កំពុងរង់ចាំព្រះអង្គនៅទីនេះ៖ ដំណើរទន្ទឹងចាំក្ដីសង្ឃឹមគំរូ

Waiting Here for You, An Advent Journey of Hope

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

សិរីរុងរឿងនៅទីដ៏ខ្ពង់ខ្ពស់បំផុត

ជញ្ជឹងគិត

គ្មានអ្វីអាចប្រៀបផ្ទឹមស្មើនឹងព្រះជាម្ចាស់ឡើយ។ គ្មានអ្វីអាចមកប្រជែង។ គ្មានទេនូវភាពខ្វះចន្លោះ។ គ្មានអ្វីដែលជាតម្រូវការ។ ព្រះអង្គគង់នៅមុនគ្រប់អ្វីៗ ហើយនៅចុងបញ្ចប់នៃគ្រប់អ្វីៗទាំងអស់។ ព្រះអង្គគឺជាព្រះដែលនៅបន្តមានវត្ដមានជានិច្ច។ ពិភពលោកនេះ មានព្រះ "តូចៗ" ដែលជាព្រះក្លែងក្លាយជាច្រើន។ ប៉ុន្តែព្រះជាម្ចាស់របស់យើង បានបង្កើតផ្ទៃមេឃនិងផែនដី។​ គ្មានអ្វីអាចយកមកប្រៀបធៀបនឹងព្រះអង្គបានឡើយ។ គ្មានអ្វីអាចមកធៀបកៀកព្រះអង្គ សូម្បីតែបន្តិច។

ដូច្នេះ ក្នុងខណៈពេលអ្នករង់ចាំព្រះអង្គនៅថ្ងៃនេះ ចូរអ្នកសរសើរតម្កើងព្រះអង្គ។ ប្រហែលជាស្ថានភាពរបស់អ្នកមើលទៅដូចជាក្រឡាប់ចក្រ ប៉ុន្តែបល្ល័ង្ករបស់ព្រះអង្គបន្តនៅស្ថិតស្ថេរជាដរាប! ចូរសរសើរព្រះអង្គនៅគ្រាអ្នកកំពុងទន្ទឹងចាំ។ ចូរលើកតម្កើងព្រះអង្គ ក្នុងគ្រាអ្នកកំពុងងឿងឆ្ងល់។ ដូច្នេះ កុំសួរច្រើនពេកនៅថ្ងៃនេះ ចូរគ្រាន់តែបន្តលើកតម្កើងព្រះនាមរបស់ព្រះអង្គ ឱ្យបានលើសអស់ទាំងនាម។ ចូរអនុញ្ញាតឱ្យនាមរបស់ព្រះអង្គ ចាក់ឫសនៅក្នុងដួងចិត្ដ និងដួងព្រលឹងរបស់អ្នក។ ចូរអនុញ្ញាតឱ្យការសរសើរតម្កើងបានពន្លិចរាល់គ្រប់អ្វីៗ ដែលកំពុងតែតយុទ្ធចង់បានភក្ដីភាព និងចិត្ដសោមនស្សរបស់អ្នក។ នៅពេលអ្នកធ្វើដូច្នេះ នោះចម្រៀងរបស់អ្នក នឹងលើកគំនិតរបស់អ្នកទៅដល់ទីដ៏ខ្ពង់ខ្ពស់បំផុត។

ចូរស្មឹងស្មាធិ៍

សិរីរុងរឿងនៅទីដ៏ខ្ពង់ខ្ពស់បំផុត

ព្រះអង្គជាទីមុនដំបូង
ព្រះអង្គយាងទៅមុន
ព្រះអង្គគង់នៅក្រោយអ្វីៗ
ព្រះអង្គអើយ ទ្រង់គង់នៅដដែល
ព្រះនាមទ្រង់ជាពន្លឺឱ្យមនុស្សគ្រប់រូបបានឃើញ
ហ្វូងផ្កាយទាំងឡាយប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គ

សិរីរុងរឿងនៅទីដ៏ខ្ពង់ខ្ពស់បំផុត
សិរីរុងរឿងនៅទីដ៏ខ្ពង់ខ្ពស់បំផុត
សិរីរុងរឿងនៅទីដ៏ខ្ពង់ខ្ពស់បំផុត

ក្រៅពីព្រះអង្គ គ្មានព្រះណាផ្សេងទៀត
ទ្រង់ជាពន្លឺនៃពិភពលោក
ទ្រង់ជាផ្កាយព្រឹកហើយចែងចាំងក្រៃ
ព្រះនាមទ្រង់នឹងចែងចាំងឱ្យគ្រប់គ្នាបានឃើញ
ព្រះអង្គជាព្រះតែមួយ
ព្រះអង្គជាសិរីរុងរឿងរបស់ទូលបង្គំ

ហើយគ្មានអ្វីមួយអាចមកប្រៀបផ្ទឹមស្មើ
ចំពោះព្រះអង្គឡើយ
គ្រប់អ្វីៗនៅក្នុងពិភពលោក ស្រែកប្រកាសទាំងអស់គ្នាថា ...
សិរីរុងរឿងនៅទីដ៏ខ្ពង់ខ្ពស់បំផុត ... ថ្វាយដល់ព្រះអង្គជាម្ចាស់

គ្រប់អស់ទាំងផែនដីនឹងច្រៀងសរសើរតម្កើងព្រះអង្គ
ទាំងព្រះចន្ទ ទាំងហ្វូងផ្កាយ ទាំងព្រះអាទិត្យនិងគ្រប់ដំណក់ទឹកភ្លៀង
គ្រប់ប្រជាជាតិនឹងប្រកាសថា
ព្រះអង្គគឺជាអម្ចាស់ ហើយព្រះអង្គនឹងសោយរាជ្យ

ថ្វាយសិរីរុងរឿង ថ្វាយការអបអរ ហាលេលូយ៉ា
ថ្វាយសិរីរុងរឿង ទៅដល់ព្រះអង្គជាម្ចាស់
ថ្វាយសិរីរុងរឿង ថ្វាយការអបអរ ហាលេលូយ៉ា
ហាលេលូយ៉ា

ចម្រៀងនិពន្ធដោយ គ្រីស ថមឡិន (Chris Tomlin) ម៉ាត រេតមិន (Matt Redman) ជេស៊ី រីវស៍ (Jesse Reeves) ដេនញ៉ល ខសិន (Daniel Carson) អេដ ខាឆ (Ed Cash)

សេចក្ដីអធិស្ឋាន

ឱ ព្រះបិតាអើយ តើឱ្យទូលបង្គំថ្លែងពីអ្វី ថ្វាយទៅដល់ព្រះអង្គ? គ្មានអ្វីមួយអាចប្រៀបផ្ទឹមស្មើ និងគ្មានអ្វីអាចប្រជែងព្រះអង្គឡើយ។ ពាក្យពេចន៍ និងគំនិតរបស់ទូលបង្គំ គឺទន់ទាបណាស់ ប្រសិនជាប្រៀបទៅនឹងអ្វីដែលត្រូវថ្វាយទៅដល់ព្រះអង្គ។ ទូលបង្គំបានឃើញពីហ្វូងផ្កាយនាយប់ស្ងប់ស្ងាត់ ហើយទាំងអស់នោះ មិនអាចនឹងប្រៀបស្មើទៅនឹងសិរីរុងរឿងរបស់ព្រះអង្គផង។ សូមពង្រីកនូវជំនឿរបស់ទូលបង្គំ ហើយប្រទានពាក្យពេចន៍ដល់ទូលបង្គំ ក្នុងខណៈពេលទូលបង្គំព្យាយាមចូលរួមទៅក្នុងភ្លេងជ័យនៃការសរសើរតម្កើងដល់ព្រះអង្គ។

រាល់ការសរសើរតម្កើងគឺជាកម្មសិទ្ធិដល់ព្រះអង្គ ទាំងនៅគ្រាឥឡូវ និងជារៀងរហូតអស់កល្បជានិច្ច។ ទូលបង្គំនឹងដើរនៅក្នុងសេចក្ដីពិតថ្ងៃនេះ។ ទូលបង្គំនឹងជឿ។ ហើយទូលបង្គំនឹងប្រព្រឹត្ដតាម។ ទូលបង្គំនឹងអធិស្ឋាន។ ទូលបង្គំនឹងថ្វាយ។ ហើយទូលបង្គំនឹងសរសើរតម្កើង ឱ្យបានសម ដោយព្រោះគ្មានអ្វីមួយ អាចប្រៀបស្មើនឹងព្រះអង្គបានឡើយ។ អាមែន!

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Waiting Here for You, An Advent Journey of Hope

គ្រាទន្ទឹងចាំ គឺជារដូវកាលនៃការរំពឹងរង់ចាំនិងជាពេលត្រៀមរៀបចំខ្លួន។ សូមចូលរួមជាមួយនឹងលោកគ្រូគង្វាល និងជាកវីនិពន្ធ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) នៅក្នុងដំណើរនៃគ្រាទន្ទឹងចាំ ដើម្បីស្វែងរកឃើញថា គ្រារង់ចាំ គឺមិនមែនជាពេលខាតបង់ នៅពេលដែលអ្នកកំពុងរង់ចាំព្រះអម្ចាស់នោះឡើយ។ ចូរកាន់ឱ្យជាប់នូវឱកាស ដើម្បីឱ្យអ្នកអាចលាតត្រដាងពីក្ដីសង្ឃឹមដ៏ធំធេង ដែលបានផ្ដល់មកឱ្យអ្នក​ តាមរយៈដំណើរនៃគ្រាទន្ទឹងចាំនេះ។ នៅក្នុងរយៈពេល ៧ ថ្ងៃបន្តទៅមុខ អ្នកនឹងស្វែងរកឃើញសន្តិភាព និងការលើកទឹកចិត្ដ សម្រាប់ព្រលឹងរបស់អ្នក ក្នុងខណៈពេលការរំពឹងចាំនឹងនាំអ្នកទៅរកពិធីអបអរ!

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) ដែលជាអ្នកនិពន្ធនៃអត្ថបទ៖ រង់ចាំព្រះអង្គនៅទីនេះ (រោងពុម្ព ផាស៊ិន - Passion Publishing) សម្រាប់ការផ្ដល់ជូនគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.passionresources.com