ការចាត់ចែងពេលវេលាតាមព្រះគំរូ

Divine Time Management

ថ្ងៃទី 5 ក្នុងចំណោម 6 ថ្ងៃ

ស្រឡាញ់អ្នកដទៃជាមួយនឹងពេលវេលារបស់អ្នក 

ការស្រឡាញ់ដល់អ្នកដទៃ នោះគឺជាការប្រើប្រាស់ពេលវេលាដ៏ខ្ពង់ខ្ពស់និងល្អបំផុតមួយរបស់យើង។ វាក៏ជាផ្នែកមួយយ៉ាងសំខាន់នៃរបៀបដែលយើងបង្ហាញថាយើងជាអ្នកដើរតាមព្រះគ្រីស្ទដែរ។ 

យ៉ូហាន ១៣៖៣៥ បានរៀបរាប់ក្នុងរបៀបនេះថា៖ «មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​ការ​នេះ​ឯង គឺដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។

គួរឱ្យសោកស្ដាយដែរ ដោយសារតែក្នុងនាមជាគ្រីស្ទបរិស័ទ យើងពុំបានបង្ហាញពីទំនាក់ទំនងរបស់យើងជាមួយព្រះគ្រីស្ទ នៅក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ ជារៀងរាល់ពេលវេលានោះទេ។ 

ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃថ្មី ហើយអ្នកអាចប្ដេជ្ញាចិត្ត ដើម្បីស្រឡាញ់ដល់អ្នកដទៃជាមួយនឹងពេលវេលារបស់អ្នក នាពេលឥឡូវនេះ។ មានរបៀបដ៏មានអំណាច ២ ដែលយើងអាចធ្វើទៅបាន នោះគឺជាការផ្សះផ្សា និងតាមរយៈការចង្អុលម្រាមដៃ… មកកាន់រូបអ្នកផ្ទាល់។ 

នៅក្នុង រ៉ូម ១២៖១៨ បានថ្លែងថា៖ «ចំណែក​ខាង​ឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន នោះ​ចូរ​រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ» ហើយនៅក្នុង សុភាសិត ១៥៖១ បានប្រាប់យើងថា៖ «ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រម្ងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ»។

ក្នុងផ្នែកដ៏ធំមួយនៃការដែលយើងដើរតួជាអ្នកផ្សះផ្សា នោះគឺជាការដែលយើងប្រើប្រាស់ពាក្យសម្ដី។ តើយើងនិយាយចេញមកដោយភាសា ឬសំឡេងគំរោះគំរើយ ឬយើងប្រាស្រ័យទាក់ទងពីគំនិតរបស់យើងនៅក្នុងរបៀបបែបចេះគោរព? តើយើងសន្មតពីការល្អ ដែលមានចេញពីមនុស្សគ្រប់រូប ឬយើងគិតតែពីរឿងអាក្រក់ ចេញពីអ្នកដទៃ? យើងអាចជ្រើសរើសបន្ធូរបន្ថយរបៀបនៃការគិត និងរបៀបយើងប្រាស្រ័យទាក់ទង ដើម្បីឱ្យវត្តមានរបស់យើងផលិតចេញនូវសន្តិភាព ទោះបីជាក្នុងកាលៈទេសៈទាំងឡាយ ដែលប្រឡាក់ដោយរឿងវិវាទនោះក្ដី។ 

យើងក៏អាចស្រឡាញ់ដល់អ្នកដទៃ ដោយការជ្រើសរើសចង្អុលម្រាមដៃរបស់យើង មកកាន់រូបយើងផ្ទាល់ ជំនួសឱ្យការចង្អុលម្រាមដៃរបស់យើងទៅរកអ្នកដទៃ នៅពេលណាដែលយើងមានអារម្មណ៍ទាស់ទាល់ ដោយព្រោះពាក្យសម្ដី ឬកាយវិការរបស់នរណាម្នាក់។ អ្នកខ្លះប្រហែលជាអាចធ្វើអ្វីមួយដែលមិនគាប់គួរ ឬក៏ខុសឆ្គងតែម្ដង។ ប៉ុន្តែការប្រតិកម្មខ្លាំងក្លា និងយ៉ាងអវិជ្ជមានរបស់យើង ទៅកាន់សកម្មភាពរបស់ពួកគេ អាចបណ្ដាលមកពីវិបត្តិនៃការឈឺចាប់ ឬសេចក្ដីកុហក ដែលធ្លាប់មាននៅក្នុងរូបយើង ជាជាងរឿងដែលយើងទាស់ទាល់នឹងគេទៅទៀត។ 

ដូចគម្ពីរ ម៉ាថាយ ៧៖៣ ថ្លែងថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កម្ទេច​នៅ​ក្នុង​ភ្នែក​បង‌ប្អូន​របស់​អ្នក តែ​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ដូច្នេះ?» 

វិធីមួយដ៏អង់អាចដែលអ្នកអាចស្រឡាញ់ដល់អ្នកដទៃជាមួយនឹងពេលវេលារបស់អ្នក នោះគឺជាការដែលអ្នកហ៊ានបង្អង់ចិត្ត ហើយសម្លឹងមើលមកខាងក្នុងរូបខ្លួនឯង៖ ចូរសម្គាល់រកមើល ថាតើមានរឿងអ្វីពិតប្រាកដ កំពុងតែកើតមានឡើង។ ចូរសួរខ្លួនឯង តើហេតុអ្វីបានជាទង្វើនោះ ធ្វើឱ្យអ្នកឆេះដុំ? ចូរកែប្រែចិត្ត ហើយសូមការអត់ឱនទោស។ ចូរទូលសូមព្រះសម្រាប់ការព្យាបាល។ បន្ទាប់មក ប្រសិនបើគួរសម ចូរទៅនិយាយរកម្នាក់នោះ។ 

សកម្មភាពទាំងនេះ អាចត្រូវការពេល ហើយនិងការប្រឹងប្រែងទប់ចិត្តខ្លួន ប៉ុន្តែវាអាចនាំឱ្យយើងក្លាយទៅជាចលនាសម្រាប់ក្ដីស្រឡាញ់ ហើយនិងភាពសុខសាន្តរបស់ព្រះគ្រីស្ទ ជាជាងធ្វើឱ្យអ្នកក្លាយទៅជាថាមពលនៃភាពអន្តរាយ ក្នុងកណ្ដាលចំណោមស្ថានភាពដ៏តានតឹងនោះវិញ។ 

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Divine Time Management

ការចាត់ចែងពេលវេលាតាមបែបប្រពៃណី នោះអាចនាំឱ្យកើតមានភាពតានតឹង នៅពេលដែលគោលដៅនោះ គ្រាន់តែដើម្បីឱ្យជីវិត "ស្ថិតក្រោមការគ្រប់គ្រង" ដោយកម្លាំងនិងការលត់ដំផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែព្រះគម្ពីរប្រាប់ដល់យើង ថាយើងអាចទទួលបានភាពសុខសាន្តនិងការសម្រាកវិញ នៅពេលណាយើងទុកចិត្តព្រះជាមួយនឹងពេលវេលារបស់យើង។ នៅក្នុងគម្រោងអានរយៈពេល ៦ ថ្ងៃនេះ អ្នកនឹងរៀនពីយុទ្ធសាស្រ្ត ដែលចាត់ទុកព្រះជាចំណុចស្នូលកណ្ដាល ក្នុងរបៀបចាត់ចែងពេលវេលា ដែលនាំអ្នកឱ្យទៅទទួលបានរាល់ការល្អដែលព្រះអង្គមានសម្រាប់អ្នក បូករួមទាំងអំណរនិងភាពសុខសាន្តរបស់ព្រះអង្គផង។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ អ្នកស្រី អេលីហ្សាបេត ហ្រ្គេស សនឌឺ (Elizabeth Grace Saunders) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.divinetimebook.com/