កំពុងរង់ចាំព្រះអង្គនៅទីនេះ៖ ដំណើរទន្ទឹងចាំក្ដីសង្ឃឹមគំរូ
ដល់ពេលល្មម
ជញ្ជឹងគិត
ព្រះជាម្ចាស់បានសន្យាដល់ប្រជារាស្រ្ដរបស់ព្រះអង្គ ថានឹងប្រទានព្រះសង្គ្រោះមក អស់ជាច្រើនសតវត្សមកហើយ។ ហើយប្រជាជនបានទន្ទឹងចាំ និងបានអធិស្ឋានសម្រាប់សេចក្ដីសង្គ្រោះនេះ។ មកដល់ថ្ងៃកំណត់ នៅទីកន្លែងជាក់លាក់ ហើយចំពេលដ៏ត្រឹមត្រូវ នោះព្រះយេស៊ូវបានប្រសូតមកមែន។ ក្នុងខណៈពេលដែលព្រះជាម្ចាស់មិនសូវជាយាងមកចំពេលណាត់ចង់ជួបរបស់យើង តែព្រះអង្គតែងតែយាងមកចំពេលដ៏ត្រឹមត្រូវជានិច្ច។
យើងរាល់គ្នាកំពុងតែរង់ចាំអ្វីមួយ និងជារឿយៗ តែងនឹកឆ្ងល់ ថាតើព្រះជាម្ចាស់បានភ្លេចយើងហើយ ដែរឬយ៉ាងណា។ នៅក្នុងការទន្ទឹងចាំរបស់អ្នក ចូរអនុញ្ញាតឱ្យកំណើតរបស់ព្រះគ្រីស្ទបានលើកទឹកចិត្ដដល់អ្នក។ ទោះបីជាព្រះជាម្ចាស់មិនបានយាងមកតាមពេលវេលាដែលយើងនឹកគិត (នេះបើតាមអ្វីដែលយើងធ្លាប់យល់) ក៏មិនមែនមានន័យថា ព្រះអង្គបានបោះបង់យើងចោលនោះឡើយ។ ចំពោះព្រះអង្គ មួយថ្ងៃគឺប្រៀបស្មើនឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំ គឺដូចមួយថ្ងៃ។ នៅក្នុងនាទីនេះ ព្រះអង្គកំពុងតែធ្វើការសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ ហើយនិងសម្រាប់បានជាការល្អដល់អ្នកដែរ។ ទោះជាស្ថានភាពវាផ្ទុយពីអ្វីដែលអ្នកគិត ព្រះជាម្ចាស់នឹងយាងមក ដើម្បីបំពេញកិច្ចការ តាមកាលកំណត់ ដើម្បីបំពេញគម្រោងផែនការ ដែលព្រះអង្គបានរៀបចំទុកសម្រាប់រូបអ្នក។ ចូរកុំបោះបង់ចោលក្ដីសង្ឃឹម មុននឹងកាលកំណត់នឹងមកដល់ នោះឡើយ។
ចូរទទួលក្ដីសង្ឃឹម ដូចអ្វីដែលបានកើតឡើងនៅឯក្រោលសត្វ ទាំងដឹងថា អ្នកគឺជាមនុស្សដែលព្រះស្រឡាញ់ ហើយជារង្វាន់ដ៏សម្បើម រហូតដល់ព្រះសព្វព្រះទ័យយាងពីស្ថានសួគ៌មក តាមពេលវេលាដ៏ល្អឥតខ្ចោះ សម្រាប់រូបអ្នក។
ចូរស្មឹងស្មាធិ៍
ចូរស្ដាប់សំឡេងនៃក្ដីត្រេកអរ
ចូរស្ដាប់នូវសំឡេងនៃភាពរីករាយ! ព្រះសង្គ្រោះយាងមកហើយ
គឺព្រះសង្គ្រោះដែលព្រះបានសន្យា
ចូរឱ្យដួងចិត្ដទាំងឡាយត្រៀមនូវបល្ល័ង្ក
ហើយគ្រប់សំឡេងទាំងឡាយបានច្រៀងឡើង។
ព្រះអង្គយាងមក ដើម្បីឱ្យអ្នកទោសបានរួចខ្លួន
ពីចំណងរបស់មារសាតាំង។
ទ្វារដែកបានបែកខ្ចាយនៅចំពោះព្រះអង្គ
ច្រវាក់ដែកក៏របូតទៅ។
ព្រះអង្គយាងមកឱ្យដួងចិត្ដខ្ទេចខ្ទាំបានជាសះស្បើយ
អស់ទាំងព្រលឹងដែលសម្រក់ឈាមបានការព្យាបាល
ហើយក្នុងព្រះគុណដែលជាទ្រព្យនៃព្រះអង្គ
អ្នកក្រតូចទាបបានក្លាយជាមាន។
ហូសាណាដ៏រីករាយនៃយើង ព្រះអង្គគឺជាព្រះបុត្រានៃសន្តិភាព
យើងប្រកាសស្វាគមន៍ព្រះអង្គ
ហើយស្ថានសួគ៌ដ៏ខ្ពស់អស់កល្ប បន្លឺសំឡេងឡើង
ជាមួយនឹងនាមដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ចម្រៀងនិពន្ធដោយ លោក ភីលីព ដតដ្រេច (Philip Doddridge) ឆ្នាំ ១៧០២ ដល់ ១៧៥១
សេចក្ដីអធិស្ឋាន
ព្រះបិតាអើយ សូមទ្រង់យាងមកជួប ក្នុងខណៈពេលទូលបង្គំរង់ចាំព្រះអង្គ។ គឺនៅទីកន្លែងដែលទូលបង្គំទន្ទឹងចាំ ទោះទូលបង្គំមើលមិនឃើញព្រះអង្គទាំងស្រុងក៏ដោយ។ សូមព្រះអង្គនាំឱ្យដួងចិត្ដទូលបង្គំនៅស្ងប់ ហើយឱ្យទូលបង្គំអាចមានសមត្ថភាពក្នុងការដឹងថាព្រះអង្គគង់នៅក្បែរ។ ទូលបង្គំជឿលើគម្រោងផែនការដ៏ល្អរបស់ព្រះអង្គ។ ទូលបង្គំបានឃើញនៅក្នុងថ្ងៃកំណើតរបស់ព្រះបុត្រាតែមួយរបស់ព្រះអង្គ។
ប៉ុន្តែ មានពេលខ្លះ ទូលបង្គំរងវិបត្តិ ដោយមិនអាចមើលឃើញហួសពីភាពស្រពេចស្រពិលដែលមាននៅជុំវិញទូលបង្គំ។ សូមព្រះអង្គបានជួយឱ្យទូលបង្គំមានទំនុកចិត្ដសាជាថ្មីម្ដងទៀត ក្នុងខណៈពេលទូលបង្គំសម្លឹងមើលទៅដល់ព្រះអង្គ។ សូមព្រះអង្គមានសិរីល្អនៅក្នុងជីវិតរបស់ទូលបង្គំ នៅក្នុងគ្រាទូលបង្គំរំពឹងរង់ចាំព្រះអង្គ។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
គ្រាទន្ទឹងចាំ គឺជារដូវកាលនៃការរំពឹងរង់ចាំនិងជាពេលត្រៀមរៀបចំខ្លួន។ សូមចូលរួមជាមួយនឹងលោកគ្រូគង្វាល និងជាកវីនិពន្ធ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) នៅក្នុងដំណើរនៃគ្រាទន្ទឹងចាំ ដើម្បីស្វែងរកឃើញថា គ្រារង់ចាំ គឺមិនមែនជាពេលខាតបង់ នៅពេលដែលអ្នកកំពុងរង់ចាំព្រះអម្ចាស់នោះឡើយ។ ចូរកាន់ឱ្យជាប់នូវឱកាស ដើម្បីឱ្យអ្នកអាចលាតត្រដាងពីក្ដីសង្ឃឹមដ៏ធំធេង ដែលបានផ្ដល់មកឱ្យអ្នក តាមរយៈដំណើរនៃគ្រាទន្ទឹងចាំនេះ។ នៅក្នុងរយៈពេល ៧ ថ្ងៃបន្តទៅមុខ អ្នកនឹងស្វែងរកឃើញសន្តិភាព និងការលើកទឹកចិត្ដ សម្រាប់ព្រលឹងរបស់អ្នក ក្នុងខណៈពេលការរំពឹងចាំនឹងនាំអ្នកទៅរកពិធីអបអរ!
More