឆួលពេលទៅមើលការប្រកួតម្ដងៗ នោះអ្នកក៏អាចបញ្ចេញភាពឆេះឆួលបែបដូច្នេះ សម្រាប់ព្រះបានដែរ!
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ខ្ញុំពិតជាស្ញប់ស្ញែងចំពោះមេរៀនដែលយើងអាចរៀនបានពីសង្គមវប្បធម៌ដទៃផ្សេងទៀត! នៅក្នុងសង្គមវប្បធម៌ខ្លះ គេដូចជាមិនសូវពឹង ឬមានឧបករណ៍សម្ភារៈអីច្រើនទេ តែទោះជាយ៉ាងណាមិញ ពួកគេស្ដែងបង្ហាញចេញនូវអារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងការដឹងគុណ ហើយមានពេញដោយអំណរ! ខ្ញុំមិនដឹងថាអ្នកមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែខ្ញុំពិតជាចង់បានចិត្ត ដែលប្រកបដោយការដឹងគុណ ហើយនិងអំណរ ដើម្បីឱ្យការនោះបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ដែលវាប្រៀបបានទៅនឹងការដកដង្ហើមចេញចូលរបស់ខ្ញុំដែរ! នៅក្នុងគម្រោងអាននេះ យើងនឹងស្វែងរុករកឃើញពីរបៀប ដែលយើងអាចទទួលយកគ្រាទាំងឡាយនៃជីវិតមកអនុវត្ត ដើម្បីឱ្យចិត្តយើងបាននៅបន្តចេះដឹងគុណ ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង។
More