ព្រះយេស៊ូវស្រឡាញ់ខ្ញុំគំរូ
រូបខ្ញុំ
វាជារឿងពេញដោយភាពស្ញប់ស្ញែងណាស់ក្នុងការគិតអំពីមនុស្សជាតិ បើយើងសម្លឹងមើលវាពីទស្សនៈនៃព្រះ—មានមនុស្សរាប់រយលាននាក់ ដែលម្នាក់ៗធ្វើការសម្រេចចិត្ដរាប់ពាន់ជម្រើសជារៀងរាល់ថ្ងៃ។ ព្រះទតឃើញពីឃាតករ។ ព្រះអង្គទតឃើញពីការជួញដូរគ្រឿងញៀន។ ព្រះអង្គទតឃើញស្រ្តីមានផ្ទៃពោះជក់ថ្នាំកូកាអ៊ីន ទាំងនាំផលប៉ះពាល់យ៉ាងអាក្រក់ដល់ទារក។ ព្រះអង្គទតឃើញប្ដីដែលពូកែរំលោភបំពាន ហើយនិងឪពុកដែលនាំមហន្ដរាយដល់មនុស្សដែលគាត់ត្រូវមើលថែការពារ។ ព្រះអង្គទតឃើញពីសង្រ្គាម ពីការប្រកាន់ពូជសាសន៍ ទង្វើឆ្កួតលីលាខាងសាសនា និងទង្វើអយុត្តិធម៌។
ក្នុងពេលតែមួយ ជារៀងរាល់ថ្ងៃ ព្រះជាម្ចាស់កំពុងទតឃើញពីម្ដាយដ៏ល្អៗរាប់លាននាក់ ដែលកំពុងតែបីបមថ្នមថែទារករបស់ខ្លួន ផ្ដល់ភាពកក់ក្ដៅ និងលួងលោមពួកកូនៗនាពេលរាត្រី។ ព្រះអង្គទតឃើញពីឪពុកដ៏ជាទីស្រឡាញ់ កំពុងបង្រៀនកូនស្រីរបស់ខ្លួនឱ្យចេះជិះកង់។ ព្រះអង្គទតឃើញពីវីរៈជនលះបង់ជីវិតនិងភាពសុខស្រួលរបស់ពួកគេ ដើម្បីសង្រ្គោះមនុស្សដទៃផ្សេងទៀត។
នៅពេលព្រះជាម្ចាស់ទតឃើញរឿងអារាត់អារាយទាំងមូលនៃមនុស្សជាតិ—ទាំងការល្អនិងការអាក្រក់—តើព្រះអង្គមានព្រះទ័យយ៉ាងដូចម្ដេច? ខ្ញុំចង់លើកឡើងពីសំណួរមួយនេះវិញ—តើព្រះទតមើលឃើញរូបខ្ញុំយ៉ាងណាដែរ?— ទាំងឆ្លើយរាល់សំណួរដែលមនុស្សក្នុងសកលលោកមាន។
ព្រះជាម្ចាស់ទតឃើញពីភាពរុងរឿងនៃការបាក់បែកខ្ទេចខ្ទាំមែន ប៉ុន្តែព្រះអង្គក៏សព្វព្រះទ័យចង់ស្ដារវាសាជាថ្មីឡើងវិញដែរ។
- ភាពរុងរឿង។ អ្នកបានបង្កើតមកក្នុងរូបលក្ខណៈនៃព្រះជាម្ចាស់។ អ្នកមានមរតកដែលជាភាពសក្ដិសមនិងភាពថ្លៃថ្នូរ ដែលគ្មាននរណាម្នាក់អាចដកហូតវាចេញពីអ្នកបានឡើយ។
- ភាពបាក់បែកខ្ទេចខ្ទាំ។ ដូចជារូបខ្ញុំ ហើយនិងមនុស្សដទៃផ្សេងទៀត ដែលអ្នកនឹងជួបប្រទះ អ្នកត្រូវរងភាពជ្រែះចាប់ មួយអន្លើ ដោយសារតែការអាក្រក់មាននៅក្នុងពិភពលោកនេះ។
- សក្តិសមទទួលបានការស្ដារឡើងវិញ។ ព្រះជាម្ចាស់មានព្រះទ័យចង់ស្ដាររូបអ្នកឡើងវិញ ឱ្យបានដូចទៅនឹងភាពតាក់តែងគ្រាដើមដំបូង។ ព្រះសព្វព្រះទ័យឱ្យអ្នករស់នៅក្នុងជីវិតដែលឃ្លាតឆ្ងាយពីភាពជ្រែះចាប់ ចេញពីភាពភ័យខ្លាចនៃសេចក្ដីស្លាប់ មានសេរីភាពពីការព្រាត់ប្រាស ការឈឺចាប់ ភាពបាក់បែក ឬរាល់ទង្វើអាក្រក់ទាំងឡាយ។
មនុស្សគ្រប់រូបនីមួយៗ មិនថាជាជាប់បាបប៉ុណ្ណា ខ្ទេចខ្ទាំប៉ុណ្ណា ឬអាក្រក់យ៉ាងណាទេ ពួកគេនៅមានជាប់ដាននិងតម្រុយនៃសិរីរុងរឿងដើម ដែលព្រះជាម្ចាស់បានប្រទានដល់អស់មនុស្សគ្រប់រូប។
ហើយនៅក្នុងពេលតែមួយ មនុស្សគ្រប់រូប មិនថាជាមានទេពកោសល្យយ៉ាងណា មានក្រមសីលធម៌យ៉ាងណា ឬល្អប៉ុណ្ណានោះទេ ពួកគេនៅមានជាប់ការអាក្រក់មួយចំនួន ដែលជាផលបានមកពីពិភពលោក ហើយនិងបាបដែលយើងរាល់គ្នាបានជ្រើសរើសយកនោះដែរ។
នៅក្នុងអេភេសូរ ២៖១០ ព្រះជាម្ចាស់ពិពណ៌នារូបអ្នក ថាជាស្នាដៃឯករបស់ព្រះអង្គ។ អ្នកគឺជា ផូម៉ា-poema ដ៏ប្រណិត ដែលពាក្យនេះក្នុងភាសាក្រិកមានន័យថា "កំណាព្យ"។ នៅក្នុងវេលានៃភាពអស់កល្បជានិច្ច យើងដែលជាអ្នកទុកចិត្តដល់ព្រះដែលជាម្ចាស់គ្រប់គ្រង ដើម្បីស្ដារយើងសាជាថ្មីឡើងវិញ យើងនឹងបានសាយភាយនូវពន្លឺចាំងរបស់ព្រះអង្គ ទាំងប្រកាសថាព្រះអង្គមិនមែនគ្រាន់តែជាអង្គដ៏មានអំណាចចេស្ដាក្រៃលែងក្នុងសកលលោក ជាព្រះអាទិករបង្កើតរាល់គ្រប់អ្វីៗយ៉ាងមានសោភ័ណភាព ប៉ុណ្ណោះនោះទេ តែព្រះអង្គគឺជាព្រះរំដោះលោះដ៏ខ្ពស់បំផុត ដែលជាអង្គបានស្ដាររូបយើង ឱ្យរួចពីការអាក្រក់ដែលមានបំណងចង់មកបំផ្លាញនោះវិញ។ នេះហើយគឺជាយើងដែលស្ថិតនៅក្នុងអង្គព្រះគ្រីស្ទ។
តើនៅក្នុងផ្នែកណានៃជីវិតរបស់អ្នក ដែលអ្នកសម្គាល់ដឹងពីស្ថានភាព "បាក់បែកខ្ទេចខ្ទាំ" របស់អ្នក? តើនៅក្នុងផ្នែកណានៃជីវិតរបស់អ្នក ដែលអ្នកត្រូវការអំណាចចេស្ដារបស់ព្រះជាម្ចាស់ ឱ្យ "ស្ដារជាថ្មី" ដើម្បីបង្កើតឱ្យរូបអ្នកបានទៅជាថ្មីឡើងវិញ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ប្រសិនបើមាននរណាម្នាក់មកសួរអ្នក៖ «តើខ្ញុំត្រូវជឿលើអ្វី ដើម្បីឱ្យខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទ?» នោះតើអ្នកនឹងត្រូវឆ្លើយទៅគេថាយ៉ាងណា? ដោយការប្រើប្រាស់ឃ្លានៃពាក្យមាននៅក្នុងបទចម្រៀងដ៏ជាទីស្រឡាញ់ "ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នេះខ្ញុំដឹង ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង - Jesus loves, this I know, for the Bible tells me so" នោះមានអតីតអ្នកយកព័ត៌មានក្លាយជាគ្រូគង្វាលម្នាក់ គាត់ចង់ជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកជឿ ហើយដឹងថាដោយព្រោះហេតុអ្វី។ កវីនិពន្ធដ៏ល្បី ដោយសៀវភៅរបស់គាត់បានលក់ដាច់យ៉ាងច្រើន គឺលោក ចន អេស ឌីគឺសិន (John S. Dickerson) ពន្យល់យ៉ាងច្បាស់លាស់ ហើយដោយស្មោះនូវជំនឿសំខាន់ៗរបស់គ្រីស្ទបរិស័ទ ហើយគូរបង្ហាញយ៉ាងមានអំណាចពីហេតុផល ថាហេតុអ្វីបានជាជំនឿទាំងនោះចាំបាច់។
More