ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ

The Hope Of Christmas

ថ្ងៃទី 7 ក្នុងចំណោម 10 ថ្ងៃ

ចូរស្វែងយល់អំពីព្រះដែលបង្កើតបងប្អូន

ចូរអានអត្ថបទគម្ពីរសម្រាប់ថ្ងៃនេះ

នៅក្នុងរដូវកាលឆ្នាំនេះ យើងមាននូវភារកិច្ចសំខាន់ៗជាច្រើន ដែលត្រូវបំពេញ។ យើងត្រូវសរសេរផ្ញើរបាយការណ៍ចុងឆ្នាំ។ យើងត្រូវរៀបចំចាត់ចែងធ្វើអ្វីផ្សេងៗ នៅពេលមានភ្ញៀវមកលេង ឬអ្វីត្រូវចំអិនសម្រាប់ពេលអបអរថ្ងៃណូអែល។ ហើយពិតមែន ពេលខ្លះទៀត ត្រូវដើររុករកទិញនូវកាដូមួយចំនួន សម្រាប់មនុស្សជាទីស្រឡាញ់ ឬមិត្ដផ្សេងៗដែរ។

ប៉ុន្តែ បងប្អូនមាននូវអ្វីដែលសំខាន់ជាងកិច្ចការទាំងប៉ុន្មាននោះទៅទៀត ដែលបងប្អូនត្រូវផ្ដោតអារម្មណ៍ នារដូវណូអែលនេះ គឺថា៖ ត្រូវបង្កើននូវទំនាក់ទំនងផ្ទាល់ជាមួយនឹងព្រះយេស៊ូ ឲ្យកាន់តែល្អប្រសើរថែមទៀត។

តើហេតុអ្វីបានជាយើងគួរបន្ថែមការយល់ស្គាល់អំពីព្រះយេស៊ូឲ្យបានច្រើនឡើងថែមទៀត? មាននូវហេតុផលដ៏សំខាន់ៗចំនួនពីរ។

ជាដំបូងបង្អស់ ព្រះយេស៊ូទ្រង់ជាព្រះដែលបង្កើតបងប្អូនមក។ ព្រះគម្ពីរបានចែងថា៖ «មុនគ្រប់អ្វីៗទាំងអស់បានបង្កើតឡើង គឺមានព្រះគ្រិស្ដគង់នៅ ហើយទ្រង់គឺជាព្រះជាអម្ចាស់។ ព្រះអង្គមានព្រះជន្មគង់នៅ មុនអ្វីៗទាំងអស់ ហើយព្រះអង្គផ្ទាល់គឺជាព្រះជាម្ចាស់។ ព្រះអង្គបានបង្កើតគ្រប់របស់សព្វសារពើ។ គ្មានអ្វីដែលយើងមើលឃើញ ឬ មើលមិនឃើញ កើតឡើងដោយសារតែព្រះអង្គមិនបានបង្កើតវាឡើងនោះឡើយ។ ជីវិតអស់កល្បជានិច្ច ស្ថិតនៅក្នុងព្រះអង្គ ហើយជីវិតនេះ បានផ្ដល់នូវពន្លឺដល់អស់មនុស្សលោកទាំងអស់ផង» (យ៉ូហាន ១៖១-៤)។

បងប្អូនមានឱកាសក្នុងការមិនត្រឹមតែជួបស្គាល់ព្រះដែលបានបង្កើតសាកលលោកទាំងមូលនោះឡើយ ប៉ុន្តែ បងប្អូនអាចជួបស្គាល់ នូវព្រះដែលបង្កើតរូបបងប្អូនផ្ទាល់តែម្ដង។ បងប្អូនបានឮនូវមនុស្សគេធ្លាប់និយាយថា៖ «ពេលសង្ស័យ ទៅពិនិត្យមើលសៀវភៅណែនាំទៅ»។ ប៉ុន្តែ ការស្គាល់ព្រះយេស៊ូ មានលក្ខណៈល្អប្រសើរជាងនេះទៅទៀត។ ប្រសិនបើបងប្អូនចង់ឲ្យជីវិតបងប្អូនកាន់តែមានតម្លៃ រស់នៅមានន័យកាន់តែប្រសើរជាងនេះទៅទៀត នោះហេតុអ្វីបានជាបងប្អូនមិនរៀនស្គាល់ យល់នូវព្រះដែលបានបង្កើតបងប្អូន ឲ្យកាន់តែច្បាស់ទៅ?

មូលហេតុទីពីរនោះគឺថា ព្រះយេស៊ូទ្រង់បានណែនាំចិត្ដឲ្យបងប្អូនអាចរីករាយ សប្បាយនឹងជីវិតដែលពេញដោយគោលបំណង សេចក្ដីសុខសាន្ដ និង អំណាចចេស្ដា។ ទំនាក់ទំនងដែលបងប្អូនមានជាមួយនឹងអង្គព្រះយេស៊ូ ផ្ដល់នូវសេចក្ដីសង្ឃឹម ថាបងប្អូន នឹងទទួលបាននូវសេចក្ដីសង្រ្គោះ បានទៅឯស្ថានសួគ៌ ប៉ុន្តែទំនាក់ទំនងនេះ មិនមែនមានតែប៉ុណ្ណឹងទេ។ ព្រះជាម្ចាស់បានសន្យា ឲ្យយើងមាននូវជីវិត ដែលពេញដោយ គោលបំណង សន្តិភាព និង អំណាចចេស្ដា។ នេះគឺសម្រាប់ដល់អស់អ្នកដែលជឿដល់ទ្រង់។​

ការស្គាល់អង្គព្រះយេស៊ូ តាមរបៀបផ្ទាល់ខ្លួន ជិតស្និទ្ធ នឹងបំផ្លាស់បំប្រែ របៀបរស់នៅរបស់បងប្អូនទាំងស្រុង។ គោលបំណងជីវិត អំណាចចេស្ដា និង សន្តិភាព គ្រាន់តែជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះ នៃអ្វីដែលព្រះជាម្ចាស់ ទ្រង់សព្វព្រះទ័យចង់ផ្ដល់ឲ្យបងប្អូន នៅក្នុងជីវិតនេះ។

តែគួរឲ្យសោកស្ដាយដែរ ព្រោះមនុស្សភាគច្រើន គេរស់នៅក្នុងរបៀបមួយ ដែលនាំឲ្យជីវិតរបស់គេ មានភាពល្អិតតូច ហើយដូចជាមិនសំខាន់អ្វីសោះ។ នេះដោយសារតែពួកគេ បានបំពេញជីវិតរបស់គេ ដោយសកម្មភាពដែលគ្មានន័យ មិនមានសារៈសំខាន់ មិនមានសារៈប្រយោជន៍អ្វីទេ។

ក្នុងខណៈដែលថ្ងៃបុណ្យណូអែលនឹងឆាប់មកដល់ក្នុងឆ្នាំនេះ ចូរគិតពី ម្ចាស់ផ្ទះសំណាក់ ដែលជាមនុស្សម្នាក់ដែលមិនបានរៀបចំបន្ទប់សម្រាប់ឲ្យព្រះយេស៊ូនៅថ្ងៃណូអែលមុនដំបូងនោះ។ សកម្មភាពគាត់មិនបានរារាំងមិនឲ្យព្រះយេស៊ូប្រសូតនោះឡើយ។ ទង្វើរបស់គាត់ មិនបានរាំងស្ទះគោលបំណងរបស់ព្រះជាម្ចាស់ ឲ្យមានឥទ្ធិពលក្នុងប្រវត្ដិសាស្ដ្រដែរ។ តែបើគិតមកដល់ថ្ងៃនេះ មានតែម្ចាស់ផ្ទះសំណាក់នោះទេ ដែលគាត់សោកស្ដាយ ដោយគាត់មិនបានស្វះស្វែងរៀបចំ សម្រាប់ព្រះនៃសាកលលោក។ គាត់បាត់បង់នូវអភ័យឯកសិទ្ធ ក្នុងការបើកចំហរ ទទួលព្រះបុត្រានៃព្រះ ចូលទៅក្នុងគេហដ្ឋានរបស់គាត់ ក្នុងគ្រាដែលព្រះអង្គប្រសូតនោះ។​

រឿងនេះដូចគ្នាសម្រាប់បងប្អូនដែរ។ ប្រសិនបើបងប្អូនមិនចំណាយពេល សម្រាប់ស្វែងយល់និងស្គាល់ព្រះយេស៊ូទេ បងប្អូននឹងបាត់បង់ឱកាសក្នុងការស្គាល់ព្រះ ដែលបង្កើតបងប្អូនហើយ។ បងប្អូនបាត់បង់នូវឱកាសសម្រាប់ទទួលបាន នូវគោលបំណងជីវិត សន្តិភាព ហើយនិង អំណាចចេស្ដា ដែលមានប្រភពតាមតែរយៈបុត្រារបស់ព្រះជាម្ចាស់ តែប៉ុណ្ណោះ។ បងប្អូននឹងបាត់បង់ឱកាសសម្រាប់គោលបំណងនៃជីវិត ដែលទ្រង់មានសម្រាប់បងប្អូន ប្រសិនបើ បងប្អូនមិនរៀបចំបន្ទប់នៃចិត្ដរបស់បងប្អូន ថ្វាយព្រះអង្គទេនោះ។
ថ្ងៃ 6ថ្ងៃ 8

អំពី​គម្រោងអាន​នេះ

The Hope Of Christmas

សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។

More

គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។