ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ។ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine) គំរូ
អ្នកជាអំបិលនិងពន្លឺ
អ្នករាល់គ្នាជាអំបិលនៃផែនដី តែបើអំបិលបាត់ជាតិប្រៃហើយ តើធ្វើដូចម្តេចដើម្បីឲ្យប្រៃឡើងវិញបាន? វាគ្មានប្រយោជន៍អ្វីទៀតទេ មានតែបោះចោលទៅខាងក្រៅ ហើយត្រូវគេដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។ -ម៉ាថាយ ៥៖១៣-១៥ គកស១៦
នៅពេលខ្ញុំរៀនឯសកលវិទ្យាល័យឆ្នាំដំបូង នោះខ្ញុំបានមានមិត្តម្នាក់ ដែលគាត់មើលទៅហាក់បីដូចជាមនុស្សដែលមានរាល់គ្រប់អ្វីៗទាំងអស់អញ្ចឹង—ទាំងសម្រស់ ទាំងសមិទ្ធផល ទាំងទ្រព្យសម្បត្តិ។ គឺរាល់គ្រប់អ្វីៗដែលខ្ញុំគិតថាខ្លួនខ្ញុំមិនមែន។ តែយ៉ាងណាមិញ យើងនៅតែអាចបង្កើនភាពស្និទ្ធស្នាលនឹងគ្នា។ ដូច្នេះ នៅពេលដែលគាត់បានបាត់វត្តមានអស់រយៈពេល ៣ ថ្ងៃ ហើយមិនបានឆ្លើយតបការតេហៅនិងសារទាំងឡាយរបស់ខ្ញុំ នោះវាពិតជារឿងធម្មតា ដែលវាធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលទាំងភ័យជាខ្លាំង។ នៅពេលគាត់បានមកបង្ហាញខ្លួនសាជាថ្មីវិញ នៅចុងថ្ងៃទី ៣ នោះខ្ញុំបានទទួលដំណឹង ថាគាត់បានទៅជប់លៀងនៅកន្លែងមួយ ដែលនៅទីនោះ ចំពោះអ្នកដែលទៅចូលរួម គេតម្រូវឱ្យប្រើថ្នាំ កុំឱ្យងងុយគេង។ គាត់បាននិយាយប្រាប់ខ្ញុំថា៖ «អូ! គ្រីសអើយ! នៅកន្លែងនោះ មានពោរពេញដោយក្ដីស្រឡាញ់។ មានពេញដោយអំណរ។ អូយ! មានក្ដីសុខសាន្តណាស់ រហូតដល់ឱ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់»។ និយាយបានប៉ុណ្ណឹង គាត់បានទាញយកកញ្ចប់មានរូបផ្កាតូចមួយមកឱ្យខ្ញុំ។ «ខ្ញុំស្រឡាញ់គ្រានោះខ្លាំងណាស់ ហើយដោយសារតែអញ្ចឹង ខ្ញុំចង់ឱ្យឯងបានរីករាយនិងស្គាល់ពីរសជាតិនោះដែរ។ ណេះ! ថ្នាំខ្ញុំទុកឱ្យឯង វានៅសល់ពាក់កណ្ដាលដែរ»។
ខ្ញុំបានបដិសេធគាត់ ទាំងចិត្តអាណិត ហើយខ្ញុំក៏ញាប់ញ័រចំពោះគាត់ដែរ។ ខ្ញុំទើបតែបានថ្វាយជីវិតរបស់ខ្ញុំទាំងស្រុងទៅដល់ព្រះយេស៊ូវ ប៉ុន្មានជា បីបួនឆ្នាំមុន តែខ្ញុំគិតមមៃក្នុងចិត្តថា មិត្តស្រីរបស់ខ្ញុំម្នាក់នេះ គាត់ស្រឡាញ់រូបខ្ញុំមែនទែន រហូតដល់គាត់មិនចង់ឱ្យខ្ញុំរំលងចំពោះឱកាសនៃការទទួលបានក្ដីស្រឡាញ់ និងអំណរយ៉ាងអស្ចារ្យ ទោះថាវាបានដោយសារសារជាតិនៃថ្នាំនោះក្ដី។ ហើយចំពោះខ្លួនខ្ញុំ ខ្ញុំមានព្រះវិញ្ញាណបរិសុទ្ធនៃព្រះ កំពុងតែរស់នៅក្នុងខ្ញុំ ដែលជាប្រភពពិតនៃក្ដីស្រឡាញ់ អំណរ និងក្ដីសុខសាន្ត។ គ្រីស្ទីនអើយ ប៉ុន្តែអ្នកបែរជាអៀនមិនហ៊ាននិយាយប្រាប់ពីព្រះទៅដល់គាត់ទៅវិញ ដោយសារតែអ្នកធ្លាប់គិតថា មិត្តរបស់អ្នកមិនត្រូវការព្រះ ដែលក្នុងពេលស្របគ្នា អ្នកដែលគាត់ត្រូវការជាងគេបំផុត នោះគឺជាព្រះអម្ចាស់នោះហើយ។
ក្រោយមក ខ្ញុំបានយំជាខ្លាំង។ ខ្ញុំបានសន្យាទៅព្រះ ថាខ្ញុំមិនអនុញ្ញាតឱ្យភាពឆេះឆួលរបស់នរណាម្នាក់ ចំពោះរឿងអ្វីក៏ដោយ—មិនថាឡើយជារឿងមកពី ថ្នាំ ប្រាក់កាស ភាពជោគជ័យ ឬសូម្បីតែបុព្វហេតុណាមួយ—ឱ្យវាមកក្លាយជារឿងដ៏ឆេះឆួលជាងក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះ និងដួងចិត្តដែលហ៊ានចេញទៅប្រាប់មនុស្ស ថាព្រះជានរណា នោះបានឡើយ។
តើហេតុអ្វីបានជាយើងងាយមើលឃើញចំពោះនរណាម្នាក់ដែលគាត់មានជីវិតរញ៉េរញ៉ៃ ហើយដឹងថាគាត់រង្វេងនិងត្រូវការព្រះ ប៉ុន្តែ បែរជាមិនសម្គាល់ឃើញពីនរណាម្នាក់ ដែលគាត់មានរាល់គ្រប់អ្វីៗទាំងអស់ ប៉ុន្តែតាមពិតទៅគាត់ត្រូវការព្រះ និងជាមនុស្សវង្វេងសោះដែរយ៉ាងដូច្នេះ? តើព្រះមិនសព្វព្រះទ័យចង់ឱ្យយើងយល់ពីមនុស្សដែលវង្វេង ថាតាមពិតទៅ គាត់មានរូបរាងដូចជាមនុស្សគ្រប់រូបទេឬយ៉ាងណា?
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំមិនដែលភ្លេចទេថា នៅក្នុងដួងចិត្តរបស់មនុស្សគ្រប់រូប គឺគេមានប្រហោង ដែលចេះស្រូប គឺគេស្រូបយករាល់អ្វីៗ ដែលគេគិតថាអាចបំពេញបំណងប្រាថ្នាចិត្ត ប៉ុន្តែប្រហោងនៃដួងចិត្តនោះ គឺជាតម្រូវការដែលគេត្រូវបំពេញបាន ដោយតែតាមរយៈព្រះជាម្ចាស់ គឺមានតែអង្គព្រះយេស៊ូវតែមួយប៉ុណ្ណោះ ដែលអាចបំពេញដួងចិត្តរបស់គេបាន ហើយមនុស្សគ្រប់រូបពិតជាត្រូវការឮពីព្រះអង្គជាក់ជាប្រាកដមែន។
សេចក្ដីអធិស្ឋាន
ឱ ព្រះអម្ចាស់អើយ សូមជួយឱ្យទូលបង្គំធ្វើជាអំបិល និងពន្លឺ នៅគ្រប់ទីកន្លែង ដែលទូលបង្គំនឹងទៅ ហើយនិងចំពោះអស់អ្នកដែលទូលបង្គំនឹងជួប។ សូមជួយទូលបង្គំឱ្យមើល ហើយនិងឃើញ…ពីអស់អ្នកដែលខ្ទេចខ្ទាំ ហើយវង្វេងបាត់បង់... មិនថាជាគេមានរូបលក្ខណៈ មើលពីក្រៅថាដូចជាយ៉ាងណានោះទេ។ សូមជួយទូលបង្គំឱ្យមានចិត្តសន្ដោសមេត្តា និងមានដួងចិត្តក្លាហាន ដើម្បីឱ្យទូលបង្គំអាចឈោងទៅដល់ ហើយអាចទាញអស់អ្នកទាំងនោះមកជិត នៅថ្ងៃនេះ។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។
ដកស្រង់ពី ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine)។ រក្សាសិទ្ធិ © 2019 ដោយគ្រីស្ទីន ខេន។ បោះពុម្ពសាជាថ្មី ដោយមានការអនុញ្ញាតពី ព័ន្ធកិច្ច ផ្លូវជីវិតស្រ្តី (Lifeway Women)។ រក្សាសិទ្ធិគ្រប់យ៉ាង។
អំពីគម្រោងអាននេះ
តើអ្នកអាចនឹកស្រមៃពីអារម្មណ៍ ដោយព្រោះអ្នកដឹងថាព្រះបានសម្លឹងមើលឃើញពីរូបអ្នក ទាំងផ្ដល់តម្លៃដល់អ្នក ដូច្នេះហើយ អ្នកមិនអាចនៅស្ងៀមបានទេ អ្នកត្រូវតែមានដួងចិត្តហ៊ានសម្លឹងមើលពីអ្នកដទៃ ទាំងឱ្យគេបានដឹងពីតម្លៃរបស់គេ តើអ្នកអាចស្រមៃឃើញយ៉ាងដូច្នេះបានដែរឬទេ? តើអ្នកអាចនឹកស្រមៃថាជារៀងរាល់ថ្ងៃ ទោះជាអ្នករស់នៅក្នុងជីវិតសាមញ្ញ នោះអ្នកនៅតែអាចជះឥទ្ធិពលដ៏នៅអស់កល្បជានិច្ច បានដែរឬទេ? គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយ គ្រីស្ទីន ខេន (Christine Caine) នឹងជួយដល់អ្នក ឱ្យស្វែងរកឃើញ ពីរបៀបដែលព្រះជាម្ចាស់បានទតឃើញពីរូបអ្នក បានជ្រើសរើសរូបអ្នក និងបានចាត់ឱ្យអ្នកទៅឃើញពីមនុស្សដទៃ និងជួយឱ្យពួកគេបានដឹងពីទំហំនៃតម្លៃរបស់ពួកគេ តាមដែលព្រះទតមើលឃើញពីពួកគេ—ជាមួយនឹងចក្ខុវិស័យ ឬដូចកម្រិតកែវភ្នែក មើលឃើញច្បាស់ ២០/២០ អញ្ចឹងនោះដែរ។
More