ចូរកុំចុះចាញ់ឡើយគំរូ
ថ្ងៃទី ៧—លោក នេហេមា សាងសង់ជញ្ជាំងកំផែង
លោក នេហេមាបានទទួលអារម្មណ៍ថាព្រះជាម្ចាស់ត្រាស់ហៅគាត់ឱ្យទៅសាងសង់ជញ្ជាំងកំផែងនៃក្រុងយេរូសាឡឹម។ នៅពេលគាត់ទទួលបានការត្រាស់ហៅនេះ នោះគាត់ស្ថិតនៅឯទឹកដីនៃប្រទេសដទៃផ្សេងទេ ទាំងកំពុងបម្រើស្ដេចស្រុកនោះផង។ បើនិយាយចំពោះការងារដែលគាត់មានហើយ អ្វីដែលគាត់ទទួលបានជាការត្រាស់ហៅនេះ នោះគឺខុសគ្នាឆ្ងាយពីអ្វីដែលមាននៅក្នុងចិត្តរបស់គាត់។ តែទោះជាយ៉ាងនេះក្ដី នោះគឺមានតែព្រះជាម្ចាស់តែប៉ុណ្ណោះ ដែលអាចធ្វើការយ៉ាងដូច្នេះបាន។ ព្រះអង្គបានបើកទ្វារនៃឱកាសទាំងឡាយឱ្យមានដំណើរទៅយ៉ាងរលូនសម្រាប់ លោក នេហេមា គឺដើម្បីឱ្យគាត់អាចឈានជើងទៅក្នុងការត្រាស់ហៅនេះ។
តែទោះជាយ៉ាងនេះក៏ដោយ ភារកិច្ចដែលគាត់ត្រូវបំពេញ នោះគឺមិនងាយស្រួលទេ។ ជញ្ជាំងកំផែងខ្ទេចខ្ទី បែកខ្ញែក រញ៉េរញ៉ៃ។ ប្រជារាស្រ្តអ៊ីស្រាអែលទៀតសោត ក៏បែកបាក់ ខ្ចាត់ខ្ចាយ។ បច្ចាមិត្រដែលបម្រុងនឹងមកវាយប្រហារក៏ត្រៀមវាយលុកទៀត។ ហើយមែន អ្វីដែលជាក្ដីព្រួយបារម្ភ នោះកើតមានឡើងទាំងអស់មែន។
ពួកបច្ចាមិត្រដែលឮដំណឹងពីអ្វីដែល លោក នេហេមា ប្រុងនឹងធ្វើ ពួកគេក៏ប្រឹងព្យាយាមមកទាស់ប្រឆាំងចំពោះគម្រោងផែនការនោះ។ ពួកគេមកសើចចំអកដាក់គាត់។ ពួកគេមកដុតបញ្ឆេះឱ្យគាត់មានកំហឹង ហើយថែមទាំងមានគម្រោងនាំទុក្ខទោសមកដល់គាត់ទៀត។ ការទាំងនោះវាកើតឡើងសាហាវពេក រហូតដល់ លោក នេហេមា ត្រូវសម្រេចចិត្តដាក់ក្រុមបុរសរបស់គាត់ចំនួនពាក់កណ្ដាលឱ្យនៅឈរចាំយាមការពារ ទាំងត្រូវប្រើអាវុធផង ប្រសិនបើមានការឈ្លានពានកើតឡើង។ ការនេះផ្ដល់មកនូវសុខសុវត្ថិភាព ដើម្បីបំពេញភារកិច្ច ប៉ុន្តែ ជាក់ប្រាកដមែន ពេលវេលាត្រូវបញ្ចប់ការសាងសង់ជញ្ជាំងកំផែង នោះវាត្រូវការដល់ទៅទ្វេដងឯណោះ។
នៅពេលខ្ញុំអានពីរឿងនេះ នោះខ្ញុំនឹកចាំពីសំឡេងមនុស្សយន្តក្នុង រឿង វង្វេងក្នុងឋានអាវកាស (Lost in Space) និយាយថា៖ «គ្រោះថ្នាក់ហើយ គ្រោះថ្នាក់ហើយ»។ ខ្ញុំមិនដឹងពីអ្នកនោះទេ ប៉ុន្តែសម្រាប់រូបខ្ញុំ ប្រហែលជាខ្ញុំត្រូវចុះចាញ់បាត់ហើយ។ វាជាភារកិច្ចដ៏សែនលំបាក ហើយនៅពេលដែលមានទាំងគ្រោះថ្នាក់បូកបន្ថែមពីលើ ដោយប្រឈមនឹងការប្រថុយបាត់បង់ជីវិតផង នោះជាក់ណាស់ថា ការត្រាស់ហៅនេះ ត្រូវតែឱ្យអ្នកច្បាស់ប្រាកដក្នុងចិត្តយ៉ាងណា។
ទោះបីជាត្រូវប្រឆាំងចំពោះរាល់វិបត្តិបញ្ហាយ៉ាងណា ក៏ លោក នេហេមា បានស៊ូទ្រាំ។ ហើយគាត់មិនត្រឹមតែស៊ូទ្រាំប៉ុណ្ណោះទេ ប៉ុន្តែអស់អ្នកដែលគោរពដើរតាមការដឹកនាំរបស់គាត់ ពួកគេក៏បានស៊ូទ្រាំយ៉ាងដូច្នោះដែរ។ នៅក្នុងខទី ៦ បានចែងថា៖ «ដ្បិតពួកបណ្ដាជនបានធ្វើការងារយ៉ាងអស់ពីចិត្តរបស់ពួកគេ»។ ពាក្យពេចន៍ទាំងនេះ នោះគឺបន្ទាប់ពីមានការគំរាមកំហែងពីបច្ចាមិត្រ—មិនមែនមុនពួកគេគ្មានគ្រោះថ្នាក់នោះទេ។ សេចក្ដីឆេះឆួលនិងការប្ដេជ្ញាចិត្តរបស់ លោក នេហេមា ដើម្បីបំពេញគម្រោងផែនការនៃព្រះ ត្រូវបានពួកបណ្ដាជន ដែលប្រឹងធ្វើការរួមជាមួយគាត់ ចាប់យកមកធ្វើជានិម្មិតផ្ទាល់របស់ពួកគេដែរ។ នេះគឺជាឧទាហរណ៍មួយដ៏មានអំណាច សម្រាប់អ្នកដឹកនាំណាដែលអស់កម្លាំង។
អ្វីដែលមើលទៅដូចជាប្រទាក់ជុំជិតជាមួយនឹងភាពអំណត់របស់ពួកគេ នោះគឺជាឥរិយាបថនៃសេចក្ដីអធិស្ឋាន។ ពួកគេបានស្រែកអង្វរទៅព្រះ។ ប្រាកដមែន ពួកគេបានធ្វើដូច្នេះ មុននឹងពួកគេគិតពិចារណាទៅលើការធ្វើចលនាអ្វីមួយ សម្រាប់ដាក់ក្រុមកងការពារ ដើម្បីសុខសុវត្ថិភាព។ ជំហរឫកពារដំបូងរបស់ពួកគេ នោះគឺជាសេចក្ដីអធិស្ឋាន—ដែលជាចលនាកិច្ចដ៏សំខាន់បំផុត ដែលពួកគេអាចធ្វើទៅបាន។ ហើយនៅពេលដែលពួកគេធ្វើដូច្នោះ នោះព្រះជាម្ចាស់ទ្រង់ធ្វើការ។ ព្រះបានឆ្លើយតប ហើយបានយាងមក ដើម្បីផ្ដល់ការការពារដល់ពួកគេ។
វាជារឿងយ៉ាងសំខាន់ដែលអ្នកត្រូវដាក់សេចក្ដីអធិស្ឋាននៅចំពីមុខនៃទុក្ខលំបាករបស់អ្នក។ សេចក្ដីអធិស្ឋាននឹងជំរុញទឹកចិត្តអ្នក រំឭករូបអ្នក និងរក្សាអ្នកឱ្យផ្ចង់ចិត្ត ដើម្បីឱ្យអ្នកអាចស៊ូទ្រាំបាន។ សេចក្ដីអធិស្ឋាននោះពិតជាសំខាន់សម្រាប់ភាពអំណត់។
នៅពេលដែលជញ្ជាំងកំផែងបានបញ្ចប់ហើយ នោះកណ្ឌគម្ពីរ នេហេមា បានបញ្ចប់សេចក្ដី ដោយមានកំណត់ត្រាមួយ ថាប្រជាជាតិនៅជុំវិញ បានកត់សម្គាល់ ដោយការសង្កេតពីអ្វីៗដែលបានកើតមានឡើង ហើយពួកគេបានសន្មតថាការអស់ទាំងនោះ អាចធ្វើទៅរួច ដោយសារតែប្រជាជននេះមានព្រះគង់ជាមួយ។ សេចក្ដីស្មោះត្រង់របស់ លោក នេហេមា មិនគ្រាន់តែបានបញ្ចប់ភារកិច្ចប៉ុណ្ណោះទេ ប៉ុន្តែការអស់ទាំងនោះបានថ្វាយជាសិរីរុងរឿងទៅព្រះ នៅក្នុងរបៀបមួយ ដែលមិនអាចកើតឡើងបាន ប្រសិនបើគាត់សុខចិត្តចុះចាញ់នោះ។
សេចក្ដីអធិស្ឋានរបស់ខ្ញុំ នោះគឺថា ដំណើរគម្រោងអានរបស់យើងទាំង ៧ ថ្ងៃនេះ នឹងជំរុញលើកទឹកចិត្តដល់អ្នក ដើម្បីឱ្យអ្នកបន្តដើរឆ្ពោះទៅមុខតទៀត។ ចូរនឹកចាំពីសេចក្ដីសន្យា ហើយនិងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់។ ចូរនឹកចាំពីបុរសនិងស្រ្តីនៅក្នុងព្រះគម្ពីរទាំងឡាយ ដែលពួកគាត់ពុំបានចុះចាញ់ នៅពេលដែលពិភពលោកទាំងមូលទាស់ប្រឆាំងនឹងពួកគេ។ មិត្តអើយ! រូបអ្នក ដូចគ្នា ក៏នឹងអាចឆ្លងកាត់ព្យុះបានដែរ។
បើអ្នកត្រូវការស្វែងរកមើលនូវការលើកទឹកចិត្តបន្ថែម សូមចូលទៅកាន់គេហទំព័រនេះ ដើម្បីទទួលបានមេរៀនអនុវត្តជាក់ស្ដែងជាច្រើនផ្សេងទៀត សម្រាប់វិបត្តិបញ្ហានិងទុក្ខលំបាកនានានៃជីវិត៖ http://www.brittanyrust.com ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើអ្នកមានធ្លាប់ហត់នឿយជាខ្លាំង ឬត្រូវជីវិតវាយដំរហូតដល់លែងហ៊ានធ្វើអ្វីផ្សេងក្រៅពីលើកកន្សែងស ដើម្បីចង់តែប្រកាសថាអ្នកចុះចាញ់ ដែរឬទេ? ព្រះគម្ពីរមានពេញដោយព្រះបន្ទូលលើកទឹកចិត្ត ដើម្បីឱ្យអ្នកអាចបន្តមានការអំណត់ខ្ជាប់ខ្ជួន និងបន្តដំណើរទៅមុខទៀតបាន! គម្រោងអានរយៈពេល ៧ ថ្ងៃនេះ នឹងនាំនូវភាពស្រស់ស្រាយមកដល់អ្នកសម្រាប់ផ្លូវដំណើរជីវិតតទៅខាងមុខ។
More