ច្រូតយកការអរព្រះគុណនិងការដឹងគុណក្នុងគ្រប់រដូវកាលនៃជីវិត!គំរូ
តើមានរឿងអ្វីដែលបំពេញចិត្តគំនិតរបស់អ្នក?
«ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ»។»ភីលីព ៤៖៨
មនុស្សដែលមានរឿងច្រើនជាប់នៅក្នុងគំនិត នោះគាត់ពុំបញ្ចេញនូវការអរព្រះគុណនោះឡើយ។ តើអ្នកធ្លាប់រវល់ខ្លាំងរហូតដល់អ្នក ផ្ញើក្ដីនឹករឭក ឬជំរាបសួរមនុស្សជាទីស្រឡាញ់ ទាំងឈរមិនត្រង់ខ្លួន ដែរឬទេ? ក្នុងពាក្យមួយបែបទៀត នោះគឺថា អ្នកជាប់រវល់រឿងអីផ្សេងខ្លាំងពេក រហូតដល់អ្នកលះចោលអាទិភាព ចំពោះរឿងអ្វីដែលសំខាន់ នោះទៅវិញ។ ជីវិតគឺមានពេញដោភាពមមាញឹក។ ប្រសិនបើអ្នកមិនទាន់ចូលនិវត្តន៍ទេ នោះថ្ងៃរបស់អ្នកនឹងមានដូចជារឿងធ្វើការ មើលថែកូន រឿងសាលារៀន រឿងសកម្មភាពក្រៅម៉ោងទាំងឡាយ រឿងក្រុមជំនុំ រឿងស្ម័គ្រចិត្ត រឿងកីឡា រឿងធ្វើដំណើរ ដូចជាទៅផ្សារ ជូនកូនទៅនេះ ជូនប្រពន្ធទៅនោះ ហើយ អូ! មែន! មានរឿងជាច្រើនទៀតដែលត្រូវបំពេញ។
ប្រហែលបញ្ជីរាយនាមទាំងប៉ុន្មាន មិននិយាយសំដៅចំរូបអ្នកទេ ប៉ុន្តែប្រហែលជាចិត្តគំនិតរបស់អ្នកមានពោរពេញដោយរឿងតណ្ហា រឿងរូបភាពអាសអាភាស ការផឹកស៊ី រឿងល្មោភចំណីអាហារ ឬរឿងភាពយន្តទាំងឡាយ ដែលអ្នកមិនគួរមើលវាទាល់តែសោះ។
ប្រហែលជាយើងបានរៀនរស់នៅក្នុងរបៀបដែលសង្គមគិតថាជារឿងសាមញ្ញធម្មតា។ យើងគ្រប់គ្នាគួរតែធ្វើ "អ្វីៗទាំងអស់" ថ្វាយព្រះអម្ចាស់! នៅពេលណាដែលយើងធ្វើអ្វីៗថ្វាយព្រះអម្ចាស់ នោះយើងគួរតែធ្វើវា ដោយដួងចិត្តអរព្រះគុណផងដែរ។ ប្រសិនបើយើងកំពុងតែធ្វើអ្វី ដែលមិនគាប់ព្រះហឫទ័យព្រះ នោះយើងដឹងថា យើងមិនមែនកំពុងតែចូលមករកព្រះដោយការសរសើរនិងអរព្រះគុណនោះទេ។
តើខ្ញុំមានបានលើកឡើងពីការចូលនិវត្តន៍ដែរអត់ទេ? មែន! យើងនៅតែអាចជាប់រវល់ក្នុងរឿងចូលនិវត្តន៍ ដោយដាក់ផែនការធ្វើដំណើរទៅនេះទៅនោះ មានព្រឹត្តិការណ៍ផ្សេងៗ ដូចជាទៅលេងវាយកូនហ្គោល ទៅមើលថែចៅ និងទៅណាត់ជួបមិត្តប្រកបគ្នាជាដើម។ យើងអាចជាប់ខ្លួនទៅជារវល់ដោយធ្វើរាល់អ្វីៗដែលយើងចូលចិត្ត និងរាល់ដំណើរផ្សងព្រេងយ៉ាងសប្បាយទាំងឡាយ ដើម្បីបំពេញចិត្តគំនិតរបស់យើង ជាជាងថ្វាយការអរព្រះគុណ។ វាមិនមែនជារឿងខុសឆ្គងនោះទេ ដែលយើងធ្វើសកម្មភាពមួយចំនួន ដូចបានលើកឡើងនៅក្នុងមេរៀននៅថ្ងៃនេះ ប៉ុន្តែយើងត្រូវតែរៀនធ្វើរាល់អ្វីៗ ជាមួយអង្គព្រះយេស៊ូវ ដ្បិតទាំងនេះ គឺជាការផ្ដោតចិត្តរបស់យើង ហើយយើងត្រូវធ្វើការទាំងនោះជាមួយនឹងដួងចិត្ដចេះអរព្រះគុណ។
រ៉ូម ១២៖២ រំឭកយើងកុំឱ្យត្រាប់តាមស្ដង់ដាររបស់លោកិយ ប៉ុន្តែយើងត្រូវផ្លាស់ប្រែ ដោយផ្លាស់ចិត្តគំនិតរបស់យើងជាថ្មីវិញ!
តើឱ្យយើងអាចបំផ្លាស់បំប្រែចិត្តគំនិតរបស់យើងដោយរបៀបណា?
ជាមុនដំបូង យើងត្រូវតែគិតសម្គាល់មើល ថាតើអ្វីខ្លះដែរ ដែលអូសទាញយើងឱ្យធ្វើអ្វីមួយ ហើយដោយព្រោះហេតុអ្វី ដែលយើងមាននូវក្ដីប៉ងប្រាថ្នាចង់ធ្វើអ្វីអស់ទាំងនោះ។ ចូរឱ្យយើងស្មោះត្រង់ចំពោះព្រះ ហើយបន្តនៅសន្ទនាជាមួយព្រះ រួចសួរខ្លួនឯង ថាសកម្មភាពទាំងអម្បាលម៉ាន នាំឱ្យយើងមានចិត្តផ្ដោតទៅរកតែការសរសើរ និងការយល់ស្របពីមនុស្ស ដែរឬយ៉ាងណា។ អ្នកដឹងទេ? រាល់អ្វីដែលឃុំគ្រងលើចិត្តគំនិតរបស់អ្នក នោះវាគឺជាការបំពេញតែតម្រូវការនៃចិត្តរបស់ខ្លួនអ្នកតែប៉ុណ្ណោះ។ ប្រសិនបើរូបភាពនេះ ជាអ្នក នោះចូរទូលសូមព្រះសម្រាប់ការអត់ឱនទោស ហើយឱ្យអ្នកបានផ្លាស់ប្រែរាល់អ្វីៗដែលអ្នកបានយកមកដាក់ពេញក្នុងចិត្តគំនិតរបស់អ្នក។
លំហាត់ថ្ងៃនេះ៖
· ប្រសិនបើអ្នកប្រឹងធ្វើច្រើនហួសហេតុ នោះចូរគិតពីរបៀបដែលអ្នកអាចកាត់បន្ថយចំណុចនានាក្នុងបញ្ជីរបស់អ្នក។
· ប្រសិនបើចិត្តគំនិតរបស់អ្នកមានពោរពេញដោយទង្វើនៃបាប ដែលមិនចម្រើនដល់ការដើររួមប្រកបជាមួយនឹងព្រះ ហើយថ្វាយសិរីល្អដល់ព្រះអង្គនោះទេ ចូរចូលទៅរកព្រះ ដោយដួងចិត្តស្រទន់ស្មោះត្រង់ ហើយនិយាយជាមួយព្រះអង្គចុះ។
· ចូរឆ្លុះនិងត្រួតពិនិត្យទៅលើខ្លួនឯង ដើម្បីកំណត់ថាសកម្មភាព និងទង្វើណាខ្លះរបស់អ្នក ដែលកំពុងតែស្វែងរកផលប្រយោជន៍សម្រាប់ខ្លួនឯង ឬថ្វាយសិរីល្អទៅដល់ព្រះ។
· ចូរកំណត់មើលថាអ្នកមានបង្កើតទីធ្លា ឬបន្ទប់នៅក្នុងជីវិតរបស់អ្នក ដើម្បីថ្វាយការអរព្រះគុណនិងអំណរដល់ព្រះ ដែរឬទេ!
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ខ្ញុំពិតជាស្ញប់ស្ញែងចំពោះមេរៀនដែលយើងអាចរៀនបានពីសង្គមវប្បធម៌ដទៃផ្សេងទៀត! នៅក្នុងសង្គមវប្បធម៌ខ្លះ គេដូចជាមិនសូវពឹង ឬមានឧបករណ៍សម្ភារៈអីច្រើនទេ តែទោះជាយ៉ាងណាមិញ ពួកគេស្ដែងបង្ហាញចេញនូវអារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងការដឹងគុណ ហើយមានពេញដោយអំណរ! ខ្ញុំមិនដឹងថាអ្នកមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែខ្ញុំពិតជាចង់បានចិត្ត ដែលប្រកបដោយការដឹងគុណ ហើយនិងអំណរ ដើម្បីឱ្យការនោះបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ដែលវាប្រៀបបានទៅនឹងការដកដង្ហើមចេញចូលរបស់ខ្ញុំដែរ! នៅក្នុងគម្រោងអាននេះ យើងនឹងស្វែងរុករកឃើញពីរបៀប ដែលយើងអាចទទួលយកគ្រាទាំងឡាយនៃជីវិតមកអនុវត្ត ដើម្បីឱ្យចិត្តយើងបាននៅបន្តចេះដឹងគុណ ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង។
More