តើសេចក្ដីពិតជាអ្វីទៅ?គំរូ

What Is Truth?

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

អ្នកធ្លាប់បានឮមកថា …

ការហាត់អនុវត្តលើការចេះថ្លឹងថ្លែងរបស់យើងនោះពិតជាមានតម្លៃខ្លាំងមែនទែន។ មែន សូម្បីតែ ស្ដេច សាឡូម៉ូន ដែលជាមនុស្សម្នាក់មានប្រាជ្ញាឆ្លាតវៃជាងគេលើលោក ក៏បានបរិយាយថា ការស្វែងរកនូវការចេះថ្លឹងថ្លែង និងការយល់ដឹង នោះគឺជាទង្វើដ៏ឆ្លាតវៃជាងគេ សម្រាប់មនុស្សណាម្នាក់។ ដូច្នេះ ចូរឱ្យយើងរៀនហាត់ឱ្យមែនទែននៅថ្ងៃនេះ ហើយចូរពិនិត្យលើ "សេចក្ដីពិតក្នុងសង្គម" ខ្លះៗ ដោយយោងតាមពន្លឺនៃសេចក្ដីពិត។ 

ជារឿយៗ ព្រះយេស៊ូវ (ដែលជាសេចក្ដីពិត) តែងធ្វើឱ្យគំនិតយល់ដឹងក្នុងសង្គម ប្រែទៅជាក្រឡាប់ចក្រ។ ដូចនៅក្នុងផ្នែកយ៉ាងធំនៃមេរៀនដែលព្រះអង្គបានផ្ដល់នៅលើភ្នំ នោះព្រះអង្គបានផ្ដល់ជាសំណុំមេរៀនកែតម្រូវទៅលើគំនិតគិតខុសឆ្គងជាច្រើន អំពីជីវិតដែលរស់នៅក្រោមព្រះជាម្ចាស់ នោះមានលក្ខណៈយ៉ាងដូចម្ដេច។ ដូចឧទាហរណ៍ ក្នុងគម្ពីរ ម៉ាថាយ បានចែងនូវបន្ទូលរបស់ព្រះយេស៊ូវដូច្នេះថា៖

«អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក"។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ចុះ …» ម៉ាថាយ ៥៖៤៣-៤៤ (គកស១៦) 

អ្នករាល់គ្នាបានឮសេចក្ដី … ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា។ តើនៅត្រង់កន្លែងណាខ្លះដែរ ដែលយើងគួរអនុវត្តនូវព្រះបន្ទូល ទាំងធ្វើតេស្តជីវិតរបស់យើងតាមព្រះបន្ទូល នៅក្នុងថ្ងៃនេះ?

ប្រហែលជាអ្នកធ្លាប់បានឮគេនិយាយថា យើងគួរតែធ្វើអ្វីក៏ដោយ ឱ្យតែនាំឱ្យយើងសប្បាយចិត្ត។ ស្ដាប់ទៅដូចជាល្អមែនទេ? ដូចជាថា ព្រះជាម្ចាស់ ទ្រង់ខ្វល់ខ្វាយអំពីខ្ញុំ ដូច្នេះ ខ្ញុំគួរតែធ្វើអ្វីក៏ដោយ ឱ្យតែនាំឱ្យខ្ញុំសប្បាយរីករាយ។ ប៉ុន្តែចូរក្រឡេកមកគិតនេះបន្តិចវិញថា ព្រះយេស៊ូវមិនដែលមានបន្ទូលថា "ចូរធ្វើអ្វីឱ្យតែនាំអ្នកសប្បាយរីករាយ" នោះទេ។ ព្រះអង្គបង្គាប់ដល់យើងថា ចូរឱ្យយើងបានបរិសុទ្ធ ដូចព្រះអង្គ ដែលជាព្រះដ៏បរិសុទ្ធ។ ព្រះអង្គបានត្រៀមរៀបចំយើងយ៉ាងទៀងត្រង់ ដោយមានបន្ទូលថា នៅក្នុងពិភពលោកនេះ យើងនឹងរងនូវទុក្ខវេទនា ប៉ុន្តែចូរកុំឱ្យយើងសង្រេងចិត្ត ដោយព្រោះព្រះអង្គបានយកឈ្នះលើលោកិយហើយ។ រឿងរ៉ាវរបស់យើង មានសេចក្ដីបញ្ចប់ដ៏រីករាយ ប៉ុន្តែប្រសិនបើព្រះយេស៊ូវធ្វើអ្វីក៏ដោយ តាមតែការអាចនាំឱ្យព្រះអង្គសប្បាយរីករាយ នោះព្រះអង្គប្រាកដជាមិនចុះចូល ដាក់អង្គទ្រង់ទៅក្នុងសេចក្ដីស្លាប់ដ៏លំបាកលំបិនយ៉ាងឈឺចុកផ្សានៅលើឈើឆ្កាង រួចឱ្យយើងគ្មាននូវក្ដីសង្ឃឹម នោះឡើយ។ ហេតុដូច្នេះហើយ យើងមិនមែនទទួលការត្រាស់ហៅឱ្យមក ដើម្បីបំពេញនូវអត្ថន័យជីវិតនិងសុភមង្គលនោះទេ ប៉ុន្តែ យើងទទួលបានការត្រាស់ហៅឱ្យមករស់នៅក្នុងជីវិតដែលដេញតាមអត្តសញ្ញាណនៃភាពបរិសុទ្ធនោះវិញ។

ណេះនៅមានមួយទៀត។ អ្នកប្រហែលជាធ្លាប់ឮគេនិយាយយ៉ាងដូច្នេះមកថា អ្នកត្រូវតែប្រឹងសម្លឹងរកមើលមនុស្សដែលជាទីគាប់ចិត្តតែមួយរបស់អ្នក រហូតដល់អ្នកត្រូវតែហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីឱ្យរូបអ្នកបានទៅដល់អ្នកនោះមុនគេ។ ជាថ្មីម្ដងទៀត អ្នកប្រហែលជាចង់ធ្លាក់ទៅក្នុងការគិតបែបយ៉ាងដូច្នេះ។ ព្រោះអី ព្រះជាម្ចាស់ជួយដល់អស់អ្នកណាដែលចេះជួយដល់ខ្លួនឯង មែនអត់? តែតាមពិតទៅ ព្រះយេស៊ូវនិងអ្នកដើរតាមជិតស្និទ្ធរបស់ព្រះអង្គ បានផ្ដល់នូវគំនិតប្រឡងប្រជែងដល់យើង ក្នុងរបៀបមួយផ្ទុយស្រឡះពីនេះទៅវិញទេ។ លោកសាវ័ក ពេត្រុស ថ្លែងយ៉ាងដូច្នេះ៖

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​តម្កើង​អ្នក​រាល់​គ្នា​នៅ​វេលា​កំណត់។ ១ ពេត្រុស ៥៖៦ (គកស១៦)

ហើយលោកសាវ័ក ប៉ុល សរសេរយ៉ាងដូច្នេះថា៖

កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ប្រកួត​ប្រជែង ឬ​ដោយ​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​ថា​គេ​ប្រសើរ​ជាង​ខ្លួន​វិញ។ កុំ​ឲ្យ​ម្នាក់ៗ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ផង។ ភីលីព ២៖៣-៤ (គកស១៦)

ដូច្នេះ សេចក្ដីពិត នោះគឺថា ជីវិតគឺមិនមែនតែសម្រាប់រូបយើង និងដាក់ខ្លួនយ៉ាងម៉េចឱ្យបានខ្ពស់មុខលើសគេ នោះទេ។ ជីវិតគឺជាការរស់នៅ ដោយចេះទុកចិត្តចំពោះព្រះជាម្ចាស់ ហើយនិងចេះប្រព្រឹត្តចំពោះអ្នកដទៃជាមួយនឹងការចេះបន្ទាបខ្លួនដែលមិនក្លែងក្លាយ។  

ដោយយោងលើ ឧទាហរណ៍ទាំងប៉ុន្មាននេះ យើងមើលឃើញថា នៅពេលដែលសេចក្ដីពិតរបស់យើងបានចាក់គ្រឹះទៅក្នុងអង្គព្រះយេស៊ូវ នោះយើងអាចប្រឆាំងតទល់រាល់គំនិតក្នុងសង្គមនានា ជាមួយនឹងពន្លឺ ក្នុងចរិតលក្ខណៈនៃព្រះ ទាំងអាចឱបក្រសោបយ៉ាងជឿជាក់ ចំពោះអ្វីដែលស្របនឹងព្រះ ហើយប្រឆាំងទាស់ចំពោះរាល់អ្វីដែលមិនមែនជាសេចក្ដីពិត។ ការស្គាល់ពីសេចក្ដីពិត ដូចជាការស្គាល់ពីអង្គព្រះយេស៊ូវ នោះនាំឱ្យយើងមាននូវសេរីភាព ដើម្បីឱ្យយើងអាចរស់នៅជាមួយនឹងទំនុកចិត្តជឿជាក់នៅក្នុងពិភពលោក ដែល កំពុងតែ សួរសំណួរចាស់កម្រិលដូច លោក ពីឡាត់ នោះថា៖ "តើអ្វីទៅជាសេចក្ដីពិត?"

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

What Is Truth?

តើវាជាសេចក្ដីពិតរបស់ខ្ញុំ ឬជាសេចក្ដីពិតនៃព្រះ? តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសេចក្ដីទាំងពីរ ប៉ះទាស់ប្រឆាំងនឹងគ្នា? តើយើងអាចដឹងបានថាអ្វីមួយជាសេចក្ដីពិតប្រាកដ ឬក៏មិនមែន បានយ៉ាងដូចម្ដេចទៅ? មកចូលរួមជាមួយនឹងយើងខ្ញុំ ប្រមាណជារយៈពេល ៧ ថ្ងៃបន្តបន្ទាប់ ក្នុងខណៈពេលដែលយើងធ្វើការគិតពិចារណាទៅលើគំនិតនៃសេចក្ដីពិត ដោយថាសេចក្ដីពិតមិនមែនជាគោលគំនិតនោះទេ ប៉ុន្តែជាមនុស្សដ៏ពិតមួយអង្គ។ ជាមនុស្សដែលមាននាមនិងមានមុខមាត់ម្នាក់។ ជាមនុស្សដែលមានទំនាក់ទំនង មិនចេះផ្លាស់ប្រែ ជាម្នាក់ដែលផ្ដល់នូវជីវិត ហើយតែងតែផ្ដល់នូវក្ដីស្រឡាញ់ជានិរន្តរ៍។ ម្នាក់នោះគឺជាអង្គព្រះយេស៊ូវ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.life.church/