តើសេចក្ដីពិតជាអ្វីទៅ?គំរូ
តើអ្នកដឹងដោយរបៀបណា?
ប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានឆ្លើយនូវសំណួរ៖ «តើអ្វីទៅជាសេចក្ដីពិត?» នៅរាល់គ្រប់ជ្រុង នោះយើងបានរកឃើញថា សេចក្ដីពិត មិនអាចញែកចេញពីរូបអង្គព្រះយេស៊ូវ ដែលជាព្រះអម្ចាស់គង់នៅតាំងពីដើម នោះឡើយ។ ហើយដោយសារតែព្រះអង្គគឺជាសេចក្ដីពិត នោះមានអ្វីៗមួយចំនួន ដែលយើងអាចទុកចិត្តបាន។ ទីមួយ នោះគឺថា សេចក្ដីពិត មានលក្ខណៈជាទំនាក់ទំនង។ យើងអាចយល់ដឹងពីសេចក្ដីពិត ដោយសារតែយើងអាចស្គាល់ពីអង្គព្រះយេស៊ូវ។ ទីពីរ នោះគឺថា សេចក្ដីពិត មិនចេះផ្លាស់ប្រែទេ។ ដោយសារតែព្រះយេស៊ូវមិនផ្លាស់ប្រែ នោះសេចក្ដីពិតក៏មិនផ្លាស់ប្រែដូចគ្នា។ ទីបី សេចក្ដីពិត គឺតែងផ្ដល់នូវជីវិត។ ព្រះយេស៊ូវមិនមែនគ្រាន់តែជាប្រភពនៃសេចក្ដីពិត ក្នុងនាមជាអម្ចាស់គង់នៅតាំងពីដើមគ្រាមក ប៉ុន្តែ ព្រះអង្គគឺជាប្រភពនៃជីវិតផងដែរ។ ទាំងពីរ គឺជាចរិតលក្ខណៈនៃនិស្ស័យដ៏អស់កល្បជានិច្ចរបស់ព្រះអង្គ។
យើងក៏បាននិយាយអំពីអ្វីៗមួយចំនួន ដែលមិនមែនជាសេចក្ដីពិតផងដែរ។ សេចក្ដីពិតមិនមែនកៀបសង្កត់ឡើយ។ សេចក្ដីកុហកដាក់យើងឱ្យនៅជាប់គុក។ សេចក្ដីពិតដោះយើងឱ្យមានសេរីភាព។ សេចក្ដីពិតមិនមែនជាឧបករណ៍សម្រាប់ឱ្យយើងទទួលនូវអំណាចនៅលើនរណាម្នាក់នោះដែរ។ ជាការពិត បើដូច្នេះមែន នោះវាផ្ទុយស្រឡះពីសេចក្ដីពិតទៅវិញទេ។ សេចក្ដីពិតអនុញ្ញាតឱ្យយើងតម្រង់ជីវិតរបស់យើងផ្ទាល់ជាមួយនឹងគ្រឹះនៃដំណើរជីវិតពិតទៅវិញទេ។
ដូច្នេះ យើងស្គាល់ថាអ្វីជាសេចក្ដីពិត និងអ្វីដែលមិនមែនជាសេចក្ដីពិត ប៉ុន្តែប្រហែលជាអ្នកនៅតែសួរអំពីរបៀបដែលអ្នកអាចថ្លឹងថ្លែងបាន ថាវាជាការពិតដែរយ៉ាងម៉េច នៅពេលមានការណ៍អ្វីមួយកើតឡើង។ ហើយនេះជាសំណួរសមហេតុផល។ យើងដឹងថា សេចក្ដីកុហកដ៏ល្អបំផុត នោះគឺជាការកុហក ដែលស្ដាប់ទៅ ដូចជាការពិតណាស់។ ដូច្នេះ តើអ្នកអាចដឹងឱ្យប្រាកដថាវាពិត ឬមិនពិត បានយ៉ាងដូចម្ដេច?
នៅពេលយើងពិចារណាគិតថាយើងមានចម្លើយត្រឹមត្រូវដែរឬយ៉ាងណា នោះយើងត្រូវផ្ទៀងផ្ទាត់វា ជាមួយនឹងចម្លើយគោលជាមុន។ នៅពេលអ្នកចង់ដឹងថាអ្នកមានថ្នាំពណ៌ត្រឹមត្រូវដែរឬយ៉ាងណា នោះអ្នកត្រូវយកវាទៅផ្ទៀងជាមួយនឹងពណ៌គំរូ ឬពណ៌តំណាង ដែលអ្នកបានជ្រើសរើស មុននឹងរូបអ្នកយកថ្នាំពណ៌នោះ យកទៅលាបពាសពេញជញ្ជាំងផ្ទះរបស់អ្នក (សង្ឃឹមថាអញ្ចឹងចុះ)។ ចំណុចសំខាន់នោះគឺថា អ្នកមានអ្វីមួយ ដែលអ្នកអាចយកទៅផ្ទៀងផ្ទាត់ជាមួយបាន។ ដូច្នេះ នៅពេលអ្នកគិតពិចារណាថាការណ៍អ្វីមួយ ឬរឿងអ្វីមួយ វាជាការពិត ឬក៏អត់ នោះអ្នកត្រូវតែយកវាទៅផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយគោល ឬវត្ថុធាតុដើម ជាមុនសិន។ តើការនេះដូចលក្ខណៈនៃអង្គព្រះយេស៊ូវដែរឬទេ? តើការនេះវាស្រប និងសមជាប់លាប់ ដូចចរិតលក្ខណៈ និងនិស្ស័យរបស់ព្រះអង្គដែរឬអត់?
ប្រសិនបើវាមិនសមស្របជាប់លាប់ដូចនឹងអង្គព្រះយេស៊ូវទេ នោះវាមិនសមស្របនឹងសេចក្ដីពិតដែរ ដោយសារអង្គព្រះយេស៊ូវនិងសេចក្ដីពិតមានលក្ខណៈតែមួយ។ នៅមិនទាន់ច្បាស់មែនទេ? ចូរគិតអំពីផលផ្លែនៃគំនិត ដែលអ្នកកំពុងតយុទ្ធគិតយ៉ាងហត់នឿយ។ តើគំនិតនោះកំពុងតែនាំអ្នកទៅទីកន្លែងណាដែរ? តើផលនៃគំនិតនោះ កើតចេញជាអ្វីខ្លះ? សេចក្ដីពិតនាំទៅរកសេរីភាពនិងជីវិត មិនមែនភាពអៀនខ្មាស និងការដូចជាជាក់គុកនោះឡើយ។ តើមានផលផ្លែល្អ និងជីវិតកំពុងតែដុះលូតលាស់ឡើង នៅត្រើយម្ខាងនៃការគិតពិចារណារបស់អ្នកដែរឬទេ?
ជាចុងបញ្ចប់ មានពេលខ្លះ វាគឺជាដួងចិត្តប៉ងប្រាថ្នាផ្ទាល់របស់យើង ដែលកំពុងរារាំងសមត្ថភាពរបស់យើង មិនឱ្យយើងអាចថ្លឹងថ្លែងពីសេចក្ដីពិត។ បើនិយាយឱ្យខ្លីទៅ នោះគឺយើងចង់ឱ្យអ្វីមួយក្លាយទៅជាការពិត ទោះវាមិនមែនជាការពិតទាល់តែសោះ។ ដូចឧទាហរណ៍ថា មនុស្សយើងភាគច្រើនចង់ជឿថា ការសម្រេចចិត្តរបស់យើង វាមានផលតែចំពោះរូបយើងទេ ហើយវាមិនប៉ះពាល់ដល់នរណាទាល់តែសោះ។ យើងចង់គិតថាវាដូច្នេះមែន ដោយសារតែនៅពេលយើងប្រព្រឹត្តខុស និងធ្វើអ្វីដែលឆោត នោះយើងមិនចង់តទល់នឹងវា ដោយរងនឹងវិបត្តិនៃទំនាក់ទំនង ឬចិត្តជាប់មានទោស ដោយសារតែទង្វើរបស់យើងនាំឱ្យអ្នកដទៃឈឺចាប់នោះឡើយ។ ប៉ុន្តែការពិតនោះ នៅតែជាការពិត ដោយសារតែការសម្រេចចិត្តរបស់យើង វាប៉ះពាល់ដល់អ្នកដទៃ។ សូម្បីតែការប្រព្រឹត្តបែប "អាថ៌កំបាំង" ក៏បង្កើតនូវការងាយរងភាពឈឺចាប់ រវាងរូបអ្នក ហើយនិងមនុស្សដែលនៅជិតស្និទ្ធនឹងរូបអ្នកជាទីបំផុតដែរ។ វានឹងលួចភាពជិតស្និទ្ធនៅក្នុងទំនាក់ទំនងរបស់អ្នកជាមិនខាន។
ដោយហេតុតែយើងចង់បានឱ្យអ្វីមួយក្លាយជាការពិត នោះមិនមែនមានន័យថាវាគឺជាការពិតនោះឡើយ។ ដូច្នេះហើយ ជារឿយៗ របៀបដ៏ងាយមួយក្នុងការថ្លឹងថ្លែងនូវសេចក្ដីពិត នោះគឺជាការដែលយើងចេះរៀនញែក ថាអ្វីជាបំណងប្រាថ្នាផ្ទាល់របស់យើង ចេញពីគ្រឹះមូលដ្ឋាននៃដំណើរជីវិតពិត។ យើងត្រូវរៀនមើលអ្វីៗចេញពីសំបកក្រៅរបស់ខ្លួនយើង។ ហើយជួសវិញ គឺសម្លឹងមើលទៅដល់អង្គព្រះយេស៊ូវ ដែលជាកវី និងជាព្រះកំណត់ជាក់លើជំនឿរបស់យើង។ ដូច្នេះ តើយើងអាចដឹងថាអ្វីមួយជាការពិត ឬមិនពិតដោយរបៀបណា? យើងផ្ទៀងផ្ទាត់អ្វីៗជាមួយនឹងច្បាប់ដើម (ព្រះអម្ចាស់តាំងពីគ្រាដើមដំបូង) ហើយយើងសម្លឹងមើលទៅកាន់ផលផ្លែ និងស្វែងរកប្រភព ដែលស្ថិតនៅខាងក្រៅនៃបំណងប្រាថ្នាផ្ទាល់របស់យើង។
ការប្រឡងប្រជែងរបស់យើង៖ចូរអនុវត្តការសាកល្បងនេះនៅថ្ងៃនេះ ហើយចូរផ្ដើមទម្លាប់ក្នុងការគិតពីអ្វីៗទាំងអស់ ដោយច្រោះតាមសេចក្ដីពិតជាក់លាក់ ដែលជាអង្គព្រះយេស៊ូវ។ តើមានអ្វីមួយដែលអ្នកធ្លាប់ឮ ឬឃើញជាច្រើនលើក នៅតាមបណ្ដាញសង្គម សព្វថ្ងៃនេះ? តើអ្នកបានទទួលពីអ្វី? ឥឡូវនេះ ចូរផ្ទៀងផ្ទាត់ការនោះជាមួយនឹងច្បាប់ដើម (គន្លងនៃសេចក្ដីពិត)។ ចូរគិតពិចារណា ថាការនោះនឹងនាំអ្នកទៅរកអ្វី។ ហើយចូរពិនិត្យទៅលើប្រភពរបស់អ្នក។ តើអ្នកគ្រាន់តែចង់ឱ្យវាក្លាយទៅជាការពិត ឬក៏វាពិតជាការពិត? ចូរកត់ត្រានូវដំណើរគិតពិចារណារបស់អ្នកនេះ រួចហើយអញ្ជើញអង្គព្រះយេស៊ូវ ដោយសូមទ្រង់មានបន្ទូលទៅកាន់ការទាំងនោះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើវាជាសេចក្ដីពិតរបស់ខ្ញុំ ឬជាសេចក្ដីពិតនៃព្រះ? តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសេចក្ដីទាំងពីរ ប៉ះទាស់ប្រឆាំងនឹងគ្នា? តើយើងអាចដឹងបានថាអ្វីមួយជាសេចក្ដីពិតប្រាកដ ឬក៏មិនមែន បានយ៉ាងដូចម្ដេចទៅ? មកចូលរួមជាមួយនឹងយើងខ្ញុំ ប្រមាណជារយៈពេល ៧ ថ្ងៃបន្តបន្ទាប់ ក្នុងខណៈពេលដែលយើងធ្វើការគិតពិចារណាទៅលើគំនិតនៃសេចក្ដីពិត ដោយថាសេចក្ដីពិតមិនមែនជាគោលគំនិតនោះទេ ប៉ុន្តែជាមនុស្សដ៏ពិតមួយអង្គ។ ជាមនុស្សដែលមាននាមនិងមានមុខមាត់ម្នាក់។ ជាមនុស្សដែលមានទំនាក់ទំនង មិនចេះផ្លាស់ប្រែ ជាម្នាក់ដែលផ្ដល់នូវជីវិត ហើយតែងតែផ្ដល់នូវក្ដីស្រឡាញ់ជានិរន្តរ៍។ ម្នាក់នោះគឺជាអង្គព្រះយេស៊ូវ។
More