ការស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់គំរូ
រោគសញ្ញានៃត្រចៀកដែលស្ទះ
លោកអ័ដាម និង នាង អេវ៉ា បានស្គាល់ព្រះជាម្ចាស់មុនគេបង្អស់! ជំនាន់ចាប់កំណើតមកបន្តបន្ទាប់នៃសមាជិកក្រុមគ្រួសារ ក៏ស្គាល់ព្រះជាម្ចាស់ ឬ យ៉ាងហោចណាស់ស្គាល់ទ្រង់បានច្បាស់គួរសមដែរ។ យូរៗទៅ អស់រយៈពេលច្រើនឆ្នាំ មានមនុស្សជាច្រើនបានឈប់អរគុណ និង ទទួលស្គាល់ព្រះជាម្ចាស់ ថាជាប្រភពនៃអ្វីៗទាំងអស់របស់ពួកគេ។ អំពើបាបក៏កើនឡើងដែរ។
មានអំពើបាបច្រើន ដែលជារោគសញ្ញានៃអំពើបាបដែលបានចាក់ឬសយ៉ាងជ្រៅ៖ បាបដែលនាំឲ្យត្រចៀកយើងស្ទះ ស្ដាប់សេចក្ដីពិតព្រះជាម្ចាស់លែងឮ ហើយបែរទៅជាឮតែសេចក្ដីកុហកវិញ។ នៅពេលដែលយើងឈប់ទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះដែលផ្ដល់រាល់គ្រប់ការល្អគ្រប់យ៉ាងដល់យើង នោះយើងឈប់មើលឃើញអ្វីៗឲ្យបានច្បាស់លាស់។ យើងឈប់ពិចារណាគិតតាមប្រាជ្ញាញាណ។ យើងបដិសេធលែងចង់ស្ដាប់នូវអ្វីដែលជាសេចក្ដីពិត។ រ៉ូម ជំពូក ១ បានថ្លែងបង្ហាញយ៉ាងជាក់ស្ដែងអំពីរូបភាពពិតទាំងនេះ។
ហើយនេះជាដំណើរពាក្យពេចន៍យ៉ាងម៉ឺងម៉ាត់ដែលបានចែង៖ ការបដិសេធក្នុងការស្ដាប់នូវសេចក្ដីពិត គឺតាមពិតទៅ ជាការកំពុងបដិសេធព្រះជាម្ចាស់។ឥឡូវនេះ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងពិតជាបានឱបក្រសោបនូវព្រះបន្ទូលព្រះ ហើយចាត់ទុកថាជាសេចក្ដីពិតផង។ ប៉ុន្តែយើងត្រូវតែបន្តរក្សាសម្អាតឲ្យត្រចៀកយើងកុំឲ្យវាស្ទះ ដោយទទួលស្គាល់ និង បដិសេធរាល់សេចក្ដីខុសឆ្គង ដែលមើលទៅដូចជាសេចក្ដីពិតនោះ ហើយរមែងនៅជាប់ ដោយស្គាល់នូវព្រះសូរសៀងរបស់ព្រះជាម្ចាស់វិញ។
ក្នុងភាពម៉ឺងម៉ាត់ដូចគ្នាផងដែរ អ្នកប្រឆាំងនឹងសេចក្ដីពិត គេក៏បាននាំឲ្យអ្នកដទៃផ្សេងទៀត ធ្លាក់ចូលទៅក្នុងសេចក្ដីល្បួងរបស់គេ ដូចជាអ្វីដែលយើងបានរៀនពីមេរៀននៅក្នុងអត្ថបទព្រះគម្ពីរលោកុប្បត្តិដែរ។ ចូរគិតអំពីសំណួរទាំងប៉ុន្មាននេះ។ តើនរណាគេនឹងប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើបងប្អូនមិនស្ដាប់ព្រះជាម្ចាស់នោះ? ភរិយា/ស្វាមី របស់បងប្អូន? មិត្ដភក្ដិរបស់បងប្អូន? ចៅហ្វាយនាយបងប្អូន? កូនៗរបស់បងប្អូន? ឬ ប្រហែលជាមនុស្សចម្លែកណាម្នាក់ដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យអ្នកប៉ះពាល់ជីវិតរបស់គាត់?
ខ្ញុំគិតថាឥឡូវនេះ ជាពេលវេលាដ៏ល្អដែលខ្ញុំគួរតែឈប់សរសេរ ដើម្បីឲ្យបងប្អូនអាចមានពេលអធិស្ឋានទាំងស្ដាប់ផង។
ចូរទូលសូមព្រះវរបិតា៖ តើព្រះអង្គនឹងបើកសម្ដែងឲ្យទូលបង្គំបានឃើញនូវការកុហក ដែលទូលបង្គំកំពុងជឿ សូម្បីតែមួយ បានឬទេ?
ជម្រើសបទថ្វាយបង្គំសម្រាប់ថ្ងៃនេះ នោះគឺ៖ «គ្មាននាមណាផ្សេង (No Other Name)» ច្រៀងដោយក្រុម ហៀលសង (Hillsong Worship)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អេមី ហ្គ្រោឆេល (Amy Groeschel) បានសរសេរនូវគម្រោងអានសម្រាប់រយះពេល ៧ ថ្ងៃនេះ ក្នុងក្ដីសង្ឃឹមថា បងប្អូននឹងទទួលយល់នូវសេចក្ដីស្រឡាញ់នៃព្រះទ័យព្រះបិតាដូចជារូបគាត់បានស្គាល់ដែរ។ សេចក្ដីអធិស្ឋានរបស់គាត់ គឺថារាល់មេរៀននីមួយៗនឹងបង្រៀនបងប្អូនឲ្យងាកចេញឆ្ងាយពីសម្រែកប្រឆាំងតវ៉ាហើយក៏ដាស់បងប្អូនឲ្យចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅកាន់ព្រះសូរសៀងរបស់ទ្រង់ផង។
More