ច្រូតយកការអរព្រះគុណនិងការដឹងគុណក្នុងគ្រប់រដូវកាលនៃជីវិត!គំរូ
ឫសគល់ដើម្បីចាប់ផ្ដើមផលចម្រូត!
នៅក្នុងឆ្នាំ ២០២០ កូនស្រីរបស់ខ្ញុំ ហើយនិងស្វាមីរបស់គាត់ បានទៅលេងស្រុក គ្រុម៉ាធី - Grumeti នៅទ្វីបអាហ្រ្វិក ដែលនៅទីនោះ ពួកគាត់បានទទួលអភ័យឯកសិទ្ធិក្នុងការទៅលេងក្រុមគ្រួសារមួយនៅក្នុងភូមិនោះ។ គ្រួសារនេះមានផ្ទះ ដែលគេបានធ្វើវាឡើងពីភក់និងកម្ទេចកម្ទីឈើ រួចគេសាងសង់វាទៅជាផ្ទះខ្ទមប្រក់ចំបើង។ ស្រ្តីជាម្ដាយប្រចាំគ្រួសារនេះ គាត់បានធ្វើទោងពីបន្ទះឈើ ដើម្បីឱ្យកូនៗរបស់គាត់មានអ្វីលេង។ គាត់រៀបចំអាហារឱ្យគ្រួសារ នៅឯចង្រ្កាន ដែលគាត់ត្រូវលុតជង្គង់ និងអង្គុយផ្ទាល់នឹងដី។ គាត់ក៏តែងប្រមែប្រមូលកូនៗរបស់គាត់មកជុំគ្នា ហើយគេតែងតែកាន់ដៃគ្នានិងច្រៀងផង។ ហើយអ្វីដែលពិសេស ទោះបីគេមានភ្ញៀវ ដែលខ្លួនមិនធ្លាប់បានជួបពីមុនក្ដី ក៏គេនៅតែឱ្យអ្នកទាំងនោះកាន់ដៃរួមគ្នាជាមួយនឹងពួកគេ ប្រៀបដូចជាភ្ញៀវនោះ ជាសមាជិកនៃក្រុមគ្រួសាររបស់ពួកគេដែរ។ ក្រុមគ្រួសារទាំងមូលបញ្ចេញនូវអំណរ និងឥរិយាបថនៃការអរទាំងដឹងគុណ ប្រៀបដូចជាពួកគេ ជាម្ចាស់នៃពិភពលោកទាំងមូលអញ្ចឹង!
ខ្ញុំចែករំលែកពីការជួបប្រទះនេះ ដោយសារតែព្រឹត្តិការណ៍នេះ គឺជារបៀបមួយដ៏អស្ចារ្យ ដែលខ្ញុំបានចាប់ផ្ដើមយល់ថា ការដឹងគុណ និងអំណរ នោះមិនផ្អែកទៅលើស្ថានភាពនោះទេ ប៉ុន្តែគឺវាស្ថិតទៅលើអ្វីដែលយើងមាននៅក្នុងដួងចិត្តរបស់យើង ហើយរបៀបដែលយើងសម្លឹងមើលឃើញពីរាល់អ្វីៗទាំងអស់នោះវិញ។ ក្រុមគ្រួសារមួយនេះ គាត់ដឹងតែអំពីរបៀបរស់នៅបែបក្រុមគ្រួសាររបស់ពួកគាត់តែប៉ុណ្ណោះ ហើយពួកគាត់មានចិត្តស្កប់ស្កល់ ហើយរីករាយជាមួយនឹងអ្វីៗ ដែលពួកគាត់មាន។
មានមនុស្សយើងជាច្រើន ទទួលបាននូវភាពរីករាយ ដោយសារតែយើងមានឧបករណ៍សម្ភារៈ និងគ្រឿងអេឡិចត្រូនិច ដើម្បីជួយឱ្យជីវិតបានល្អប្រសើរ។ យើងមានអាហារបីពេលសម្រាប់ទទួលទានជាប្រចាំថ្ងៃ ហើយថែមទាំងមានអាហារសម្រន់ នៅពេលឃ្លាន ក្នុងចន្លោះម៉ោងទាំងនោះផង។ តែទោះជាយ៉ាងនេះក្ដី ក៏នៅមានមនុស្សតិចតួចណាស់ ដែលពួកគេបានរៀនពីភាពស្កប់ស្កល់នៃជីវិត។
ចេញពីទីជម្រៅនៃភាពជាមនុស្សរបស់យើង បើយើងមិនរអ៊ូរទាំនិងត្អូញត្អែរ ហើយមិនសម្លឹងមើលតែស្ថានភាពក្នុងផ្លូវមិនគប្បីទេ ក៏យើងប្រៀបដូចជាក្រុមគ្រួសារតូចមួយនៅទ្វីបអាហ្រ្វិកនេះ ដែលសម្លឹងមើលឃើញពីអ្វីៗ ដោយចិត្តពេញដោយក្ដីដឹងគុណដែរ!
«ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង»។ កូឡុស ២៖៦-៧
នៅពេលណាដែលយើងបានចាក់ឫសយ៉ាងជ្រៅនៅក្នុងព្រះគ្រីស្ទ ហើយចេះប្រើប្រាស់ជំនឿដោយបានមកពីការដាក់ដាំនៅក្នុងគ្រឹះនោះ នោះព្រះបន្ទូលនៃព្រះ ប្រាប់ដល់យើងថា យើងនឹងបានអរព្រះគុណកាន់តែច្រើនឡើង! ដើម្បីឱ្យបានកាន់តែច្រើនឡើង នោះគឺមានន័យថា យើងបានទទួលយ៉ាងសម្បូរ និងយ៉ាងលើសប្រមាណទៀត។
លំហាត់នៅថ្ងៃនេះ៖
· ចូរសួរខ្លួនឯង ក្នុងពេលថ្មីៗនេះ តើអ្នកធ្លាប់មានចិត្តដឹងគុណ និងអបអរចំពោះអ្វីៗដែលអ្នកមាន ប៉ុណ្ណាដែរ។
· ចូរសួរខ្លួនឯង តើអ្នកស្ដែងចេញនូវអំណរនិងការដឹងគុណចំពោះអ្នកដទៃ ដោយដូចម្ដេចដែរ។
· ចូរចាប់ផ្ដើមដោយអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់រាល់ព្រះពរ ដែលអ្នកទទួលបាន និងកំពុងតែរីករាយនាពេលសព្វថ្ងៃនេះ!
· សូមឱ្យយើងបានពេញដោយព្រះគុណ និងការដឹងគុណកាន់តែច្រើនឡើងថែមទៀត!
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ខ្ញុំពិតជាស្ញប់ស្ញែងចំពោះមេរៀនដែលយើងអាចរៀនបានពីសង្គមវប្បធម៌ដទៃផ្សេងទៀត! នៅក្នុងសង្គមវប្បធម៌ខ្លះ គេដូចជាមិនសូវពឹង ឬមានឧបករណ៍សម្ភារៈអីច្រើនទេ តែទោះជាយ៉ាងណាមិញ ពួកគេស្ដែងបង្ហាញចេញនូវអារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងការដឹងគុណ ហើយមានពេញដោយអំណរ! ខ្ញុំមិនដឹងថាអ្នកមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែខ្ញុំពិតជាចង់បានចិត្ត ដែលប្រកបដោយការដឹងគុណ ហើយនិងអំណរ ដើម្បីឱ្យការនោះបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ដែលវាប្រៀបបានទៅនឹងការដកដង្ហើមចេញចូលរបស់ខ្ញុំដែរ! នៅក្នុងគម្រោងអាននេះ យើងនឹងស្វែងរុករកឃើញពីរបៀប ដែលយើងអាចទទួលយកគ្រាទាំងឡាយនៃជីវិតមកអនុវត្ត ដើម្បីឱ្យចិត្តយើងបាននៅបន្តចេះដឹងគុណ ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង។
More