ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ។ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine) គំរូ
យកសេចក្ដីបង្គាប់ចុងក្រោយរបស់ព្រះយេស៊ូវធ្វើជាអាទិភាពចម្បងបំផុតរបស់អ្នក
ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្ស នៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ -ម៉ាថាយ ២៨៖១៩-២០ គកស១៦
ខគម្ពីរទាំងនេះ តែងតែលើកឡើងថាជា មហាបេសកកម្មដ៏អស្ចារ្យ ដោយព្រោះតែព្រះបានប្រគល់សិទ្ធិឱ្យយើង "ទៅបង្កើតសិស្ស"។ លោក ម៉ាថាយ បានកត់ត្រាថា ពាក្យនេះ គឺជាព្រះបន្ទូលចុងក្រោយដែលព្រះយេស៊ូវបានថ្លែង មុនពេលព្រះអង្គបានលើកឡើងទៅឯស្ថានសួគ៌។
ជាធម្មតា ពាក្យទាំងប៉ុន្មាន ដែលនរណាម្នាក់ និយាយនៅគ្រាចុងក្រោយ តែងតែជារឿងសំខាន់ មែនដែរឬយ៉ាងណា? ប្រសិនបើមាននរណាម្នាក់ គាត់សរសេរពីបណ្ដាំចុងក្រោយ និងជាមរតកសាសន៍ នោះគឺគាត់កំពុងតែកត់ត្រាសេចក្ដីបង្គាប់ណែនាំនិងការរំឭកចងចាំជាចុងក្រោយដែរហើយ។ ហើយពាក្យពេចន៍ទាំងប៉ុន្មាននោះ នឹងធ្វើឱ្យយើងមិនអាចបំភ្លេចបានឡើយ មែនឬទេ?
នៅពេលដែលម្ដាយខ្ញុំ គាត់បានចែកឋានទៅ ថ្ងៃនោះ គឺធ្លាក់ចំថ្ងៃខួបកំណើតគម្រប់ទី ៥០ ឆ្នាំ របស់ខ្ញុំ។ ប្ដីខ្ញុំ គាត់បានរៀបចំពិធីខួបកំណើតដ៏រំភើបមួយសម្រាប់ខ្ញុំ ហើយបានអញ្ជើញមិត្តភក្តិជាច្រើន ហើយនៅពេលដែលខ្ញុំធ្វើដំណើរមកផ្ទះ នោះខ្ញុំឃើញបងប្រុសរបស់ខ្ញុំ ឈ្មោះ អេនដ្រូ គាត់តេមកទូរស័ព្ទរបស់ខ្ញុំជាច្រើនដង។ រួចហើយមានសារមួយប្រាប់មកថា៖ «ម៉ាក់គាត់ផុតដង្ហើមហើយ»។ ខ្ញុំពិតជាមិនអាចបំភ្លេចបាន ហើយក៏មានចិត្តដឹងគុណគាត់ជាខ្លាំង ដោយបងប្រុសម្នាក់ទៀតរបស់ខ្ញុំ ឈ្មោះ ចូច គាត់បានជួយឱ្យម្ដាយខ្ញុំអាចខលវីដេអូ មកខ្ញុំប៉ុន្មានម៉ោងមុន នៅថ្ងៃនោះ។ ខ្ញុំបាននិយាយប្រាប់ម្ដាយខ្ញុំថា ខ្ញុំនឹងតេទៅគាត់បន្ទាប់ពីពេលខ្ញុំធ្វើខួបកំណើតហើយ ហើយខ្ញុំនឹងប្រាប់គាត់ពីរាល់រឿងអ្វីៗទាំងឡាយដែលបានកើតឡើងយ៉ាងសប្បាយនៅថ្ងៃនោះ។ ខ្ញុំតែងតែយកទុកជាទ្រព្យ ចំពោះអនុស្សាវរីយ៍ចុងក្រោយ ដែលខ្ញុំមានជាមួយម្ដាយរបស់ខ្ញុំ—ទាំងបានសម្លឹងឃើញមុខ និងនៅជាប់ដិតស្នាមញញឹម និងបានស្ដាប់ឮពាក្យចុងក្រោយ ដែលគាត់ប្រាប់មកខ្ញុំថា៖ «ម៉ាក់ស្រឡាញ់កូន»។
តើមិនឱ្យខ្ញុំមិនយកពាក្យពេចន៍ទាំងប៉ុន្មានចុងក្រោយនោះ យកមកធ្វើជាទ្រព្យ យ៉ាងដូចម្ដេចកើត?
តើអ្នកធ្លាប់មាននរណាម្នាក់ ផ្ដែផ្ដាំពាក្យពេចន៍ចុងក្រោយឱ្យមកដល់អ្នកដែរឬទេ? តើអ្នកនឹងធ្វើយ៉ាងណា ប្រសិនបើបណ្ដាំចុងក្រោយនោះ មានភ្ជាប់មកនូវសេចក្ដីណែនាំមួយនោះ? ចុះបើបណ្ដាំចុងក្រោយនោះ គឺជាពាក្យអង្វរ ដែលប្រាប់ថា៖ «ជួយមើលប្អូនៗ» ឬថា «ជួយមើលថែម៉ែរបស់កូនជំនួសប៉ាផង» នោះ? តើការស្នើនេះ នឹងមិនក្លាយទៅជាបេសកកម្មក្នុងជីវិតរបស់អ្នក ទេឬយ៉ាងណា? តើការស្នើនេះ នឹងមិនក្លាយទៅជាអាទិភាពដ៏ធំចម្បងបំផុតរបស់អ្នក ដែរទេឬយ៉ាងណា?
តើនេះមិនដល់ពេលដែលយើងត្រូវយកបណ្ដាំចុងក្រោយរបស់ព្រះយេស៊ូវ—ដែលជាសេចក្ដីបង្គាប់បញ្ជាចុងក្រោយ—មកធ្វើជាអាទិភាពដ៏ធំបំផុតរបស់យើងទេឬយ៉ាងណា?
ចូរនឹកស្រមៃថានឹងមានរឿងអ្វីកើតឡើង ប្រសិនបើយើងថ្វាយជីវិតរបស់យើងទៅព្រះ ដើម្បីឱ្យព្រះអង្គប្រទានព្រះហឫទ័យក្ដួលអាណិត សិទ្ធិអំណាច ព្រះវត្តមាន សេចក្ដីពិត និងសេចក្ដីស្រឡាញ់របស់ព្រះអង្គមក ដើម្បីឱ្យមនុស្សលោកបានដឹង ពីការអស់ទាំងនេះ។ តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើនៅគ្រប់ទីកន្លែងដែលយើងទៅ និងគ្រប់ការប្រាស្រ័យទាក់ទងដែលយើងបានមាន ហើយយើងដាក់ចិត្តចំពោះព្រះថា៖ «ឱ ព្រះអង្គអើយ ទូលបង្គំនៅទីនេះ សម្រាប់ឱ្យព្រះអង្គប្រើ។ សូមចាត់កូន។ សូមប្រើប្រាស់ពេលវេលានេះ។ សូមប្រើប្រាស់ការប្រាស្រ័យទាក់ទងនេះ ដើម្បីជួយឱ្យមនុស្សដទៃទៀត បានចូលទៅជិតស្និទ្ធជាមួយនឹងព្រះអង្គ?»។ បើអ្នកទូលសូមដូច្នេះ តើអ្នកគិតថា ព្រះនឹងឆ្លើយតបចំពោះសេចក្ដីអធិស្ឋាននេះដែរឬទេ? ខ្ញុំជឿប្រាកដជាក់ក្នុងចិត្តថា ព្រះអង្គពិតជាឆ្លើយតប។
ព្រះជាម្ចាស់បានជ្រើសរើសរូបអ្នក ហើយនិងខ្ញុំ ដើម្បីធ្វើឱ្យពិភពលោកបានស្គាល់ពីព្រះអង្គ។ គ្មានផែនការទី ២ ផ្សេងពីនេះទៀតឡើយ។ យើងទាំងអស់គ្នា គឺជាគម្រោងផែនការទី ១ របស់ព្រះជាម្ចាស់។ ដូច្នេះ តោះ! ចូរយកបណ្ដាំនិងសេចក្ដីបង្គាប់បញ្ជាចុងក្រោយរបស់ព្រះយេស៊ូវ ធ្វើជាអាទិភាពដ៏ធំបំផុតរបស់យើង។
សេចក្ដីអធិស្ឋាន
ឱ ព្រះអម្ចាស់អើយ មិនថាទូលបង្គំទៅទីណានោះទេ នៅថ្ងៃនេះ។ សូមព្រះអង្គប្រើប្រាស់ទូលបង្គំ។ សូមប្រើប្រាស់រាល់ការប្រាស្រ័យទាក់ទង រាល់ការណាត់ជួប ឬការជួបដោយមិនបានព្រៀងទុក សូមព្រះជួយឱ្យពេលនោះ ជាពេលដែលនឹងជួយឱ្យមនុស្សបានខិតចូលទៅជិតព្រះអង្គ។ ទូលបង្គំត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចេញទៅបង្កើតសិស្ស។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។
ដកស្រង់ពី ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine)។ រក្សាសិទ្ធិ © 2019 ដោយគ្រីស្ទីន ខេន។ បោះពុម្ពសាជាថ្មី ដោយមានការអនុញ្ញាតពី ព័ន្ធកិច្ច ផ្លូវជីវិតស្រ្តី (Lifeway Women)។ រក្សាសិទ្ធិគ្រប់យ៉ាង។
អំពីគម្រោងអាននេះ
តើអ្នកអាចនឹកស្រមៃពីអារម្មណ៍ ដោយព្រោះអ្នកដឹងថាព្រះបានសម្លឹងមើលឃើញពីរូបអ្នក ទាំងផ្ដល់តម្លៃដល់អ្នក ដូច្នេះហើយ អ្នកមិនអាចនៅស្ងៀមបានទេ អ្នកត្រូវតែមានដួងចិត្តហ៊ានសម្លឹងមើលពីអ្នកដទៃ ទាំងឱ្យគេបានដឹងពីតម្លៃរបស់គេ តើអ្នកអាចស្រមៃឃើញយ៉ាងដូច្នេះបានដែរឬទេ? តើអ្នកអាចនឹកស្រមៃថាជារៀងរាល់ថ្ងៃ ទោះជាអ្នករស់នៅក្នុងជីវិតសាមញ្ញ នោះអ្នកនៅតែអាចជះឥទ្ធិពលដ៏នៅអស់កល្បជានិច្ច បានដែរឬទេ? គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយ គ្រីស្ទីន ខេន (Christine Caine) នឹងជួយដល់អ្នក ឱ្យស្វែងរកឃើញ ពីរបៀបដែលព្រះជាម្ចាស់បានទតឃើញពីរូបអ្នក បានជ្រើសរើសរូបអ្នក និងបានចាត់ឱ្យអ្នកទៅឃើញពីមនុស្សដទៃ និងជួយឱ្យពួកគេបានដឹងពីទំហំនៃតម្លៃរបស់ពួកគេ តាមដែលព្រះទតមើលឃើញពីពួកគេ—ជាមួយនឹងចក្ខុវិស័យ ឬដូចកម្រិតកែវភ្នែក មើលឃើញច្បាស់ ២០/២០ អញ្ចឹងនោះដែរ។
More