ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ

The Hope Of Christmas

ថ្ងៃទី 3 ក្នុងចំណោម 10 ថ្ងៃ

បញ្ជីត្រូវធ្វើសម្រាប់ព្រះយេស៊ូថ្ងៃណូអែលនេះ

ចូរអានអត្ថបទគម្ពីរថ្ងៃនេះ

អស់រយៈពេលជាង ៥០ ឆ្នាំហើយ ដែលក្រុមគ្រួសាររបស់ខ្ញុំ បន្តកាន់នូវទំនៀមទម្លាប់អបអរសាទរ ដោយប្រារព្ធធ្វើពិធីខួបកំណើត សម្រាប់ព្រះយេស៊ូ។ ទម្លាប់នេះបានចាប់ផ្ដើមតាំងពីខ្ញុំមានអាយុ ៣ ឆ្នាំមកម៉្លេះ។ ពេលនោះ ខ្ញុំបានសួរម្ដាយខ្ញុំថា៖ «តើថ្ងៃណូអែលជាអ្វីទៅ?»។ ម្ដាយរបស់ខ្ញុំ បានឆ្លើយប្រាប់ខ្ញុំថា វាជាថ្ងៃកំណើតរបស់ព្រះយេស៊ូ។ ដោយនៅក្មេង ហើយមានទម្លាប់តាមការយល់ឃើញរបស់ខ្ញុំ ខ្ញុំក៏បាននិយាយថា៖ «យើងគួរតែធ្វើខួបកំណើតទៅអ៊ីចឹង!»។ ហើយយើងក៏បានធ្វើខួបកំណើតមែន មានទាំងនំខេក ទឹកក្រូច ចម្រៀង និង ទៀនអី ត្រឹមត្រូវណាស់។

យើងបានថែរក្សាទំនៀមទម្លាប់នេះ អស់រយៈពេល ៤ ជំនាន់មកហើយ រហូតមកដល់ឥឡូវ។ ពិធីជប់លៀងខួបកំណើតសម្រាប់ព្រះយេស៊ូ បានក្លាយទៅជាពេលវេលាដ៏វិសុទ្ធមួយ ដែលជាពេលយើងអាននូវសាច់រឿងថ្ងៃណូអែល ហើយចែកចាយនូវអ្វីៗដែលជាសេចក្ដីដឹងគុណ សម្រាប់រាល់កិច្ចការដែលព្រះគ្រិស្ដបានធ្វើដល់យើង។ ហើយបន្ថែមពីនោះ យើងបានប្រាប់គ្នីគ្នា នូវអ្វីដែលយើងនឹងថ្វាយទៅកាន់ព្រះយេស៊ូ។ និយាយទៅ នោះគឺជាពេលវេលាដ៏គួរឲ្យចងចាំសម្រាប់យើង ហើយវាជាថ្ងៃប្រារព្ធពិធីដ៏វិសេសវិសាលផង។

ជារឿយៗព្រះយេស៊ូ មិនសូវមាននរណាគេអញ្ជើញទ្រង់ឲ្យចូលរួមក្នុងថ្ងៃកំណើតរបស់ព្រះអង្គទេ។ ចូរស្រមើស្រមៃមើលថា ខ្ញុំបានរៀបចំ និងគ្រោងធ្វើនូវពិធីជប់លៀងសម្រាប់បងប្អូនណាម្នាក់ ហើយបានអញ្ជើញមនុស្សជាច្រើន។ មានមនុស្សជាច្រើនបានយកកាដូមក ហើយអ្នកដែលចូលរួមនោះ ចាប់ផ្ដើមលេងប្ដូរកាដូ ជាមួយគ្នីគ្នា ដែលបានទទួលការអញ្ជើញឲ្យចូលរួមនោះទៅវិញ — ហើយអ្នកដែលជាម្ចាស់កម្មវិធី គ្មានបានទទួលអ្វីទាល់តែសោះ។

នេះហើយជាពិធីបុណ្យណូអែលសព្វថ្ងៃ។ យើងបានផ្ដល់កាដូឲ្យគ្នីគ្នាជាច្រើន លើកលែងតែអង្គព្រះយេស៊ូប៉ុណ្ណោះ។ ប៉ុន្តែ ចូរឲ្យយើងមាននូវភាពស្មោះត្រង់មើល៍ — តើបងប្អូនបានថ្វាយអ្វីទៅកាន់ព្រះជាម្ចាស់ ដែលព្រះអង្គបានផ្ដល់ឲ្យបងប្អូននូវគ្រប់អ្វីៗ ទាំងអស់ដែរឬទេ?

តាមពិតទៅ ព្រះយេស៊ូ មិនមានអ្វីៗទាំងអស់នោះឡើយ។ មាននូវរបស់បួន ដែលព្រះអង្គមិនអាចមានបាន លើកលែងតែបងប្អូនថ្វាយរបស់នោះទៅកាន់ព្រះអង្គនារដូវណូអែលនេះ៖

ចូរថ្វាយដល់ទ្រង់នូវការទុកចិត្ដរបស់បងប្អូន។ ជំនឿគឺជាជំហាននៃការប្រព្រឹត្ដ ដោយផ្អែកលើការស្ម័គ្រចិត្ដ។ ព្រះយេស៊ូមិនអាចទទួលបាននូវការទុកចិត្ដពីបងប្អូនឡើយ ប្រសិនបើ បងប្អូនមិនថ្វាយវាទៅកាន់ព្រះអង្គទេនោះ។ ព្រះអង្គនឹងមិនបង្ខិតបង្ខំបងប្អូនឡើយ។

ចូរអនុញ្ញាតឲ្យព្រះយេស៊ូបានក្លាយជាអាទិភាពចំបងនៅក្នុងជីវិតរបស់បងប្អូន។ ប្រសិនបើមានអ្វីមួយ ឬ នរណាម្នាក់ដែលសំខាន់ជាងព្រះយេស៊ូ ដែលជាមនុស្សស្ថិតនៅជាអាទិភាពចំបងរបស់បងប្អូន របស់នោះ ឬ អ្នកនោះ គឺជាអ្វីដែលបងប្អូនថ្វាយបង្គំក្នុងជីវិតហើយ។ នៅក្នុងរដូវណូអែលនេះ ចូរចាប់ផ្ដើមជ្រើសរើសឲ្យព្រះយេស៊ូ មានអាទិភាពចំបង នៅក្នុងជីវិតរបស់បងប្អូន មិនថាឡើយលើរឿង ថវិកា ចំណាប់អារម្មណ៍ ទំនាក់ទំនង កាលវិភាគត្រូវបំពេញប្រចាំថ្ងៃ — សូម្បីតែទុក្ខលំបាក និង បញ្ហារបស់បងប្អូនក៏ដោយចុះ។

ចូរថ្វាយព្រះយេស៊ូនូវដួងចិត្ដរបស់បងប្អូន។ ដួងចិត្ដជាអ្វីដែលបងប្អូនស្រឡាញ់ ជាអ្វីដែលបងប្អូនផ្ដល់តម្លៃឲ្យ និង ជាអ្វីដែលបងប្អូនយកចិត្ដទុកដាក់ថែទាំវាជាខ្លាំង។ ព្រះយេស៊ូមានបន្ទូលថា៖ «ទ្រព្យសម្បត្តិ (កំណប់) របស់អ្នករាល់គ្នានៅកន្លែងណា ចិត្ដរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ» (លូកា ១២៖៣៤ គខប)។ របៀបដ៏សំខាន់មួយដែលបងប្អូន អាចថ្វាយដួងចិត្ដទៅកាន់ព្រះយេស៊ូនៅក្នុងឱកាសថ្ងៃណូអែលខាងមុខនេះ គឺតាមរយៈការថ្វាយនូវធនធានដែលបងប្អូនមាន ទៅកាន់នូវកិច្ចការព័ន្ធកិច្ចរបស់ព្រះជាម្ចាស់។ ព្រះយេស៊ូ មិនត្រូវការនូវប្រាក់កាសរបស់បងប្អូនឡើយ ប៉ុន្តែ ព្រះអង្គត្រូវការ អ្វីដែលជាតំណាងឲ្យរបស់នោះទៅវិញទេ — ដែលនោះឯង ជាដួងចិត្ដរបស់បងប្អូន។

ចូរនាំមនុស្សដទៃផ្សេងទៀតឲ្យគេបានស្គាល់ បានជឿអង្គព្រះយេស៊ូ។ ព្រះជាម្ចាស់សព្វព្រះទ័យចង់បាននូវសមាជិក ចូលមកក្នុងក្រុមគ្រួសារទ្រង់ ច្រើនជាងបានអ្វីៗផ្សេងទៀត នៅក្នុងរដូវណូអែលនេះ។ ព្រះអង្គសព្វព្រះទ័យចង់បានបុត្រធីតា ដែលជាអ្នកចង់ជ្រើសរើសក្នុងការស្រឡាញ់ និង ទុកចិត្ដចំពោះព្រះអង្គ។ នេះជាហេតុផលដែលយើងប្រារព្ធធ្វើនូវពិធីបុណ្យណូអែល។ ចូរអញ្ជើញនរណាម្នាក់ ទៅឲ្យគាត់បានស្គាល់ព្រះយេស៊ូនៅរដូវណូអែលនេះ។ ចូរប្រាប់នរណាម្នាក់ឲ្យគេបានដឹងថាព្រះយេស៊ូបានធ្វើអ្វីខ្លះ សម្រាប់ជីវិតរបស់បងប្អូន។

ព្រះគម្ពីរបានប្រាប់យើងថា ពួកអ្នកប្រាជ្ញ មិនបានថ្វាយទៅដល់ព្រះយេស៊ូនូវអ្វីដែលជាកាកសំណល់របស់គេនោះឡើយ នៅពេលដែលពួកគេបានទៅគាល់អង្គព្រះយេស៊ូនៅថ្ងៃណូអែលមុនបង្អស់។ ប៉ុន្តែ ពួកគេបានថ្វាយនូវ កាដូ អំណោយដ៏សំខាន់ ហើយមានតម្លៃ ចំនួន បី៖ «ពួកគេក៏នាំគ្នា ក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺ មាស គ្រឿងក្រអូប និង ជ័រល្វីងទេស មកថ្វាយព្រះអង្គ» (ម៉ាថាយ ២៖១១ គខប)។​

ក្នុងខណៈពេលដែលបងប្អូនថ្វាយព្រះយេស៊ូនូវ ការទុកចិត្ដ ឲ្យព្រះអង្គក្លាយជាអាទិភាពចំបងនៅក្នុងជីវិត ថ្វាយអ្វីដែលបងប្អូនឲ្យតម្លៃ ទៅកាន់កិច្ចការព័ន្ធកិច្ចរបស់ព្រះ ហើយនិង នាំមនុស្សដទៃឲ្យស្គាល់ព្រះអង្គ នោះបងប្អូនកំពុងតែថ្វាយនូវរបស់ដ៏មានតម្លៃ លើសជាងអ្វីៗ ដែលពួកអ្នកប្រាជ្ញថ្វាយទៅកាន់ព្រះយេស៊ូទៅទៀត។

ដូច្នេះ ចូរប្រាប់ព្រះយេស៊ូ "សួស្ដីថ្ងៃកំណើតព្រះយេស៊ូ!" នៅថ្ងៃបុណ្យណូអែលនេះ។ ចូរថ្វាយដល់ទ្រង់នូវអ្វីៗដែលល្អបំផុតរបស់បងប្អូនទៅកាន់ព្រះអង្គចុះ។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

The Hope Of Christmas

សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។

More

គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។