បោះជំហានចូលទៅក្នុងគោលបំណងជីវិតគំរូ
ភាពអំណត់ក្នុងជំនឿ
មានវីរៈជនជាច្រើនរូបដែលបានដើរក្នុងជីវិតនេះមុនយើង។ ពួកគាត់បានបោះជំហានចូលទៅក្នុងគោលបំណងជីវិត ដើម្បីនាំមកនូវការផ្លាស់ប្រែ ហើយបានជួយឱ្យពិភពលោកមានសភាពដូចយើងបានស្គាល់មកដល់សព្វថ្ងៃ។
ឈ្មោះមួយចំនួនមានដូចជា លោក ណែលសិន មេនឌែឡា អ្នកម្ដាយ ធឺរីហ្សា និងសូម្បីតែកញ្ញា បេថានី ហេមិលថិន (ដោយទោះបីក្នុងពិការភាព គាត់មិនបានបោះបង់ចោលគោលបំណងជីវិតនិងការត្រាស់ហៅរបស់គាត់ឡើយ)។
យើងរាល់គ្នាអាចរៀនពីអ្នកដឹកនាំដ៏អស្ចារ្យទាំងនេះ ហើយក៏មានចរិតលក្ខណៈជាច្រើនទៀត ដែលធ្វើឱ្យពួកគាត់លេចធ្លោក្នុងនាមជាវីរៈជន។ តែទោះបីជាដូច្នេះក្ដី ខ្ញុំចង់ផ្ដោតទៅលើចរិតលក្ខណៈមួយ ដែលវីរៈជនទាំងបីខាងលើមាន ហើយចរិតលក្ខណៈនោះគឺជាចំណុចដ៏សំខាន់ចំពោះ "ការបោះជំហានចូលទៅក្នុងគោលបំណងជីវិត" - ហើយនោះគឺជា ភាពអំណត់ នៅក្នុងសេចក្ដីជំនឿ!
ភាពអំណត់ស៊ូទ្រាំអាចជាភារៈកិច្ចដ៏លំបាក នៅពេលដែលអ្នករស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពអវិជ្ជមាន - ជាពិសេសភាពអវិជ្ជមានចំពោះ ជំនឿគ្រីស្ទបរិស័ទហើយនិងព្រះជាម្ចាស់។ ប៉ុន្តែអ្វីមួយដែលអ្នកអាចប្រាកដក្នុងចិត្ដ នោះគឺថាព្រះជាម្ចាស់គង់នៅខាងអ្នក! ប្រសិនបើព្រះដែលបង្កើតអ្នកបានត្រាស់ហៅរូបអ្នក ហើយបានបង្កើតអ្នកមកសម្រាប់គោលបំណងជីវិត នោះព្រះអង្គសព្វព្រះទ័យឱ្យអ្នកបានទៅដល់គោលដៅនោះហើយ។ វាអាចមើលទៅដូចជាធំធេងជាងអ្នកឥឡូវនេះ… ហើយប្រាកដមែន ថាវាពិតជាធំធេងមែន! ប៉ុន្តែ ខ្ញុំសូមលើកទឹកចិត្ដដល់អ្នកជាមួយនឹងរឿងរបស់ព្យាការី យេរេមា ពីរបៀបដែលគាត់បានក្លាយទៅជាព្យាការី ហើយនិងពីរបៀបដែលព្រះជាម្ចាស់បានត្រាស់ហៅគាត់។
នៅក្នុង យេរេមា ១ ពេញមួយជំពូក (បើសរុបទៅ) យើងមើលឃើញថាព្រះជាម្ចាស់បានត្រាស់ហៅ លោក យេរេមា ឱ្យក្លាយទៅជាព្យាការីម្នាក់ ដោយឱ្យគាត់ប្រកាសពីព្រះបន្ទូលមិនតែទៅដល់រាស្រ្តរបស់គាត់ប៉ុណ្ណោះនោះទេ ប៉ុន្តែទៅដល់ ប្រជាជាតិនានា - នេះពិតជារឿងគួរឱ្យភ័យខ្លាចមែនអត់? ប៉ុន្តែព្រះជាម្ចាស់បានផ្ដល់ការបញ្ជាក់ដល់គាត់យ៉ាងច្បាស់លាស់ ហើយបានបណ្ដុះបណ្ដាល លោក យេរេមា សម្រាប់គោលបំណងជីវិតរបស់គាត់ (យេរេមា ១៖៩-១៤)។ នៅក្នុងភាពស្មោះត្រង់តែម្ដង លោក យេរេមា ពិតជាទទួលបានផ្នែកមួយដ៏ធ្ងន់ក្នុងគោលបំណងជីវិត ប៉ុន្តែព្រះជាម្ចាស់សន្យាដល់គាត់ថាព្រះអង្គនឹងមិនបោះបង់ ក៏មិនចាកចោលគាត់ឡើយ។
ចេញពីសារនេះ យើងអាចមានទំនុកចិត្ដជឿជាក់យ៉ាងមាំមួនថាព្រះជាម្ចាស់សព្វព្រះទ័យឱ្យអ្នកទៅដល់គោលបំណងជីវិតរបស់អ្នក ទោះបីជាភារៈកិច្ចនោះមើលទៅលំបាកប៉ុណ្ណាក៏ដោយ។ យើងអាចកត់ចំណាំពីភាពអំណត់ស៊ូទ្រាំរបស់ ព្យាការី យេរេមា បាន ដើម្បីឱ្យយើងអាចជោគជ័យជាមួយនឹងព្រះ! មារសត្រូវពុំអាចប៉ះពាល់អ្វីដែលព្រះជាម្ចាស់បានចាក់ប្រេងតាំងហើយនោះឡើយ ដរាបណាយើងមិនផ្ដល់សិទ្ធិអំណាចឱ្យវានោះ។ ព្រះជាម្ចាស់ត្រាស់ហៅអ្នកឱ្យជោគជ័យនៅក្នុងគោលបំណងជីវិតរបស់អ្នក ដោយសារតែព្រះអង្គ ជឿ លើរូបអ្នក ហើយបានបង្កើតអ្នកមកសម្រាប់រឿងជាក់លាក់នេះ។ ព្រះអង្គគង់នៅជាមួយអ្នក ហើយស្ថានសួគ៌ទាំងមូល កំពុងតែនៅពីក្រោយអ្នក! ដូច្នេះ ចូរត្រៀមចិត្ដ ត្រៀមតយុទ្ធ ត្រៀមប្រកួត ទាំងបន្តខំប្រឹងប្រែង និងចូរកុំស្ដាប់សេចក្ដីកុហកនិងការបំបាក់ទឹកចិត្ដរបស់មារសត្រូវឡើយ។ ភាពអំណត់ស៊ូទ្រាំ នោះគឺជារឿងសំខាន់ ដើម្បីឱ្យអ្នកបន្តមើលឃើញគោលបំណងជីវិតដែលព្រះជាម្ចាស់ប្រទានដល់អ្នក រហូតដល់វាបានចេញជារូបរាង!
រូបអ្នក ដែលជាអ្នកកំពុងតែអានអត្ថបទនេះ អាចនឹងក្លាយទៅជាវីរៈជនសម្រាប់តម្រូវការរបស់ពិភពលោកនេះ ដូច្នេះចូររឹងប៉ឹង មានកម្លាំងចិត្ដឡើង និងចូរស្ដាប់ចំពោះសេចក្ដីសន្យានៃព្រះ ដូចព្រះអង្គបានប្រទានដល់ព្យាការី យេរេមា - «"គេនឹងតជាមួយអ្នក តែមិនឈ្នះអ្នកឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយអ្នកឲ្យរួច" នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា» (យេរេមា ១៖១៩)។
និពន្ធដោយ អាស្លេ មេយឺ (Ashleigh Meyer)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើគោលបំណងជីវិតរបស់ខ្ញុំគឺជាអ្វីទៅ? តើខ្ញុំកើតមកដើម្បីធ្វើអ្វីដែរជាមួយនឹងជីវិតរបស់ខ្ញុំ? តើព្រះមានគម្រោងផែនការអ្វីសម្រាប់ជីវិតរបស់ខ្ញុំ? ទាំងនេះ សុទ្ធសឹងតែជាសំណួរដែលមនុស្សជាច្រើនបានសួរ ពីមួយគ្រាទៅមួយគ្រានៅក្នុងជីវិតរបស់ខ្លួន។ យើងនឹងប៉ងឆ្លើយសំណួរខ្លះៗ ក្នុងខណៈពេលដែលយើងស្រាយនូវអត្ថន័យ ថាការបោះជំហានចូលទៅក្នុងគោលបំណងជីវិតរបស់យើង នោះមានន័យយ៉ាងណា។ សូមមកចូលរួមសិក្សាជាមួយក្រុមនិស្សិតរបស់យើងខ្ញុំ ក្នុងខណៈពេលដែលពួកគាត់ព្យាយាមពន្យល់ណែនាំខ្លះៗ ទៅលើប្រធានបទនេះ។
More