ព្រះយេស៊ូវស្រឡាញ់ខ្ញុំគំរូ
ខ្ញុំដឹងជាក់ណាស់
យើងមិនអាចទទួលបានការសង្គ្រោះ ដោយការខិតខំប្រឹងប្រែងសាងអ្វីមួយ ឬប្រឹងធ្វើខ្លួនឱ្យល្អនោះឡើយ៖ «ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន» (អេភេសូរ ២៖៨-៩)។ ការជឿលើព្រះយេស៊ូវនាំមកនូវអំណាចចេស្ដានៃព្រះ ចូលមកក្នុងជីវិតរបស់យើង ហើយជាលទ្ធផលយើងទទួលបានការសង្គ្រោះ៖ «ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ» (រ៉ូម ១៖១៦)។
តើអ្នកធ្លាប់ឆ្លងកាត់គ្រាមួយដ៏វិសេស នៅពេលដែលអ្នកបានជ្រើសរើសទទួលជឿលើព្រះគ្រីស្ទដោយខ្លួនអ្នកផ្ទាល់ដែរឬទេ? នៅថ្ងៃនេះ យើងនិយាយអំពីជម្រើសដែលមនុស្សជ្រើសរើសទទួលព្រះយេស៊ូវធ្វើជាព្រះសង្គ្រោះ ជាព្រះមហាក្សត្រ និងជាម្ចាស់ប្រោសលោះ ហើយក៏និយាយថាជម្រើសនេះ វាមានសារៈសំខាន់ប៉ុណ្ណា សម្រាប់រូបអ្នក ក្នុងការដែលអ្នកជ្រើសរើសឱ្យបានច្បាស់លាស់នោះ។ ការទទួលនូវកាដូពីព្រះអង្គ នោះពិតជាសាមញ្ញ ដោយគ្រាន់តែអ្នកប្រកាសចេញពីមាត់របស់អ្នក ថាព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿនៅក្នុងដួងចិត្ដរបស់អ្នក ថាព្រះជាម្ចាស់បានប្រោសព្រះគ្រីស្ទឱ្យរស់ពីសេចក្ដីស្លាប់ឡើងវិញ។
នេះជាពាក្យអធិស្ឋានសម្រាប់ឱ្យអ្នកបង្វែរសេចក្ដីពិតទាំងនេះ ពីខួរក្បាលរបស់អ្នក ទៅកាន់ដួងចិត្ដរបស់អ្នក ដោយហេតុចេញពីជំនឿ ដែលអ្នកបានជ្រើសរើសនោះ។ ពាក្យពេចន៍នៃសេចក្ដីអធិស្ឋាននេះមិនមែនជាអព្ភូតហេតុអស្ចារ្យណានោះទេ ប៉ុន្តែគំនិតនៅក្នុងសេចក្ដីអធិស្ឋាននេះ មានអំណាចចេស្ដានៅលើសកលលោក ប្រសិនបើអ្នកអធិស្ឋានពាក្យពេចន៍ទាំងនេះចេញអំពីចិត្ដនៃការបន្ទាបខ្លួន ហើយពេញដោយជំនឿ ចំពោះព្រះដែលបានបង្កើតរូបអ្នក។
ឱ ព្រះយេស៊ូវអើយ
ទូលបង្គំចូលមករកព្រះអង្គ ដែលទ្រង់ជាព្រះមានគ្រប់ទាំងព្រះចេស្ដា ហើយទូលបង្គំសូមទទួលស្គាល់ថាជីវិតរបស់ទូលបង្គំ វាមិនល្អល្មមគ្រប់គ្រាន់ឡើយ។ ទូលបង្គំបានប្រព្រឹត្តបាប ហើយបានធ្វើទង្វើខុសឆ្គងចំពោះព្រះអង្គ ក្នុងរបៀបជាច្រើន។ ព្រះយេស៊ូវអើយ សូមអរគុណព្រះអង្គ ដែលបានសុគតនៅលើឈើឆ្កាង សម្រាប់អំពើបាបនិងកំហុសខុសឆ្គងរបស់ទូលបង្គំ។ នៅថ្ងៃនេះ ទូលបង្គំសូមទទួលស្គាល់ថាព្រះអង្គជាព្រះអម្ចាស់ និងជាអ្នកដឹកនាំនៃជីវិតរបស់ទូលបង្គំ។ ទូលបង្គំសូមកែប្រែចិត្ដគំនិត ហើយបែរចេញពីអំនួតរបស់ទូលបង្គំ។ ទូលបង្គំជឿលើព្រះអង្គ អស់អំពីចិត្ដ ហើយទូលបង្គំសូមជ្រើសរើសដើរតាមព្រះអង្គអស់មួយជីវិតរបស់ទូលបង្គំ។ ទូលបង្គំចង់ទទួលកាដូឥតគិតថ្លៃ ដែលជាសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ ព្រះអង្គអើយ សូមជួយដល់ទូលបង្គំឱ្យរស់នៅ ក្នុងនាមជាមនុស្សថ្មី បានកើតជាថ្មី ឥឡូវនេះ។ ទូលបង្គំសូមអធិស្ឋានការអស់ទាំងនេះ ក្នុងព្រះនាមរបស់ព្រះអង្គ ហើយក៏ជឿលើរាល់គ្រប់កិច្ចការដែលព្រះអង្គបានធ្វើ ដោយនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។
នៅគ្រាដែលអ្នកដាក់ជំនឿរបស់អ្នកនៅក្នុងអង្គព្រះយេស៊ូវ នោះមានការដ៏អស្ចារ្យលើសពីធម្មជាតិបានកើតឡើងនៅក្នុង ព្រលឹង ជីវិត និងភាពអស់កល្បជានិច្ចរបស់អ្នក។ ព្រះជាម្ចាស់បំបែកច្រវាក់នៃបាបចេញពីអ្នក។ ព្រះអង្គបង្កើតទីកន្លែងមួយ នៅក្នុងព្រះដំណាក់របស់ព្រះអង្គសម្រាប់អ្នក ហើយទ្រង់រាប់អ្នកជាកូន នៅក្នុងក្រុមគ្រួសាររបស់ព្រះអង្គ។ ព្រះជាម្ចាស់គឺជាបិតារបស់អ្នក ហើយព្រះអង្គស្រឡាញ់អ្នក។ អ្នកក៏មានក្រុមគ្រួសារខាងវិញ្ញាណ ដែលជាអ្នករួមជំនឿដទៃផ្សេងទៀត ដ្បិតទាំងអស់គ្នាសុទ្ធតែកំពុងធ្វើដំណើររួមជាមួយអ្នក ដើម្បីលើកទឹកចិត្តអ្នកនៅតាមផ្លូវទៅឯនគរស្ថានសួគ៌។
តើអ្នកមានបានទទួលការអញ្ជើញរបស់ព្រះគ្រីស្ទ ឱ្យបានក្លាយជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះអង្គ ហើយឬនៅ? ចូរដៅថ្ងៃនេះទៅក្នុងប្រតិទិនរបស់អ្នក ថានេះគឺជាថ្ងៃដែលអ្នកពិតជាច្បាស់លាស់ក្នុងចិត្ដមែនហើយ!
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ប្រសិនបើមាននរណាម្នាក់មកសួរអ្នក៖ «តើខ្ញុំត្រូវជឿលើអ្វី ដើម្បីឱ្យខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទ?» នោះតើអ្នកនឹងត្រូវឆ្លើយទៅគេថាយ៉ាងណា? ដោយការប្រើប្រាស់ឃ្លានៃពាក្យមាននៅក្នុងបទចម្រៀងដ៏ជាទីស្រឡាញ់ "ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នេះខ្ញុំដឹង ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង - Jesus loves, this I know, for the Bible tells me so" នោះមានអតីតអ្នកយកព័ត៌មានក្លាយជាគ្រូគង្វាលម្នាក់ គាត់ចង់ជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកជឿ ហើយដឹងថាដោយព្រោះហេតុអ្វី។ កវីនិពន្ធដ៏ល្បី ដោយសៀវភៅរបស់គាត់បានលក់ដាច់យ៉ាងច្រើន គឺលោក ចន អេស ឌីគឺសិន (John S. Dickerson) ពន្យល់យ៉ាងច្បាស់លាស់ ហើយដោយស្មោះនូវជំនឿសំខាន់ៗរបស់គ្រីស្ទបរិស័ទ ហើយគូរបង្ហាញយ៉ាងមានអំណាចពីហេតុផល ថាហេតុអ្វីបានជាជំនឿទាំងនោះចាំបាច់។
More