កំពុងរង់ចាំព្រះអង្គនៅទីនេះ៖ ដំណើរទន្ទឹងចាំក្ដីសង្ឃឹមគំរូ

ព្រះជាម្ចាស់ធ្វើការនៅគ្រាដែលយើងរង់ចាំ
ជញ្ជឹងគិត
ប្រសិនបើយើងនិយាយដោយត្រង់ នោះយើងរាល់គ្នាពិតជាស្អប់ការរង់ចាំមែន។ តាមពិតទៅ ជារឿយៗ យើងថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំដូចជាមិនជឿសោះថាការនេះត្រូវការពេលយូរអីយូរ! វាយូរពេក ហើយខ្ញុំក៏គ្មានពេលរង់ចាំយូរដល់ថ្នាក់ហ្នឹងដែរ!»។ នេះក៏ដោយសារតែយើងភាគច្រើនចាត់ទុកថាការរង់ចាំ ជាការខាតបង់ពេលវេលា។ ប៉ុន្តែវាមិនដូច្នេះឡើយ ចំពោះព្រះរបស់យើង។
ព្រះជាម្ចាស់ធ្វើការនៅគ្រាដែលយើងរង់ចាំ។ ទោះបីជាពេលនោះ អ្នកមើលមិនឃើញថាព្រះអង្គកំពុងតែធ្វើការអ្វីក៏ដោយ ក៏ព្រះជាម្ចាស់កំពុងរៀបតាក់តែងព្រឹត្ដិការណ៍ទាំងនៅស្ថានសួគ៌ និងផែនដីជានិច្ច ដើម្បីសម្រេចនូវគោលបំណងរបស់ព្រះអង្គ សម្រាប់ជីវិតរបស់អ្នក។ ចូរទុកចិត្ដនៅក្នុងក្ដីស្រឡាញ់ដែលមិនចេះផ្លាស់ប្រែរបស់ទ្រង់ចុះ--ព្រោះក្ដីស្រឡាញ់នេះហើយ ដែលបាននាំឱ្យព្រះអង្គបញ្ជូនព្រះសង្គ្រោះពីស្ថានសួគ៌មក ដើម្បីស្ដាររាល់អ្វីៗ និងសង្គ្រោះរូបអ្នក។ គម្រោងផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក នឹងមិនខកខានឡើយ។ ចូររង់ចាំដោយភាពអត់ធ្មត់ ទាំងដឹងថាការរង់ចាំ មិនដែលអសារបង់ នៅពេលណាដែលអ្នកកំពុងរង់ចាំចំពោះព្រះអង្គនោះ។
ចូរស្មឹងស្មាធិ៍
ចូរមកអស់អ្នកដែលទន្ទឹងចាំអង្គព្រះយេស៊ូវ
ចូរមក អស់អ្នកដែលទន្ទឹងចាំអង្គព្រះយេស៊ូវ។
ដែលនឹងប្រសូតដើម្បីឱ្យប្រជារាស្រ្ដទ្រង់មានសេរីភាព
ឱ្យគេចេញពីក្ដីភ័យខ្លាចនិងអំពើបាប
ចូរឱ្យយើងស្វែងរកទីសម្រាកក្នុងព្រះអង្គ
ព្រះអង្គគឺជាកម្លាំងនិងទីកម្សាន្ដចិត្ដ
ទ្រង់គឺជាក្ដីសង្ឃឹមក្នុងលោកិយ
ជាក្ដីប្រាថ្នានៃប្រជាជាតិទាំងឡាយ
ជាអំណរដល់អស់ដួងចិត្ដដែលទន្ទឹងចាំ។
ទ្រង់ប្រសូតមក ដើម្បីប្រោសលោះ
ទ្រង់ប្រសូតមកជាបុត្រតូច ប៉ុន្តែជាក្សត្រា
ទ្រង់ប្រសូតមក ដើម្បីសោយរាជ្យក្នុងរូបយើងជារៀងរហូត
ឥឡូវនេះ ព្រះរាជ្យនៃព្រះគុណ បានមកដល់ហើយ។
ដោយព្រះវិញ្ញាណដ៏គង់នៅអស់កល្បរបស់ព្រះអង្គ
ព្រះអង្គគ្រប់គ្រងក្នុងដួងចិត្ដយើងតែមួយ
ដោយព្រះគុណដ៏ល្មមគ្រប់គ្រាន់
សូមទ្រង់លើកយើងឡើងទៅដល់បល្ល័ង្កដ៏រុងរឿងរបស់ព្រះអង្គ។
ចម្រៀងនិពន្ធដោយ លោក ឆាល វេសលី (Charles Wesley) ឆ្នាំ ១៧០៧ ដល់ ១៧៨៨
សេចក្ដីអធិស្ឋាន
ព្រះបិតាអើយ ទូលបង្គំកំពុងរង់ចាំព្រះអង្គ។ ដួងចិត្ដនិងដៃរបស់ទូលបង្គំកំពុងតែលាតសន្ធឹងចំពោះគោលបំណង និងគម្រោងផែនការរបស់ព្រះអង្គ សម្រាប់ជីវិតរបស់ទូលបង្គំ។ សូមប្រទានភាពអត់ធ្មត់ ដែលទូលបង្គំត្រូវការយ៉ាងអន្ទះអន្ទែង ហើយសូមដឹកនាំទូលបង្គំក្នុងគ្រាដែលទូលបង្គំកំពុងតែរង់ចាំ។ ទោះជាអារម្មណ៍របស់ទូលបង្គំមិនទាន់ស្របតាមទ្រង់នៅឡើយក្ដី។ ទូលបង្គំជឿថា ព្រះអង្គកំពុងតែធ្វើការ ដើម្បីបានជាប្រយោជន៍ដល់ទូលបង្គំនាពេលឥឡូវនេះ ទាំងកំពុងការពារ ថែរក្សា ត្រៀមរៀបចំ និងផ្គត់ផ្គង់ ទូលបង្គំផង។ សូមប្រទានដល់ទូលបង្គំនូវព្រះគុណ ដើម្បីឱ្យទូលបង្គំបន្តទុកចិត្ដលើព្រះអង្គ នៅក្នុងគ្រានៃព្យុះ និងចិត្ដសង្ស័យ ដែលកំពុងបក់បោកព័ទ្ធជុំជិតទូលបង្គំនោះ។ សូមព្រះអង្គជួយដល់ទូលបង្គំឱ្យបោះយុថ្កានៅក្នុងព្រះអង្គ។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

គ្រាទន្ទឹងចាំ គឺជារដូវកាលនៃការរំពឹងរង់ចាំនិងជាពេលត្រៀមរៀបចំខ្លួន។ សូមចូលរួមជាមួយនឹងលោកគ្រូគង្វាល និងជាកវីនិពន្ធ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) នៅក្នុងដំណើរនៃគ្រាទន្ទឹងចាំ ដើម្បីស្វែងរកឃើញថា គ្រារង់ចាំ គឺមិនមែនជាពេលខាតបង់ នៅពេលដែលអ្នកកំពុងរង់ចាំព្រះអម្ចាស់នោះឡើយ។ ចូរកាន់ឱ្យជាប់នូវឱកាស ដើម្បីឱ្យអ្នកអាចលាតត្រដាងពីក្ដីសង្ឃឹមដ៏ធំធេង ដែលបានផ្ដល់មកឱ្យអ្នក តាមរយៈដំណើរនៃគ្រាទន្ទឹងចាំនេះ។ នៅក្នុងរយៈពេល ៧ ថ្ងៃបន្តទៅមុខ អ្នកនឹងស្វែងរកឃើញសន្តិភាព និងការលើកទឹកចិត្ដ សម្រាប់ព្រលឹងរបស់អ្នក ក្នុងខណៈពេលការរំពឹងចាំនឹងនាំអ្នកទៅរកពិធីអបអរ!
More