តើសេចក្ដីពិតជាអ្វីទៅ?គំរូ
ម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត
សេចក្ដីពិតមិនមែនជាអ្វីតាមតែការគិតរបស់យើងនោះឡើយ។ វាស្ថិតនៅលើទំនាក់ទំនង ដោយព្រោះតែសេចក្ដីពិត មិនមែនជា "អ្វី" ប៉ុន្តែ ជា "នរណា" នោះវិញ។ សេចក្ដីពិតមាននាម និងមានមុខមាត់ ហើយនាមនោះ គឺជានាមអង្គព្រះយេស៊ូវ។ បើយើងកាន់តែបានស្គាល់ព្រះអង្គ នោះយើងក៏កាន់តែងាយនឹងអាចសម្គាល់ថាសេចក្ដីពិត គឺជាអ្វី នៅក្នុងលោកិយ ដែលមានវប្បធម៌យ៉ាងហួសហេតុ និងតែងតែទាស់ប្រឆាំងចំពោះសេចក្ដីពិតនោះ។
មានអ្វីមួយដែលអស្ចារ្យ និងនាំឱ្យយើងបានកម្សាន្តចិត្ត ដោយដឹងអំពីព្រះយេស៊ូវ នោះគឺថាព្រះអង្គ មិនប្រែប្រួល សោះឡើយ។ នៅក្នុង ហេព្រើរ ១៣៖៨ រំឭកដល់យើងថា ព្រះយេស៊ូវគ្រីស្ទ នៅដដែល មិនថាម្សិលមិញ ថ្ងៃនេះ និងរហូតតទៅ។
នេះគឺមានន័យថា ព្រះយេស៊ូវ ទ្រង់ជាព្រះយ៉ាងណាតាំងពីគ្រាដើមដំបូង នោះព្រះអង្គគឺនៅដដែល ក្នុងគ្រាដែលព្រះអង្គមានព្រះជន្មគង់នៅលើផែនដី តាំងប៉ុន្មានជាង ២០០០ ឆ្នាំមុន ហើយព្រះអង្គក៏នៅតែដដែល ក្នុងខណៈពេលដែលព្រះអង្គកំពុងគង់នៅលើបល្ល័ង្ករបស់ព្រះអង្គផងដែរ។ ហើយដោយសារតែព្រះយេស៊ូវមិនចេះផ្លាស់ប្រែ នោះសេចក្ដីពិតក៏មិនផ្លាស់ប្រែដូចគ្នា។ សេចក្ដីពិតគឺជាក់លាក់ពេញលេញ ហើយយើងអាចពឹងលើសេចក្ដីពិតនេះ ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់យើង! នេះហើយជាហេតុផល ដោយសារតែចរិតលក្ខណៈមិនប្រែប្រួលរបស់ទ្រង់ នោះយើងអាចទទួលបាននូវការកម្សាន្តចិត្ត។
ដូចជាឧទាហរណ៍ នៅទីបញ្ចប់នៃសេចក្ដីបង្រៀនដ៏ពេញនិយមរបស់ព្រះអង្គ គឺសេចក្ដីបង្រៀននៅលើភ្នំ នោះព្រះអង្គមានបន្ទូលប្រាប់ដល់យើងនូវរឿងអំពីបុរសពីរនាក់ ដែលបានសាងសង់ផ្ទះ។ ម្នាក់បានសម្រេចចិត្តសង់ផ្ទះរបស់គាត់នៅលើដីខ្សាច់ដែលទន់និងងាយប្រែប្រួលស្ថានដី។ នោះពេលមានព្យុះ ហើយទឹកងាយនឹងច្រោះធ្វើឱ្យរិចរិលដល់គ្រឹះនៃផ្ទះរបស់គាត់ នោះផ្ទះនោះ ក៏បាក់រលំឆាប់ៗទៅ។ មានបុរសម្នាក់ទៀត គាត់បានសាងសង់ផ្ទះនៅលើថ្មដ៏រឹងមាំ។ ផ្ទះរបស់គាត់មិនបានរើ ឬងាករេទៅណាទេ នៅពេលមានព្យុះភ្លៀងបង្អុរមក។ ហើយផ្ទះនោះ នៅឈរយ៉ាងឋិតថេររហូតទៅ។
រឿងរបស់ព្រះយេស៊ូវឆ្លុះបង្ហាញពីសារៈសំខាន់នៃការដាក់គ្រឹះ និងយោងការគិតរបស់យើងទៅលើសេចក្ដីពិត។ ប្រសិនបើយើងជ្រើសរើសដាក់ជីវិតរបស់យើងទៅលើអ្វីមួយដែលមិនស្ថិតស្ថេរ ដូចជាមតិគំនិតរបស់អ្នកដទៃ ឬអ្វីៗដែលវប្បធម៌គេពេញនិយម នោះយើងនឹងតែងតែត្រូវដើររើសនូវភាពបាក់បែកនៃទំនាក់ទំនង និងស្ថានភាពដែលនាំឱ្យយើងយ៉ាប់យ៉ឺនជានិច្ច។ ប៉ុន្តែនៅពេលដែលយើងជ្រើសរើសសាងសង់ជីវិតរបស់យើងនៅលើសេចក្ដីពិត ដែលជាគ្រឹះដ៏រឹងមាំនិងមិនចេះរង្គើ នោះអ្វីៗដែលពេញនិយមក្នុងវប្បធម៌ និងមតិយោបល់របស់មនុស្ស អាចស្រក និងហូរផុតទៅ។ ទោះបីជាមានរឿងហួសហេតុកើតឡើងនៅក្នុងពិភពលោក និងសូម្បីតែអាចមាននៅក្នុងជីវិតរបស់យើង ក៏យើងអាចនៅឈរមាំ ហើយមិនរង្គើដែរ។ មិនតែប៉ុណ្ណោះ យើងអាចឈរមាំ ដូចជាបង្គោលភ្លើងនៃស្ថេរភាព ដល់អ្នកដទៃបានទៀតផង។
នេះដោយសារតែសេចក្ដីពិតមិនមែនជាអ្វីតាមតែយើងគិត។ សេចក្ដីពិតគឺជាទំនាក់ទំនងហើយមិនប្រែប្រួល។ ព្រះយេស៊ូវអញ្ជើញរូបយើងឱ្យចូលទៅក្នុងទំនាក់ទំនងមួយជាមួយនឹងព្រះអង្គ ហើយព្រះអង្គគង់នៅយ៉ាងប្រាកដនិងនឹងនរ។ ដោយបានស្គាល់នូវសេចក្ដីពិត នោះសេចក្ដីពិតនឹងនាំឱ្យជីវិតរបស់យើងបាននឹងនរ មិនរង្គើផងដែរ។
ការប្រឡងប្រជែងរបស់យើង៖ តើអ្នកធ្លាប់មានអារម្មណ៍ថាដូចជារងនូវភាពបក់បោកចុះឡើង ប្រៀបដូចជាស្ថិតនៅក្នុងព្យុះនៃជីវិតដែរទេ? ចូរឆែកមើលពីគ្រឹះរបស់អ្នក។ តើអ្នកកំពុងតែសាងសង់ទៅលើអ្វីដែលទន់ ហើយងាយនឹងប្រែប្រួល ដូចជាទង្វើពេញនិយមនៃសង្គម ដែរឬយ៉ាងណា? តើមានផ្នែកណាមួយ ដែលអ្នកអាចទទួលបានផលប្រយោជន៍ ប្រសិនបើអ្នកអាចមានភាពនឹងនរជាងមុន? ចូរសម្គាល់ពីផ្នែកនោះ ហើយអញ្ជើញព្រះយេស៊ូវ (ដែលជាសេចក្ដីពិត) ហើយអនុញ្ញាតឱ្យព្រះអង្គមានវត្តមាននៅក្នុងទីកន្លែងនោះចុះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើវាជាសេចក្ដីពិតរបស់ខ្ញុំ ឬជាសេចក្ដីពិតនៃព្រះ? តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសេចក្ដីទាំងពីរ ប៉ះទាស់ប្រឆាំងនឹងគ្នា? តើយើងអាចដឹងបានថាអ្វីមួយជាសេចក្ដីពិតប្រាកដ ឬក៏មិនមែន បានយ៉ាងដូចម្ដេចទៅ? មកចូលរួមជាមួយនឹងយើងខ្ញុំ ប្រមាណជារយៈពេល ៧ ថ្ងៃបន្តបន្ទាប់ ក្នុងខណៈពេលដែលយើងធ្វើការគិតពិចារណាទៅលើគំនិតនៃសេចក្ដីពិត ដោយថាសេចក្ដីពិតមិនមែនជាគោលគំនិតនោះទេ ប៉ុន្តែជាមនុស្សដ៏ពិតមួយអង្គ។ ជាមនុស្សដែលមាននាមនិងមានមុខមាត់ម្នាក់។ ជាមនុស្សដែលមានទំនាក់ទំនង មិនចេះផ្លាស់ប្រែ ជាម្នាក់ដែលផ្ដល់នូវជីវិត ហើយតែងតែផ្ដល់នូវក្ដីស្រឡាញ់ជានិរន្តរ៍។ ម្នាក់នោះគឺជាអង្គព្រះយេស៊ូវ។
More