ព្រះយេស៊ូវស្រឡាញ់ខ្ញុំគំរូ
ព្រះយេស៊ូវ—ជាព្រះហើយនិងជាមនុស្សពេញគ្រប់លក្ខណៈ
ព្រះយេស៊ូវជាព្រះពេញគ្រប់លក្ខណៈ៖ «កាលដើមដំបូងមានព្រះបន្ទូល [Jesus] ព្រះបន្ទូលគង់នៅជាមួយព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ» (យ៉ូហាន ១៖១)។ ព្រះយេស៊ូវជាមនុស្សពេញគ្រប់លក្ខណៈ៖ «ត្រូវតែមានគំនិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ តែមិនបានរាប់ឋានៈដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ឡើយ ប៉ុន្តែ ព្រះអង្គបានលះបង់អង្គទ្រង់ មកយកសភាព ជាអ្នកបម្រើវិញ ព្រមទាំងប្រសូតមកមានសភាពជាមនុស្សផង។ ដោយឃើញព្រះអង្គមានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺព្រះអង្គទទួលសុគតជាប់លើឈើឆ្កាងផង» (ភីលីព ២៖៥-៨)។
ការទទួលយកយ៉ាងត្រឹមត្រូវចំពោះគោលជំនឿចាំបាច់របស់យើង នោះមិនមែនគិតតែទៅលើ "ភាពថាខ្លួនយើងត្រូវ" ទេ ប៉ុន្តែវាមានន័យសំខាន់ទៅលើភាព "បានត្រូវរូវ បានជានា" ជាមួយនឹងព្រះនោះវិញ។ នៅក្នុងរបៀបដូចគ្នា ឌុយភ្លើងត្រូវតែអាចដោតភ្ជាប់ទៅនឹងដុំភ្លើងត្រឹមត្រូវ ដើម្បីឱ្យវាអាចដំណើរការទៅបានយ៉ាងល្អ។ រូបអ្នកហើយនិងខ្ញុំ ត្រូវតែតម្រង់ខ្សែនៃភាពពិតនៃជីវិតរបស់យើងក្នុងសកលលោកនេះ ឱ្យដូចតាមដែលព្រះជាម្ចាស់បានពិពណ៌នា។
ពេលលើកក្រោយ នៅពេលមាននរណាម្នាក់និយាយថា៖ «តើមាននរណាហ៊ាននិយាយថាព្រះយេស៊ូវជានរណាអត់?» យើងអាចឆ្លើយតបជាមួយនឹងសេចក្ដីពិតដ៏សាមញ្ញនេះ៖ «ចង់និយាយអំពីព្រះយេស៊ូវមែន? អញ្ចឹងចូរមើលពីអ្វីដែលព្រះអង្គមានបន្ទូលឆ្លើយតបលើសំណួរនេះ សម្រាប់យើងតែម្ដងទៅ»។ តាមពិតព្រះយេស៊ូវបានឆ្លើយតបសំណួរនេះ ក្នុងរបៀបផ្សេងៗ និងតាមព្រះបន្ទូល ទាំងតាមសកម្មភាពជាច្រើនដែរ។ មានពេលមួយនោះ ព្រះយេស៊ូវបានសួរដល់សាវ័កដ៏ជិតស្និទ្ធទាំង ១២ នាក់របស់ព្រះអង្គ លើសំណួរថាតើមនុស្សជឿថាព្រះអង្គជានរណា?
កិច្ចសន្ទនាទាំងមូលនេះ បានកត់ត្រាទុកនៅក្នុង ម៉ាថាយ ជំពូកទី ១៦។ នៅក្នុងនោះ ព្រះយេស៊ូវសួរទៅពួកគេថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា? ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជាអ្នកណាដែរ?» (ខ ១៣-១៥)។ ក្រុមសាវ័កបានដឹងថាព្រះយេស៊ូវបានប្រកាសថាព្រះអង្គគឺជាផ្លូវតែមួយទៅឯស្ថានសួគ៌ ហើយនិងជាជីវិតអស់កល្បជានិច្ច (យ៉ូហាន ១៤៖៦)។ ពួកគេក៏ដឹងថាព្រះយេស៊ូវមានអំណាចចេស្ដាក្នុងការបំពេញរាល់ការអស្ចារ្យ។ ហើយពួកគេក៏ដឹងថាមានមនុស្សរាប់ពាន់នាក់ នៅក្នុងពេលវេលានោះ កំពុងតែចាប់ផ្ដើមជឿថាព្រះយេស៊ូវគឺជាព្រះជាម្ចាស់។
វាជារឿងគួរឱ្យចាប់អារម្មណ៍នៅក្នុងកិច្ចសន្ទនាជាក់លាក់នេះ ដែលព្រះយេស៊ូវបានប្រើឃ្លាថា "បុត្រមនុស្ស" ដើម្បីថ្លែងសំដៅទៅរូបព្រះអង្គផ្ទាល់។ ការប្រើប្រាស់ឋានៈរបស់ព្រះយេស៊ូវ ក្នុងនាមជា "បុត្រមនុស្ស" នោះគឺព្រះអង្គសព្វព្រះទ័យថ្លែងសង្កត់ធ្ងន់ទៅលើ ភាពជាមនុស្សពេញគ្រប់លក្ខណៈរបស់ព្រះអង្គ។ វាអាចស្ដាប់ទៅបែបឆ្គងចំពោះមនុស្សទូទៅ នៅពេលនរណាម្នាក់និយាយសង្កត់ធ្ងន់បែបដូច្នេះ—មើលមកខ្ញុំន៎ែ ខ្ញុំគឺជាមនុស្ស។ ប៉ុន្តែប្រសិនបើអ្នកជាព្រះដ៏មានគ្រប់អំណាចចេស្ដា គង់នៅស្ថានសួគ៌អស់កល្បជានិច្ច ហើយឥឡូវនេះអ្នកមានវត្ដមាននៅលើពិភពផែនដី ក្នុងនាមជាមនុស្ស នោះប្រហែលជាអ្នកអាចនឹងចង់និយាយបែបដូច្នេះដែរ៖ «មើលមកខ្ញុំនេះន៎ែ... ខ្ញុំគឺជាមនុស្ស!» នេះគឺជារបៀបព្រះយេស៊ូវសព្វព្រះទ័យយ៉ាងខ្លាំង ក្នុងការមានបន្ទូលថ្លែងសំដៅទៅរូបព្រះអង្គផ្ទាល់។
ត្រឡប់មកកាន់សំណួរវិញ។ សាវ័ករបស់ព្រះអង្គ គឺ លោក ពេត្រុស បានឆ្លើយដោយចំៗ។ គាត់បានសម្លឹងទៅព្រះនេត្រព្រះយេស៊ូវ រួចឆ្លើយថា៖ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់» (ម៉ាថាយ ១៦៖១៦)។
តើហេតុអ្វីបានជាជំនឿរបស់យើងអំពីព្រះយេស៊ូវត្រូវតែដើរតាមទម្រង់ក្នុងគំរូដែលព្រះយេស៊ូវបានពិពណ៌នានោះ? តើហេតុអ្វីបានជាយើងត្រូវតែទទួលយកជំនឿអំពីព្រះយេស៊ូវ ឱ្យបានត្រឹមត្រូវ ក្នុងលក្ខណៈនេះ?
អំពីគម្រោងអាននេះ
ប្រសិនបើមាននរណាម្នាក់មកសួរអ្នក៖ «តើខ្ញុំត្រូវជឿលើអ្វី ដើម្បីឱ្យខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទ?» នោះតើអ្នកនឹងត្រូវឆ្លើយទៅគេថាយ៉ាងណា? ដោយការប្រើប្រាស់ឃ្លានៃពាក្យមាននៅក្នុងបទចម្រៀងដ៏ជាទីស្រឡាញ់ "ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នេះខ្ញុំដឹង ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង - Jesus loves, this I know, for the Bible tells me so" នោះមានអតីតអ្នកយកព័ត៌មានក្លាយជាគ្រូគង្វាលម្នាក់ គាត់ចង់ជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកជឿ ហើយដឹងថាដោយព្រោះហេតុអ្វី។ កវីនិពន្ធដ៏ល្បី ដោយសៀវភៅរបស់គាត់បានលក់ដាច់យ៉ាងច្រើន គឺលោក ចន អេស ឌីគឺសិន (John S. Dickerson) ពន្យល់យ៉ាងច្បាស់លាស់ ហើយដោយស្មោះនូវជំនឿសំខាន់ៗរបស់គ្រីស្ទបរិស័ទ ហើយគូរបង្ហាញយ៉ាងមានអំណាចពីហេតុផល ថាហេតុអ្វីបានជាជំនឿទាំងនោះចាំបាច់។
More