ការចាត់ចែងពេលវេលាតាមព្រះគំរូ
ប្រគល់ពេលវេលារបស់អ្នកថ្វាយទៅព្រះ
ការទុកចិត្ត នោះគឺមានន័យថា "ជំនឿដ៏រឹងមាំនៅក្នុងការពឹងផ្អែក សេចក្ដីពិត ឬសមត្ថភាពរបស់នរណាម្នាក់ ឬអ្វីមួយ"។ ពាក្យនេះបានប្រើប្រាស់ដល់ទៅ ១៥០ ដង នៅក្នុងព្រះគម្ពីរ។ ខ្លឹមសារសំខាន់មួយនៅក្នុងព្រះគម្ពីរ នោះគឺជាការទុកចិត្តលើព្រះជាម្ចាស់។ នៅពេលមនុស្សក្នុងព្រះគម្ពីរគេធ្វើការទុកចិត្តលើព្រះ នោះពួកគេទទួលបានបទពិសោធន៍ដ៏ល្អបំផុត។ នៅពេលណាពួកគេទុកចិត្តលើអ្វីៗផ្សេង ជាជាងទុកចិត្តលើព្រះ នោះពួកគេទទួលរងផលលំបាកយ៉ាងច្រើន។
យេរេមា ១៧៖៧-៨ សន្យានូវរាល់ព្រះពរទាំងនេះ សម្រាប់អស់អ្នកដែលទុកចិត្តលើព្រះអម្ចាស់ថា៖
«មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា
ហើយដែលទុកចិត្តនឹងព្រះអង្គ។
ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើដែលដាំនៅមាត់ទឹក
វាចាក់ឫសទៅក្បែរទន្លេ
ឥតដឹងរដូវក្តៅទេ
គឺស្លឹកនៅតែខៀវខ្ចីវិញ
ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងស្ងួតឡើយ
ក៏មិនដែលខាននឹងកើតផលដែរ»។
ដូច្នេះ តើការទុកចិត្តដល់ព្រះ ដោយចេះថ្វាយពេលវេលារបស់យើង មានរូបលក្ខណៈបែបណាឱ្យពិតប្រាកដ? ក្នុងនាមជាគ្រីស្ទបរិស័ទ យើងតែងតែទូលសូមព្រះសម្រាប់ជំនួយ នៅពេលណាដែលយើងត្រូវធ្វើការសម្រេចចិត្តធំមួយ ដូចជារឿងមុខរបរការងារ ការរើទីកន្លែងរស់នៅ ឬក៏ត្រូវរៀបការជាមួយនឹងនរណាម្នាក់។ ប៉ុន្តែ ជារឿយៗ យើងក៏អាចភ្លេចទូលសូមព្រះឱ្យដឹកដៃយើងក្នុងការសម្រេចចិត្តពីមួយថ្ងៃទៅមួយថ្ងៃ លើរឿងលម្អិតមួយចំនួនរបស់យើងដែរ។
ខាងក្រោមជារបៀបមួយចំនួនដែលយើងអាចដាក់ការទុកចិត្តរបស់យើង ថ្វាយទៅព្រះ ដើម្បីឱ្យព្រះអង្គបានជាស្នូលនៅក្នុងការចាត់ចែងពេលវេលារបស់យើង៖
- សារើកាលវិភាគរបស់អ្នក៖ ចូរពិនិត្យមើលរាល់សកម្មភាពនៅក្នុងជីវិតរបស់អ្នក។ ចូរអធិស្ឋានទៅលើសកម្មភាពអស់ទាំងនោះ ថាតើអ្នកត្រូវចំណាយពេលច្រើនជាង ឬតិចជាង ទៅលើសកម្មភាពណាមួយ។
- ចូរដាក់ទុនលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ៖ ចំណាយពេលជាប្រចាំថ្ងៃជាមួយនឹងព្រះ ក្នុងការសិក្សាព្រះគម្ពីរ និងអធិស្ឋាន ដូចជាវិធីមួយ ដែលអ្នកតភ្ជាប់ជាមួយនឹងព្រះវរបិតារបស់អ្នក ហើយថ្វាយរាល់បន្ទុកដែលអ្នកស្ពាយទៅដល់ព្រះអង្គ។
- ចូរសម្រាកក្នុងព្រះអម្ចាស់៖ ចូរយកពេលខ្លះសម្រាប់ថ្ងៃសប្ប័ទ (ថ្ងៃសម្រាក) ជារៀងរាល់សប្ដាហ៍ ហើយពេលខ្លះទៀតសម្រាប់ការសម្រាក នោះវាប្រៀបដូចជាការប្រព្រឹត្តមួយ ដែលបង្ហាញពីការទុកចិត្ត ថាព្រះទ្រង់ពិតជាយកព្រះទ័យទុកដាក់ចំពោះអ្នក។
- ចូរលះចោល៖ ប្រសិនបើអ្នកជាម្នាក់ដែលមានទំនោរកាន់ទំនួលខុសត្រូវសម្រាប់អ្នកដទៃ ចូរទូលសូមព្រះសម្រាប់ជំនួយ ដើម្បីឱ្យអ្នកអាចទុកចិត្តលើក្ដីស្រឡាញ់របស់ព្រះ សម្រាប់អស់អ្នកដែលអ្នកខ្វល់ខ្វាយពីពួកគាត់។ ប្រសិនបើអ្នកជាមនុស្សមានទំនោរចូលចិត្តផ្ដោតតែទៅលើការបំពេញភារកិច្ច នោះចូរទូលសូមព្រះឱ្យជួយដល់អ្នក ឱ្យរូបអ្នកអាចមានការចេះបត់បែន និងហ៊ានបើកចំហចិត្ត សម្រាប់តម្រូវការរបស់អ្នកដទៃ។
ក្នុងនាមជាគ្រីស្ទបរិស័ទ ការប្រើប្រាស់ពេលវេលារបស់យើង និងភាពសុខសាន្តរបស់យើងជាមួយនឹងពេលវេលា នោះគួរតែបង្ហាញថាយើងទុកចិត្តលើព្រះ មិនមែនលើខ្លួនឯងទេ ជាពិសេសពេលដែលយើងនិយាយអំពីការចាត់ចែងពេលវេលានោះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការចាត់ចែងពេលវេលាតាមបែបប្រពៃណី នោះអាចនាំឱ្យកើតមានភាពតានតឹង នៅពេលដែលគោលដៅនោះ គ្រាន់តែដើម្បីឱ្យជីវិត "ស្ថិតក្រោមការគ្រប់គ្រង" ដោយកម្លាំងនិងការលត់ដំផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែព្រះគម្ពីរប្រាប់ដល់យើង ថាយើងអាចទទួលបានភាពសុខសាន្តនិងការសម្រាកវិញ នៅពេលណាយើងទុកចិត្តព្រះជាមួយនឹងពេលវេលារបស់យើង។ នៅក្នុងគម្រោងអានរយៈពេល ៦ ថ្ងៃនេះ អ្នកនឹងរៀនពីយុទ្ធសាស្រ្ត ដែលចាត់ទុកព្រះជាចំណុចស្នូលកណ្ដាល ក្នុងរបៀបចាត់ចែងពេលវេលា ដែលនាំអ្នកឱ្យទៅទទួលបានរាល់ការល្អដែលព្រះអង្គមានសម្រាប់អ្នក បូករួមទាំងអំណរនិងភាពសុខសាន្តរបស់ព្រះអង្គផង។
More