មិនភ័យព្រួយសម្រាប់អ្វីទាំងអស់គំរូ
ចុះបើ ភាពខ្វល់ព្រួយ ក្ដីថប់បារម្ភ អាចនាំឱ្យអ្នកចូលទៅជិតអង្គព្រះយេស៊ូវនោះ? លោក ចូឌិន បានចំណាយពេលអស់មួយឆ្នាំពេញ អធិស្ឋានសម្រាប់ឱ្យភាពខ្វល់ព្រួយ ក្ដីថប់បារម្ភ ចាកចេញឆ្ងាយពីរូបគាត់ រហូតដល់គាត់បានស្វែងរកឃើញនូវអត្ថន័យដ៏ជ្រៅមួយចេញពីវិបត្តិនេះ—គាត់រកឃើញថា គាត់អាចមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយអង្គព្រះយេស៊ូវ។ ប្រហែលជាអ្នកអាចយល់ និងមានបទពិសោធន៍ស្រដៀងនឹងរឿងគាត់ដែរមើលទៅ៖
«ខ្ញុំគិតថា ខ្ញុំដូចជាខ្វល់ចង់ស្លាប់ ទៅហើយ។»
ប្រាកដមែន នេះជាអ្វីដែលខ្ញុំបានគិតជាច្រើនលើកច្រើនសា ទាំងគេងមិនលក់ផង អស់មួយឆ្នាំមុន។ ខ្ញុំបានព្យាយាមខំប្រឹងបិទភ្នែកគេង តែគេងមិនលក់ ទាំងក្រោកឡើង ភ័យភាំង ដោយគ្មានមូលហេតុអីច្បាស់លាស់ ថែមទៀត។ ទ្រូងរបស់ខ្ញុំណែនតឹង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់ឈ្លក់ ស្ទះខ្យល់ ហើយដកដង្ហើមមិនរួច ក្នុងគ្រាម្ដងៗ។ វដ្ដនៃភាពភាំងភ័យនេះ បន្តកើតឡើង រហូតដល់ខ្ញុំ ហត់ពេក អស់ខ្យល់ក៏ងងុយគេងនៅលើសាឡុង។ ទង្វើនេះក៏បានជួយ កុំឱ្យខ្ញុំចេះតែរំខានប្រពន្ធខ្ញុំ ភ្ញាក់ពីដំណេកដែរ។
មានថ្ងៃមួយ ខ្ញុំបានទៅពិគ្រោះជាមួយគ្រូពេទ្យ ហើយបានពន្យល់ដល់គាត់ពីអាការៈ រោគសញ្ញាផ្សេងៗរបស់ខ្ញុំ—ទ្រូងឈឺចាប់ ពិបាកគេងលក់ ហើយភ័យភាំង វាហក់មកម្ដងៗ។ បន្ទាប់ពីបានធ្វើតេស្ដរោគ ប៉ុន្មានដង ពេលបានពិនិត្យរួច គ្រូពេទ្យបានចេញរោគវិនិច្ឆ័យដល់ខ្ញុំថា ខ្ញុំមាន ជំងឺថប់បារម្ភ។ តើខ្ញុំអាចនិយាយស្មោះបានអត់? ក្នុងនាមជាគ្រីស្ទបរិស័ទ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបរាជ័យ ដោយសារខ្ញុំមានអាការៈនេះ។ តើខ្ញុំមិនបានអធិស្ឋានឱ្យចំៗ ត្រឹមត្រូវតាមក្បួន សម្រាប់បញ្ហានេះ ទេឬយ៉ាងណា? តាមពិតទៅ ខ្ញុំមិនត្រូវប្រឈមនឹងអាការៈមួយនេះទេ បើតាមអ្វីដែលខ្ញុំបានគិត ខ្ញុំគួរតែមានភាពសុខសាន្ដ និងមិនមែនភាពខ្វល់ព្រួយ យ៉ាងដូច្នេះ នោះឡើយ—ព្រោះនេះហើយ ជាអ្វីដែលព្រះយេស៊ូវមានបន្ទូល ថាទ្រង់ហើយជាអ្នកឱ្យភាពសុខសាន្ដ!
បន្ទាប់ពីសេចក្ដីណែនាំ ពីគ្រូពេទ្យ ប្រាប់ដល់ខ្ញុំរួចរាល់ ហើយខ្ញុំបានចាប់ផ្ដើមលេបថ្នាំហើយ ខ្ញុំបន្តអធិស្ឋានសម្រាប់អាការៈថប់បារម្ភរបស់ខ្ញុំ ឱ្យវាចេញឆ្ងាយ។ ខ្ញុំមិនចង់តទល់ជាមួយនឹងវាតទៅទៀតឡើយ។
នៅក្នុង ២ កូរិនថូស ១២ តាមការបកប្រែរបស់ NIV សាវ័ក ប៉ុល គាត់បានពិពណ៌នានូវឃ្លាមួយ "បន្លានៅក្នុងសាច់"។ ក្នុងខណៈយើងមិនដែលដឹងថា បន្លារបស់សាវ័ក ប៉ុល គឺជាអ្វី តែ ភាពថប់បារម្ភនេះ ប្រៀបដូចជា អ្វីដែលមនុស្សជាច្រើន គាត់មាន នេះរួមទាំងរូបខ្ញុំផងដែរ។ សាវ័ក ប៉ុល បានទូលអង្វរដល់ព្រះជាម្ចាស់ បីដង គឺសូមឱ្យព្រះបានដកយកវាចេញ ប៉ុន្តែជួសវិញនោះ ព្រះយេស៊ូវមានបន្ទូលទៅរូបគាត់ថា៖ «ព្រះគុណរបស់យើង មានល្មមគ្រប់គ្រាន់សម្រាប់រូបអ្នកហើយ ដ្បិតចេស្ដារបស់យើង បានជាល្អឥតខ្ចោះ នៅក្នុងភាពទន់ខ្សោយ។» (បានបន្ថែមសង្កត់ពាក្យ នៅលើឃ្លាចុងក្រោយ)
ព្រះគុណនៃព្រះយេស៊ូវ គឺល្មមគ្រប់គ្រាន់ មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ។ ក្នុងខណៈដែលខ្ញុំបានផ្ដើមអធិស្ឋានសម្រាប់ការព្យាបាល ខ្ញុំក៏ចាប់ផ្ដើមបានចូលទៅជិតអង្គព្រះយេស៊ូវដែរ។ ប្រៀបដូចសាវ័ក ប៉ុល ព្រះជាម្ចាស់មិនបានដកចេញនូវ "បន្លា" របស់ខ្ញុំទេ។ តែទោះបីជាយ៉ាងណា ក៏ខ្ញុំបានរកឃើញថា ខ្ញុំមានចិត្ដក្ដួលអាណិតជាងមុន ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានអធិស្ឋានកាន់តែច្រើនឡើងថែមទៀត គឺច្រើនជាងពេលមុនៗ ទៅទៀត។
ខ្ញុំធ្លាប់បានគិតថា ខ្ញុំត្រូវការការព្យាបាលសម្រាប់ភាពថប់បារម្ភរបស់ខ្ញុំ។ តែតាមពិតទៅ ខ្ញុំត្រូវការ ព្រះយេស៊ូវ កាន់តែច្រើនឡើងជាងមុនទៅទៀត។ ឥឡូវនេះ ខ្ញុំមិននិយាយថា ប្រសិនបើខ្ញុំបាននៅជិតស្និទ្ធនឹងព្រះយេស៊ូវ នោះខ្ញុំនឹងមិនមានភាពថប់បារម្ភ នោះទេ។ ខ្ញុំក៏នឹងមិនបញ្ឈប់ការអធិស្ឋានសម្រាប់អាការៈថប់បារម្ភរបស់ខ្ញុំ ឱ្យវាចាកចេញពីខ្ញុំនោះដែរ។ ខ្ញុំបន្តអធិស្ឋាន សូមឱ្យបន្លានេះ បានរំដោះចេញពីខ្ញុំ គឺប្រៀបដូចអ្វី ដែលសាវ័ក ប៉ុល បានធ្វើដូចគ្នា។
ប៉ុន្តែមានអ្វីមួយដែលល្អប្រសើរ កំពុងកើតមានឡើង ដល់រូបខ្ញុំ ជាជាងការបានព្យាបាលភ្លាមៗសម្រាប់ភាពថប់បារម្ភ៖ នោះគឺ ខ្ញុំបានអភិវឌ្ឈនូវការស្វែងយល់ដឹងពីព្រះជាម្ចាស់កាន់តែជ្រៅឡើងៗ ហើយមានទំនាក់ទំនងជាមួយព្រះអង្គ កាន់តែជ្រាលជ្រៅទៅៗ។
ជំនួសឱ្យ ការអធិស្ឋាន សម្រាប់តែភាពសុខសាន្ដ នោះខ្ញុំបានរកឃើញថា ខ្ញុំកំពុងចូលកាន់តែជិត ចំពោះក្សត្រានៃសន្តិភាព។ នៅពេលខ្ញុំផ្ដើមខ្វល់ពីអនាគតរបស់ខ្ញុំ ខ្ញុំបានរំឭកដល់ខ្លួនឯងថា ព្រះអង្គគឺជា អាល់ហ្វានិងអូមេហ្កា—ជាទីចាប់ផ្ដើមនិងជាទីបញ្ចប់ ជាដើម ហើយក៏ជាចុង ផងដែរ។
ខ្ញុំបានអធិស្ឋានសម្រាប់ភាពថប់បារម្ភរបស់ខ្ញុំ ឱ្យវាបានចាកចេញឆ្ងាយទៅ ប៉ុន្តែ ខ្ញុំបានរកឃើញ នូវអ្វីដែលមានន័យយ៉ាងជ្រាលជ្រៅជាងនេះទៅទៀត៖ នោះគឺ វត្ដមានដ៏ពោរពេញដោយក្ដីស្រឡាញ់ និងលើសលប់ របស់អង្គព្រះយេស៊ូវ នៅក្នុងជីវិតរបស់ខ្ញុំ—សូម្បីតែនៅចំកណ្ដាលនៃភាពថប់បារម្ភ នោះក៏ដោយ។
-ចូឌិន
អំពីគម្រោងអាននេះ
ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។
More