ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ។ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine) គំរូ
ព្រះបានឃើញយើង ជ្រើសរើសយើង ហើយនិងចាត់ឱ្យយើងទៅ។ តោះ! ចាំអីទៀត ចូរយើងចេញទៅ!
«ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ»។ -ម៉ាកុស ១៦៖១៥ គកស
ដោយបានលូតលាស់ក្រោមនាមជាកូនស្រីនៃជនភៀសខ្លួនពីប្រទេសក្រិក ជំនាន់ទី ១ នោះគឺវាមានន័យថា ខ្ញុំបានលូតលាស់ដឹងក្ដី ក្រោមសង្គមវប្បធម៌នៃប្រជាជនក្រិកយ៉ាងពេញទី។ ដោយសារតែឪពុកម្ដាយខ្ញុំ—ហើយនិងមិត្តទាំងប៉ុន្មានរបស់ពួកគាត់—បានមករស់នៅប្រទេសអូស្រ្តាលី ហើយពួកគាត់ពុំបានទៅទីពឹងនរណាផ្សេង ក្រៅពីគ្នាឯងនោះទេ។ ពួកគាត់បានរស់នៅជុំគ្នា ព្រមទាំងបង្កើតខែលនៃគំនិត ថាប្រសិនបើពួកគាត់រស់នៅក្បែរគ្នា សាមគ្គីគ្នា មានគ្នាច្រើន នោះនឹងគ្មានអ្វីនាំឱ្យពួកគាត់បាត់បង់នូវទីសុខសុវត្ថិភាពបានឡើយ។ ហេតុដូច្នេះ ក្នុងវ័យកុមារភាពរបស់ខ្ញុំទាំងមូល នោះខ្ញុំមាន ឪពុកម្ដាយ ពូមីង បងប្អូនជីដូនមួយ មិត្តភក្តិ និងអ្នកជិតខាងទាំងឡាយ រស់នៅក្បែរៗជិតៗគ្នា ក្នុងសហគមន៍មួយ យ៉ាងស្អិតរមួត តាមតែពួកគាត់អាចធ្វើទៅបាន។ ព្រោះពួកគាត់ខ្លាចថាបើពួកគាត់ចាកចេញទៅណាឆ្ងាយ នោះវាអាចមានរឿងអ្វីមិនល្អកើតឡើង ហើយវានឹងក្លាយទៅជារឿងដ៏យ៉ាប់យ៉ឺន។ ហើយហេតុផល ក៏មិនមែនដោយសារតែពួកគាត់មិនចេះភាសាអង់គ្លេសស្ទាត់នោះដែរ។ ឪពុកម្ដាយខ្ញុំ តាមពិតទៅ ពួកគាត់ចេះដល់ទៅ ៥ ភាសា ឯណោះ! ក្នុងនោះមានដូចជា អារ៉ាប់ ក្រិក បារាំង អ៊ីតាលី និងអង់គ្លេស។ ពួកគាត់គឺជាមនុស្សឆ្លាតវៃណាស់! ពួកគាត់មានភាពវាងវៃ ក្នុងការសម្របទៅក្នុងសង្គមទំនើបបានយ៉ាងប្រសើរ ប៉ុន្តែ ពួកគាត់ជ្រើសរើសរស់នៅក្នុងពិភពលោកតូចមួយ ក្រោមជីវិតដែលគាត់អាចគ្រប់គ្រងបាន។
ពេលខ្លះ ខ្ញុំគិតថា ក្នុងនាមយើងជាគ្រីស្ទបរិស័ទ នោះយើង មានចរិតលក្ខណៈស្រដៀងគ្នានឹងទង្វើនេះ។ យើងរស់នៅប្រៀបដូចនៅក្នុងពពុះមួយ ដែលមានតែយើង ដោយនៅក្នុងនោះមានតែក្រុមសហគមន៍គ្រីស្ទបរិស័ទ ដែលមានអ្នកជឿប្រហាក់ប្រហែលគ្នា ហើយមិនសូវជាត្រូវខ្វល់ពីអ្នកមិនទាន់បានសង្គ្រោះអីទេ។ បើគិតទៅ យើងប្រហែលជាចង់លាក់ខ្លួននៅទីនោះ យើងមិនចង់ស៊ាំញ៉ាំ ទៅសម្របធ្វើចិត្តដូច្នេះ ឬដូច្នោះ គឺធ្វើយ៉ាងណាឱ្យតែបានស្រួលក្នុងជីវិតនិងស្ថានភាពដែលយើងអាចគ្រប់គ្រងបាន នោះល្មមហើយ។ យើងតាក់តែងរូបភាពមួយ ថាស្ថានសួគ៌មានរូបរាងយ៉ាងណានៅលើផែនដី ហើយយើងអង្គុយឱបក្បាលជង្គង់ទាំងសង្ឃឹមថាអ្វីៗនឹងដើរទៅមុខបានយ៉ាងល្អ ទម្រាំនឹងយើងលាចាកចេញពីផែនដីនេះ។ តែនៅគ្រាដែលយើងគិតដូច្នោះ ព្រះយេស៊ូវ បានឃើញយើង និងទ្រង់បានជ្រើសរើសយើង ហើយព្រះអង្គបានចាត់ឱ្យយើងចេញទៅក្នុងពិភពលោកទាំងមូល ដើម្បីបង្កើតសិស្ស។ យើងមិនអាចយកសេចក្ដីបង្គាប់បញ្ជារបស់ព្រះអង្គ ធ្វើជាអាទិភាពចម្បងទីមួយរបស់យើងបានទេ ប្រសិនបើយើងមិនហ៊ានបំបែកពពុះដែលយើងកំពុងតែស្នាក់នៅនោះ។
ព្រះយេស៊ូវមិនបានសង្គ្រោះយើង ដើម្បីឱ្យយើងបង្កើតសង្គមវប្បធម៌របស់គ្រីស្ទបរិស័ទតូចមួយនោះទេ។ ព្រះអង្គមិនសង្គ្រោះយើង ដើម្បីឱ្យយើងគេចវេះពីមនុស្សដែលមិនចូលចិត្តយើង មិនមានចរិតដូចយើង មិនគិតដូចជាយើង ឬមិនជឿដូចជាយើងនោះដែរ។ ព្រះអង្គមិនបានសង្គ្រោះយើង ដើម្បីឱ្យយើងលាក់ខ្លួនពីពិភពលោក ឬផ្ដន្ទាទោសពិភពលោកដែរ។ តាមពិតទៅ ព្រះអង្គសព្វព្រះទ័យចាត់បញ្ជូនយើងឱ្យទៅក្នុងពិភពលោក…ដើម្បីឱ្យយើងបង្កើតសិស្ស… ដើម្បីឱ្យយើងចេះស្រឡាញ់មនុស្សក្នុងលោក ដែលព្រះបានបង្កើតមក ហើយជាមនុស្សដែលព្រះអង្គស្រឡាញ់យ៉ាងស្រទន់ និងឥតស្រាកស្រាន្តផងដែរ។
«ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ»
ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក។
ចូរចេញទៅ ដើម្បីស្រឡាញ់ដល់អ្នកដែលកំពុងតែវង្វេងនិងបាត់បង់។
ចូរចេញទៅ ដើម្បីស្វែងយល់ពីអ្នកដែលកំពុងតែវង្វេងនិងបាត់បង់។
ចូរចេញទៅ ដើម្បីផ្ដល់ក្ដីមេត្តាករុណាដល់អ្នកវង្វេងនិងបាត់បង់។
ចូរចេញទៅ ដើម្បីប្រាប់អ្នកដែលវង្វេង មិនស្គាល់ពីព្រះយេស៊ូវ។
ចូរចេញទៅ ដើម្បីបង្កើតសិស្ស។
សេចក្ដីអធិស្ឋាន
បពិត្រព្រះវរបិតា សូមអរគុណព្រះអង្គដែលទ្រង់បានទតឃើញទូលបង្គំ បានជ្រើសរើសទូលបង្គំ និងបានចាត់ទូលបង្គំឱ្យចេញទៅ។ សូមជួយទូលបង្គំឱ្យមានកម្លាំងនិងសេចក្ដីក្លាហាន ដើម្បីទៅគ្រប់ទីកន្លែងដែលព្រះអង្គមានបន្ទូលឱ្យទូលបង្គំចេញទៅ ហើយនិងដើម្បីធ្វើតាមរាល់អ្វីៗ ដែលព្រះអង្គត្រាស់ហៅឱ្យទូលបង្គំធ្វើ។ អាមែន។
សម្រាប់មេរៀនបន្ថែមទៀតអំពីសេចក្ដីទាំងនេះ ចូរចូលទៅកាន់ www.christinecaine.com/2020study
ដកស្រង់ពី ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine)។ រក្សាសិទ្ធិ © 2019 ដោយគ្រីស្ទីន ខេន។ បោះពុម្ពសាជាថ្មី ដោយមានការអនុញ្ញាតពី ព័ន្ធកិច្ច ផ្លូវជីវិតស្រ្តី (Lifeway Women)។ រក្សាសិទ្ធិគ្រប់យ៉ាង។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើអ្នកអាចនឹកស្រមៃពីអារម្មណ៍ ដោយព្រោះអ្នកដឹងថាព្រះបានសម្លឹងមើលឃើញពីរូបអ្នក ទាំងផ្ដល់តម្លៃដល់អ្នក ដូច្នេះហើយ អ្នកមិនអាចនៅស្ងៀមបានទេ អ្នកត្រូវតែមានដួងចិត្តហ៊ានសម្លឹងមើលពីអ្នកដទៃ ទាំងឱ្យគេបានដឹងពីតម្លៃរបស់គេ តើអ្នកអាចស្រមៃឃើញយ៉ាងដូច្នេះបានដែរឬទេ? តើអ្នកអាចនឹកស្រមៃថាជារៀងរាល់ថ្ងៃ ទោះជាអ្នករស់នៅក្នុងជីវិតសាមញ្ញ នោះអ្នកនៅតែអាចជះឥទ្ធិពលដ៏នៅអស់កល្បជានិច្ច បានដែរឬទេ? គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយ គ្រីស្ទីន ខេន (Christine Caine) នឹងជួយដល់អ្នក ឱ្យស្វែងរកឃើញ ពីរបៀបដែលព្រះជាម្ចាស់បានទតឃើញពីរូបអ្នក បានជ្រើសរើសរូបអ្នក និងបានចាត់ឱ្យអ្នកទៅឃើញពីមនុស្សដទៃ និងជួយឱ្យពួកគេបានដឹងពីទំហំនៃតម្លៃរបស់ពួកគេ តាមដែលព្រះទតមើលឃើញពីពួកគេ—ជាមួយនឹងចក្ខុវិស័យ ឬដូចកម្រិតកែវភ្នែក មើលឃើញច្បាស់ ២០/២០ អញ្ចឹងនោះដែរ។
More