ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ។ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine) គំរូ
ព្រះបានចាត់អ្នកឱ្យទៅ
ទូលបង្គំមិនទូលសូមឲ្យព្រះអង្គយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យព្រះអង្គការពារគេពីអាកំណាចវិញ។ គេមិនមែនជារបស់លោកីយ៍ ដូចជាទូលបង្គំមិនមែនជារបស់លោកីយ៍ដែរ។ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិត គឺជាព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំចាត់គេឲ្យទៅក្នុងពិភពលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកដែរ។ រីឯទូលបង្គំបានញែកខ្លួនជាបរិសុទ្ធ ដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកជាបរិសុទ្ធ ដោយសារសេចក្តីពិតដែរ។ -យ៉ូហាន ១៧៖១៥-១៩ គកស១៦
នៅពេលដែលខ្ញុំហើយនិងនីក ទើបបានរៀបការនឹងគ្នាហើយនៅគ្រាដំបូង នោះយើងគ្មានកម្មវិធីទូរស័ព្ទ ដើម្បីជួយត្រួសត្រាយផ្លូវឱ្យយើងទេ។ យើងយកផែនទីមកអាន ហើយពេលលាតវាម្ដងៗ ផែនទីនោះ វាបាំងកញ្ចក់ឡានជិតអស់។ ហើយនៅពេលដែលត្រូវបត់វាយកទៅទុកវិញ នោះខ្ញុំមិនដែលអាចបត់វាឱ្យដូចសភាពដើមយ៉ាងម៉េចទេ។ គ្រាន់តែប៉ុណ្ណឹង វាល្មមធ្វើឱ្យការដើរកម្សាន្តរបស់យើងវាយ៉ាប់បាត់ទៅហើយ! នៅពេលដែលមានកម្មវិធីណែនាំផ្លូវ ដូចជា ឧបករណ៍ ណេវមេន (Navman) នោះខ្ញុំមានអារម្មណ៍ធូរស្បើយមែនទែន។ វាប្រៀបដូចជាមានគេមករំដោះឱ្យយើងឆ្លងផុតពីគ្រោះនៃចំណងអាពាហ៍ពិពាហ៍អញ្ចឹង។ ដោយគ្រាន់តែជាវនិងបង់ថ្លៃតាមវិធីដ៏សាមញ្ញមួយ នោះយើងទទួលបានបទពិសោធន៍នៃភាពសុខសាន្ត ដែលយើងមិនធ្លាប់បានស្គាល់តាំងពីពេលមុន។
ប៉ុន្តែតាមពិតទៅ វាមិនមែនដោយសារតែ ឧបករណ៍ ណេវមេន នោះទេ។ តែវាជា ណេវវ៉ូមេន (ភាសាអង់គ្លេស មេន-man មានថា បុរស ហើយ វ៉ូមេន-woman នោះមានន័យថាជាស្រ្តី) ដោយនៅក្នុងឧបករណ៍ មានសំឡេងនិយាយប្រាប់ ហើយនោះជាសំឡេងរបស់ស្រ្តី ដែលបញ្ចេញនូវសូរសៀងដ៏ពិរោះរន្តំ ដូចរាល់ពេលថា៖ «ពេលទៅដល់រង្វង់មូល សូមបត់តាមច្រកចេញទី ២»។ ហើយនៅពេលដែលអ្នកបើកបរធ្វើដំណើរទៅហួស នោះឧបករណ៍និងបញ្ចេញសំឡេងបែបថប់ខ្យល់ថា៖ «កំពុងតែរកផ្លូវ… កំពុងតែរកផ្លូវផ្សេង»។
ជាដំបូងឡើយ ខ្ញុំគិតថាស្រ្តីនោះគឺឡូយណាស់ ហើយខ្ញុំក៏បានដាក់ឈ្មោះឱ្យនាងថា ម៉ាថីលដា។ ប៉ុន្តែ មិនយូរប៉ុន្មាន ខ្ញុំសម្គាល់ឃើញថា ប្ដីខ្ញុំគាត់ស្ដាប់បង្គាប់តាមតែអ្វីនាងនិយាយ! គាត់មិនធុញ។ គាត់មិនស្មុគចិត្ត ដូចពេលដែលគាត់ធ្វើខុស ឬត្រូវត្រឡប់ថយក្រោយអី ក៏គាត់មិនប្រកែកដែរ។ គាត់មិនអាក់អន់ចិត្ត។ គាត់មិនតបតមាត់អីបន្តិច។ គាត់ធ្វើតាមនាងយ៉ាងស្ងប់ស្ងៀម។ ដល់អញ្ចឹងទៅ ខ្ញុំស្រឡាំងកាំងតែម្ដង។ ខ្ញុំពរពោះកូនឱ្យគាត់ដល់ទៅ ២ នាក់ ហើយគាត់បែរជាស្ដាប់បង្គាប់ការប្រាប់ទិសដៅរបស់នាងនោះ ច្រើនជាងខ្ញុំទៅទៀត!
ដូច្នេះមិនអីទេ។ ខ្ញុំចាត់ការនាង ម៉ាថីលដា។ នៅពេលដែលនាងចាប់ផ្ដើមប្រាប់ខ្ញុំនៅក្នុងសំឡេងដ៏ស្រទន់របស់នាងឱ្យធ្វើអ្វីមួយ នោះខ្ញុំតបវិញ៖ «ទាល់យូរ!»។ ហើយខ្ញុំបន្តធ្វើដំណើរទៅមុខ រហូតហួសផ្លូវបត់។ ខ្ញុំសប្បាយចិត្តណាស់ នៅពេលដែលនាង ច្របូកច្របល់ ហើយនៅលើអេក្រង់ វាបង្ហាញភាពរសាប់រសល់ វិលខ្ញាល់ ក្នុងការគិតរបស់វា។
ដោយឡែកពីរឿងប្រតិកម្មលីលារបស់ខ្ញុំ ចំពោះឧបករណ៍ម៉ាស៊ីននេះ នោះខ្ញុំមិនអាចប្រកែកបានទេ ថាពេលខ្លះ នាងក៏ផ្ដល់ភាពសុខសាន្ដ និងភាពកក់ក្ដៅឱ្យយើងដែរ។ ប្រសិនបើយើងវង្វេង នោះនាងស្គាល់ពីរបៀប ដែលត្រូវជួយឱ្យយើងអាចវិលត្រឡប់មករកផ្លូវវិញបាន។ ប្រសិនបើយើងមិនច្បាស់ផ្លូវក្នុងទីក្រុង នោះនាងស្គាល់ពីរបៀប ដើម្បីជួយយើង ទោះបើត្រូវធ្វើដំណើរតាមផ្លូវត្រង់តែមួយ និងមានផ្លូវវាង ដោយព្រោះតែមានគេកំពុងជួសជុល នោះក្ដី។ មិនថាជាយើងនៅទីណានោះទេ នាងស្គាល់ពីរបៀបដែលត្រូវចង្អុលបង្ហាញដល់យើង ឱ្យទៅកាន់ផ្លូវត្រឹមត្រូវ—មិនថាយើងធ្លាប់ធ្វើខុស ឬធ្វើដំណើរតាមផ្លូវខុសប៉ុណ្ណានោះទេ។
ហើយនេះ ពិតជាអ្វីដែលព្រះទ្រង់សព្វព្រះទ័យចង់ធ្វើសម្រាប់អ្នកដែលវង្វេងខ្លាំងណាស់! នេះគឺជាហេតុផល ដែលព្រះអង្គចាត់យើងឱ្យទៅ គឺដើម្បីជួយដល់អស់អ្នកដែលវង្វេង និងខ្ទេចខ្ទាំ នៅក្នុងពិភពលោកនេះ។ ភាពវង្វេង ឬភាពបាត់បង់ នោះមិនមែនជាស្ថានភាព ដែលព្រះសព្វព្រះទ័យឱ្យនរណាម្នាក់ ស្ថិតនៅនោះឡើយ។ ក្នុងខណៈពេលដែលអ្នកចេញទៅប្រកបភារៈកិច្ចទាំងឡាយរបស់អ្នក ចូរសម្លឹងរកមើលពីអស់អ្នកណា ដែលអ្នកអាចជួយស្វែងរកផ្លូវឱ្យទៅគេសាជាថ្មីបាន។ ចូររកមើលអស់អ្នកវង្វេង ដែលព្រះបានចាត់ឱ្យអ្នកទៅឃើញ នោះចុះ។
សេចក្ដីអធិស្ឋាន
ឱ ព្រះវរបិតាអើយ ទូលបង្គំដឹងថា បំណងព្រះហឫទ័យរបស់ព្រះអង្គ គឺចង់ឱ្យមនុស្សគ្រប់រូប បានមកស្គាល់ព្រះអង្គ ហើយឱ្យគេបានស្គាល់ពីជម្រៅនៃក្ដីស្រឡាញ់របស់ព្រះអង្គ។ ទូលបង្គំសូមទូលថ្វាយ __________________ ទៅដល់ព្រះអង្គ។ ទូលបង្គំអធិស្ឋានសម្រាប់គាត់។ សូមឱ្យគាត់បានស្វែងរកឃើញព្រះអង្គ។ សូមប្រើទូលបង្គំ ឱ្យជួយដល់គាត់ ដើម្បីឱ្យគាត់អាចស្វែងរកផ្លូវឃើញសាជាថ្មី។ ដើម្បីឱ្យគាត់អាចថ្វាយរូបគាត់ទាំងមូលទៅដល់ព្រះអង្គ ទាំងដាក់ទំនុកចិត្តនិងដួងចិត្តរបស់គាត់ដល់ទ្រង់ទាំងស្រុង។ ទូលបង្គំសូមទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។
ដកស្រង់ពី ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine)។ រក្សាសិទ្ធិ © 2019 ដោយគ្រីស្ទីន ខេន។ បោះពុម្ពសាជាថ្មី ដោយមានការអនុញ្ញាតពី ព័ន្ធកិច្ច ផ្លូវជីវិតស្រ្តី (Lifeway Women)។ រក្សាសិទ្ធិគ្រប់យ៉ាង។
អំពីគម្រោងអាននេះ
តើអ្នកអាចនឹកស្រមៃពីអារម្មណ៍ ដោយព្រោះអ្នកដឹងថាព្រះបានសម្លឹងមើលឃើញពីរូបអ្នក ទាំងផ្ដល់តម្លៃដល់អ្នក ដូច្នេះហើយ អ្នកមិនអាចនៅស្ងៀមបានទេ អ្នកត្រូវតែមានដួងចិត្តហ៊ានសម្លឹងមើលពីអ្នកដទៃ ទាំងឱ្យគេបានដឹងពីតម្លៃរបស់គេ តើអ្នកអាចស្រមៃឃើញយ៉ាងដូច្នេះបានដែរឬទេ? តើអ្នកអាចនឹកស្រមៃថាជារៀងរាល់ថ្ងៃ ទោះជាអ្នករស់នៅក្នុងជីវិតសាមញ្ញ នោះអ្នកនៅតែអាចជះឥទ្ធិពលដ៏នៅអស់កល្បជានិច្ច បានដែរឬទេ? គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយ គ្រីស្ទីន ខេន (Christine Caine) នឹងជួយដល់អ្នក ឱ្យស្វែងរកឃើញ ពីរបៀបដែលព្រះជាម្ចាស់បានទតឃើញពីរូបអ្នក បានជ្រើសរើសរូបអ្នក និងបានចាត់ឱ្យអ្នកទៅឃើញពីមនុស្សដទៃ និងជួយឱ្យពួកគេបានដឹងពីទំហំនៃតម្លៃរបស់ពួកគេ តាមដែលព្រះទតមើលឃើញពីពួកគេ—ជាមួយនឹងចក្ខុវិស័យ ឬដូចកម្រិតកែវភ្នែក មើលឃើញច្បាស់ ២០/២០ អញ្ចឹងនោះដែរ។
More