ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ។ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine) គំរូ
ព្រះជាម្ចាស់ទតឃើញអ្នក
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលទៅ សាំយូអែល ថា៖ «ចូរកុំសម្លឹងមើលពីរូបរាង ឬរូបសម្បត្តិរបស់គាត់ឡើយ ដោយព្រោះយើងបានបដិសេធគាត់ហើយ។ មនុស្សមិនមើលឃើញ ដូចអ្វីដែលព្រះទតមើលឃើញនោះទេ។ ដ្បិតមនុស្សមើលតែសំបកក្រៅ គឺអ្វីដែលគេអាចមើលឃើញ ប៉ុន្តែ ព្រះអម្ចាស់ ទតឃើញពីដួងចិត្ត នោះវិញ»។ - ១ សាំយូអែល ១៦៖៧
ពេលខ្ញុំបានធ្វើដំណើរកម្សាន្តកាលពីមួយឆ្នាំមុន នោះខ្ញុំបានទៅរកទិញកាហ្វេ មុនពេលដែលក្រុមគ្រួសាររបស់ខ្ញុំឡើងជិះយន្តហោះ។ ប្ដីខ្ញុំ នីក (Nick) គាត់បានទៅមុនជាមួយកូនស្រីរបស់ខ្ញុំ ដើម្បីទុកដាក់របស់របរផ្សេងៗ។ នៅពេលខ្ញុំត្រឡប់មកកាន់ច្រកឡើងយន្តហោះវិញ នោះខ្ញុំត្រូវដើរឆ្លងកាត់អ្នកពិនិត្យសំបុត្រ ដើម្បីដើរតម្រង់ទៅច្រកមាត់ទ្វារយន្តហោះ ហើយនៅគ្រានោះ ភ្នាក់ងារអាកាសចរម្នាក់ គាត់បានមើលមកខ្ញុំ រួចក៏និយាយឡើងថា៖ «អត់ទោសអ្នកស្រី... អ្នកស្រីមិនអាចឡើងជិះយន្តហោះបានទេ»។
ទាំងភ្ញាក់ខ្លួន នោះខ្ញុំក៏សួរទៅគាត់ ថាគាត់ចង់មានន័យយ៉ាងម៉េច។
«ចាស៎ ប្រសិនបើអ្នកស្រីមានពេលទៅរកទិញកាហ្វេបាន នោះអ្នកស្រីពុំមានពេលល្មមសម្រាប់ឡើងជិះយន្តហោះនោះទេ»។
ឮភ្លាម ខ្ញុំពិតជាស្លុតចិត្ត។ វាដូចជាមិនសមឱ្យគាត់និយាយបែបដូច្នេះសោះ។ ខ្ញុំដឹងថាវាមិនទាន់ហួសពេលសម្រាប់ចូលទៅក្នុងយន្តហោះនោះទេ។ «អត់ទោសប្អូន ទ្វារយន្តហោះមិនទាន់បិទឯណា។ សូមយកសំបុត្ររបស់ខ្ញុំ ហើយឱ្យខ្ញុំឡើងជិះយន្តហោះនោះផងទៅ»។
គាត់មិនអើពើ មិនព្រមទាល់តែសោះ។
ខ្ញុំក៏បន្ត៖ «ប្អូនស្រី! ប្ដីនិងកូនៗរបស់ខ្ញុំ ពួកគេចូលទៅក្នុងយន្តហោះអស់ហើយ។ សូមឱ្យខ្ញុំទៅផង»។
ភ្នាក់ងារម្នាក់នេះ គាត់មិនព្រមរង្គើចិត្តទាល់តែសោះ។
ខ្ញុំចងចាំពីអារម្មណ៍នៅគ្រានោះ។ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េច។ ខ្ញុំសែនភ្ញាក់ផ្អើល ហើយខ្ញុំមានចិត្តថាខ្លួនឯង ពិតជាឥតបានការទាល់តែសោះ។ ស្រ្តីនោះ ពុំមានចិត្តអាណិតខ្ញុំអីបន្តិចណាឡើយ។ គាត់គ្មានខ្វល់អ្វីពីខ្ញុំ ទោះបើខ្ញុំអាចត្រូវឃ្លាតពីក្រុមគ្រួសាររបស់ខ្ញុំក៏ដោយ។ គាត់ កំពុងតែមើល រូបខ្ញុំ ប៉ុន្តែគាត់មិនបាន ឃើញ រូបខ្ញុំនោះទេ។
ជាចុងក្រោយ ខ្ញុំបានចូលទៅក្នុងយន្តហោះ ប៉ុន្តែ ខ្ញុំមិនដែលភ្លេចទេ ពីទង្វើដែលស្រ្តីម្នាក់នោះ បានបន្សល់នូវអារម្មណ៍ទាំងឡាយ មកលើរូបខ្ញុំ។ តែទោះជាយ៉ាងនេះក្ដី ខ្ញុំក៏ដឹងខ្លួនដែរ ថាមានពេលវេលាជាច្រើន ដែលខ្ញុំធ្លាប់មានចរិត តបតយ៉ាងដូច្នេះ ជំនួសដោយរបៀបដែលខ្ញុំគួរតែតបត ដូចជាអង្គព្រះយេស៊ូវ—គឺថា ខ្ញុំធ្លាប់ មើល ប៉ុន្តែ ខ្ញុំមិនបាន ឃើញ នោះទេ។ វាជារឿងងាយដែលឱ្យយើងភ្លេចគិត ដោយមើលហួសមនុស្សដែលកំពុងតែនៅក្បែរ ឬកំពុងតែបម្រើរូបយើង នៅតាមទីកន្លែងនានា។ វាក្លាយដូចជារឿងសាមញ្ញមួយ ដោយព្រោះយើងជក់ចិត្តនឹងរឿងទូរស័ព្ទ ឬអ្វីៗនៅលើអេក្រង់ រហូតដល់យើងមិនទៅសម្លឹងមើល អ្នកដែលហុចអាហារ ឬកាហ្វេមកឱ្យយើង។ តើយើងធ្លាប់ធ្វើជាមនុស្ស ដែលមើលរំលងចំពោះអ្នកដទៃ ប៉ុន្មានដងដែរទៅហើយ?
ការមើល នោះគឺវាមិនដូចជា ការឃើញ នោះទេ។ ស្រ្តីនៅឯច្រកឡើងយន្តហោះ គាត់ បានមើល រូបខ្ញុំ ប៉ុន្តែ គាត់ពុំ បានឃើញ រូបខ្ញុំទេ។ គាត់បានងាកមករកខ្ញុំ ប៉ុន្តែ គាត់ពុំបានយល់ ឬដូចជា មិនចង់ដឹងអំពីស្ថានភាពរបស់ខ្ញុំទេ។
ព្រះជាម្ចាស់សព្វព្រះទ័យឱ្យយើងមើល ហើយនិង ឃើញ! ព្រះអង្គចង់ឱ្យយើងឃើញពីអ្នកដទៃ តាមរយៈទស្សនៈរបស់ព្រះអង្គ—ជាពិសេស នៅពេលដែលយើងត្រូវមើលឃើញពីមនុស្ស ដែលគេដើរឆ្លងកាត់ក្នុងផ្លូវជីវិតរបស់យើងជាប្រចាំថ្ងៃ។
សេចក្ដីអធិស្ឋាន
ឱ ព្រះវរបិតាអើយ សូមព្រះអង្គបើកភ្នែកនៃដួងចិត្តរបស់ទូលបង្គំ ដើម្បីឱ្យទូលបង្គំបានឃើញពីមនុស្ស ហើយសូមកុំឱ្យទូលបង្គំមើលរំលងចំពោះពួកគេតទៅទៀត។ សូមជួយដល់ទូលបង្គំ ឱ្យទូលបង្គំអាចធ្វើឱ្យមនុស្សដែលនៅជុំវិញទូលបង្គំ បានដឹង បានមានអារម្មណ៍ និងបានយល់ ថាពួកគេមានតម្លៃ និងជាទីស្រឡាញ់យ៉ាងប៉ុណ្ណា។ សូមឱ្យមេរៀនទាំងនេះ ជួយដល់ទូលបង្គំ ដើម្បីបង្ហាញឱ្យទូលបង្គំអាចចម្រើនឡើង នៅក្នុងការមើលឃើញពីអ្នកដទៃ ឱ្យបានច្បាស់និងល្អប្រសើរជាងមុន គឺឱ្យទូលបង្គំបានមើលឃើញពីពួកគេ ដូចដែលព្រះអង្គបានទតមើលឃើញពីពួកគេផងដែរ។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។
ដកស្រង់ពី ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine)។ រក្សាសិទ្ធិ © 2019 ដោយគ្រីស្ទីន ខេន។ បោះពុម្ពសាជាថ្មី ដោយមានការអនុញ្ញាតពី ព័ន្ធកិច្ច ផ្លូវជីវិតស្រ្តី (Lifeway Women)។ រក្សាសិទ្ធិគ្រប់យ៉ាង។
អំពីគម្រោងអាននេះ
តើអ្នកអាចនឹកស្រមៃពីអារម្មណ៍ ដោយព្រោះអ្នកដឹងថាព្រះបានសម្លឹងមើលឃើញពីរូបអ្នក ទាំងផ្ដល់តម្លៃដល់អ្នក ដូច្នេះហើយ អ្នកមិនអាចនៅស្ងៀមបានទេ អ្នកត្រូវតែមានដួងចិត្តហ៊ានសម្លឹងមើលពីអ្នកដទៃ ទាំងឱ្យគេបានដឹងពីតម្លៃរបស់គេ តើអ្នកអាចស្រមៃឃើញយ៉ាងដូច្នេះបានដែរឬទេ? តើអ្នកអាចនឹកស្រមៃថាជារៀងរាល់ថ្ងៃ ទោះជាអ្នករស់នៅក្នុងជីវិតសាមញ្ញ នោះអ្នកនៅតែអាចជះឥទ្ធិពលដ៏នៅអស់កល្បជានិច្ច បានដែរឬទេ? គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយ គ្រីស្ទីន ខេន (Christine Caine) នឹងជួយដល់អ្នក ឱ្យស្វែងរកឃើញ ពីរបៀបដែលព្រះជាម្ចាស់បានទតឃើញពីរូបអ្នក បានជ្រើសរើសរូបអ្នក និងបានចាត់ឱ្យអ្នកទៅឃើញពីមនុស្សដទៃ និងជួយឱ្យពួកគេបានដឹងពីទំហំនៃតម្លៃរបស់ពួកគេ តាមដែលព្រះទតមើលឃើញពីពួកគេ—ជាមួយនឹងចក្ខុវិស័យ ឬដូចកម្រិតកែវភ្នែក មើលឃើញច្បាស់ ២០/២០ អញ្ចឹងនោះដែរ។
More