ការចាត់ចែងពេលវេលាតាមព្រះគំរូ

Divine Time Management

ថ្ងៃទី 3 ក្នុងចំណោម 6 ថ្ងៃ

រស់នៅដោយចេញពីអត្តសញ្ញាណ មិនមែនសម្រាប់អត្តសញ្ញាណ 

ចរិតលក្ខណៈមនុស្សដែលអ្នកជឿ នោះកំណត់ពីអ្វីដែលអ្នកធ្វើ ហើយនិងពីរបៀបដែលអ្នកមានអារម្មណ៍ចំពោះអ្វីដែលអ្នកធ្វើ។ ព្រះជាម្ចាស់សព្វព្រះទ័យឱ្យយើងប្រើប្រាស់ពេលវេលារបស់យើង ចេញពី ទីនៃអត្តសញ្ញាណ ជាជាង សម្រាប់ អត្តសញ្ញាណ ដើម្បីឱ្យយើងអាចមានសន្តិសុខពេញលេញនៅក្នុងព្រះអង្គ។ 

ការនេះតម្រូវឱ្យយើងមានគោលគំនិតផ្លាស់ប្រែទាក់ទងទៅនឹងអត្តសញ្ញាណរបស់យើង៖

  • ភាពមិនច្បាស់លាស់ ទៅជា ច្បាស់លាស់ 
  • ការសម្អាងដោយតែសំបកក្រៅ ទៅជា មានចរិតលក្ខណៈពីខាងក្នុង 
  • ការពឹងផ្អែកតែតាមគេ ទៅជា ជាក់ច្បាស់ដោយសេចក្ដីពិត 

សេចក្ដីកុហកពីលោកិយប្រាប់ថាអត្តសញ្ញាណរបស់យើង នោះវាមិនច្បាស់លាស់ ហើយគេថាវាអាចបាត់បង់ ឬប្រែប្រួល នៅពេលណា គ្រាណាក៏បាន។ សេចក្ដីពិតចេញពីព្រះបន្ទូលនៃព្រះ នោះគឺថា អត្តសញ្ញាណរបស់យើងគឺមានពិតច្បាស់លាស់នៅក្នុងអង្គព្រះគ្រីស្ទ។ ដូចក្នុង កាឡាទី ៣៖២៦ មានចែងថា៖ «ដ្បិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ‌យេស៊ូវ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​របស់​ព្រះ តាមរយៈសេចក្ដីជំនឿ»។ 

សេចក្ដីកុហកពីលោកិយប្រាប់ថាអត្តសញ្ញាណរបស់យើង គឺកំណត់ដោយអ្វីៗមាននៅឯសំបកក្រៅ—ដូចជារូបរាងសម្លៀកបំពាក់ រាល់អ្វីយើងមានជាកម្មសិទ្ធិ ឬតំណែងនិងឋានៈដែលខ្លួនមាន។ សេចក្ដីពិតចេញពីព្រះបន្ទូលនៃព្រះ នោះគឺថា អ្វីៗដែលយើងមានជាកម្មសិទ្ធិនៅខាងក្នុងយើង នោះគឺតាមរយៈអង្គព្រះគ្រីស្ទ ហើយអ្វីៗទាំងនោះគឺសំខាន់ជាង។ កូឡុស ៣៖១២ ចែកចាយមកថា អ្វីៗនៅខាងក្នុង ដែលជាចរិតលក្ខណៈរបស់យើង គួរតែជាគ្រឿងប្រដាប់កាយខាងក្រៅរបស់យើង៖ «ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ»។ 

សេចក្ដីកុហកពីលោកិយប្រាប់ថាអត្តសញ្ញាណរបស់យើង គឺពឹងផ្អែកទៅលើការប្រៀបធៀប មិនថាជាយើង "ល្អប្រសើរជាង" ឬ "អាក្រក់ជាង" មនុស្សនៅជុំវិញខ្លួនយើងនោះទេ។ ប៉ុន្តែសេចក្ដីពិតចេញពីព្រះបន្ទូលនៃព្រះ គឺជាភាពជាក់លាក់ពិតប្រាកដ ហើយការវិនិច្ឆ័យនិងប្រៀបធៀបចេញពីលោកិយ នោះពុំមានន័យអ្វីចំពោះព្រះជាម្ចាស់ឡើយ។ ភីលីព ២៖៣-៤ បានថ្លែងក្នុងរបៀបយ៉ាងដូច្នេះថា៖ «កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ប្រកួត​ប្រជែង ឬ​ដោយ​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​ថា​គេ​ប្រសើរ​ជាង​ខ្លួន​វិញ។ កុំ​ឲ្យ​ម្នាក់ៗ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ផង»។ 

ក្នុងខណៈពេលអ្នកគិតអំពីរបៀបដែលអ្នកនឹងចំណាយពេលរបស់អ្នក នោះចូរគិត ថាតើអ្នកបានធ្លាប់ធ្លាក់ទៅក្នុងអន្ទាក់នៃការគិតអំពីអត្តសញ្ញាណរបស់ខ្លួន ដោយភាពមិនច្បាស់លាស់ គិតតែពីសំបកក្រៅ ឬពឹងផ្អែកតែតាមគេ ដែរឬយ៉ាងណា? 

ប្រសិនជាអញ្ចឹងមែន តើអ្នកអាចចាប់ផ្ដើមគិតផ្ទុយពីនេះ អំពីអត្តសញ្ញាណរបស់អ្នក ហើយនិងផ្ដើមធ្វើការសម្រេចចិត្តជ្រើសរើសប្រើប្រាស់ពេលវេលារបស់អ្នក ដោយគិតពីការទាំងនោះចេញពីទីដែលអ្នកមានសន្តិសុខក្នុងព្រះជាម្ចាស់ ដោយរបៀបណា?

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Divine Time Management

ការចាត់ចែងពេលវេលាតាមបែបប្រពៃណី នោះអាចនាំឱ្យកើតមានភាពតានតឹង នៅពេលដែលគោលដៅនោះ គ្រាន់តែដើម្បីឱ្យជីវិត "ស្ថិតក្រោមការគ្រប់គ្រង" ដោយកម្លាំងនិងការលត់ដំផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែព្រះគម្ពីរប្រាប់ដល់យើង ថាយើងអាចទទួលបានភាពសុខសាន្តនិងការសម្រាកវិញ នៅពេលណាយើងទុកចិត្តព្រះជាមួយនឹងពេលវេលារបស់យើង។ នៅក្នុងគម្រោងអានរយៈពេល ៦ ថ្ងៃនេះ អ្នកនឹងរៀនពីយុទ្ធសាស្រ្ត ដែលចាត់ទុកព្រះជាចំណុចស្នូលកណ្ដាល ក្នុងរបៀបចាត់ចែងពេលវេលា ដែលនាំអ្នកឱ្យទៅទទួលបានរាល់ការល្អដែលព្រះអង្គមានសម្រាប់អ្នក បូករួមទាំងអំណរនិងភាពសុខសាន្តរបស់ព្រះអង្គផង។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ អ្នកស្រី អេលីហ្សាបេត ហ្រ្គេស សនឌឺ (Elizabeth Grace Saunders) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.divinetimebook.com/