ចូរកុំចុះចាញ់ឡើយគំរូ

Don't Give Up

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃទី ១—ទិសដៅដ៏ពិត (ផ្កាយទិសឧត្ដរ - ផ្កាយព្រឹក)

ពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ថាខ្លួនដូចជាសំពៅនៅតែលតោល រងខ្យល់បក់បោកនៅលើផ្ទៃទឹក មានទាំងរលកធំៗ ក្នុងសមុទ្រប្រកបដោយព្យុះ។ ទៅមកៗ អ្នកអណ្ដែតដោយគ្មានទិសដៅច្បាស់លាស់សោះ ទាំងអ្នកសម្លឹងរកមើល ថាពេលណាទើបក្ដីសង្ឃឹមមកដល់។ ដោយគ្មានត្រីវិស័យនាំមុខ នោះអ្នកពិតជាពិបាកនឹងស្វែងរកឃើញកោះត្រើយ មិនប្រាកដថាពេលណាទើបបានទៅដល់ដីគោក។

ដូចគ្នាដែរនឹងរឿងជីវិត។ ដោយប្រឹងដើរតែលតោល ទាំងគ្មានត្រីវិស័យ ហើយអ្នកខំសង្ឃឹមថាខ្លួនកំពុងបំពេញតាមគោលបំណងជីវិត ដែលព្រះបានផ្ដល់ឱ្យនៅលើផែនដីនេះ។ គិតទៅគឺវាពិតជាលំបាកមែន។ ហេតុដូច្នេះហើយបានជាអ្នកត្រូវការផ្កាយចង្អុរបង្ហាញទិសឧត្ដរ—ដែលជាចំណុចនឹងថ្កល់ និងមិនចេះផ្លាស់ប្រែ។ ទិសដៅនោះ គឺមានតែមួយគត់ នោះគឺជាអង្គព្រះយេស៊ូវ។

មានតែព្រះតែមួយប៉ុណ្ណោះ ដែលអាចផ្ដល់ឱ្យអ្នកនូវកម្លាំងនិងភាពអំណត់ សម្រាប់ឱ្យជីវិតនេះបានស្រស់ត្រកាលឡើងវិញ។ នៅពេលណាអ្នកនឿយហត់ នោះព្រះហស្ដដ៏មាំរបស់ព្រះអង្គនឹងហុចមកឱបអ្នក ហើយផ្លុំខ្យល់ដង្ហើមជីវិតទៅដល់ឆ្អឹងដែលកំពុងខ្សោះល្ហិតល្ហៃទាំងនោះ។ នៅពេលអ្នកលែងមានចិត្តក្នុងការបោះជំហានទៅមុខ នោះអណ្ដូងនៃជីវិតរបស់ព្រះអង្គនឹងបង្កើនទឹក រួចបំពេញដល់រូបអ្នកសាជាថ្មី។ នៅពេលដែលអ្នកវង្វេងនិងមិនប្រាកដប្រជា នោះព្រះប្រាជ្ញាញាណនិងគំហើញគំនិតរបស់ព្រះអង្គនឹងបើកភ្នែកដែលកំពុងតែគ្មានកម្លាំងរបស់អ្នក ហើយបំភ្លឺវាឱ្យមើលឃើញពីផ្លូវដំណើរខាងមុខវិញ។

ចូរឱ្យប្រាកដចុះ៖ គ្មានទិសដៅដ៏ពិតណា គ្មានប្រភពកម្លាំងណាផ្សេងទៀត ដែលនឹងអាចទ្រទ្រង់អ្នក ឬពន្លឺណា ដែលអាចដឹកនាំអ្នកដោយភាពស្មោះត្រង់បានទេ។ ចូរកុំខ្វល់ ចូរទុកនូវចម្លើយរបស់លោកិយ ចំពោះរឿងហត់នឿយរបស់អ្នក នៅមួយកន្លែងចុះ រួចហើយចូរមកតោងឱ្យជាប់នូវទិសដៅដ៏ពិតប្រាកដរបស់អ្នកវិញ។ មានតែព្រះជាម្ចាស់ទេ ដែលជាប្រភពដែលអាចទ្រទ្រង់អ្នក និងជាយុថ្កា សម្រាប់រាល់គ្រប់ស្ថានភាពរបស់អ្នក។

ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកជាសំពៅរសាត់បក់បោកនៅក្នុងផ្ទៃរលកនៅថ្ងៃនេះ ហើយមុននឹងអ្នកទៅដេញតាមអ្វីមួយផ្សេង ចូរអ្នកដេញតាមអង្គព្រះយេស៊ូវជាមុនសិន។ សូមឱ្យព្រះអម្ចាស់បានដឹកនាំដួងចិត្តរបស់អ្នក ហើយសូមឱ្យព្រះចេស្ដានៃព្រះបីត្រកងអ្នកនៅគ្រាគ្រោះនៃជ្រលងងងឹតទាំងឡាយរបស់អ្នក គឺជាពិសេសនៅពេលដែលអ្នកមានចិត្តចង់ចុះចាញ់នោះ។ 

នៅក្នុងរយៈពេល ៧ ថ្ងៃ នៃគម្រោងអាននេះ យើងនឹងជ្រមុជចូល (ក្បាលមុន) ទៅក្នុងព្រះគម្ពីរ រួចហើយយើងនឹងស្វែងរុករកនូវអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យមានបន្ទូលអំពីការស៊ូទ្រាំនិងភាពអំណត់។ នេះគឺជាការដាស់តឿននិងជាថ្នាំបំប៉ន សម្រាប់ការលើកទឹកចិត្ដដល់អ្នក ដើម្បីឱ្យអ្នកអាចបន្តធ្វើដំណើរទៅមុខបន្តទៀត នៅពេលដែលអ្នកជួបប្រទះរឿងអ្វីៗដែលលំបាក។ ដូច្នេះ សូមចូលមករួមគ្នាជាមួយនឹងខ្ញុំ ហើយយើងលាតត្រដាងពីអ្វីដែលព្រះគម្ពីរបានថ្លែង ថាភាពអំណត់ស៊ូទ្រាំនោះ បង្កើតបានជាផលអ្វីខ្លះ ហើយនិងដឹងថាមាននរណាខ្លះនៅក្នុងព្រះគម្ពីរ ដែលបានស៊ូទ្រាំនៅពេលដែលពួកគាត់ប្រឈមមុខនឹងគ្រានៃទុក្ខលំបាកទាំងឡាយ។

ហើយសូមចងចាំ៖ មិត្តអើយ! ចូរផ្ដោតភ្នែករបស់អ្នកទៅអង្គព្រះយេស៊ូវ!

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Don't Give Up

តើអ្នកមានធ្លាប់ហត់នឿយជាខ្លាំង ឬត្រូវជីវិតវាយដំរហូតដល់លែងហ៊ានធ្វើអ្វីផ្សេងក្រៅពីលើកកន្សែងស ដើម្បីចង់តែប្រកាសថាអ្នកចុះចាញ់ ដែរឬទេ? ព្រះគម្ពីរមានពេញដោយព្រះបន្ទូលលើកទឹកចិត្ត ដើម្បីឱ្យអ្នកអាចបន្តមានការអំណត់ខ្ជាប់ខ្ជួន និងបន្តដំណើរទៅមុខទៀតបាន! គម្រោងអានរយៈពេល ៧ ថ្ងៃនេះ នឹងនាំនូវភាពស្រស់ស្រាយមកដល់អ្នកសម្រាប់ផ្លូវដំណើរជីវិតតទៅខាងមុខ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ អ្នកស្រី ព្រីតនី រ៉ាស់ (Brittany Rust) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.brittanyrust.com