ការចាត់ចែងពេលវេលាតាមព្រះគំរូ
គោលដៅនៃព្រះសម្រាប់ការចាត់ចែងពេលវេលារបស់យើង
ក្នុងនាមជាអ្នកបង្វឹកបង្វឺនការចាត់ចែងពេលវេលាតាំងពីឆ្នាំ ២០០៩ ខ្ញុំបានចំណាយពេលយ៉ាងច្រើនគួរសមក្នុងអាជីពរបស់ខ្ញុំ ដើម្បីបង្រៀនដល់មនុស្សជាច្រើនពីជំនាញនិងគោលគំនិតដែលត្រូវការជាចាំបាច់ ដើម្បីឱ្យគេបានសម្រេចការនិងទទួលបានផល។ ទាំងនោះគឺមានបូករួមផ្សំទាំងការកំណត់អាទិភាព ការរៀបចំផែនការ និងការចាត់ចែងទៅលើភារកិច្ច។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៥ ព្រះជាម្ចាស់បានបណ្ដាលឱ្យខ្ញុំមានសេចក្ដីជឿជាក់ក្នុងចិត្ត ថាខ្ញុំត្រូវតែរាប់បញ្ចូលនូវជំនឿជាគ្រីស្ទបរិស័ទរបស់ខ្ញុំ ចូលទៅក្នុងការងាររបស់ខ្ញុំ។ ការណ៍នោះក៏បានដឹកនាំខ្ញុំឱ្យទៅដើរនៅលើដំណើរជីវិតមួយ ដើម្បីរុករកឃើញអំពីផ្លូវនៃ "ការចាត់ចែងពេលវេលាតាមព្រះ"។ គោលការណ៍នៃគំនិតនេះ គឺមានសង្ខេបតាមរយៈទំនុកតម្កើង ៤៦៖១០ ដែលមានចែងដូចតទៅថា៖ «ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ»។
ការចាត់ចែងពេលវេលាតាមព្រះ នោះមិនគ្រាន់តែបូកបញ្ចូលនូវពេលសិក្សាព្រះគម្ពីរ ចូលទៅក្នុងកាលវិភាគជាប្រចាំថ្ងៃរបស់អ្នកតែមួយមុខនោះទេ ប៉ុន្តែវាជាយុទ្ធសាស្រ្តថ្មីមួយផ្សេង ដែលតម្រូវឱ្យអ្នកមានការគិតអំពីពេលវេលាផងដែរ។
ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងយកសមត្ថភាពចេះគ្រប់គ្រងខ្លួនឯង ទៅធ្វើជាព្រះ និងប្រឹងប្រែងចាត់ចែងលើជីវិតផ្ទាល់ខ្លួនរបស់យើងនោះឡើយ។ ជួសវិញ ព្រះសព្វព្រះទ័យឱ្យយើងដាក់ការទុកចិត្តទៅលើព្រះអង្គ ដើម្បីជាស្នូលកណ្ដាល គឺនៅក្នុងគ្រប់រាល់អ្វីៗដែលយើងធ្វើ។
ដូចទំនុកតម្កើង ១២៧៖១-២ បានលើកទឹកចិត្តដល់យើងថា៖
«ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ
អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។
ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ
អ្នកយាមល្បាតនឹងខំប្រឹងយាមជាឥតប្រយោជន៍។
ការដែលអ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម
ហើយក្រចូលដេកនៅពេលយប់
ព្រមទាំងខំប្រឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងពិបាក នោះជាការឥតប្រយោជន៍
ដ្បិតព្រះអង្គប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានដេកលក់»។
ដើម្បីទទួលបានបទពិសោធន៍នៃការឆ្លាស់នេះ នោះយើងត្រូវការចាប់ផ្ដើមលះចោលរាល់គោលដៅខុសឆ្គង ដែលយើងមានសម្រាប់ការចាត់ចែងពេលវេលា (ដែលមើលទៅថាត្រូវណាស់នោះ) ហើយចាប់ដេញតាមនិងតម្រង់ទៅទិសដ៏ត្រឹមត្រូវវិញ។
ខាងក្រោមនេះ គឺជាគោលដៅខុសឆ្គងមួយចំនួនដែលយើងងាយនឹងភ្លាត់ទៅរកធ្វើវា៖
- ការគ្រប់គ្រង៖ ដោយគិតថាយើងអាចកាន់កាប់រាល់អ្វីៗ ហើយមិនត្រូវការជំនួយពីព្រះជាម្ចាស់
- ការកម្សាន្ត៖ ស្វែងរកមើលរាល់ទង្វើនានា ដើម្បីធ្វើឱ្យខ្លួនបានមានអារម្មណ៍ល្អ តាមតែអាចធ្វើទៅបាន
- សមិទ្ធផល៖ ផ្តោតតែទៅលើកិច្ចការងារហើយធ្វើយ៉ាងម៉េចឱ្យតែបានសម្រេចការអស់ទាំងនោះ
- ធ្វើខ្លួនជាមនុស្សអស្ចារ្យខាង ____៖ ធ្វើដូចជានៅក្បែរមនុស្ស ដើម្បីបានទទួលផលនៃការលើកតម្កើងតម្លៃអាត្មាខ្លួន
តើមានគោលដៅខុសឆ្គងទាំងប៉ុន្មានខាងលើស្ដាប់ទៅស្រដៀងៗនឹងអ្នក ដែរឬទេ? ខ្ញុំដឹងថាខ្លួនខ្ញុំធ្លាប់ធ្លាក់ទៅក្នុងគោលដៅលោកិយទាំងនេះច្រើនដង ទោះបើខ្ញុំមិនចង់ទទួលស្គាល់ថាវាអញ្ចឹងក៏ដោយ។ ប៉ុន្តែដំណឹងល្អ នោះគឺថាយើងអាចវិលត្រឡប់ទៅរកព្រះ ដើម្បីទូលសូមការអត់ឱនទោស ហើយសូមការណែនាំទាំងបង្វែរដួងចិត្តរបស់យើងទៅកាន់បំណងព្រះហឫទ័យរបស់ព្រះអង្គវិញ ចំពោះរឿងចាត់ចែងពេលវេលារបស់យើង។
វាគឺជារឿងសាមញ្ញមួយទេ ដោយអ្នកគ្រាន់តែនិយាយថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំសូមសុំទោសចំពោះ [គោលដៅខុសឆ្គង]។ សូមជួយដល់ទូលបង្គំឱ្យយល់ពីគោលដៅរបស់ព្រះអង្គសម្រាប់ពេលវេលារបស់ទូលបង្គំ ហើយជួយទូលបង្គំឱ្យដាក់ការទុកចិត្តនៅលើព្រះអង្គ គឺដាក់ជាស្នូលក្នុងរបៀបដែលទូលបង្គំប្រើប្រាស់ពេលវេលារបស់ទូលបង្គំ»។
ដូចគម្ពីរ យ៉ាកុប ៤៖១៣-១៦ ព្រមានដល់យើង ពីរឿងចាំបាច់ក្នុងនាមជាគ្រីស្ទបរិស័ទ ថាយើងត្រូវសម្គាល់ថាព្រះជាអម្ចាស់គឺជាព្រះនៃពេលវេលារបស់យើង៖
ឥឡូវនេះ អ្នកដែលពោលថា៖ «ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅក្រុងណាមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ីឲ្យបានចំណេញ» តែអ្នករាល់គ្នាមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ តើជីវិតរបស់អ្នករាល់គ្នាជាអ្វី? ដ្បិតអ្នករាល់គ្នាជាចំហាយទឹក ដែលឃើញតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគួរតែពោលដូច្នេះវិញថា៖ «បើព្រះអម្ចាស់សព្វព្រះហឫទ័យ នោះយើងនឹងមានជីវិតរស់ ហើយយើងនឹងធ្វើការនេះ ឬធ្វើការនោះ» តែឥឡូវនេះ អ្នករាល់គ្នាបែរជាអួតអាងពីអំនួតរបស់ខ្លួនទៅវិញ។ គ្រប់ទាំងការអួតអាងបែបនេះសុទ្ធតែអាក្រក់ទាំងអស់។
តោះចូរយើងដាក់ការទុកចិត្តទៅលើព្រះជាម្ចាស់ មិនមែនលើខ្លួនយើង សម្រាប់ការចាត់ចែងពេលវេលារបស់យើងនៅថ្ងៃនេះ។
អំពីគម្រោងអាននេះ
ការចាត់ចែងពេលវេលាតាមបែបប្រពៃណី នោះអាចនាំឱ្យកើតមានភាពតានតឹង នៅពេលដែលគោលដៅនោះ គ្រាន់តែដើម្បីឱ្យជីវិត "ស្ថិតក្រោមការគ្រប់គ្រង" ដោយកម្លាំងនិងការលត់ដំផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែព្រះគម្ពីរប្រាប់ដល់យើង ថាយើងអាចទទួលបានភាពសុខសាន្តនិងការសម្រាកវិញ នៅពេលណាយើងទុកចិត្តព្រះជាមួយនឹងពេលវេលារបស់យើង។ នៅក្នុងគម្រោងអានរយៈពេល ៦ ថ្ងៃនេះ អ្នកនឹងរៀនពីយុទ្ធសាស្រ្ត ដែលចាត់ទុកព្រះជាចំណុចស្នូលកណ្ដាល ក្នុងរបៀបចាត់ចែងពេលវេលា ដែលនាំអ្នកឱ្យទៅទទួលបានរាល់ការល្អដែលព្រះអង្គមានសម្រាប់អ្នក បូករួមទាំងអំណរនិងភាពសុខសាន្តរបស់ព្រះអង្គផង។
More