មិនភ័យព្រួយសម្រាប់អ្វីទាំងអស់គំរូ

Anxious For Nothing

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ចុះប្រសិនបើអ្នកអាចសរសើរតម្កើងព្រះជាម្ចាស់ នៅក្នុងគ្រាអ្នកកំពុងមានការឈឺចាប់? លោក ប្រាយអិន ធ្លាប់ឆ្លងកាត់អាការៈថប់បារម្ភ ដែលនាំឱ្យគាត់ទទួលរងនូវរោគសញ្ញាខាងរូបកាយមួយចំំនួនផងដែរ។ ប៉ុន្តែតាមរយៈបទពិសោធន៍របស់គាត់ គាត់បានរកឃើញថា គាត់នៅមានការជាច្រើន សម្រាប់អរគុណព្រះ៖ 

ខ្ញុំធ្លាប់តទល់នឹងវិបត្តិថប់បារម្ភធ្ងន់ធ្ងរ និងភាពភាំងភ័យ ប៉ុន្មានឆ្នាំមុន ក្នុងខណៈពេលខ្ញុំកំពុងរស់នៅស្រុកក្រៅ ក្នុងអំឡុងពេលដ៏លំបាកមួយនៃជីវិតរបស់ខ្ញុំ។ ក្នុងខណៈពេលខ្ញុំកំពុងព្យាយាមរៀនភាសាមួយថ្មី ចាប់ផ្ដើមបង្កើតអាជីវកម្មថ្មី ធ្វើជាពន្លឺរបស់ព្រះគ្រីស្ទ នៅក្នុងតំបន់ដែលគ្មានវត្ដមានក្រុមជំនុំ ហើយជាឪពុកទៅដល់ កូនភ្លោះ មួយឆ្នាំ ផងនោះ វាប្រៀបដូចជារូបខ្ញុំ កំពុងធ្លាក់ចុះទៅក្នុងជ្រលងភ្នំដ៏ខ្មៅងងឹតមួយ អ៊ីចឹង។ 

អស់រយៈពេលជាច្រើនខែ ខ្ញុំធ្លាក់ខ្លួនរងទុក្ខ ទាំងឈឺទ្រូង ឈឺក្បាល និងមានជំងឺផ្សេងៗទៀត ដែលបង្កជាចលនា ប្រតិកម្ម ឱ្យក្លាយជាការភ័យខ្លាច និងកង្វល់ព្រួយ ដែលជាអ្វីមួយ រូបខ្ញុំមិនដែលធ្លាប់មានបទពិសោធន៍ពីមុន ទាល់តែសោះ។ រហូតមកដល់ដំណាក់កាលនៃជីវិតរបស់ខ្ញុំ ខ្ញុំមិនសូវដែលប្រយុទ្ធជាមួយនឹងកង្វល់ជាច្រើនណាស់ណាទេ។ ហើយប្រសិនបើខ្ញុំនិយាយឱ្យស្មោះត្រង់ទៅ ខ្ញុំថែមទាំងមានមោទនភាពចំពោះខ្លួនឯង ដែលមានភាពក្លាហាន ដែលហ៊ានប្រថុយធ្វើអ្វីផ្សេងៗ។ ប៉ុន្តែភ្លាមៗនោះ ខ្ញុំចាប់ផ្ដើមសញ្ជឹងគិត ផ្ដោតតែទៅលើតែរឿងរ៉ាវអាក្រក់ៗ—ទាំងជឿទុកចិត្ដថា មានអ្វីដែលខុសឆ្គងធ្ងន់ ឬអ្វីមួយអាក្រក់នឹងអាចកើតមានឡើងចំពោះក្រុមគ្រួសាររបស់ខ្ញុំ។ 

មានមនុស្សគាត់សួរមកខ្ញុំ ថាតើភាពថប់បារម្ភរបស់ខ្ញុំវាកើតឡើង ដោយសារតែស្ថានភាព សរីរាងកាយ ឬដោយផ្នែកខាងវិញ្ញាណ។ ដោយបានគិតពីកត្តាទាំងនេះជាយូរហើយ ខ្ញុំអាចឆ្លើយទាំងជឿទុកចិត្ដ ថាវា "ពិតមែន"។ ខ្ញុំជឿថាជារឿយៗ មាននូវកត្តាជាច្រើន ដែលជាប់ពាក់ព័ន្ធ។ ភាពតានតឹង មានរបៀបដល់កម្រិតពុះក្ដៅ ដែលសូម្បីតែអ្នកមានចិត្ដបើកចំហប៉ុណ្ណា ក៏ធ្ងន់ក ហើយងាយរងវិបត្តិរបស់វាដែរ។ 

ដូចគ្នាផងដែរ ចំពោះព្រំដែននៃរូបកាយ ឬជំងឺ ក្នុងចំណោមយើងមួយចំនួន មានអ្នកខ្លះ គាត់ទទួលរងច្រើនលើកច្រើនសា ពេលប្រព័ន្ធគីមីក្នុងរាងកាយយើងវាខុសប្រក្រតី។ បន្ថែមពីនោះ សត្រូវខាងវិញ្ញាណរបស់យើង មើលទៅប្រៀបដូចជា អ្នកឆ្លៀតឱកាស ដើម្បីវាយប្រហារ បំបាក់យើង នៅទីកន្លែងណា ដែលយើងកំពុងទន់ខ្សោយ។ 

នៅក្នុងការកើនរំឭកដ៏ពេញនិយម របស់សាវ័ក ប៉ុល លោក បានប្រជែងឱ្យយើងកុំមានចិត្ដខ្វល់ខ្វាយសម្រាប់អ្វីទាំងអស់ ដោយខគម្ពីរនេះ មានចែងនៅក្នុង ភីលីព ៤៖៦-៧ គឺលោកបានកោះហៅយើងឱ្យមិនត្រឹមតែអធិស្ឋានប៉ុណ្ណោះនោះទេ ប៉ុន្តែ គឺឱ្យយើងចេះថ្វាយការអរព្រះគុណផងដែរ។ បរិបទនៃការណែនាំរបស់សាវ័ក ប៉ុល គឺមិនស្ថិតនៅគ្រានៃការជិតទទួលបានភាពជោគជ័យ ឬបន្ទាប់ពីទទួលបានការបើកសម្ដែងដ៏អស្ចារ្យនោះដែរ។ តាមពិតទៅ សាវ័ក ប៉ុល ផ្ទាល់ដែលគាត់កំពុងប្រឈមនឹងវិបត្តិគួរឱ្យសង្វេគ។ គាត់បានសរសេរ ទៅដល់ក្រុមជំនុំនៅក្រុងភីលីព ក្នុងគ្រាដែលគាត់កំពុងជាប់នៅក្នុងគុក ហើយប្រឈមនឹងអនាគតដែលមិនប្រាកដជាក់លាក់ផង។ តែទោះយ៉ាងនេះក្ដី សំបុត្ររបស់គាត់ បានចាំងឆ្លុះពីអំណរ និងឥរិយាបថ ដ៏ជ្រាលជ្រៅ ក្នុងដួងចិត្ដត្រេកអរផង។ 

ដូច្នេះ នៅចំកណ្ដាលនៃភាពឈឺចាប់ យើងក៏អាចថ្វាយការសរសើរផងដែរ។ 

ខ្ញុំមិនជឿថា សាវ័ក ប៉ុល ស្នើឱ្យយើងទៅប្រមែប្រមូលការដឹងគុណ ដែលគ្មានភាពស្មោះត្រង់នោះទេ។ ខ្ញុំគិតថា សាវ័ក ប៉ុល កំពុងប្រជែងឱ្យយើងថ្វាយការអរគុណ ដែលសម ហើយត្រូវថ្វាយ ទោះបីស្ថិតនៅក្នុងចំណោមស្ថានភាព និងវិបត្តិណា ដែលយើងកំពុងឆ្លងកាត់ក៏ដោយ។ 

ខ្ញុំបានរុករកឃើញថា ខ្ញុំតែងតែមានអ្វី សម្រាប់អបអរសាទរជានិច្ច។ សូម្បីតែនៅក្នុងអំឡុងគ្រាលំបាក និងការល្បងល ដែលខ្ញុំបានឆ្លងកាត់ក្ដី ខ្ញុំក៏មានអ្វីៗ ដែលខ្ញុំអាចអរគុណព្រះផងដែរ។ តាមរយៈការស្មឹងស្មាធិ៍លើការទាំងអស់នោះ ហើយចេះបង្ហើបសំឡេងអរគុណថ្វាយទៅដល់ព្រះ នោះទង្វើទាំងនេះ នឹងជួយបំផ្លាស់បំប្រែ នូវទស្សនៈ និងកែតម្រូវដល់គំនិតរបស់ខ្ញុំវិញ។ 

គំនិតអវិជ្ជមាន ឬគំនិតតានតឹង ដ៏ច្រើនសន្ធឹក អាចបង្កើតនូវអារម្មណ៍ ដែលគិតថា អ្វីៗនឹងអន្តរាយ។ ប៉ុន្តែ នៅគ្រាដែលគ្រាន់តែថ្លែងពីការដឹងគុណដល់ព្រះជាម្ចាស់ ក្នុងន័យថាជាការពង្រឹង និងជាសកម្មភាពលត់ដំខ្លួន នោះខ្ញុំក៏តែងតែទទួលដឹង ថាបន្ទុកទាំងនោះ បានរំសាយ ឱ្យស្រាលទៅវិញដែរ។ 

ទាំងនេះ មិនមែនមានន័យថា ខ្ញុំមានរូបមន្តយុទ្ធសាស្រ្ដពិសេស ឱ្យទៅដល់ជីវិតដែលគ្មានភាពថប់បារម្ភនោះដែរ។ ប៉ុន្តែគោលការណ៍នៃការសរសើរតម្កើងព្រះជាម្ចាស់ ទោះបីជាក្នុងគ្រាដែលមានភាពឈឺចាប់ នោះគឺជាមាគ៌ា ទៅកាន់វត្ដមាននៃព្រះ ដែលនាំមកនូវជីវិត ដែលជាទីកន្លែង យើងអាចទទួលបាននូវភាពសុខសាន្ដ។ 

—ប្រាយអិន

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Anxious For Nothing

ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។

More

យើងខ្ញុំសូមអរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់: https://www.life.church/

គម្រោងអានដែលពាក់ព័ន្ធ