មិនភ័យព្រួយសម្រាប់អ្វីទាំងអស់គំរូ
ប្រហែលជាមានរឿងមួយ ក្នុងចំណោមរឿងជាច្រើន ដែលនៅចាក់ដោតជាប់នឹងអ្នក។ ឬប្រហែលជារឿងរបស់អ្នក ជាមួយនឹងការព្រួយថប់បារម្ភ ជារឿងមួយប្លែកផ្សេង។ ប៉ុន្តែ មិនថាជាការប្រយុទ្ធអ្វី ដែលអ្នកកំពុងតែប្រឈមនឹងភាពភ័យព្រួយ ព្រះវិញ្ញាណដដែល ដែលបានប្រោសព្រះគ្រីស្ទឱ្យមានព្រះជន្មរស់ឡើងវិញពីសេចក្ដីស្លាប់ គឺកំពុងរស់នៅក្នុងរូបអ្នក។ ហើយព្រះអង្គមិនបានប្រទានវិញ្ញាណនៃក្ដីភ័យខ្លាចដល់រូបអ្នក នោះឡើយ។
នេះមិនមែនមានន័យថា អ្នកមិនមាននូវជំនឿគ្រប់គ្រាន់ ប្រសិនបើអ្នកកំពុងតែប្រឈម ការប្រយុទ្ធជាមួយនឹងបញ្ហាថប់បារម្ភ នោះដែរ។ វាក៏មិនមែនមានន័យថា អ្នកមិនទុកចិត្ដព្រះ គ្រប់គ្រាន់ នោះដែរ។ និយាយឱ្យចំទៅ ចុះប្រសិនបើភាពថប់បារម្ភ ជាអ្វីដែលនឹងជួយដល់អ្នក ឱ្យចេះរៀនពឹងផ្អែក និងទុកចិត្ដព្រះ ទៅវិញនោះ? តើឱ្យភាពថប់បារម្ភអាចជាសារធាតុប្រតិកម្ម សម្រាប់ឱ្យអ្នកអាចចូលទៅជិតព្រះជាម្ចាស់ បានដែរឬទេ?
ភាពថប់បារម្ភអាចក្លាយជាកាដូមួយ នៅពេលវាជួយឱ្យយើងចេះពឹងផ្អែកទៅលើព្រះជាម្ចាស់។ នេះមិនមែនមានន័យថា យើងឈប់ស្វែងរកជំនួយ ឬក្ដីសង្ឃឹម នោះដែរ។ វាមានន័យថា ការដេញតាមនូវភាពសុខសាន្ដ គឺប្រៀបបីដូចជាដំណើរកិច្ចមួយ។
ដូច្នេះ តើវាអាចទៅរួចដែរឬទេ ដែលថាយើងពិតអាចរស់នៅ ដោយមិនភ័យព្រួយសម្រាប់អ្វីទាំងអស់នោះ? ពិតមែន។ នេះមិនមែនមានន័យថា នឹងគ្មានអ្វីមួយ ដែលអ្នកមិនបាច់ត្រូវខ្វល់ព្រួយនោះដែរ។ ប៉ុន្តែ ដោយសារព្រះយេស៊ូ យើងអាចរស់នៅ ដោយមិនបាច់ខ្វល់ព្រួយសម្រាប់អ្វីទាំងអស់ សូម្បីតែនៅពេល មានអ្វីមួយ ដែលយើងត្រូវខ្វល់ព្រួយ—នោះគឺមិនដោយការខិតខំប្រឹងប្រែងរបស់យើងទេ ប៉ុន្តែដោយសារព្រះវត្ដមានរបស់ព្រះអង្គ។ ចូរពិនិត្យមើលនូវខគម្ពីរទាំងនេះ សាជាថ្មី៖
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤៖៦-៧ RKOV16
ចូរស្រូបចូលនូវសេចក្ដីពិតនេះ។ យើងតែងតែផ្ដោតទៅលើពាក្យ "សន្តិភាព ឬសុខសាន្ដ" ប៉ុន្តែ ខគម្ពីរបានចែងថា៖ "ក្ដីសុខសាន្ដ នៃព្រះ"។ ក្ដីសុខសាន្តពិត អាចរកឃើញ តែនៅក្នុងព្រះវត្ដមាននៃព្រះ។ ដូច្នេះ ចុះប្រសិនបើចម្លើយទៅដល់ភាពថប់បារម្ភ មិនមែនមានន័យថា យើងមានភាពតានតឹងតិចតួច ប៉ុន្តែត្រូវមានព្រះជាម្ចាស់ បន្ថែមទៀត វិញនោះ?
ចូរពិចារណា៖ តើឱ្យខ្ញុំអាចអញ្ជើញនូវព្រះវត្ដមាននិងភាពសុខសាន្ដនៃព្រះជាទៀងទាត់ ចូលមកក្នុងជីវិតរបស់ខ្ញុំ បានយ៉ាងដូចម្ដេច?
ចូរអធិស្ឋាន៖ ព្រះអម្ចាស់អើយ ទូលបង្គំសូមអរគុណទ្រង់ សម្រាប់ព្រះវត្ដមានដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ទូលបង្គំចូលមកចំពោះព្រះអង្គថ្ងៃនេះ ទូលសូមសម្រាប់ភាពសុខសាន្ដ ដែលមានតែព្រះអង្គទេ ដែលអាចប្រទានឱ្យបាន។ ទូលបង្គំចង់បានព្រះអង្គថែមទៀត។ ទូលបង្គំសូមអញ្ជើញព្រះអង្គ ចូលមកក្នុងផ្នែកនីមួយៗ នៃជីវិតរបស់ទូលបង្គំ។ សូមជួយដល់ទូលបង្គំ ឱ្យពឹងផ្អែកលើព្រះអង្គបន្ថែមទៀត យ៉ាងពេញលេញ និងសុទ្ធសាធ នៅថ្ងៃនេះ។ ទូលបង្គំថ្វាយនូវរាល់ភាពភ័យព្រួយ និងរាល់ភាពភ័យខ្លាច របស់ទូលបង្គំ។ សូមជួយដល់ទូលបង្គំ ឱ្យរស់នៅដោយមិនថប់ព្រួយខ្វល់ខ្វាយ សម្រាប់អ្វីទាំងអស់ ដោយការចេះពឹងផ្អែកនៅលើព្រះអង្គ។ ទូលបង្គំទុកចិត្ដលើព្រះអង្គ។ ទូលបង្គំសូមថ្វាយរាល់អ្វីៗទាំងអស់ ថ្វាយដាច់ដល់ព្រះអង្គ នៅក្នុងព្រះនាមព្រះយេស៊ូ។ អាមែន។
ប្រសិនបើអ្នកកំពុងតែតយុទ្ធ មានវិបត្តិដោយអាការៈថប់បារម្ភ ឬនរណាម្នាក់ដែលអ្នកស្រឡាញ់កំពុងតែមានអាការៈ ឬបញ្ហានេះ ចូរដឹងថា ជំនួយតែងមានជានិច្ចុ។ រៀនបន្ថែមទៀត ថាភាពថប់បារម្ភ ខ្វល់ព្រួយ មានរូបលក្ខណៈយ៉ាងដូចម្ដេច ថាត្រូវតទល់ និងធ្វើយ៉ាងម៉េចជាមួយនឹងបញ្ហានេះ ហើយនិងរៀនពីរបៀប ដើម្បីជួយដល់អ្នកដទៃ ដែលកំពុងតែតយុទ្ធនឹងបញ្ហានេះ។
អំពីគម្រោងអាននេះ
ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។
More