ចូរកុំចុះចាញ់ឡើយគំរូ

Don't Give Up

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃទី ៣—ស៊ូទ្រាំដើម្បីអ្នកដទៃ

សាវ័ក ប៉ុល ជ្រាបនិងស្គាល់ពីទុក្ខលំបាកច្រើនគួរសម។ គាត់បានឆ្លងកាត់ជីវិតក្នុងគុក ការវាយដំ ការលិចសំពៅ ភាពស្រេកឃ្លាន ភាពខ្សត់ល្ហិតល្ហៃ និងអ្វីៗជាច្រើនផ្សេងទៀត ដោយសារតែដំណើរជីវិតរបស់គាត់រស់សម្រាប់ព្រះគ្រីស្ទ។ តែទោះជាយ៉ាងនេះក្ដី នៅក្នុងគ្រប់ស្ថានភាពទាំងអស់នោះ គឺគាត់បានស៊ូទ្រាំ។ គាត់នៅតែបន្តធ្វើដំណើរទៅមុខជានិច្ច។ ប៉ុន្តែការអស់ទាំងនោះក៏មិនសម្រាប់តែព្រះគ្រីស្ទតែមួយប៉ុណ្ណោះទេ—គឺគាត់បានស៊ូទ្រាំសម្រាប់អ្នកដទៃដែរ។

«មែន យើងរស់នៅក្នុងជីវភាពដែលប្រកបដោយគ្រោះថ្នាក់ គឺមានពេញដោយហានីភ័យដល់អាយុជីវិត ដោយសារតែយើងបម្រើព្រះយេស៊ូវ ដើម្បីជាប្រយោជន៍ឱ្យជីវិតរបស់យើងដែលមានព្រះយេស៊ូវ បានបង្ហាញជាភស្ដុតាង តាមរយៈរូបកាយដែលកំពុងតែស្លាប់របស់យើងដែរ។ ដូច្នេះ យើងរស់នៅពីមុខច្រកនៃក្ដីស្លាប់ ប៉ុន្តែការនេះបានផលជាជីវិតអស់កល្បសម្រាប់អ្នក»។

សាវ័ក ប៉ុល បានជ្រាបថាការអំណត់ស៊ូទ្រាំចំពោះទុក្ខលំបាកបានបង្កើតនូវឱកាស ដើម្បីឱ្យព្រះគ្រីស្ទទទួលបាននូវសិរីរុងរឿង ដែលនោះបានជាប្រយោជន៍សម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សជាច្រើន។ ការនេះក៏ពិតដូចគ្នាសម្រាប់អ្នក និងចំពោះរបៀបរស់ជីវិតរបស់អ្នកដែរ។ នៅពេលអ្នកស៊ូទ្រាំក្នុងស្ថានភាពដ៏លំបាកនានា ទាំងកាន់យ៉ាងខ្ជាប់ខ្ជួននូវអ្វីដែលពិត និងល្អប្រពៃ នោះមនុស្សគេនឹងចាប់ផ្ដើមសម្គាល់ឃើញ។ នៅពេលគេឃើញពីរបៀបដែលអ្នករក្សាលំនឹងខ្លួននៅក្នុងគ្រាដ៏ងងឹតងងុលទាំងឡាយ នោះគេនឹងចង់ដឹងបន្ថែមទៀតពីព្រះ។

ប្អូនប្រុសរបស់ខ្ញុំបានបង្ហាញពីទុក្ខក្រៀមក្រំយ៉ាងគួរឱ្យកត់សម្គាល់នេះ នៅក្នុងគ្រាដែលគាត់កំពុងឆ្លងកាត់រដូវកាលដ៏លំបាក ក្នុងឆាកជីវិតរបស់គាត់។ នៅពេលគាត់មានវ័យប្រមាណជាង ២០ ឆ្នាំស្ដើង គាត់ហើយនិងមិត្តស្រីរបស់គាត់បានគេងជាមួយគ្នា ដោយមិនទាន់បានរៀបការ។ ទង្វើនោះបាននាំឱ្យពួកគាត់ទាំងពីរមានកូន។ ក្រោយមកពួកគេដឹងពីដំណឹងនេះ ហើយវាគឺមួយថ្ងៃមុននឹងគេសម្រេចចិត្តសុំគ្នារៀបការ។ ទាំងអាម៉ាស់ ពួកគេទាំងពីរដឹងថាខ្លួនប្រព្រឹត្តខុស ប៉ុន្តែពួកគេមិនដឹងថានឹងមានអ្វីបន្តត្រូវកើតមានឡើងទេ។

មិនយូរពីការដឹងនូវដំណឹងមានផ្ទៃពោះនេះ នោះមិត្តស្រីរបស់ប្អូនខ្ញុំ គាត់បានសុំបែកគ្នាពីប្អូនខ្ញុំ។ ប្អូនខ្ញុំមិនបានឃើញមិត្តស្រីគាត់ រហូតដល់កូនស្រីរបស់គាត់បានកើតហើយ។ នៅក្នុងរដូវកាលនោះ ប្អូនប្រុសរបស់ខ្ញុំគាត់ឈឺចុកចាប់យ៉ាងខ្លាំង។ គាត់មិនគ្រាន់តែបាត់បង់ស្ត្រីដ៏ជាទីស្រឡាញ់របស់គាត់ប៉ុណ្ណោះឡើយ គាត់ថែមទាំងបាត់បង់នូវបទពិសោធន៍ ដែលគាត់គួរទទួលបាន នៅពេលកូនស្រីរបស់គាត់កើតមកក្នុងពិភពលោកនេះទៀត។

អ្វីដែលពិតជាស្ញប់ស្ញែងនោះគឺថានៅគ្រាដ៏ចុកចាប់នោះ គាត់បានដើរនៅក្នុងសេចក្ដីជំនឿនិងពេញដោយការស្ដាប់បង្គាប់។ គាត់បានដើរនៅលើផ្លូវនៃការស្ដារឡើងវិញ ទាំងភ្ញាក់រឭកពីអំពើបាបរបស់ខ្លួន ហើយគាត់បានរកឃើញនូវភាពស្និទ្ធស្នាល និងការព្យាបាលជាមួយនឹងព្រះវរបិតា។ មនុស្សដែលស្គាល់គាត់—ទាំងអ្នកខ្លះជាអ្នកមិនទាន់ជឿព្រះផង—គេបានសម្គាល់ឃើញពីការស៊ូទ្រាំនៅក្នុងព្យុះរបស់គាត់ ហើយការអស់ទាំងនោះ បានចង្អុលបង្ហាញគេ ឱ្យស្គាល់ពីព្រះជាម្ចាស់វិញ។ ទុក្ខលំបាករបស់គាត់បានផលជាការថ្វាយសិរីរុងរឿងទៅព្រះនៅក្នុងរបៀបដ៏ស្រស់បំព្រង។ ខ្ញុំរីករាយនឹងថ្លែងរាយការណ៍ថាព្រះជាម្ចាស់បានស្រង់ទំនាក់ទំនងនោះ ហើយសព្វថ្ងៃនេះ ពួកគាត់ទាំងពីរបានរៀបការហើយ ហើយពួកគាត់មានកូនពីរនាក់!

ខ្ញុំចែករំលែកពីការណ៍នេះ ដោយសារយើងគ្រប់រូបសុទ្ធតែមានគ្រាមួយចំនួនកើតឡើង នៅពេលដែលយើងចង់ចុះចាញ់ ដោយសារតែភាពហត់នឿយ និងការបាក់ទឹកចិត្ត។ ប៉ុន្តែយើងមិនអាចចុះចាញ់បានទេ។ យើងត្រូវតែបន្តធ្វើដំណើរទៅមុខទៀត មិនថារដូវកាលនៃជីវិតរបស់យើងវាលំបាកយ៉ាងណានោះទេ។ វានឹងនាំផលប្រយោជន៍ដល់អ្នក នៅពេលដែលអ្នកចេះមានភាពអំណត់ ប៉ុន្តែការនោះក៏នឹងជួយបម្រើដល់អ្នកដទៃផ្សេងទៀតដែរ។ ការស៊ូទ្រាំខ្ជាប់ខ្ជួនរបស់អ្នកមានសមត្ថភាពក្នុងការចង្អុលបង្ហាញមនុស្សឱ្យទៅរកព្រះគ្រីស្ទ ដោយនឹងដឹកនាំពួកគេឱ្យទៅបំផ្លាស់បំប្រែជីវិតផង!

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Don't Give Up

តើអ្នកមានធ្លាប់ហត់នឿយជាខ្លាំង ឬត្រូវជីវិតវាយដំរហូតដល់លែងហ៊ានធ្វើអ្វីផ្សេងក្រៅពីលើកកន្សែងស ដើម្បីចង់តែប្រកាសថាអ្នកចុះចាញ់ ដែរឬទេ? ព្រះគម្ពីរមានពេញដោយព្រះបន្ទូលលើកទឹកចិត្ត ដើម្បីឱ្យអ្នកអាចបន្តមានការអំណត់ខ្ជាប់ខ្ជួន និងបន្តដំណើរទៅមុខទៀតបាន! គម្រោងអានរយៈពេល ៧ ថ្ងៃនេះ នឹងនាំនូវភាពស្រស់ស្រាយមកដល់អ្នកសម្រាប់ផ្លូវដំណើរជីវិតតទៅខាងមុខ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ អ្នកស្រី ព្រីតនី រ៉ាស់ (Brittany Rust) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.brittanyrust.com