តើសេចក្ដីពិតជាអ្វីទៅ?គំរូ

What Is Truth?

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

ជីវិត សេរីភាព និងការដេញតាមរកសុភមង្គល 

ដោយសារតែសេចក្ដីពិតមានឫសនៅក្នុងអង្គព្រះយេស៊ូវ នោះយើងអាចមានទំនុកចិត្តថា សេចក្ដីពិតគឺជាទំនាក់ទំនងនិងមិនប្រែប្រួល។ វាមិនមែនជារឿងមិនដឹង ឬអាថ៌កំបាំងមិនងាយយល់នៃសកលលោកនោះទេ។ សេចក្ដីពិតគឺជាអង្គព្រះយេស៊ូវ ដែលជាព្រះសង្គ្រោះពិត និងជាអង្គដែលយើងអាចស្វែងយល់ក្នុងភាពស្និទ្ធស្នាលដោយផ្ទាល់ផង។ 

ហើយនោះគឺជាការអស្ចារ្យមួយផ្សេងទៀតអំពីអង្គព្រះយេស៊ូវ៖ ព្រះអង្គគឺជាប្រភពនៃជីវិតរបស់យើង។ នៅក្នុង យ៉ូហាន ១ យើងបានមើលឃើញថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់តាំងពីដើម—ព្រះអង្គ គឺជា ព្រះជាម្ចាស់ ហើយបានគង់នៅជាមួយនឹងព្រះជាម្ចាស់តាំងពីដើមដំបូង។ អត្ថបទគម្ពីរនោះបានបន្តថ្លែងទៅថា៖

គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។ នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ដែល​បាន​កើត​មក​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក។ យ៉ូហាន ១៖៣-៤ (គកស១៦)

តើបន្ទូលនេះមានន័យយ៉ាងដូចម្ដេច? ជីវិតគឺអាចរកឃើញបាននៅក្នុងអង្គព្រះគ្រីស្ទ។ ហើយចូរចងចាំ ដូចមានចែងក្នុងគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ដោយព្រះយេស៊ូវបានថ្លែងយ៉ាងច្បាស់លាស់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត…» នេះគឺមានន័យថាទាំង សេចក្ដីពិត និងជីវិត បានរកឃើញនៅក្នុងអង្គព្រះយេស៊ូវ។ ព្រះអង្គគឺជាប្រភពនៃសេចក្ដីទាំងពីរ។ លោក យ៉ូហាន បានថ្លែងយ៉ាងប្រាកដជាក់នៅក្នុងអត្ថបទគម្ពីរថា យើងមិនអាចញែកនូវសេចក្ដីពិតនិងជីវិតចេញពីគ្នាបានឡើយ។ ដូច្នេះ ប្រសិនបើយើងជ្រើសរើសបដិសេធអង្គព្រះយេស៊ូវ ថាមិនមែនជាសេចក្ដីពិត នោះយើងក៏កំពុងតែបដិសេធថាព្រះអង្គ គឺជា ជីវិត ផងនោះដែរ។ ដោយសារតែសារធាតុនៃចរិតលក្ខណៈរបស់ព្រះអង្គទាំងនេះ មិនដូចជាសម្លៀកបំពាក់ ដែលយើងអាចយកមកផ្គុំចូលគ្នា តាមតែការគិតនិងយល់ឃើញរបស់យើងនោះទេ។ ចរិតលក្ខណៈទាំងនេះ គឺជាអ្វីដែលនៅអស់កល្ប ចំពោះព្រះជាម្ចាស់ដែលមិនចេះផ្លាស់ប្រែរបស់យើង។ 

ហើយការសម្រេចចិត្តបដិសេធព្រះជាម្ចាស់ ថាព្រះអង្គជាកវីនៃជីវិតនិងសេចក្ដីពិត និងបដិសេធនូវអ្វីៗដែលជាការពិត នោះនាំឱ្យមានលទ្ធផលយ៉ាងហិនវិនាស។ នេះគឺជាអ្វីដែលបានកើតឡើងយ៉ាងជាក់ស្ដែង នៅកាលគ្រាដំបូង ដែលមានចែងក្នុងរឿងរ៉ាវព្រះគម្ពីរ។ អ័ដាមនិងអេវ៉ា បានទទួលសមត្ថភាពក្នុងការជ្រើសរើស ដើម្បីឱ្យគេអាចរស់នៅបានដោយសេរី ក្រោមដំណើរជីវិតដែលព្រះតាក់តែង ឬក៏រស់នៅតាមការគិតបែបបំណងប្រាថ្នាចង់បានរបស់ពួកគេផ្ទាល់។ ដំណើរជីវិតដែលព្រះបានផ្ដល់អត្ថន័យ នោះបានអនុញ្ញាតឱ្យគេរស់នៅក្នុងសួនច្បារដ៏ល្អឥតខ្ចោះ ដែលជាទីកន្លែង ពួកគេអាចមានការប្រាស្រ័យទាក់ទងនិងដើរយ៉ាងស្និទ្ធស្នាលជាមួយនឹងព្រះ និងរូបពួកគេទាំងពីរ។ លោកុប្បត្តិ ២ ប្រាប់យើងថា អ័ដាមនិងអេវ៉ា ស្ថិតនៅក្នុងភាពអាក្រាត ប៉ុន្តែពួកគេមិនបានដឹងថា ខ្មាសអៀនយ៉ាងម៉េចទេ។ ប៉ុន្តែចូរមើលពីអ្វីដែលបានកើតឡើង នៅគ្រាដែលគេផ្ដើមពត់ឱ្យវៀចនូវសេចក្ដីពិត ឱ្យស្របតាមដួងចិត្តប្រាថ្នាចង់បានរបស់គេ៖ 

«បន្ទាប់មក ពួក‌គេ​បាន​ឮ​សំឡេង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដែល​យាង​នៅ​ក្នុង​សួន‌ច្បារ នៅ​ពេល​ថ្ងៃ​ល្ហើយ នោះបុរសនិង​ប្រពន្ធ​គាត់ ក៏​ពួន​ពី​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ នៅ​កណ្ដាល​ដើម​ឈើ​ក្នុង​សួន‌ច្បារ»។ លោកុប្បត្តិ ៣៖៨ (គកស១៦)

សេចក្ដីខ្មាសអៀនចូលមកក្នុងជីវិត ហេតុដូច្នេះ ពួកគេបានលាក់ខ្លួនរបស់គេពីព្រះជាម្ចាស់ ដែលបានបង្កើតគេមកឱ្យដើរនៅក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទ្រង់ នោះទៅវិញ។ ពួកគេទទួលរងបទពិសោធន៍យ៉ាងឈឺចុកចាប់ចំពោះជីវិតដែលព្រះជាម្ចាស់បានបង្កើតមក។ នេះដោយសារតែ នៅពេលណាដែលយើងកាត់ខ្លួនយើងចេញពី សេចក្ដីពិត នោះយើងកាត់ខ្លួនឯងចេញពី ជីវិត ដូចគ្នា។

ការប្រឡងប្រជែងរបស់យើង៖ ចូរគិតពីផ្នែកនានានៃជីវិតរបស់អ្នក ដែលជាផ្នែកអ្នកបានរងនូវការល្បួង ឱ្យគិតពិចារណាទៅលើសេចក្ដីពិត ដោយយោងលើចិត្តគិតប្រាថ្នាចង់បានរបស់ខ្លួន។ នៅពេលយើងដាក់ដួងចិត្តប្រាថ្នាចង់បានរបស់យើងជំនួសសេចក្ដីពិតរបស់ព្រះអង្គ នោះយើងក៏ប្ដូរដំណើរជីវិតដែលព្រះសព្វព្រះទ័យឱ្យយើងមាន ជាមួយនឹងភាពអៀនខ្មាសនិងក្ដីភ័យខ្លាច ហើយអ្វីៗទាំងនេះ វាមានសិទ្ធិមកគ្រងរាជ្យលើជីវិតរបស់យើង។ សេចក្ដីពិតនិងជីវិតមានផ្សាភ្ជាប់គ្នា ដោយគ្មានអ្វីអាចមកបំបែកបាន ដោយសារតែវាមានប្រភពរួមមួយ ដែលនោះគឺជាអង្គព្រះយេស៊ូវ។ តើអ្នកអាចចាក់គ្រឹះ និងការយល់ដឹងពីសេចក្ដីពិតរបស់អ្នក ឱ្យបានយ៉ាងរឹងមាំ នៅក្នុងអង្គព្រះយេស៊ូវនៅថ្ងៃនេះ បានដោយរបៀបណា? តើការសម្រេចចិត្តនេះនឹងប៉ះពាល់ដល់ផ្នែកនានាដែលអ្នកបានសម្គាល់ថាអ្នករងការល្បួងខាងលើ យ៉ាងដូចម្ដេចដែរ?

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

What Is Truth?

តើវាជាសេចក្ដីពិតរបស់ខ្ញុំ ឬជាសេចក្ដីពិតនៃព្រះ? តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសេចក្ដីទាំងពីរ ប៉ះទាស់ប្រឆាំងនឹងគ្នា? តើយើងអាចដឹងបានថាអ្វីមួយជាសេចក្ដីពិតប្រាកដ ឬក៏មិនមែន បានយ៉ាងដូចម្ដេចទៅ? មកចូលរួមជាមួយនឹងយើងខ្ញុំ ប្រមាណជារយៈពេល ៧ ថ្ងៃបន្តបន្ទាប់ ក្នុងខណៈពេលដែលយើងធ្វើការគិតពិចារណាទៅលើគំនិតនៃសេចក្ដីពិត ដោយថាសេចក្ដីពិតមិនមែនជាគោលគំនិតនោះទេ ប៉ុន្តែជាមនុស្សដ៏ពិតមួយអង្គ។ ជាមនុស្សដែលមាននាមនិងមានមុខមាត់ម្នាក់។ ជាមនុស្សដែលមានទំនាក់ទំនង មិនចេះផ្លាស់ប្រែ ជាម្នាក់ដែលផ្ដល់នូវជីវិត ហើយតែងតែផ្ដល់នូវក្ដីស្រឡាញ់ជានិរន្តរ៍។ ម្នាក់នោះគឺជាអង្គព្រះយេស៊ូវ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.life.church/