ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ។ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine) គំរូ
![20/20: Seen. Chosen. Sent. By Christine Caine](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F15798%2F1280x720.jpg&w=3840&q=75)
តោះ! ចូរស្រឡាញ់អ្នកជិតខាងរបស់យើង
នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា៖ «លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «តើក្នុងក្រឹត្យវិន័យ មានចែងអ្វីខ្លះ? តើអ្នកមើលយល់ដូចម្តេច»? អ្នកនោះទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីគំនិតអ្នក ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត»។ ប៉ុន្ដែ អ្នកនោះចង់សម្តែងថាខ្លួនសុចរិត ក៏ទូលសួរទៀតថា៖ «តើអ្នកណាជាអ្នកជិតខាងខ្ញុំ?» -លូកា ១០៖២៥-២៩
រឿងសាសន៍សាម៉ារីចិត្តល្អ គឺជាប្រស្នាដែលព្រះយេស៊ូវបានប្រាប់អំពីបុរសម្នាក់ ដែលគាត់បានស្ថិតនៅទីកន្លែងខុសនិងពេលវេលាខុស ដោយហេតុថា គាត់បានទៅជួបបុរសម្នាក់ទៀត ដែលពួកចោរបានវាយប្រហារ នៅសល់តែដង្ហើមចង្រឹត ដែលគេបានទុកគាត់ចោលនៅក្បែរផ្លូវគេដើរកាត់ទៅទីក្រុង។
ដូចដែលរឿងមានដំណាលតទៅទៀត នោះមានមនុស្ស ម្នាក់ពីរនាក់ដែរ ដែលបានដើរឆ្លងកាត់ទីនោះ ហើយអ្នកទាំងនោះ សុទ្ធសឹងតែជាមនុស្សគេរាប់ថាជាអ្នកកាន់សាសនាយ៉ាងខ្ជាប់ខ្ជួន—ដែលគេជាសម្ដេចសង្ឃនៃសាសន៍យូដាហើយនិងជាអំបូរសង្ឃ មកពីកុលសម្ព័ន្ធលេវី—អ្នកទាំងពីរនេះ គាត់ស្គាល់ព្រះបន្ទូលព្រះច្បាស់លាស់ណាស់ ហើយពួកគាត់ក៏មានឋានៈនិងសិទ្ធិអំណាចយ៉ាងខ្ពង់ខ្ពស់នៅក្នុងទីប្រជុំ ក្នុងអគារពួកជំនុំផងដែរ។ តែពួកគាត់ទាំងពីរនោះ បានដើររំលងទៅមុខបន្តទៅទៀតបាត់។ រួចមានបុរសទីបីបានមក ដែលគាត់នេះ មិនមែនជាកាន់សាសនាអីទេ ប៉ុន្តែជាសាសន៍សាម៉ារី។ ពេលគាត់បានឃើញបុរសរងរបួស នោះគាត់មានចិត្តក្ដុកក្ដួលអាណិតជាខ្លាំង។ រួចគាត់បានទៅជួយបុរសនោះ។
មនុស្សទាំងបីសុទ្ធតែមានភារៈកិច្ចរៀងៗខ្លួន។ ពួកគេត្រូវទៅណាទៅណីចាំបាច់តាមតម្រូវការ ប៉ុន្តែ មានតែម្នាក់ទេ ដែលហ៊ានស្ម័គ្រចិត្ត ទាំងរំខានកិច្ចការ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនថែមទៀត។ គាត់មិនត្រឹមតែបានផ្ដល់ពេលវេលា ប៉ុន្តែគាត់បានផ្ដល់ជាថវិកានិងធនធានរបស់គាត់ថែមទៀតផង។ ហើយគាត់នេះ គឺជាសាសន៍សាម៉ារី—ដែលជាជនជាតិដែលពួកសាសន៍យូដា គេស្អប់ខ្ពើម ដោយសារតែពួកគេមានទំនៀមទម្លាប់និងវប្បធម៌ផ្សេង។ បុរសម្នាក់នេះ បានស្រឡាញ់ដូចជាព្រះបានស្រឡាញ់ ដោយព្រោះគាត់បានបំបែករនាំងនៃភាពរើសអើងនិងការប្រកាន់ពូជសាសន៍។ គាត់បានស្រឡាញ់អ្នកជិតខាងរបស់គាត់ ប្រៀបដូចជាគាត់បានស្រឡាញ់ខ្លួនឯងដែរ។
បន្ទាប់ពីព្រះយេស៊ូវបាននិយាយប្រាប់រឿងនេះហើយ ព្រះអង្គបានប្រទានសេចក្ដីណែនាំមួយ៖ «ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នេះដែរ» (លូកា ១០៖៣៧)។
ខ្ញុំជាស្រ្តីម្នាក់ដែលមមាញឹក។ ជាប្រពន្ធដែលតែងរវល់។ និងជាម្ដាយមានកូនពីរនាក់។ ដូច្នេះខ្ញុំមិនសូវជាមានពេលនៅស្ងៀមទេ។ មានភារៈកិច្ចល្មមគ្រប់គ្រាន់ដែលខ្ញុំចាំបាច់ត្រូវធ្វើ។ ប៉ុន្តែព្រះជាម្ចាស់សព្វព្រះទ័យចង់បង្អាក់ជីវិតនិងគម្រោងផែនការរបស់ខ្ញុំ ដើម្បីសម្រេចគោលបំណងរបស់ព្រះអង្គ។ ព្រះជាម្ចាស់សព្វព្រះទ័យឱ្យខ្ញុំទៅដើរឆ្លងផ្លូវ ដើម្បីឱ្យខ្ញុំបានទៅជួបមនុស្សដែលខ្ញុំមិនធ្លាប់ស្គាល់ ហើយមិនដែលដឹងថាគាត់មានស្ថានភាពបែបដូច្នោះ។ ព្រះអង្គសព្វព្រះទ័យឱ្យខ្ញុំទៅស្វែងរកមើលអស់បុរស ស្រ្តី ព្រមទាំងក្មេងៗ ដែលកំពុងតែបាត់ខ្លួន ក្នុងភាពជាទាសករក្នុងយុគសម័យទំនើបនេះ។
តើនរណាជាអ្នកជិតខាងរបស់អ្នក?
សម្រាប់រូបខ្ញុំ គេគឺជាជងរងគ្រោះទាំងឡាយ ដែលធ្លាប់ត្រូវបានគេយកទៅជួញដូរ។ អ្នកទាំងនោះហើយគឺជាអ្នកជិតខាងរបស់ខ្ញុំ។ មនុស្សដែលខ្ញុំជួបនៅឯក្រុមជំនុំ។ ពួកគាត់គឺជាអ្នកជិតខាងខ្ញុំ។ ស្រ្តីដែលរស់នៅខាងមុខផ្លូវរបស់ខ្ញុំ។ ពួកគាត់ជាអ្នកជិតខាងរបស់ខ្ញុំ។ មនុស្សដែលគ្មានផ្ទះសំបែង និងជាជនអនាថា។ អ្នកនោះគឺជាអ្នកជិតខាងរបស់ខ្ញុំ។ អ្នកដែលមានតម្រូវការ ហើយខ្ញុំអាចជួយបំពេញតម្រូវការរបស់គាត់បាន។ អ្នកទាំងនោះហើយ ដែលជាអ្នកជិតខាងរបស់ខ្ញុំ។
ប្រសិនបើយើងត្រូវឈោងចាប់ទៅដល់ពិភពលោករបស់យើង នោះយើងត្រូវតែមើលឃើញថាមនុស្សគ្រប់រូបគឺជាអ្នកជិតខាងរបស់យើង។ មនុស្សគ្រប់រូប គឺពិតជាសក្ដិសមនឹងទទួលបានពីក្ដីស្រឡាញ់របស់យើង មិនថាជាគេមានជំនឿផ្សេង មានសកម្មភាពផ្សេង ឬមានអត្តចរិតផ្សេងនោះទេ ពីព្រោះព្រះជាម្ចាស់មើលឃើញ ថាពួកគេគឺជាមនុស្សដ៏ជាទីស្រឡាញ់ ហើយជាមនុស្សដែលត្រូវការការប្រោសលោះពីព្រះគុណរបស់ព្រះអង្គ។
សេចក្ដីអធិស្ឋាន
ព្រះជាម្ចាស់អើយ ទូលបង្គំជ្រើសរើសដើរឆ្លងផ្លូវ ដើម្បីទៅជួយដល់អ្នកជិតខាងរបស់ទូលបង្គំ។ ដើម្បីស្រឡាញ់ពួកគេ ដូចទូលបង្គំស្រឡាញ់រូបខ្លួនឯង។ សូមអរគុណព្រះអង្គ ដែលតែងតែរំឭកទូលបង្គំឱ្យចងចាំ ថាទូលបង្គំមិនរវល់ខ្លាំងពេក ដល់ថ្នាក់ថាទូលបង្គំមិនអាចមានពេលសម្រាប់ពួកគាត់នោះទេ។ ទូលបង្គំសូមទូលថ្វាយក្នុងនាមព្រះយេស៊ូវ។ អាមែន។
ដកស្រង់ពី ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine)។ រក្សាសិទ្ធិ © 2019 ដោយគ្រីស្ទីន ខេន។ បោះពុម្ពសាជាថ្មី ដោយមានការអនុញ្ញាតពី ព័ន្ធកិច្ច ផ្លូវជីវិតស្រ្តី (Lifeway Women)។ រក្សាសិទ្ធិគ្រប់យ៉ាង។
អំពីគម្រោងអាននេះ
![20/20: Seen. Chosen. Sent. By Christine Caine](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F15798%2F1280x720.jpg&w=3840&q=75)
តើអ្នកអាចនឹកស្រមៃពីអារម្មណ៍ ដោយព្រោះអ្នកដឹងថាព្រះបានសម្លឹងមើលឃើញពីរូបអ្នក ទាំងផ្ដល់តម្លៃដល់អ្នក ដូច្នេះហើយ អ្នកមិនអាចនៅស្ងៀមបានទេ អ្នកត្រូវតែមានដួងចិត្តហ៊ានសម្លឹងមើលពីអ្នកដទៃ ទាំងឱ្យគេបានដឹងពីតម្លៃរបស់គេ តើអ្នកអាចស្រមៃឃើញយ៉ាងដូច្នេះបានដែរឬទេ? តើអ្នកអាចនឹកស្រមៃថាជារៀងរាល់ថ្ងៃ ទោះជាអ្នករស់នៅក្នុងជីវិតសាមញ្ញ នោះអ្នកនៅតែអាចជះឥទ្ធិពលដ៏នៅអស់កល្បជានិច្ច បានដែរឬទេ? គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយ គ្រីស្ទីន ខេន (Christine Caine) នឹងជួយដល់អ្នក ឱ្យស្វែងរកឃើញ ពីរបៀបដែលព្រះជាម្ចាស់បានទតឃើញពីរូបអ្នក បានជ្រើសរើសរូបអ្នក និងបានចាត់ឱ្យអ្នកទៅឃើញពីមនុស្សដទៃ និងជួយឱ្យពួកគេបានដឹងពីទំហំនៃតម្លៃរបស់ពួកគេ តាមដែលព្រះទតមើលឃើញពីពួកគេ—ជាមួយនឹងចក្ខុវិស័យ ឬដូចកម្រិតកែវភ្នែក មើលឃើញច្បាស់ ២០/២០ អញ្ចឹងនោះដែរ។
More