ការចាត់ចែងពេលវេលាតាមព្រះគំរូ
ស្រឡាញ់ព្រះជាមួយនឹងពេលវេលារបស់អ្នក
ព្រះជាម្ចាស់ជាព្រះវរបិតាដ៏ល្អ ហើយព្រះអង្គបានប្រទានឱ្យយើងនូវការណែនាំយ៉ាងច្បាស់លាស់ ពីព្រះអំណោយទានតាមរយៈព្រះគម្ពីរ ដែលជាព្រះបន្ទូល។ ព្រះអង្គមិនមែនគ្រាន់តែចង់ឱ្យយើងនូវសៀវភៅមគ្គុទេ្ទសក៍ជីវិតតែមួយមុខ ទាំងដាក់ទារុណកម្មយើងប្រសិនបើយើងធ្វើខុស ហើយបន្ទាប់មកសម្លឹងមើលមកយើងនៅពេលយើងឡើងទៅស្ថានសួគ៌នោះឡើយ។ ព្រះជាម្ចាស់មានបំណងហឫទ័យយ៉ាងជ្រាលជ្រៅ ក្នុងការដើររួមជាមួយនឹងយើងនៅក្នុងដំណើរជីវិត គឺពេញគ្រប់ទាំងជំហាននៃផ្លូវដំណើរនោះវិញ។ ហេតុដូច្នេះហើយបានជាការប្រើប្រាស់ពេលវេលាដ៏ខ្ពង់ខ្ពស់មួយរបស់យើង នោះគឺប្រើដើម្បីស្រឡាញ់ព្រះ។
ដូចគម្ពីរ ម៉ាថាយ ២២៖៣៧-៣៨ ចែងថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ»។
បើអញ្ចឹង តើការស្រឡាញ់ព្រះជាមួយនឹងពេលវេលារបស់យើង មានរូបលក្ខណៈពិតប្រាកដយ៉ាងម៉េច? ការនោះមានរបៀបជាច្រើន។ ប៉ុន្តែនេះជារបៀបសំខាន់ៗមួយចំនួន៖ តាមការថ្វាយបង្គំ ការអានព្រះបន្ទូល និងការអធិស្ឋាន។
នៅពេលដែលយើងយកពេលវេលាដើម្បីថ្វាយបង្គំ មិនថាយើងចូលរួមជាមួយអ្នកដទៃផ្សេងទៀត ដូចជាទៅក្រុមជំនុំ ឬថ្វាយបង្គំផ្ទាល់ខ្លួន ដូចជាការស្ដាប់បទថ្វាយបង្គំ ក្នុងខណៈពេលអ្នកកំពុងដើរតាមព្រៃ នោះចូរឱ្យយើងរំឭកខ្លួនឯងពីលក្ខណៈនៃព្រះ ហើយនិងគិតថាយើងជានរណាចំពោះព្រះអង្គ។ យើងនឹកចាំពីអំណាចចេស្ដានិងក្ដីសប្បុរសនៃព្រះ ហើយយើងនឹកចាំពីទំហំនៃក្ដីស្រឡាញ់ដែលព្រះអង្គមានសម្រាប់យើង។ ការនេះបង្កើតបានជាសេចក្ដីគោរពនិងក្ដីស្រឡាញ់ ដែលអាចប្រទានពរដល់ទាំងដួងចិត្តរបស់យើងហើយនិងព្រះជាម្ចាស់។
ដូចអ្វីដែលបានចែងនៅក្នុង ទំនុកតម្កើង ២៧៖៤ ថា៖ «ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ព្រះអង្គ»។
យើងអាចបង្ហាញពីក្ដីស្រឡាញ់របស់យើងចំពោះព្រះ ដោយការចំណាយពេលនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ នៅពេលយើងអានព្រះបន្ទូលក្នុងព្រះគម្ពីរ នោះយើងទទួលបានការយល់ដឹងកាន់តែជ្រាលជ្រៅពីព្រះជាម្ចាស់ ថាព្រះអង្គជានរណា ហើយក៏ដឹងពីអ្វីដែលព្រះអង្គសព្វព្រះទ័យចង់បានពីយើងផងដែរ។ វាជារឿងសំខាន់ដែលយើងត្រូវដឹងថាព្រះជាម្ចាស់សព្វព្រះទ័យចង់បានអ្វីពីយើង ពីព្រោះថាផ្នែកមួយនៃការបង្ហាញដល់ព្រះពីក្ដីស្រឡាញ់ជាមួយនឹងពេលវេលារបស់យើង នោះគឺជាការដែលយើងចេះស្ដាប់បង្គាប់ព្រះអង្គនោះហើយ។
ដូចក្នុង ១ យ៉ូហាន ៥៖២-៣ ចែងថា៖ «កាលណាយើងស្រឡាញ់ព្រះ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះយើងដឹងថា យើងស្រឡាញ់ពួកកូនរបស់ព្រះ។ ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ»។
របៀបទី បី ដែលយើងអាចស្រឡាញ់ព្រះ តាមរយៈពេលវេលារបស់យើង នោះគឺជាការចំណាយពេលអធិស្ឋាន។ ពេលអធិស្ឋានគឺជាពេលមួយដែលខ្ញុំស្រឡាញ់ជាងគេ ដោយខ្ញុំអាចអធិស្ឋានតាមរបៀបផ្សេងៗជាច្រើន។ ដូចជាឧទាហរណ៍ នៅពេលព្រឹក ខ្ញុំចូលចិត្តកត់កំណត់ហេតុ ដែលខ្ញុំសរសេរពីរាល់អ្វីៗដែលមាននៅក្នុងគំនិតរបស់ខ្ញុំ បូករួមទាំងទុក្ខកង្វល់ និងអ្វីៗដែលខ្ញុំត្រូវធ្វើបន្ទាប់ ដើម្បីថ្វាយទៅព្រះ។ ខ្ញុំក៏មានបញ្ជីអធិស្ឋានជាប្រចាំថ្ងៃ សម្រាប់អស់អ្នកដែលខ្ញុំអធិស្ឋានឱ្យពួកគាត់ផងដែរ។ ហើយនៅចុងបញ្ចប់ អស់ពេញមួយថ្ងៃ នោះខ្ញុំនិយាយទៅកាន់ព្រះអំពីរាល់អ្វីៗ ដូចជារបៀបដែលខ្ញុំត្រូវប្រើយុទ្ធសាស្រ្ត ដើម្បីសម្រេចស្ថានភាពការងារដ៏លំបាក ដើម្បីឱ្យខ្ញុំអាចសរសើរតម្កើងដល់ព្រះ សម្រាប់រាល់អ្វីៗដែលបានដំណើរការទៅយ៉ាងល្អប្រសើរ។
នៅពេលយើងស្រឡាញ់ព្រះជាមួយនឹងពេលវេលារបស់យើង នោះយើងនឹងទទួលបានបទពិសោធន៍នៃសតិអារម្មណ៍ដ៏ធំធេង ដែលថាព្រះទ្រង់ស្រឡាញ់យើង ត្រឡប់មកវិញដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការចាត់ចែងពេលវេលាតាមបែបប្រពៃណី នោះអាចនាំឱ្យកើតមានភាពតានតឹង នៅពេលដែលគោលដៅនោះ គ្រាន់តែដើម្បីឱ្យជីវិត "ស្ថិតក្រោមការគ្រប់គ្រង" ដោយកម្លាំងនិងការលត់ដំផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែព្រះគម្ពីរប្រាប់ដល់យើង ថាយើងអាចទទួលបានភាពសុខសាន្តនិងការសម្រាកវិញ នៅពេលណាយើងទុកចិត្តព្រះជាមួយនឹងពេលវេលារបស់យើង។ នៅក្នុងគម្រោងអានរយៈពេល ៦ ថ្ងៃនេះ អ្នកនឹងរៀនពីយុទ្ធសាស្រ្ត ដែលចាត់ទុកព្រះជាចំណុចស្នូលកណ្ដាល ក្នុងរបៀបចាត់ចែងពេលវេលា ដែលនាំអ្នកឱ្យទៅទទួលបានរាល់ការល្អដែលព្រះអង្គមានសម្រាប់អ្នក បូករួមទាំងអំណរនិងភាពសុខសាន្តរបស់ព្រះអង្គផង។
More